
“គួរឲ្យស្រឡាញ់!”
ដោយadamholz
June 14, 2018
នៅពេលព្រឹកថ្ងៃមួយ ពេលដែលកូនស្រីខ្ញុំបានរៀបចំខ្លួនរួចរាល់ហើយ នាងក៏បាននិយាយឮៗថា “គួរឲ្យស្រឡាញ់”។ ខ្ញុំមិនដឹងថា នាងចង់និយាយពីអ្វីទេ។ បន្ទាប់មក នាងក៏បានទះថ្មមៗ ពីលើអាវរបស់នាង ដែលបងប្អួនជីដូនមួយរបស់នាងបានឲ្យ។ នៅពីមុខអាវនោះ ខ្ញុំឃើញពាក្យ “គួរឲ្យស្រឡាញ់”។ ខ្ញុំក៏បានឱបនាងយ៉ាងណែន ហើយក៏បានញញឹម ដោយក្តីអំណរ។ ខ្ញុំក៏បានប្រាប់នាងថា “កូនគួរឲ្យស្រឡាញ់ណាស់!” នាងក៏បានញញឹមកាន់តែខ្លាំង ដោយនិយាយពាក្យនោះម្តងហើយម្តងទៀត។ ខ្ញុំមិនមែនជាឪពុកដែលល្អឥតខ្ចោះទេ។ ប៉ុន្តែ ពេលនោះ ជាពេលដ៏ល្អឥតខ្ចោះ។ នៅក្នុងការឆ្លើយឆ្លងដ៏មានន័យនោះ ខ្ញុំបានឃើញទឹកមុខរបស់កូនស្រីខ្ញុំ បញ្ចេញរស្មី ដោយសារនាងបានទទួលសេចក្តីស្រឡាញ់ដោយឥតលក្ខខ័ណ្ឌ ពោលគឺនាងបានបញ្ចេញទឹកមុខនៃក្តីអំណរ។ នាងដឹងថា ពាក្យដែលនៅពីខាងមុខអាវរបស់នាង គឺត្រូវនឹងអារម្មណ៍ដ៏ពិត ដែលឪពុករបស់នាងមាន ចំពោះនាង។ តើមានមនុស្សប៉ុន្មាននាក់ ដែលដឹងច្បាស់ ក្នុងចិត្តថា ព្រះវរបិតាបានស្រឡាញ់យើង ដោយសេចក្តីស្រឡាញ់ដែលគ្មានព្រំដែន? ជួនកាល យើងពិបាកនឹងយល់ អំពីសេចក្តីពិតនេះ។ ពួកកូនចៅអ៊ីស្រាអែលនៅសម័យដើម ក៏មានបញ្ហានេះផងដែរ។ ពួកគេឆ្ងល់ថា តើទុក្ខលំបាករបស់ពួកគេ គឺជាសញ្ញាបញ្ជាក់ថា ព្រះទ្រង់លែងស្រឡាញ់ពួកគេឬយ៉ាងណា? ប៉ុន្តែ ក្នុងបទគម្ពីរ យេរេមា ៣១:៣ ហោរាយេរេមាបានរំឭកពួកគេថា កាលពីមុន ព្រះទ្រង់ធ្លាប់មានបន្ទូលប្រាប់ពួកគេថា ទ្រង់ស្រឡាញ់ពួកគេ ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ច។ យើងក៏ស្រេកឃ្លានរកសេចក្តីស្រឡាញ់ដែលឥតលក្ខខ័ណ្ឌនោះផងដែរ។ តែរបួសក្នុងចិត្ត ការខកចិត្ត និងកំហុស ដែលយើងបានជួបប្រទះ អាចធ្វើឲ្យយើងមានអារម្មណ៍អវិជ្ជមានគ្រប់ប្រភេទ គឺមិនមានអារម្មណ៍ថា យើងគួរឲ្យស្រឡាញ់ឡើយ។ ប៉ុន្តែ ព្រះទ្រង់បើកចំហរព្រះហស្តទ្រង់ គឺព្រះហស្តនៃព្រះដ៏ជាឪពុកល្អឥតខ្ចោះ ហើយក៏បានអញ្ជើញយើង ឲ្យពិសោធន៍ និងសម្រាកនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ។—ADAM HOLZ
បទគម្ពីរប្រចាំថ្ងៃ
អញបានស្រឡាញ់ឯង ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំឯងមក ដោយសេចក្តីសប្បុរស។ យេរេមា ៣១:៣