ព្រឹក

សួនច្បាររបស់ព្រះ
ដោយJames Banks
June 10, 2023
ដែលទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្តីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្តីសង្ឃឹមដ៏រស់។ ១ពេត្រុស ១:៣ កាលរដូវផ្ការីកឆ្នាំមុន ភរិយាខ្ញុំបានដាំដើមផ្កាដួងច័ន្ទ ដែលជាវល្លិម្យ៉ាងមានផ្កាធំ មានរាងបំពង់ដូចផ្កាត្រកួន ពេលវារីក វាមានរាងមូលដូចដួងច័ន្ទពេញវង់។ ផ្កានេះបានរំឭកខ្ញុំ អំពីសម្រស់ និងភាពរួញខ្លីនៃជីវិត ដែលកំពុងដុះមុខផ្ទះខ្ញុំ។ ផ្កានីមួយៗរីកបានតែមួយយប់ប៉ុណ្ណោះ ហើយបន្ទាប់មក ពួកវាក៏ក្រៀមស្វិត នៅក្រោមកម្តៅថ្ងៃ នៅពេលព្រឹកថ្ងៃបន្ទាប់ ដោយមិនរីកម្តងទៀតឡើយ។ តែរុក្ខជាតិនេះចេញផ្កាបានច្រើនណាស់ ហើយរៀងរាល់ពេលល្ងាច វាតែងតែចេញផ្កាថ្មីៗយ៉ាងស្រស់ស្អាត។ យើងចូលចិត្តគយគន់ផ្កាទាំងនោះ ពេលយើងដើរកាត់តាមទីធ្លាមុខផ្ទះ ដោយឆ្ងល់ថា តើនឹងមានសម្រស់ថ្មីៗអ្វីខ្លះ ដែលនឹងចាំស្វាគមន៍យើង ពេលយើងត្រឡប់ពីធ្វើការវិញ នៅពេលល្ងាច។ ផ្កាដ៏ផុយស្រួយទាំងនោះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីពិតដ៏សំខាន់ក្នុងព្រះគម្ពីរ។ សាវ័កពេត្រុសបានរំឭកយើង អំពីពាក្យរបស់ហោរាអេសាយ ពេលដែលគាត់បង្រៀនយើងថា “ដ្បិតព្រះបានបង្កើតអ្នករាល់គ្នាជាថ្មី មិនមែនពីពូជដែលតែងតែពុករលួយនោះទេ គឺពីពូជដែលមិនចេះពុករលួយវិញ គឺជាព្រះបន្ទូលដ៏រស់ ហើយនៅជាប់លាប់ ព្រោះគ្រប់ទាំងមនុស្ស ប្រៀបដូចជាស្មៅ ហើយសិរីល្អទាំងប៉ុន្មានរបស់មនុស្សក៏ដូចជាផ្កាស្មៅ រីឯធម្មតាស្មៅ នោះតែងតែក្រៀមស្វិត ហើយផ្កាក៏រោយរុះទៅ”(១ពេត្រុស ១:២៣-២៥)។ តែគាត់បានធានាយើងថា ព្រះបន្ទូលព្រះអង្គស្ថិតស្ថេរអស់កល្បជានិច្ច(ខ.២៥)។ ជីវិតរបស់យើងនៅលើផែនដីនេះខ្លីណាស់ បើធៀបនឹងជីវិតអស់កល្បជានិច្ច គឺមិនខុសពីផ្កាក្នុងសួនច្បារឡើយ។ តែព្រះអង្គបានមានបន្ទូលអំពីភាពស្រស់ស្អាត នៅក្នុងភាពរួញខ្លីរបស់យើង។ តាមរយៈដំណឹងល្អនៃព្រះយេស៊ូវ យើងមានការចាប់ផ្តើមជាថ្មី ជាមួយព្រះអង្គ ហើយទុកចិត្តព្រះបន្ទូលសន្យា អំពីជីវិតអស់កល្បជានិច្ច ក្នុងព្រះវត្តមាននៃសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ពេលណាផែនដី និងផ្ទៃមេឃកន្លងផុតទៅ យើងនឹងនៅតែសរសើរដំកើងព្រះអង្គជានិច្ច។—JAMES BANKS
តើអ្នកទន្ទឹងរង់ចាំអ្វីខ្លាំងជាងគេ ក្នុងការទៅរស់នៅជាមួយព្រះអង្គ អស់កល្បជានិច្ច? តើអ្នកចូលចិត្តព្រះបន្ទូលសន្យាមួយណាខ្លាំងជាងគេ?
ឱព្រះអង្គសង្រ្គោះ ទូលបង្គំសូមសរសើរដំកើងព្រះអង្គ សម្រាប់ការប្រទានអំណោយនៃសេចក្តីសង្រ្គោះមកទូលបង្គំ។ សេចក្តីស្រឡាញ់របស់ព្រះអង្គស្ថិតស្ថេរអស់កល្បជានិច្ច។
For further study, read Life to Come: The Hope of the Christian Faith at DiscoverySeries.org/Q1205.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ១-២ និង យ៉ូហាន ១៩:២៣-៤២
ប្រភេទ
ល្ងាច

មានចិត្តឆេះឆួលចំពោះព្រះ និងសេចក្តីពិត
ដោយJohn Piper
June 10, 2023
តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ សេចក្តីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្តីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី ទេ មិនមែនឡើយ សូមឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញចុះ ដូចមានសេចក្តីចែងទុកមកថា «ឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានព្រះបន្ទូល ហើយឲ្យទ្រង់បានឈ្នះ ក្នុងកាលដែលគេជំនុំជំរះទ្រង់»។ រ៉ូម ៣:៣-៤ ការដែលយើងខ្វល់អំពីសេចក្តីពិត គឺជាការបង្ហាញចេញដោយជៀសមិនរួចថា យើងបានជញ្ជឹងគិតអំពីព្រះ។ ព្រះពិតជាមានមែន ដូចនេះព្រះអង្គជាខ្នាតគំរូសម្រាប់វាស់ស្ទង់អ្វីៗគ្រប់យ៉ាង ហើយការគិតរបស់ព្រះអង្គ អំពីអ្វីៗគ្រប់យ៉ាង គឺជាខ្នាតគំរូដែលគួរឲ្យយើងគិតតាម។ ការមិនខ្វល់អំពីសេចក្តីពិត គឺជាការមិនខ្វល់អំពីព្រះ។ ដើម្បីស្រឡាញ់ព្រះដោយចិត្តឆេះឆួល យើងត្រូវស្រឡាញ់សេចក្តីពិត ដោយចិត្តឆេះឆួល។ ការទទួលយកព្រះធ្វើជាចំណុចកណ្តាលនៃជីវិត គឺមានន័យថា យើងបានទទួលការជំរុញចិត្ត ដោយសេចក្តីពិត នៅក្នុងការធ្វើការបម្រើព្រះ។ ការអ្វីដែលមិនពិត គឺមិនមែនមកពីព្រះនោះទេ។ សូមចំណាយពេលជញ្ជឹងគិត អំពីបទគម្ពីរ ដែលបានចែងអំពីព្រះ និងសេចក្តីពិត ដែលមានដូចតទៅ ៖ ១) ព្រះទ្រង់ជាសេចក្តីពិត
- រ៉ូម ៣:៣-៤ (ព្រះវរបិតា) ៖ “តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ សេចក្តីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្តីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី ទេ មិនមែនឡើយ សូមឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញ”។
- យ៉ូហាន ១៤:៦(ព្រះរាជបុត្រា) ៖ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា “ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ” ។
- យ៉ូហាន ១៥:២៦ (ព្រះវិញ្ញាណបរិសុទ្ធ) ៖ “កាលណាព្រះដ៏ជាជំនួយទ្រង់យាងមក ដែលខ្ញុំនឹងចាត់មកពីព្រះវរបិតា គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលចេញពីព្រះវរបិតាមក ព្រះអង្គនោះ ទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ”។
- ២ថែស្សាឡូនីច ២:១០ ៖ ហើយដោយគ្រប់ទាំងសេចក្តីឆបោករបស់សេចក្តីទុច្ចរិត ក្នុងពួកអ្នកដែលត្រូវវិនាស “ដោយព្រោះគេមិនព្រមស្រឡាញ់ដល់សេចក្តីពិត ដើម្បីឲ្យគេបានសង្គ្រោះនោះទេ”។
- ១កូរិនថូស ៦:១៥-១៦ ៖ “តែមិនដឹងថា រូបកាយអ្នករាល់គ្នា ជាអវយវៈរបស់ព្រះទេឬអី ដូច្នេះ តើខ្ញុំនឹងយកអវយវៈរបស់ព្រះគ្រីស្ទ ឲ្យទៅធ្វើជាអវយវៈរបស់ស្រីសំផឹងវិញឬ ទេ មិនត្រូវឡើយ ចុះតើអ្នករាល់គ្នាមិនដឹងទេឬអីថា អ្នកណាដែលទៅសេពសម្ភពនឹងស្រីសំផឹង នោះជារូបសាច់តែ១ផងគ្នា?”
- កូល៉ុស ១:២៨ ៖ “យើងខ្ញុំប្រកាសប្រាប់ពីទ្រង់ ទាំងទូន្មានដល់គ្រប់មនុស្ស ហើយទាំងបង្រៀនដល់គ្រប់មនុស្ស ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យបានថ្វាយគ្រប់មនុស្ស ជាដង្វាយគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ”។