ព្រឹក

អ្នកធ្វើការតូចទាបថ្វាយព្រះអម្ចាស់
ដោយSheridan Voysey
July 29, 2023
អស់ទាំងអវយវៈក្នុងរូបកាយ ដែលមើលទៅដូចជាខ្សោយជាងគេ នោះមានប្រយោជន៍ជាជាងវិញ។ ១កូរិនថូស ១២:២២ មិត្តភក្ដិរបស់ខ្ញុំម្នាក់ ធ្វើការក្នុងមន្ទីរពេទ្យនៅលើកប៉ាល់ ដែលមានឈ្មោះថា សេចក្តីមេត្តាករុណាអាហ្វ្រិក ដែលបាននាំសេវ៉ាព្យាបាលដោយឥតគិតថ្លៃ ទៅកាន់ប្រទេសក្រីក្រ។ ជារៀងរាល់ថ្ងៃ បុគ្គលិកពេទ្យនៅលើកប៉ាល់នេះ បានព្យាបាលអ្នកជំងឺរាប់រយនាក់ ដែលគ្មានលទ្ធភាពស្វែងរកការព្យាបាលនៅកន្លែងផ្សេង។ បុគ្គលិកស្ថានីយទូរទស្សន៍មួយក្រុមបានឡើងកប៉ាល់នោះម្តងម្កាល ដើម្បីថតសកម្មភាពរបស់បុគ្គលិកពេទ្យ កំពុងដេរបបូរម៉ាត់ឆែបឲ្យក្មេងតូច និងតម្រង់ជើងក្មេងដែលលូតលាស់វៀច។ ជួនកាល ពួកគេក៏បានចុះទៅបន្ទប់ខាងក្រោមរបស់នាវានោះ ដើម្បីសម្ភាសបុគ្គលិកនាវា តែមិនមាននរណាម្នាក់កត់សំគាល់ការងារដែលលោកមីក(Mick) កំពុងធ្វើឡើយ។ លោកមីក ជាវិស្វករ បានទទួលស្គាល់ថា គាត់មានការភ្ញាក់ផ្អើល ចំពោះការងារដែលគេបានចាត់តាំងឲ្យគាត់ធ្វើ។ គាត់មានតួនាទីថែទាំ និងជួសជុលប្រព័ន្ធលូទឹកស្អុយរបស់នាវា។ មានកាកសំណល់ជាតិរាវ៤ម៉ឺនលីត្រ ដែលគេបានផលិត នៅលើនាវា ជារៀងរាល់ថ្ងៃ ដូចនេះ ការគ្រប់គ្រងសារធាតុពុលនេះ គឺជាកិច្ចការដ៏សំខាន់។ បើគ្មានលោកមីកមើលថែបំពង់លូ និងម៉ាស៊ីនបូមទឹកលូទាំងនោះទេ នោះកម្មវិធីព្យាបាលនៅលើនាវាមេត្តាករុណាអាហ្វ្រិកនេះមុខជាជាប់គាំងមិនខាន។ ដូចនេះ គេងាយនឹងអបអរអ្នកដែលកំពុងធ្វើការបម្រើព្រះ នៅជាន់ខាងលើរបស់នាវា ហើយទន្ទឹមនឹងនោះ មើលរំលងអ្នកដែលកំពុងធ្វើការក្នុងបន្ទប់ជាន់ក្រោម។ កាលពួកជំនុំនៅទីក្រុងកូរិនថូសបានលើកដំកើងអ្នកដែលមានអំណោយទានដ៏អស្ចារ្យ ឲ្យខ្ពស់ជាងអ្នកដទៃ សាវ័កប៉ុលក៏បានរំឭកពួកគេថា អ្នកជឿម្នាក់ៗសុទ្ធតែមានតួនាទីនៅក្នុងការងារបម្រើព្រះ(១កូរិនថូស ១២:៧-២០) ហើយអំណោយទាននីមួយៗសុទ្ធតែសំខាន់ ទោះអំណោយទាននោះ ជាការប្រោសជំងឺ ឬជួយយកអសារអ្នកដទៃក្តី(ខ.២៧-៣១)។ តាមពិត តួនាទីកាន់តែតូចទាប គឺកាន់តែសក្តិសមនឹងទទួលកត្តិយស (ខ.២២-២៤)។ តើអ្នកជាមនុស្សដែលកំពុងមានតួនាទីតូចទាប ក្នុងរូបកាយព្រះគ្រីស្ទឬ? សូមកុំបាក់ទឹកចិត្តឡើយ។ កិច្ចការដែលអ្នកធ្វើថ្វាយព្រះអង្គមានតម្លៃចំពោះព្រះអង្គ ហើយមិនអាចខ្វះបាន សម្រាប់យើងរាល់គ្នា។—SHERIDAN VOYSEY
តើការប្រៀបធៀបអំណោយទានរបស់អ្នក ជាមួយអ្នកដទៃ នាំមកនូវផលវិបាកអ្វីខ្លះ? នៅថ្ងៃនេះ តើអ្នកអាចលើកទឹកចិត្តនរណាខ្លះ ដែលកំពុងមានតួនាទីតូចទាប?
ឱព្រះអម្ចាស់ ទូលបង្គំសំខាន់ចំពោះព្រះអង្គ។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានកត់សំគាល់ទូលបង្គំ ទោះអ្នកដទៃខ្វល់អំពីទូលបង្គំឬអត់ក៏ដោយ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៥១-៥៣ និង រ៉ូម ២
ប្រភេទ
ល្ងាច

បានរាប់ជាសុចរិត យ៉ាងជ្រះស្រឡះ និងគ្រប់ជ្រុងជ្រោយ
ដោយJohn Piper
July 29, 2023
តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត។ រ៉ូម ៨:៣៣ ត្រង់ចំណុចនេះ សាវ័កប៉ុលអាចមានប្រសាសន៍ដូចនេះថា “តើអ្នកណានឹងចោទប្តឹងពួករើសតាំងរបស់ព្រះបាន?” ហើយបន្ទាប់មក គាត់អាចឆ្លើយថា “ទេ! ព្រះអង្គបានរាប់យើងជាសុចរិតហើយ”។ នេះជាការពិតមែន។ តែគាត់មិនបាននិយាយដូចនេះទេ។ តែគាត់និយាយថា “ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត”។ គាត់មិនបាននិយាយសង្កត់ធ្ងន់ទៅលើការរាប់ជាសុចរិត តែនិយាយសង្កត់ធ្ងន់ទៅលើព្រះ ដែលរាប់យើងជាសុចរិត។ តើហេតុអ្វី? ព្រោះក្នុងតុលាការរបស់ចក្រភពរ៉ូម៉ាំង ការសម្រេចរបស់តុលាការជាន់ទាប អាចត្រូវតុលាការជាន់ខ្ពស់ច្រានចោល។ នៅសម័យនោះ បើតុលាការក្នុងតំបន់អ្នកឲ្យអ្នករួចខ្លួន នៅពេលដែលអ្នកមានទោស នោះលោកអភិបាលប្រចាំតំបន់អ្នក មានសិទ្ធិចោទប្រកាន់ឲ្យអ្នកមានទោសវិញ។ បើលោកអភិបាលប្រចាំតំបន់អ្នកបានលើកលែងទោសអ្នក ពេលដែលអ្នកមានទោស តែព្រះចៅអធិរាជ្យអាចចោទប្រកាន់ ឲ្យអ្នកមានទោស។ ចំណុចសំខាន់បទគម្ពីរនេះ គឺចង់បង្ហាញយើងថា ៖ គ្មានតុលាការអ្វី ដែលខ្ពស់ជាងព្រះឡើយ។ បើព្រះទ្រង់ជាអ្នកសម្រេចថា អ្នកគ្មានទោស ដោយប្រកាសថា អ្នកជាមនុស្សសុចរិតនៅក្នុងព្រះនេត្រព្រះអង្គ នោះគ្មាននរណាម្នាក់អាចប្តឹងឧទ្ធរណ៍បានទេ គ្មាននរណាម្នាក់អាចយកច្បាប់អ្វីមកអះអាងជំទាស់ព្រះអង្គ គ្មាននរណាម្នាក់អាចអះអាងថា ការជំនុំជម្រះនេះមានការខ្វះចន្លោះ គ្មាននរណាម្នាក់អាចដាក់ការចោទប្រកាន់អ្វីផ្សេងមកលើអ្នកបានទេ។ ការជំនុំជម្រះរបស់ព្រះ មានភាពជ្រះស្រឡះ ហើយគ្រប់ជ្រុងជ្រោយហើយ។ ឱអស់អ្នកទាំងឡាយដែលជឿព្រះយេស៊ូវ និងបានរួបរួមជាមួយព្រះអង្គ ហើយស្ថិតក្នុងចំណោមពួកជ្រើសតាំងអើយ សូមស្តាប់ ៖ ព្រះទ្រង់ជាអ្នករាប់អ្នករាល់គ្នាជាសុចរិត។ គឺគ្មានតុលាការជាមនុស្ស គ្មានហោរាដ៏អស្ចារ្យ គ្មានមហាទេវតាណាមកពីស្ថានសួគ៌ណា ដែលរាប់អ្នករាល់គ្នាជាសុចរិតឡើយ។ តែព្រះអង្គ ជាព្រះអាទិករនៃពិភពលោកនេះ ជាម្ចាស់នៃរបស់សព្វសារពើ និងអ្នកគ្រប់គ្រងចក្រវាល និងម៉ូលេគីលនីមួយៗ ព្រមទាំងមនុស្សនៅក្នុងចក្រវាលផង ព្រះអង្គជាអ្នករាប់អ្នករាល់គ្នាជាសុចរិត។ បានសេចក្តីថា យើងមានទំនុកចិត្តដែលមិនចេះរង្គោះរង្គើ នៅចំពោះមុខនៃទុក្ខវេទនាច្រើនក្រៃលែង។ បើព្រះទ្រង់កាន់ខាងយើងហើយ នោះគ្មាននរណាម្នាក់អាចទាស់ប្រឆាំងនឹងយើងបានទេ។ បើព្រះទ្រង់ឲ្យព្រះរាជបុត្រាព្រះអង្គកាន់ខាងយើង នោះព្រះអង្គនឹងប្រទានអ្វីៗគ្រប់យ៉ាង ដែលល្អសម្រាប់យើង។ បើព្រះទ្រង់ជាអ្នករាប់យើងជាសុចរិត នោះគ្មានការចោទប្រកាន់អ្វី ដែលអាចតតាំងនឹងយើងបានឡើយ។