
អ្នកបញ្ចាំងពន្លឺ
ដោយJulie Ackerman Link
March 22, 2017
ភូមិរីជូកានជាភូមិដ៏តូចមួយ ដែលមានភាពកក់ក្តៅ នៅប្រទេសនរវេយ ជាកន្លែងដ៏សប្បាយរីករាយ គួរឲ្យចង់រស់នៅ លើកលែងតែក្នុងរដូវរងារ ដែលមិនមានពន្លឺព្រះអាទិត្យអស់ជាច្រើនខែ។ ភូមិនេះមានទីតាំង ក្នុងជ្រលងភ្នំមួយ នៅជើងភ្នំហ្គូស្តាតូភេន ដ៏ខ្ពស់ត្រដែត បានជារៀងរាល់ឆ្នាំ ភូមិនេះមិនបានទទួលពន្លឺថ្ងៃដោយផ្ទាល់ អស់រយៈពេលកន្លះឆ្នាំ។ អ្នកភូមិបាននាំគ្នាគិតចង់ដាក់កញ្ចក់ នៅលើកំពូលភ្នំ ដើម្បីឲ្យចាំងពន្លឺថ្ងៃចូលភូមិរបស់ពួកគេ តាំងពីយូរមកហើយ។ ប៉ុន្តែ គំនិតនេះ មិនអាចឲ្យគេអនុវត្តតាមបាន។ តែក្នុងឆ្នាំ ២០០៥ មានសិល្បៈករក្នុងភូមិម្នាក់ បានចាប់ផ្តើម “គម្រោងកញ្ចក់” ដើម្បីនាំអ្នកភូមិទាំងនោះ ឲ្យរួមគ្នាធ្វើឲ្យក្តីស្រមៃនោះក្លាយជាការពិត។ ៨ឆ្នាំក្រោយមក ក្នុងខែតុលា ឆ្នាំ២០១៣ គេក៏បានចាប់ផ្តើមដាក់កញ្ចក់ឲ្យមានដំណើរការ។ អ្នកភូមិក៏បានទៅប្រមូលផ្តំគ្នា ក្នុងទីលានភូមិ ដើម្បីទទួលពន្លឺដែលបានចាំងពីពន្លឺថ្ងៃនោះ។ បើយើងងាកមកគិត ក្នុងន័យខាងវិញ្ញាណវិញ យើងឃើញថា ភាគច្រើននៃតំបន់ក្នុងពិភពលោក មានលក្ខណៈមិនខុសពីភូមីរីយូកានទេ ព្រោះតំបន់ទាំងនោះមានបញ្ហាដែលគរដូចភ្នំដ៏ខ្ពស់ ដែលបាំងមិនឲ្យពន្លឺរបស់ព្រះយេស៊ូវ ចាំងចូលបាន។ ប៉ុន្តែ ព្រះទ្រង់នៅតែប្រើយុទ្ធសាស្ត្រ ចាត់កូនរបស់ទ្រង់ជាច្រើន ឲ្យចេញទៅនាំពន្លឺចូលក្នុងតំបន់ទាំងនោះ គឺមិនខុសពីកញ្ចក់ដែលចាំងពន្លឺថ្ងៃចូលភូមិដែលត្រូវការពន្លឺនោះឡើយ។ លោកយ៉ូហានបាទ្ទីស ស្ថិតក្នុងចំណោមអ្នកដែលទ្រង់បានចាត់ទៅនោះ។ គាត់បានមកសម្រាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីព្រះយេស៊ូវ ដែលជាពន្លឺ ដល់ “អ្នកដែលកំពុងរស់នៅក្នុងភាពងងឹត និងក្នុងស្រមោលនៃសេចក្តីស្លាប់”(យ៉ូហាន ១:៧ លូកា ១:៧៩)។ ដែលពន្លឺថ្ងៃ មានសារៈសំខាន់ចំពោះសុខភាពផ្លូវអារម្មណ៍ និងផ្លូវកាយយ៉ាងណា នោះពន្លឺនៃព្រះយេស៊ូវ ក៏សំខាន់ចំពោះសុខភាពខាងវិញ្ញាណរបស់យើងយ៉ាងនោះផងដែរ។ សូមអរព្រះគុណព្រះអង្គ ដែលបានឲ្យគ្រីស្ទបរិស័ទម្នាក់ៗ មាននាទីជាអ្នកបញ្ចាំងពន្លឺរបស់ទ្រង់ ចូលទៅក្នុងកន្លែងងងឹតក្នុងលោកិយ។-Lulie Ackerman Link
បទគម្ពីរប្រចាំថ្ងៃ
អ្នកនោះបានមកសំរាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីពន្លឺ ប្រយោជន៍ឲ្យមនុស្សទាំងអស់បានជឿ ដោយសារគាត់។-ខ.៧