
ទំនាក់ទំនងប្តីប្រពន្ធដែលព្រះបានរៀបចំ
ដោយDave Branon
February 8, 2017
មុនពេលខ្ញុំ ចាប់ផ្តើមមានទំនាក់ទំនងជាមួយភរិយារបស់ខ្ញុំ ខ្ញុំមានការចាប់អារម្មណ៍ចំពោះអាវភ្លៀងពណ៌លឿងរបស់នាង ហើយខ្ញុំក៏បានមានការចាប់អារម្មណ៍កាន់តែខ្លាំង ចំពោះនិសិ្សតឆ្នាំទីមួយ ដ៏គួរឲ្យស្រឡាញ់ម្នាក់នេះ ដែលមានសក់វែងពណ៌ត្មោត។ មិនយូរប៉ុន្មាន ខ្ញុំក៏មានចិត្តក្លាហានក្នុងការទំនាក់ទំនង ពេលនាងកំពុងរវល់ដើរតាមផ្លូវ ទាំងអានសំបុត្រដែលគេផ្ញើរពីផ្ទះមកបណ្តើរ ហើយក៏បានបបួលនាងណាត់ជួប ទាំងខុសទំនង។ ពេលនោះ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលនាងយល់ព្រមទៅជាមួយខ្ញុំ។ ជាង៤ទសវត្សរ៍ក្រោយមក ខ្ញុំនិងភរិយារបស់ខ្ញុំក៏បានរំឭករឿងនោះឡើងវិញ ហើយក៏បានអស់សំណើច ពេលយើងនឹកឃើញថ្ងៃដែលយើងជួបគ្នាលើកដំបូង ដោយភាពអឹមអៀម ក្នុងបរិវេណមហាវិទ្យាល័យ ហើយក៏មានការភ្ញាក់ផ្អើល ចំពោះរបៀបដែលព្រះទ្រង់ផ្សំផ្គុំបុរសអៀនប្រៀន មកពីរដ្ឋអូហៃយ៉ូ ជាមួយនារីអឹមអៀម មកពីរដ្ឋមីឈីហ្គិន។ ក្នុងអំឡុងពេល ជាច្រើនឆ្នាំកន្លងមកនេះ យើងបានជួបរឿងទឹកភ្នែកជាច្រើនរាប់មិនអស់ នៅក្នុងការចិញ្ចឹមកូន។ យើងបានចិញ្ចឹមកូនបួននាក់ ហើយបានជួបទុក្ខជាទម្ងន់ ពេលដែលយើងបាត់បង់កូនម្នាក់។ បញ្ហាតូចធំបានល្បងលក្តីជំនឿរបស់យើង តែយើងនៅតែមិនបែកគ្នា ដោយសារយើងមានការប្តេជ្ញាចិត្ត និងដោយសារព្រះគុណព្រះ។ សព្វថ្ងៃនេះ យើងមានចិត្តអរសប្បាយចំពោះការរៀបចំរបស់ព្រះ ឲ្យយើងចាកចេញពីឪពុកម្តាយ មករួមជីវិតជាមួយគ្នាជាប្តីប្រពន្ធ ជាសាច់តែមួយ ដូចដែលបានចែងក្នុងបទគម្ពីរលោកុប្បត្តិ ២:២៤។ យើងពេញចិត្តនឹងផែនការដ៏អស្ចារ្យនេះណាស់ ដែលបានឲ្យយើងមានជីវិតរួមគ្នា យ៉ាងមានសុភមង្គល។ ការរៀបចំរបស់ព្រះ សម្រាប់ជីវិតអាពាហ៍ពិពាហ៍ មានភាពស្រស់ស្អាតណាស់។ ដូចនេះ ចូរយើងអធិស្ឋានឲ្យប្តីប្រពន្ធទាំងឡាយបានដឹង អំពីភាពអស្ចារ្យនៃការអរសប្បាយនឹងការរួមរស់ជាប្តីប្រពន្ធ ក្រោមព្រះពរនៃការដឹកនាំរបស់ព្រះ ដោយក្តីស្រឡាញ់។-Dave Branon
បទគម្ពីរប្រចាំថ្ងៃ
មនុស្សប្រុសនឹងលាចេញពីឪពុកម្តាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ។-ខ.២៤