ព្រឹក

បានទទួលកម្លាំងសម្រាប់ធ្វើកិច្ចការនីមួយៗ
ដោយLisa Samra
July 14, 2023
ក្នុងគ្រប់ទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី ឬកិរិយាក៏ដោយ ចូរធ្វើទាំងអស់ ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ។ កូល៉ុស ៣:១៧ សៀវភៅលំនាំការអធិស្ឋាន មានចំណងជើងថា សេចក្តីបរិសុទ្ធគ្រប់ពេលវេលា មានគំរូនៃការអធិស្ឋាន អំពីសកម្មភាពផ្សេងៗ ដែលរាប់បញ្ចូលទាំងការអធិស្ឋានសាមញ្ញៗ ដែលមានដូចជាការរៀបចំម្ហូបអាហារ ឬការបោកគក់ខោអាវជាដើម ដែលសុទ្ធតែជាកិច្ចការដ៏ចាំបាច់ ដែលអាចធ្វើឲ្យយើងមានអារម្មណ៍ថា ច្រំដែល ឬគ្មានអ្វីប្លែក។ សៀវភៅនេះបានរំឭកខ្ញុំ អំពីពាក្យពេចន៍របស់លោក ជី ឃេ ឆេស្ទ័រតុន(G. K. Chesterton) ដែលបានសរសេរថា “ជាទូទៅ គេតែងតែអធិស្ឋានមុនពេលញាំអាហារ។ វាជាការល្អហើយ។ តែខ្ញុំអធិស្ឋានសូមព្រះពរ មុនពេលខ្ញុំ គូរគំនូរ ហែលទឹក ហាត់គុណដាវ ហាត់ប្រដាល់ ដើរ លេង រាំ ហើយអធិស្ឋាន មុនពេលខ្ញុំចាប់កាន់ប៊ិកសរសេរផងដែរ”។ ការលើកទឹកចិត្តរបស់គាត់ បានជួយឲ្យខ្ញុំគិតឡើងវិញ អំពីសកម្មភាពដែលខ្ញុំធ្វើជារៀងរាល់ថ្ងៃ។ ជួនកាល ខ្ញុំមានទំនោរទៅរកការបែងចែកសកម្មភាពរបស់ខ្ញុំ ទៅជាសកម្មភាពដែលមានគុណតម្លៃខាងវិញ្ញាណ ដូចជាការអានព្រះបន្ទូល មុនពេលញាំអាហារ និងសកម្មភាពដទៃទៀត ដែលខ្ញុំយល់ឃើញថា មានតម្លៃខាងវិញ្ញាណតិចតួច ដែលមានដូចជាការលាងចាន ក្រោយញាំអាហារជាដើម។ សាវ័កប៉ុលបានលប់ចោលការបែងចែកដូចនេះ ក្នុងសំបុត្រ ដែលគាត់បានសរសេរផ្ញើទៅពួកជំនុំ នៅទីក្រុងកូល៉ុស ដែលព្រះទ្រង់បានជ្រើសរើសឲ្យរស់នៅថ្វាយព្រះយេស៊ូវ។ គាត់បានលើកទឹកចិត្តពួកគេយ៉ាងដូចនេះថា “ក្នុងគ្រប់ទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី ឬកិរិយាក៏ដោយ ចូរធ្វើទាំងអស់ ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ”(៣:១៧)។ ការធ្វើអ្វីៗ ដោយនូវព្រះនាមព្រះយេស៊ូវ គឺមានន័យថា យើងថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ នៅពេលដែលយើងធ្វើកិច្ចការទាំងនោះ ហើយមានការធានាថា ព្រះវិញ្ញាណព្រះអង្គប្រទានកម្លាំង ឲ្យយើងអាចសម្រេចកិច្ចការទាំងនោះ។ បានសេចក្តីថា កិច្ចការទាំងអស់ដែលយើងធ្វើ ទោះតូចឬធំក្តី សុទ្ធតែមានគុណតម្លៃខាងវិញ្ញាណ។ សកម្មភាពដ៏សាមញ្ញទាំងអស់នៃជីវិតយើង អាចទទួលកម្លាំងពីព្រះវិញ្ញាណព្រះអង្គ ហើយធ្វើតាមរបៀបដែលថ្វាយព្រះកិត្តិនាមដល់ព្រះយេស៊ូវ។—LISA M. SAMRA
អ្នកចង់មានការផ្លាស់ប្តូរទស្សនៈរបស់អ្នក អំពីសកម្មភាពប្រចាំថ្ងៃ យ៉ាងដូចម្តេចខ្លះ? តើអ្នកអាចពឹងផ្អែកលើព្រះវិញ្ញាណព្រះ យ៉ាងដូចម្តេចខ្លះ ក្នុងកិច្ចការដែលធ្វើប្រចាំថ្ងៃ?
ឱព្រះយេស៊ូវ សូមព្រះអង្គចម្រើនកម្លាំងទូលបង្គំ ដោយព្រះវិញ្ញាណព្រះអង្គ ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ ក្នុងកិច្ចការទាំងអស់ដែលទូលបង្គំធ្វើ។
To learn more about how to pray effectively, visit ODBU.org/courses/SF120.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ :
ប្រភេទ
ល្ងាច

គ្រប់ជំហានទៅកាន់កាល់វ៉ារី សុទ្ធតែមានក្តីស្រឡាញ់
ដោយJohn Piper
July 14, 2023
ដោយសារសេចក្តីនេះ យើងរាល់គ្នាបានស្គាល់សេចក្តីស្រឡាញ់ គឺដោយទ្រង់បានស៊ូប្តូរព្រះជន្មទ្រង់ជំនួសយើង។ ១យ៉ូហាន ៣:១៦ សេចក្តីស្រឡាញ់ដែលព្រះគ្រីស្ទមានសម្រាប់យើង ក្នុងការសុគត គឺមានការតាំងព្រះទ័យ ដូចដែលការរងទុក្ខរបស់ព្រះអង្គក៏បានធ្វើឡើងដោយចេតនារបស់ព្រះអង្គផងដែរ។ បើព្រះអង្គមានចេតនា ក្នុងការលះបង់ព្រះជន្ម នោះគឺដើម្បីយើងរាល់គ្នា។ នោះជាសេចក្តីស្រឡាញ់។ “កាលមុនបុណ្យរំលង នោះព្រះយេស៊ូវទ្រង់ជ្រាបថា ពេលកំណត់ ដែលទ្រង់ត្រូវចេញពីលោកីយ៍នេះ ទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ដូច្នេះ ដែលទ្រង់បានស្រឡាញ់ដល់ពួកទ្រង់នៅក្នុងលោកីយ៍នេះ នោះទ្រង់ក៏ចេះតែស្រឡាញ់គេ ដរាបដល់ចុងបំផុត”(យ៉ូហាន ១៣:១)។ គ្រប់ជំហាន ដែលព្រះអង្គយាងទៅកាល់វ៉ារី គឺសុទ្ធតែបង្កប់អត្ថន័យ “ខ្ញុំស្រឡាញ់អ្នក”។ ដូចនេះ ការពិសោធន៍នឹងសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ក្នុងការលះបង់ព្រះជន្ម គឺបានជួយយើងឲ្យដឹងថា ព្រះអង្គមានការតាំងព្រះទ័យខ្លាំងប៉ុណ្ណា នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ចូរយើងមើលព្រះបន្ទូលដែលព្រះយេស៊ូវបានបន្លឺឡើង បន្ទាប់ពីអំពើហិង្សាកើតឡើង នៅពេលដែលសាវ័កពេត្រុសបានប៉ុនប៉ងកាប់ក្បាលបាវរបស់សម្តេចសង្ឃ ត្រូវស្លឹកត្រចៀកដាច់។ តែព្រះយេស៊ូវមានព្រះបន្ទូលទៅថា “ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលយកដាវ នោះត្រូវស្លាប់ដោយដាវដែរ តើអ្នកស្មានថា ខ្ញុំមិនអាចនឹងសូមដល់ព្រះវរបិតាខ្ញុំឥឡូវ ដែលទ្រង់នឹងចាត់ពួកទេវតា១២កង មកខ្ញុំជា១រំពេចទេឬអី បើយ៉ាងនោះ ធ្វើដូចម្តេចនឹងបានសំរេចតាមគម្ពីរ ដែលថាត្រូវតែកើតមានដូច្នេះ? (ម៉ាថាយ ២៦:៥២-៥៤)។ យើងត្រូវដឹងថា ការសុគតរបស់ព្រះយេស៊ូវ ត្រូវបានថ្លែងទំនាយទុកជាលម្អិត ក្នុងព្រះគម្ពីរសញ្ញាចាស់។ តែយើងត្រូវដឹងកាន់តែច្បាស់ថែមទៀតថា ព្រះយេស៊ូវបានធ្វើការសម្រេចព្រះទ័យយ៉ាងជាក់លាក់ ឲ្យបទគម្ពីរទាំងនោះបានសម្រេច។ ក្នុងបទគម្ពីរម៉ាថាយ ២៦:៥៤ ព្រះយេស៊ូវកំពុងតែប្រាប់យើងថា ព្រះអង្គអាចគេចចេញពីទុក្ខវេទនានេះ តែបើព្រះអង្គគេច ធ្វើដូចម្តេចនឹងបានសំរេចតាមគម្ពីរ ដែលថាត្រូវតែកើតមានដូច្នេះ? អាចនិយាយបានម្យ៉ាងទៀតថា ព្រះអង្គមិនបានជ្រើសរើសយកការគេចចេញពីការសុគត ដែលព្រះអង្គអាចធ្វើបាន ព្រោះព្រះអង្គជ្រាបថាបទគម្ពីរត្រូវសម្រេច។ ព្រះអង្គជ្រាបថា មានការអ្វីខ្លះដែលត្រូវតែកើតឡើង ដើម្បីឲ្យរាស្រ្តព្រះអង្គបានសង្គ្រោះ។ ព្រះអង្គបានជ្រើសរើសយកការសម្រេចបទទំនាយទាំងអស់ដែលបានថ្លែងទុកជាមុន អំពីព្រះអង្គ ក្នុងព្រះបន្ទូលព្រះ។ ព្រះអង្គបានសម្រេចព្រះទ័យស្រឡាញ់រាស្រ្តព្រះអង្គលើសអ្វីៗទាំងអស់ គ្រប់ពេលវេលា។ ហើយព្រះអង្គចង់ឲ្យពួកគេពិសោធន៍នឹងក្តីស្រឡាញ់ព្រះអង្គ។ ហើយជាប់នៅក្នុងព្រះអង្គ និងមានសេរីភាព ហើយមានការផ្លាស់ប្រែខុសប្លែកពីលោកិយ។