ព្រឹក

លោតទៅមុខ ដោយជំនឿ
ដោយKimya Loder
June 9, 2023
ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង។ សុភាសិត ៣:៦ មានពេលមួយខ្ញុំបានជិះខ្សែសំរូត ពីលើកន្លែងខ្ពស់ជាងគេ ក្នុងព្រៃទឹកភ្លៀង នៅកោះសេន លូសៀ ក្នុងប្រជុំកោះខារីប៊ីន។ ពេលខ្ញុំរៀបចំខ្លួនជិះខ្សែសំរូតនោះ ការភ័យខ្លាចបានកើនឡើងកាន់តែខ្លាំង នៅក្នុងចិត្តខ្ញុំ។ រយៈពេលប៉ុន្មានវិនាទី មុនពេលខ្ញុំលោតទៅមុខ ខ្ញុំបានគិតអំពីគ្រោះថ្នាក់គ្រប់យ៉ាងដែលអាចកើតឡើង។ តែដោយសេចក្តីក្លាហានដែលខ្ញុំអាចប្រមែប្រមូល (និងជម្រើសថយក្រោយមកវិញ) ខ្ញុំក៏បានលែងដៃ។ ខ្ញុំបានជិះខ្សែសំរូតកាត់តាមចុងព្រៃព្រឹក្សា ដែលមានដើមឈើបៃតងខ្ចី និងខ្យល់បក់ផាត់សក់ខ្ញុំ ការព្រួយបារម្ភរបស់ខ្ញុំក៏បានរលាយបាត់បន្តិចម្តងៗ។ ខណៈពេលដែលខ្ញុំផ្លាស់ទីនៅលើអាកាស ដោយអនុញ្ញាតឲ្យទំនាញផែនដីទ្រខ្ញុំ ខ្ញុំក៏មើលឃើញកន្លែងឈប់កាន់តែច្បាស់។ ខ្ញុំក៏បានឈប់តាមសម្រួល ខ្ញុំដឹងថា ខ្ញុំនឹងទៅដល់កន្លែងឈប់ដោយសុវត្ថិភាព។ ការចំណាយពេលរបស់ខ្ញុំជាមួយខ្សែសំរូត បានធ្វើឲ្យខ្ញុំនឹកចាំ អំពីពេលដែលព្រះទ្រង់ឲ្យយើងធ្វើកិច្ចការថ្មីមួយ ដែលត្រូវមានបញ្ហាប្រឈមជាច្រើន។ ព្រះគម្ពីរបានបង្រៀនយើង ឲ្យពឹងដល់ព្រះអង្គ ឲ្យអស់អំពីចិត្ត “កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ”(សុភាសិត ៣:៥) ពេលណាយើងមានអារម្មណ៍សង្ស័យ និងមិនច្បាស់លាស់។ ពេលណាគំនិតយើងមានពេញដោយការភ័យខ្លាច និងការសង្ស័យ យើងប្រហែលមើលឃើញផ្លូវមិនច្បាស់។ តែពេលណាយើងសម្រេចចិត្តបោះជំហានទៅមុខ ដោយជំនឿ ដោយទុកដាក់ផ្លូវរបស់យើងនឹងព្រះអង្គ ព្រះអង្គនឹងតម្រង់ផ្លូវយើង(ខ.៦)។ យើងមានទំនុកចិត្តកាន់តែខ្លាំង ក្នុងការហក់ទៅមុខ ដោយជំនឿ ដោយរៀនស្គាល់ព្រះអង្គជានរណា តាមរយៈការចំណាយពេលអធិស្ឋាន និងអានព្រះគម្ពីរ។ យើងអាចរកឃើញសេរីភាព និងភាពស្ងប់ស្ងាត់ សូម្បីតែក្នុងពេលជីវិតយើងជួបបញ្ហាប្រឈម ខណៈពេលដែលយើងតោងព្រះអង្គជាប់ ហើយអនុញ្ញាតព្រះអង្គ ឲ្យដឹកនាំយើង ឆ្លងកាត់ការផ្លាស់ប្តូរ ក្នុងជីវិតយើង។—KIMYA LODER
តើមានការផ្លាស់ប្តូរ ឬបញ្ហាប្រឈមអ្វីក្នុងជីវិតអ្នក ដែលតម្រូវឲ្យអ្នកទុកចិត្តព្រះអង្គទាំងស្រុង? តើមានអ្វីរារាំងអ្នក មិនឲ្យហក់ទៅមុខដោយជំនឿបាន?
ឱព្រះវរបិតា សូមព្រះអង្គប្រទានទូលបង្គំនូវប្រាជ្ញា និងកម្លាំង ដែលទូលបង្គំត្រូវការ ដើម្បីទុកចិត្តព្រះអង្គ ក្នុងការរស់នៅ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ៣៤-៣៦ និង យ៉ូហាន ១៩:១-២២
ប្រភេទ
ល្ងាច

ការជំនុំជម្រះសម្រាប់អ្នកជឿ
ដោយJohn Piper
June 9, 2023
នោះខ្ញុំឃើញមនុស្សស្លាប់ ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជំរះ ពីសេចក្តីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន។ វិវរណៈ ២០:១២ តើការជំនុំជម្រះចុងក្រោយ នឹងមានលក្ខណៈដូចម្តេច? តើព្រះទ្រង់នឹងនឹកចាំ អំពីអំពើបាបរបស់យើងទេ? តើព្រះអង្គនឹងបើកបង្ហាញឲ្យគេឃើញអំពើបាប ដែលយើងបានប្រព្រឹត្តឬទេ? សម្រាប់សំណួរទាំងនេះ លោកអ៊ែនថូនី ហូគេម៉ា(Anthony Hoekema) បានធ្វើការបកស្រាយ ប្រកបដោយប្រាជ្ញាថា “កំហុស និងចំណុចខ្វះចន្លោះរបស់ … អ្នកជឿ … នឹងត្រូវបើកបង្ហាញ នៅថ្ងៃជំនុំជម្រះ។ ប៉ុន្តែ ដែលសំខាន់នោះគឺ អំពើបាប និងចំណុចខ្វះចន្លោះទាំងនោះ នឹងត្រូវបានបើកសម្ដែង នៅពេលជំនុំជម្រះ ថាជាបាបដែលព្រះទ្រង់បានអត់ទោសឲ្យហើយ គឺទោសកំហុស ដែលបានគ្របបាំងទាំងស្រុង ដោយព្រះលោហិតព្រះយេស៊ូវគ្រីស្ទ”។ យើងអាចធ្វើការប្រៀបធៀប ដោយឧបមាថា ៖ ព្រះទ្រង់មានបញ្ជីមួយ ដែលបានកត់ត្រាអំពីមនុស្សម្នាក់ៗ (បញ្ជី ក្នុងបទគម្ពីរវិវរណៈ ២០:១២)។ អ្វីៗទាំងអស់ដែលអ្នកបានធ្វើ ឬនិយាយ(ម៉ាថាយ ១២:៣៦) សុទ្ធតែបានកត់ទុក ដោយបានដាក់និទ្ទេសរួចជាស្រេច(និទ្ទេស ពី “A” ដល់ “F”)។ ពេលអ្នកឈរនៅពីមុខ “បល្ល័ង្កជំនុំជម្រះរបស់ព្រះគ្រីស្ទ”(២កូរិនថូស ៥:១០) ដើម្បីទទួលការជំនុំជម្រះ “តាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី” ព្រះទ្រង់នឹងបើកបញ្ជី ហើយក៏បានដាក់និទ្ទេសឲ្យការប្រព្រឹត្តនីមួយៗ។ ព្រះអង្គនឹងដកការប្រព្រឹត្តទាំងអស់ ដែលមាននិទ្ទេស F យកទៅដាក់មួយគំនរ។ បន្ទាប់មក ព្រះអង្គក៏ដកការប្រព្រឹត្តទាំងអស់ ដែលមាននិទ្ទេស D និង C រួចព្រះអង្គក៏ដកផ្នែកដែលល្អ យកទៅដាក់ជាមួយក្រុមដែលមាននិទ្ទេស A ហើយដាក់ផ្នែកដែលអាក្រក់ជាមួយក្រុមដែលមាននិទ្ទេស F។ បន្ទាប់មកព្រះអង្គដកការប្រព្រឹត្តទាំងអស់ដែលមាននិទ្ទេស B និង A ហើយដកផ្នែកទាំងអស់ដែលអាក្រក់ចេញពីក្រុមទាំងនោះ ដាក់ពីលើគំនរនៃនិទ្ទេស F រួចដាក់ផ្នែកល្អ ពីលើគំនរនៃនិទ្ទេស A។ បន្ទាប់មក ព្រះអង្គក៏បានបើកបញ្ជីមួយទៀត (គឺ “បញ្ជីជីវិត”) ឃើញឈ្មោះអ្នក ព្រោះអ្នកនៅក្នុងព្រះគ្រីស្ទ ដោយសារជំនឿ។ នៅពីក្រោយឈ្មោះអ្នក មានឈើគូសមួយ ធ្វើពីឈើឆ្កាងរបស់ព្រះគ្រីស្ទ។ ព្រះអង្គនឹងយកឈើគូសនោះ មកដុតបំផ្លាញគំនរនៃនិទ្ទេស F ដែលមានទៅដោយរាល់អំពើបាប និងចំណុចខ្វះចន្លោះរបស់អ្នក។ អំពើបាប និងចំណុចខ្វះចន្លោះទាំងនោះ នឹងមិនថ្កោលទោសអ្នក ហើយក៏មិនឲ្យរង្វាន់អ្នកឡើយ។ បន្ទាប់មក ព្រះអង្គនឹងដកស្រោមសំបុត្រមួយ ចេញពីសំណុំឯកសាររបស់អ្នក ក្នុង “បញ្ជីជីវិត” ដែលមានបិទត្រា និងអក្សរសំគាល់ពីលើថា “រង្វាន់បន្ថែម ដែលបានប្រទានមកឥតគិតថ្លៃ ដោយព្រះគុណរបស់ព្រះ ៖ គឺជាជីវិត!” ហើយក៏បានយកវាទៅដាក់នៅលើគំនរនៃនិទ្ទេស A ( មើលម៉ាកុស ៤:២៤ និង លូកា ៦:៣៨)។ រួចព្រះអង្គក៏បានលើកគំនរទាំងមូល ហើយប្រកាសថា “ផ្អែកទៅលើគំនរនិទ្ទេសនេះ ជីវិតរបស់អ្នកបានធ្វើបន្ទាល់ ចំពោះព្រះគុណនៃព្រះវរបិតាខ្ញុំ ភាពសក្តិសមនៃព្រះលោហិតខ្ញុំ និងផលផ្លែនៃព្រះវិញ្ញាណខ្ញុំ។ គំនរនិទ្ទេសនេះធ្វើបន្ទាល់ថា អ្នកមានជីវិតអស់កល្ប ហើយអ្នកនឹងបានទទួលរង្វាន់។ ចូរឲ្យអ្នកប្រកបដោយសេចក្តីអំណររបស់ចៅហ្វាយអ្នកចុះ”។