
មិនដូចការផ្សាយពាណិជ្ជកម្ម
ដោយXochitl Dixon
June 15, 2018
ក្នុងអំឡុងពេលវិស្សមកាល ខ្ញុំ និងស្វាមីខ្ញុំបានចុះឈ្មោះ ចូលរួមការជិះទូកកម្សាន្ត ចុះតាមខ្សែទឹកទន្លេឆាតាហ៊ូឈី នៅរដ្ឋចចជា។ ដោយសារខ្ញុំបានពាក់ស្បែកជើងសង្រែក រ៉ូបសម្រាប់រដូវក្តៅ និងមួកដែលមានហាមធំ ខ្ញុំក៏បានលាន់មាត់ ពេលដែលយើងដឹងថា ការធ្វើដំណើរនោះ មានរាប់បញ្ចូលការជិះទូកចុះតាមល្បាក់ទឹក ដែលមានទឹកហូរខ្លាំង គឺខុសពីការផ្សាយពាណិជ្ជកម្ម។ តែអរព្រះគុណព្រះអង្គ ដែលយើងបានជិះទូកនោះ ជាមួយប្តីប្រពន្ធមួយគូរ ដែលមានបទពិសោធន៍នៅក្នុងការជិះទូកចុះតាមល្បាក់ទឹក។ ពួកគេក៏បានបង្រៀនស្វាមីខ្ញុំ អំពីមូលដ្ឋានគ្រឹះនៃការអ៊ំទូក ហើយក៏បានសន្យាថា នឹងនាំយើងទៅដល់គោលដៅ ដោយសុវត្ថិភាព។ ខ្ញុំក៏បានអរព្រះគុណព្រះអង្គ ដែលពេលនោះខ្ញុំមានអាវសុវត្ថិភាព។ ខ្ញុំក៏បានស្រែក ហើយតោងដៃជ័ររបស់ទូកនោះ ទាល់តែយើងបានទៅដល់ត្រើយ ដែលមានសុទ្ធតែភក់ ដែលនៅខ្សែទឹកខាងក្រោម។ ខ្ញុំក៏បានបោះជំហានទៅលើឆ្នេរ ហើយក៏បានចាក់ទឹកចេញពីការបូបយួរដៃរបស់ខ្ញុំ ខណៈពេលដែលស្វាមីខ្ញុំបានជួយពូតជាយរូបរបស់ខ្ញុំ ដែលបានទទឹកជោគ។ យើងក៏បានអស់សំណើចយ៉ាងសប្បាយ ទោះការធ្វើដំណើរនេះ មិនមានភាពងាយស្រួល ដូចការផ្សាយពាណិជ្ជកម្មក៏ដោយ។ យ៉ាងណាមិញ ព្រះយេស៊ូវបានដាស់តឿនពួកសាវ័កទ្រង់យ៉ាងច្បាស់ អំពីការធ្វើដំណើរដ៏ពិបាក ដែលពួកគេនឹងជួបនៅពេលខាងមុខ គឺខុសពីការផ្សាយពាណិជ្ជកម្មអំពីការធ្វើដំណើរនោះ ដែលមិនបានរៀបរាប់ជាលម្អិត អំពីចំណុចដ៏សំខាន់មួយ នៃការធ្វើដំណើរនោះ។ ទ្រង់បានប្រាប់ពួកគេថា ពួកគេនឹងជួបការបៀតបៀន ហើយស្លាប់ដោយសារជំនឿ ហើយទ្រង់នឹងសុគត ហើយក្រោយមក ទ្រង់ក៏បានមានព្រះជន្មរស់ឡើងវិញ។ ទ្រង់ក៏បានធានាដល់ពួកគេថា ពួកគេអាចទុកចិត្តទ្រង់បាន ហើយទន្ទឹមនឹងនោះ ទ្រង់ក៏បានបញ្ជាក់ថា ទ្រង់នឹងដឹកនាំពួកគេ ទៅរកជ័យជម្នះដែលមិនអាចបដិសេធន៍បាន និងសេចក្តីសង្ឃឹមដ៏អស់កល្ប(យ៉ូហាន ១៦:១៦-៣៣)។ យើងចង់ឲ្យជីវិតយើងមានភាពងាយស្រួលជាងនេះ ពេលដែលយើងដើរតាមព្រះយេស៊ូវ ប៉ុន្តែ ទ្រង់បានបញ្ជាក់ច្បាស់ថា សិស្សរបស់ទ្រង់នឹងជួបបញ្ហាជាច្រើន។ តែទ្រង់ក៏បានសន្យាថា នឹងគង់នៅជាមួយយើង។ ទុក្ខលំបាកមិនកំណត់ ឬបំផ្លាញផែនការដែលព្រះទ្រង់មានសម្រាប់យើងឡើយ ព្រោះការមានជន្មឡើងវិញរបស់ព្រះយេស៊ូវ បាននាំយើងទៅរកជ័យជម្នះដ៏អស់កល្បជានិច្ចរួចហើយ។—XOCHITL DIXON
បទគម្ពីរប្រចាំថ្ងៃ
នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ។ យ៉ូហាន ១៦:៣៣