ព្រឹក

ការអធិស្ឋាន និងការផ្លាស់ប្តូរ
ដោយWinn Collier
July 15, 2023
គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្តីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្តីលំបាកនោះ។ ទំនុកដំកើង ១០៧:២៨ កាលពីឆ្នាំ ១៩៨២ លោកគ្រូគង្វាល គ្រីស្ទាន ហ្វ៊ូរើ(Christian Führer) បានបើកកម្មវិធីប្រជុំអធិស្ឋាន នៅថ្ងៃច័ន្ទ ក្នុងព្រះវិហារសន្ត នីកូឡាស ក្នុងទីក្រុង លីពហ្ស៊ីក។ មនុស្សមួយក្រុមតូចបានធ្វើការជួបជុំគ្នា អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីទូលសូមព្រះទ្រង់ប្រទានសន្តិភាព ក្នុងអំឡុងពេលដែលអំពើហិង្សាកំពុងរីករាលដាលពាសពេញពិភពលោក ហើយប្រជាជនគាត់កំពុងស្ថិតក្រោមការកៀបសង្កត់ ពីរបបអាល្លឺម៉ង់ខាងជើង។ ពួកអាជ្ញាធរកុម្មុយនីស្តបានតាមដានសកម្មភាពរបស់ពួកជំនុំទាំងឡាយយ៉ាងដិតដល់ តែពួកគេមិនមានការសង្ស័យអ្វី ទាល់តែអ្នកចូលរួមក្នុងព្រះវិហារ បានកើនឡើងយ៉ាងខ្លាំង រហូតមានមនុស្សទាំងហ្វូងបានជួបជុំគ្នាក្នុងព្រះវិហារ ហៀរមកខាងក្រៅរបងព្រះវិហារ។ នៅថ្ងៃទី៩ តុលា ឆ្នាំ១៩៨៩ មានបាតុករ៧ម៉ឺននាក់ បានជួបជុំគ្នា ហើយបានធ្វើបាតុកម្មទាមទា ដោយសន្តិវិធី។ ប៉ូលិសអាល្លឺម៉ង់ខាងកើត៦ពាន់នាក់បានឈរ ដោយការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបចំពោះការបង្កអំពើហឹង្សាណាមួយ។ ហ្វូងបាតុករនៅតែបន្តតវ៉ា ដោយសន្តិវិធី។ អ្នកប្រវត្តិសាស្រ្តបានចាត់ទុកថ្ងៃនោះជាចំណុចរបត់នៃរបបនយោបាយ។ មួយខែក្រោយមក ជញ្ជាំងក្រុងប៊ែរឡាំងដែលបានចែកប្រទេសអាល្លឺម៉ង់ជាពីរ ក៏បានដួលរលំ។ ការផ្លាស់ប្តូរដ៏ធំសម្បើម សុទ្ធតែបានចាប់ផ្តើម ដោយការជួបជុំគ្នាអធិស្ឋាន។ ពេលណាយើងងាកបែរទៅរកព្រះអម្ចាស់ ហើយចាប់ផ្តើមពឹងផ្អែកទៅលើប្រាជ្ញា និងកម្លាំងរបស់ព្រះអង្គ អ្វីៗច្រើនតែចាប់ផ្តើមមានការផ្លាស់ប្តូរ។ ពេលណាយើងស្រែករកព្រះអម្ចាស់ ដូចពួកអ៊ីស្រាអែល ក្នុងពេលយើងមានទុក្ខលំបាក យើងនឹងបានដឹងថា មានតែព្រះអម្ចាស់ទេ ដែលអាចផ្លាស់ប្តូរស្ថានភាពទាល់ច្រក ដែលពិបាកបំផុត ហើយឆ្លើយតបសំណួររបស់យើង(ទំនុកដំកើង ១០៧:២៨)។ ព្រះទ្រង់ធ្វើឲ្យខ្យល់ព្យុះស្ងប់ ហើយកែប្រែវាលរហោស្ថាន ឲ្យក្លាយជាកន្លែងមានទឹកច្រើន(ខ.២៩,៣៥)។ ព្រះដែលយើងអធិស្ឋានទៅរក ប្រទានក្តីសង្ឃឹម ក្នុងពេលអស់សង្ឃឹម និងភាពស្រស់ស្អាត នៅក្នុងភាពខ្ទេចខ្ទាំ។ តែមានតែព្រះទេដែលប្រទានការផ្លាស់ប្រែ តាមពេលវេលារបស់ព្រះអង្គ គឺមិនមែនតាមពេលវេលារបស់យើងឡើយ។ យើងចូលរួមជាមួយព្រះអង្គក្នុងការផ្លាស់ប្រែនេះ តាមរយៈការអធិស្ឋានរបស់យើង។—WINN COLLIER
តើអ្នកបានឃើញព្រះទ្រង់ធ្វើការកែប្រែស្ថានភាពណាមួយ នៅពេលណាខ្លះ? តើកិច្ចការដែលព្រះអង្គធ្វើនៅពេលនោះ មានទំនាក់ទំនងជាមួយនឹងការអធិស្ឋានរបស់យើងដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំត្រូវការព្រះអង្គកែប្រែស្ថានភាពដ៏លំបាករបស់ទូលបង្គំ។ សូមព្រះអង្គកែប្រែការអ្វី ដែលមានតែព្រះអង្គទេដែលអាចកែប្រែបាន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៦-១៧ និង កិច្ចការ ២០:១-១៦
ប្រភេទ
ល្ងាច

ពេលដែលការស្តាប់បង្គាប់ហាក់ដូចជាពិបាកពេក
ដោយJohn Piper
July 15, 2023
ដោយសារសេចក្តីជំនឿ នោះអ័ប្រាហាំបានថ្វាយអ៊ីសាក។ ហេព្រើរ ១១:១៧ ក្នុងពេលសព្វថ្ងៃនេះ មនុស្សជាច្រើនមានអារម្មណ៍ថា ការស្តាប់បង្គាប់ព្រះប្រៀបដូចជាការបំផ្លាញក្តីស្រមៃខ្លួនឯង។ អ្នកផ្សេងទៀត ក៏នឹងមានអារម្មណ៍ដូចនេះផងដែរ។ អ្នកមានអារម្មណ៍ថា បើអ្នកធ្វើអ្វីដែលព្រះបន្ទូលព្រះ ឬព្រះវិញ្ញាណបរិសុទ្ធបានត្រាស់ហៅឲ្យអ្នកធ្វើ អ្នកនឹងវេទនា ហើយមិនជឿថា ព្រះទ្រង់អាចប្រើការនេះ ជាប្រយោជន៍ដល់អ្នកទេ។ ពេលនេះ អ្នកប្រហែលជាឮព្រះទ្រង់បង្គាប់ ឬត្រាស់ហៅអ្នក ឲ្យបន្តរស់នៅជាអ្នកមានគ្រួសារ ឬនៅលីវ ឲ្យបន្តធ្វើការងារនោះទៀត ឬឲ្យទៅរកការងារផ្សេង ឬឲ្យផ្សាយដំណឹងល្អអំពីព្រះគ្រីស្ទ នៅកន្លែងធ្វើការ ឲ្យរក្សាភាពស្មោះត្រង់ ឲ្យនាំអ្នកដែលបានប្រព្រឹត្តអំពើបាប ឲ្យប្រែចិត្ត ឲ្យស្វែងរកការងារថ្មី ឬឲ្យធ្វើការជាបេសកជនជាដើម។ ហើយតាមគំនិតរបស់អ្នកដែលមានដែនកំណត់ អ្នកមិនចង់ធ្វើតាមបង្គាប់នេះទេ ព្រោះអ្នកប្រហែលមានអារម្មណ៍ថា ពិបាកដូចលោកអ័ប្រាហាំលះបង់អ៊ីសាក ដែលជាកូនតែមួយដែលត្រូវទទួលមរតក ។ អ្នកបានពិចារណាគ្រប់ជ្រុងជ្រោយតាមគំនិតមនុស្ស ហើយយល់ឃើញថា អ្នកនឹងមិនអាចទទួលលទ្ធផលល្អឡើយ។ តែឥឡូវនេះ អ្នកបានដឹងហើយថា លោកអ័ប្រាហាំបានទទួលលទ្ធផលដូចម្តេច។ គឺដូចដែលព្រះគម្ពីរបានចែងអំពីរឿងគាត់ស្រាប់។ តើអ្នកប្រាថ្នាចង់បានព្រះ និងផ្លូវរបស់ព្រះអង្គ ព្រមទាំងព្រះបន្ទូលសន្យា លើសអ្វីទាំងអស់ឬទេ ហើយតើអ្នកជឿថា ព្រះអង្គអាច ហើយនឹងឲ្យតម្លៃមកលើជំនឿ និងការស្តាប់បង្គាប់របស់អ្នក ដោយអ្នកមិនមានការខ្មាសអៀន នៅក្នុងការហៅព្រះអង្គថា ព្រះរបស់អ្នក ហើយប្រើប្រាជ្ញា អំណាច និងសេចក្តីស្រឡាញ់ទាំងអស់របស់ព្រះអង្គ ដើម្បីកែប្រែផ្លូវនៃការស្តាប់បង្គាប់ ទៅជាផ្លូវនៃជីវិត និងក្តីអំណរឬទេ? តើអ្នកកំពុងជួបរឿងវិបត្តិអ្វីខ្លះ នៅពេលនេះ? តើអ្នកប្រាថ្នាចង់បានព្រះអង្គទេ? តើអ្នកទុកចិត្តព្រះអង្គទេ? ព្រះបន្ទូលដែលព្រះទ្រង់មានសម្រាប់អ្នកនៅពេលនេះគឺ ៖ ព្រះទ្រង់សក្តិសម ហើយព្រះទ្រង់អាចធ្វើបាន។