ព្រឹក

ដោយអំណាចនៃព្រះវិញ្ញាណ
ដោយMarvin Williams
January 19, 2018
តើអ្នកនឹងធ្វើដូចម្តេច ពេលដែលមានភ្នំមួយកំពុងតែរាំងផ្លូវអ្នក? សូមយើងទទួលការលើកទឹកចិត្ត ពីរឿងរបស់លោកដារ៉ាត ម៉ានជី(Dashrath Manjhi) ដូចតទៅ។ ពេលភរិយារបស់គាត់ស្លាប់ ដោយសារគាត់មិនអាចនាំនាងទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ លោកម៉ានជី ក៏បានធ្វើនូវកិច្ចការមួយ ដែលហាក់ដូចជាមិនអាចទៅរួច។ គឺគាត់បានចំណាយពេល២២ឆ្នាំ នៅក្នុងការដាប់ធ្វើផ្លូវដ៏ធំ កាត់តាមភ្នំ ដើម្បីឲ្យអ្នកភូមិដទៃទៀត អាចទៅមន្ទីរពេទ្យ ទទួលការព្យាបាល តាមដែលត្រូវការ។ មុនពេលគាត់លាចាកលោក រដ្ឋាភិបាលប្រទេសឥណ្ឌា ក៏បានអបអរសាទរគាត់ សម្រាប់ស្នាដៃដ៏អស្ចារ្យមួយនេះ។ ស្តេចសូរ៉ូបាបិលប្រាកដជាគិតថា ការសាងសង់ព្រះវិហារក្រុងយេរូសាឡិមឡើងវិញ ជាកិច្ចការដែលទ្រង់មិនអាចធ្វើបានទេ។ ស្តេចសូរ៉ូបាបិលស្ថិតក្នុងចំណោមអ្នកដឹកនាំរបស់ជនជាតិអ៊ីស្រាអែល ដែលបានវិលត្រឡប់ពីការនិរទេស។ ប្រជាជនអ៊ីស្រាអែលមានការបាក់ទឹកចិត្ត និងបានជួបការប្រឆាំង ពីពួកខ្មាំងសត្រូវរបស់ពួកគេ ហើយក៏ខ្វះធនធាន ឬខ្វះទាហានដែលមានគ្នាច្រើន។ ប៉ុន្តែ ព្រះទ្រង់បានចាត់លោកសាការី ដើម្បីរំឭកស្តេចសូរ៉ូបាបិលថា កិច្ចការនេះត្រូវការជំនួយពីអំណាច ដែលធំលើសកម្លាំងទាហាន អំណាចរបស់បុគ្គល ឬធនធានដែលមនុស្សបង្កើត។ និយាយរួម ទ្រង់ត្រូវពឹងផ្អែកលើអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ(សាការី ៤:៦)។ ដោយមានការធានាថា ទ្រង់នឹងបានទទួលជំនួយពីព្រះ នោះទ្រង់ក៏បានទុកចិត្តថា ព្រះទ្រង់នឹងធ្វើឲ្យភ្នំនៃការលំបាកទាំងឡាយរាបស្មើ ឈប់រារាំងដំណើរនៃការសាងសង់ព្រះវិហារឡើងវិញ និងការស្អាងសហគមន៍នៃជនជាតិអ៊ីស្រាអែល(ខ.៧)។ តើយើងធ្វើដូចម្តេច ពេលដែលមានភ្នំមួយ កំពុងរាំងផ្លូវយើង? យើងមានជម្រើសពីរប៉ុណ្ណោះ គឺត្រូវពឹងផ្អែកលើកម្លាំងរបស់យើង ឬត្រូវទុកចិត្តលើអំណាចនៃព្រះវិញ្ញាណ។ ពេលយើងទុកចិត្តលើអំណាចចេស្តាទ្រង់ ទ្រង់នឹងធ្វើឲ្យភ្នំនៃទុក្ខលំបាករាបស្មើ ពុំនោះទេ ទ្រង់នឹងប្រទានយើងនូវកម្លាំង និងការអត់ធ្មត់ ដើម្បីឡើងភ្នំនោះ។-MARVIN WILLIAMS
បទគម្ពីរប្រចាំថ្ងៃ
ឱភ្នំធំអើយ តើឯងជាអ្វី ឯងនឹងត្រូវត្រឡប់ជាដីរាបស្មើវិញ នៅចំពោះសូរ៉ូបាបិល។-សាការី ៤:៧