ព្រឹក

រង្វាន់ទាំងប្រាំយ៉ាង សម្រាប់សេចក្តីសប្បុរស
ដោយJohn Piper
July 28, 2023
ខាងសេចក្តីខ្វះខាតរបស់ពួកបរិសុទ្ធ នោះក៏ចូរផ្គត់ផ្គង់ឲ្យ ទាំងខំប្រឹងឲ្យមានសេចក្តីចៅរ៉ៅផងចុះ។ រ៉ូម ១២:១៣ តើយើងនឹងទទួលរង្វាន់អ្វី បើយើងបានទុកចិត្តលើព្រះបន្ទូលសន្យារបស់ព្រះ និងដាក់ដង្វាយឲ្យ ដោយស្ម័គ្រពីចិត្ត ហើយបើកទ្វារផ្ទះស្វាគមន៍គ្នាទៅវិញទៅមក និងស្វាគមន៍អ្នកក្រខ្សត់?
- ១) ការរងទុក្ខរបស់ពួកបរិសុទ្ធនឹងមានភាពធូរស្រាល ឬយ៉ាងហោចណាស់ មានការថយចុះ។ នេះជាអត្ថន័យនៃខគម្ពីរនេះ ដែលបានចែងថា “ខាងសេចក្តីខ្វះខាតរបស់ពួកបរិសុទ្ធ នោះក៏ចូរផ្គត់ផ្គង់ឲ្យ”។ យើងលើកបន្ទុករបស់ពួកគេ។ យើងនាំឲ្យពួកគេបាត់ស្រ្តេស។ យើងនាំឲ្យពួកគេមានក្តីសង្ឃឹមឡើង។ នោះហើយជារង្វាន់!
- ២) យើងបានបង្ហាញឲ្យគេឃើញក្តីសង្ឃឹមរបស់ព្រះ។ “ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។ ការដាក់ដង្វាយឲ្យគេ ដោយស្ម័គ្រពីចិត្ត និងបើកទ្វារផ្ទះស្វាគមន៍គេ គឺបានបង្ហាញសិរីល្អ និងសេចក្តីល្អ និងតម្លៃរបស់ព្រះ ក្នុងជីវិតអ្នក។ មូលហេតុដែលព្រះទ្រង់ប្រទានឲ្យយើងមានលុយ និងផ្ទះ គឺដើម្បីឲ្យយើងអាចប្រើ ឲ្យគេមើលឃើញថា ពួកវាមិនមែនជារបស់យើង តែជារបស់ព្រះអង្គ។ តែព្រះអង្គជាព្រះរបស់យើង។ និងជាកំណប់ទ្រព្យរបស់យើង។
- ៣) យើងក៏បានបង្ហាញចេញនូវការអរព្រះគុណព្រះ។ “ការជំនួយជួយពួកបរិសុទ្ធនេះ មិនមែនគ្រាន់តែបំពេញសេចក្តីដែលគេត្រូវការប៉ុណ្ណោះ គឺបានចំរើនឡើងជាហូរហៀរដល់ព្រះដែរ ដោយសារពាក្យគេអរព្រះគុណជាច្រើន”(២កូរិនថូស ៩:១២)។ ព្រះទ្រង់បានប្រទានយើងនូវប្រាក់កាស និងផ្ទះសម្បែង មិនគ្រាន់តែដើម្បីឲ្យយើងអរព្រះគុណព្រះអង្គប៉ុណ្ណោះទេ តែដើម្បីឲ្យយើងបង្ហាញចេញនូវសេចក្តីសប្បុរស និងការស្វាគមន៍ ដែលនាំឲ្យមនុស្សជាច្រើនអរព្រះគុណព្រះផងដែរ។
- ៤) មានការបញ្ជាក់ អំពីសេចក្តីស្រឡាញ់ដែលយើងមានចំពោះព្រះអង្គ និងសេចក្តីស្រឡាញ់របស់ព្រះអង្គ ដែលមានក្នុងយើង។ “បើអ្នកណាមានភោគសម្បត្តិរបស់លោកីយ៍នេះ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតមេត្តាសោះ នោះធ្វើដូចម្តេច ឲ្យសេចក្តីស្រឡាញ់នៃព្រះ បានស្ថិតនៅក្នុងអ្នកនោះបាន?”(១យ៉ូហាន ៣:១៧)។ បានសេចក្តីថា ពេលណាយើងដាក់ដង្វាយ ដោយចិត្តសប្បុរស ហើយបើកទ្វារផ្ទះស្វាគមន៍គេ នោះបញ្ជាក់ថា សេចក្តីស្រឡាញ់របស់ព្រះ មានក្នុងជីវិតយើង។ យើងជាអ្នកជឿពិតប្រាកដ មិនមែនជាគ្រីស្ទបរិស័ទតែសម្បកក្រៅនោះឡើយ។
- ៥) រង្វាន់ចុងក្រោយគឺ យើងសន្សំទ្រព្យនៅស្ថានសួគ៌។ “ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកឲ្យទៅជាទានចុះ ចូរធ្វើថង់ដែលមិនចេះចាស់ សំរាប់ខ្លួន ជាទ្រព្យដែលមិនចេះអស់ … ព្រោះសម្បត្តិទ្រព្យអ្នកនៅកន្លែងណា នោះចិត្តអ្នកក៏នឹងស្ថិតនៅកន្លែងនោះឯង”(លូកា ១២:៣៣-៣៤)។
ប្រភេទ
ល្ងាច

ស្វែងរកកន្លែងស្ងប់ស្ងាត់
ដោយBill Crowder
July 28, 2023
តែទ្រង់ថយចេញទៅឯទីស្ងាត់ ដើម្បីអធិស្ឋានវិញ។ លូកា ៥:១៦ ក្រុងគ្រីន ប៊ែង ក្នុងភាគខាងលិចនៃរដ្ឋវើជីនា ជាសហគមន៍តូចមួយ ក្នុងតំបន់ជួរភ្នំអាផាឡាជាន ដែលមានថ្មធំៗច្រើន។ ក្រុងមួយនេះមានលក្ខណៈដូចក្រុងតូចៗរាប់សិបទៀត ក្នុងតំបន់នោះ តែខុសប្លែកខ្លាំងបំផុត នៅត្រង់ចំណុចដែលថា ប្រជាជនទាំង១៤២នាក់ ក្នុងទីក្រុងនេះ មិនមានអ៊ីនធឺណិតប្រើទេ។ មូលហេតុគឺដោយសារសេវាអ៊ីនធឺណិតវ៉ាយហ្វាយ ឬអង់តែនទូរស័ព្ទ អាចនាំឲ្យមានការរំខានដល់មន្ទីរសង្កេតមើលផ្កាយគ្រីនប៊ែង ដែលមានកែវយឺតមើលផ្កាយ ដែលតែងតែពិនិត្យមើលផ្ទៃមេឃជានិច្ច។ ហេតុនេះហើយ ក្រុងគ្រីនប៊ែងស្ថិតក្នុងចំណោមទីកន្លែងដែលមានភាពស្ងប់ស្ងាត់បំផុតខាងផ្នែកបច្ចេកវិទ្យា ក្នុងតំបន់អាមេរិកខាងជើង។ ជួនកាល ភាពស្ងប់ស្ងាត់ជាបរិយាកាលដែលអំណោយផលបំផុត ដល់ការរីកចម្រើនឈានទៅមុខ ជាពិសេស ក្នុងការប្រកបទាក់ទងរបស់យើងជាមួយព្រះអង្គ។ ព្រះយេស៊ូវបានធ្វើជាគំរូនៃការប្រកបជាមួយព្រះវរបិតា ដោយយាងទៅកន្លែងស្ងប់ស្ងាត់តែអង្គឯង ដើម្បីអធិស្ឋាន។ ក្នុងបទគម្ពីរ លូកា ៥:១៦ យើងឃើញថា “ទ្រង់ថយចេញទៅឯទីស្ងាត់ ដើម្បីអធិស្ឋាន”។ ព្រះយេស៊ូវបានអនុវត្តដូចនេះជាញឹកញាប់ ធ្វើជាគំរូដ៏ល្អឥតខ្ចោះសម្រាប់យើង។ បើព្រះអាទិករនៃចក្រវាល បានជ្រាបច្បាស់ថា ព្រះអង្គត្រូវប្រកបជាមួយព្រះវរបិតា នោះយើងត្រូវចំណាយពេលជាមួយព្រះអង្គច្រើនជាងអម្បាលម៉ានទៀត។ ការទៅកន្លែងស្ងប់ស្ងាត់ ដើម្បីមានភាពស្រស់ថ្លាឡើងវិញ ក្នុងព្រះវត្តមានព្រះ ជួយឲ្យយើងអាចបន្តដំណើរទៅមុខទៀត ដោយកម្លាំងដែលព្រះអង្គប្រទានជាថ្មី។ តើអ្នកអាចចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះអម្ចាស់ នៅកន្លែងណាខ្លះ ក្នុងពេលសព្វថ្ងៃនេះ?—BILL CROWDER
តើមានកត្តាអ្វីខ្លះ ដែលអាចរំខានការចំណាយពេលអធិស្ឋានរបស់អ្នក? តើការជ្រើសរើសកន្លែងស្ងប់ស្ងាត់ឲ្យបានច្បាស់លាស់ មានប្រយោជន៍យ៉ាងណាខ្លះ ចំពោះការផ្ដោតចិត្ត ក្នុងការអធិស្ឋាន?
ឱព្រះវរបិតា ជួនកាល សម្លេងរំខានក្នុងការរស់នៅ ក្នុងលោកិយនេះ បានរារាំង និងបង្វែរចិត្តទូលបង្គំ មិនឲ្យផ្ដោតទៅលើព្រះអង្គ និងមិនឲ្យចំណាយពេលជាមួយព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យរកឃើញកន្លែង ដែលទូលបង្គំអាចចំណាយពេលស្ងាត់ស្ងៀមផ្ទាល់ខ្លួន ជាមួយព្រះវត្តមានដ៏អស្ចារ្យរបស់ព្រះអង្គ។
For further study, see Talking with My Father: Jesus Teaches on Prayer at DiscoverySeries.org/HP171.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៤៩-៥០ និង រ៉ូម ១