ព្រឹក

ដាក់អាទិភាពឲ្យការចំណាយពេលជាមួយព្រះអង្គ
ដោយKimya Loder
August 4, 2023
សូមអាន លូកា ១០:៣៨-៤២ ឯម៉ារា នាងបានរើសចំណែកយ៉ាងល្អ ដែលមិនត្រូវយកចេញពីនាងឡើយ។លូកា ១០:៤២ កាលពីឆ្នាំ២០០៩ អ្នកស្រាវជ្រាវមួយក្រុម នៅសកលវិទ្យាល័យស្ទែនហ្វ៊តបានធ្វើការសិក្សា ទៅលើសិស្សជាង២រយនាក់ ក្នុងការពិសោធន៍មួយ ដែលរាប់បញ្ចូលការផ្លាស់ប្តូរពីកិច្ចការមួយទៅកិច្ចការមួយ និងការហ្វឹកហាត់ការចងចាំ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺការសិក្សានេះបានរកឃើញថា ពួកអ្នកដែលគិតថា ខ្លួនឯងអាចធ្វើកិច្ចការបានច្រើនក្នុងពេលតែមួយ មានពិន្ទុទាបជាងអ្នកដែលធ្វើការកិច្ចការម្តងមួយៗ។ អ្នកធ្វើកិច្ចការច្រើនក្នុងពេលតែមួយពិបាកផ្ដោតចិត្តទៅលើកិច្ចការដែលខ្លួនកំពុងធ្វើ និងពិបាកសម្រឹតសម្រាំងព័ត៌មានដែលពួកគេបានទទួល។ ការផ្ដោតចិត្តក្នុងពេលដែលមានការរំខាន អាចមានការពិបាក សម្រាប់មនុស្សជាច្រើន។ កាលព្រះយេស៊ូវយាងទៅលេងផ្ទះនាងម៉ារា និងនាងម៉ាថា នាងម៉ាថាក៏បានជាប់រវល់ធ្វើកិច្ចការ និងខ្វល់ខ្វាយនឹងការបម្រើ(លូកា ១០:៤០)។ នាងម៉ារាដែលជាប្អូនស្រីបានសម្រេចចិត្តអង្គុយនៅទាបព្រះបាទព្រះយេស៊ូវ ហើយស្តាប់ព្រះអង្គបង្រៀន ដោយទទួលបានប្រាជ្ញា និងសន្តិភាព ដែលគ្មានអ្វីអាចដកចេញពីនាងបាន(ខ.៣៩-៤២)។ ពេលនាងម៉ាថាទូលសូមព្រះយេស៊ូវឲ្យប្រាប់នាងម៉ារាឲ្យជួយធ្វើកិច្ចការ ព្រះអង្គក៏បានឆ្លើយតបថា “ម៉ាថាៗអើយ នាងព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ មានសេចក្តីតែ១ទេ ដែលសំរាប់ត្រូវការ ឯម៉ារា នាងបានរើសចំណែកយ៉ាងល្អ ដែលមិនត្រូវយកចេញពីនាងឡើយ”(ខ.៤១-៤២)។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងផ្ដោតចិត្តទៅលើព្រះអង្គ។ តែយើងច្រើនតែទទួលការរំខាន ពីកិច្ចការ និងបញ្ហាដែលយើងមាន គឺមិនខុសពីនាងម៉ាថាទេ។ យើងមិនបានអើពើចំពោះព្រះវត្តមានព្រះអង្គ ទោះយើងដឹងហើយថា មានតែព្រះអង្គទេដែលអាចប្រទានប្រាជ្ញា និងក្តីសង្ឃឹមដែលយើងត្រូវការ។ ពេលណាយើងដាក់អាទិភាពមកលើការចំណាយពេលជាមួយព្រះអង្គ តាមរយៈការអធិស្ឋាន និងការជញ្ជឹងគិតព្រះបន្ទូលព្រះអង្គ ព្រះអង្គនឹងប្រទានយើងនូវការដឹកនាំ និងកម្លាំងដែលយើងត្រូវការ ដើម្បីជម្នះបញ្ហាប្រឈមដែលយើងកំពុងជួបប្រទះ។—Kimya Loder
តើមានអ្វីបង្វែរចិត្តអ្នក មិនឲ្យផ្ដោតទៅលើព្រះអង្គ? តើការងាកបែរមកផ្ដោតចិត្តទៅលើព្រះអង្គវិញ បាននាំឲ្យអ្នកមានភាពភ្លឺស្វាងយ៉ាងណា?
ឱព្រះវរបិតា ជួនកាល ទូលបង្គំព្យាយាមធ្វើកិច្ចការជាច្រើន ក្នុងពេលតែមួយ។ សូមព្រះអង្គជួយទូលបង្គំឲ្យងាកចេញពីការរំខានទាំងនោះ ហើយងាកមកប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ។
To learn more about how to effectively grow in your faith, visit ODBU.org/courses/SF104.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៦៨-៦៩ និង រ៉ូម ៨:១-២១
ប្រភេទ
ល្ងាច

មើលទៅព្រះយេស៊ូវ ដើម្បីទទួលក្តីអំណរ
ដោយJohn Piper
August 4, 2023
គ្រប់ទាំងការដែលគេធ្វើទាំងប៉ុន្មាន នោះសុទ្ធតែធ្វើឲ្យតែមនុស្សមើលឃើញទេ . . . គេគាប់ចិត្តនឹងកន្លែងលេខ១ក្នុងការស៊ីលៀង និងកន្លែងដែលមុខគេក្នុងសាលាប្រជុំ ព្រមទាំងគាប់ចិត្តឲ្យមនុស្សគំនាប់ខ្លួននៅទីផ្សារ ហើយឲ្យគេហៅខ្លួនថា លោកគ្រូៗផង។ ម៉ាថាយ ២៣:៥-៧ ការមានចិត្តរមាស់ចង់ឲ្យគេគំនាប់ខ្លួន គឺជាការស្រេកឃ្លានចង់ឲ្យគេសរសើរខ្លួន។ បើយើងស្វែងរកការសប្បាយ នៅក្នុងការមានអារម្មណ៍ថា ខ្លួនឯងមានភាពគ្រប់គ្រាន់ នោះយើងនឹងមិនមានការស្កប់ចិត្តឡើយ បើគ្មានអ្នកដទៃមើលឃើញ និងអបអរភាពគ្រប់គ្រាន់របស់យើងទេនោះ។ ហេតុនេះហើយ ព្រះយេស៊ូវបានរៀបរាប់អំពីពួកអាចារ្យ និងពួកផារិស៊ី ក្នុងបទគម្ពីរម៉ាថាយ ២៣:៥ ថា “គ្រប់ទាំងការដែលគេធ្វើទាំងប៉ុន្មាន នោះសុទ្ធតែធ្វើឲ្យតែមនុស្សមើលឃើញទេ”។ តើរឿងនេះមិនចម្លែកទេឬ? តើអ្នកមិនគិតថា មនុស្សដែលមានភាពគ្រប់គ្រាន់ផ្ទាល់ខ្លួន គួរតែមិនត្រូវការការសរសើរពីអ្នកដទៃទេឬ? នោះហើយជាអត្ថន័យនៃ “ភាពគ្រប់គ្រាន់”។ តែមានភស្តុតាងបញ្ជាក់ថា ការមានភាពគ្រប់គ្រាន់ផ្ទាល់ខ្លួន មានភាពចន្លោះប្រហោង។ ព្រះមិនបានរចនាខ្លួនយើងមក ឲ្យបំពេញចិត្តខ្លួនឯង ឬពឹងផ្អែកលើខ្លួនឯងនោះទេ។ យើងមិនអាចជួយខ្លួនឯងឲ្យមានភាពគ្រប់គ្រាន់ផ្ទាល់ខ្លួនបានឡើយ។ យើងមិនមែនជាព្រះទេ។ ព្រះទ្រង់បានបង្កើតយើងមក ឲ្យមានរូបភាពដូចព្រះអង្គ។ ភាពគ្រប់គ្រាន់ផ្ទាល់ខ្លួនមិនបានធ្វើឲ្យយើង “មានលក្ខណៈដូច” ព្រះអង្គឡើយ។ ដូចនេះ វិញ្ញាណដែលព្យាយាមស្វែងរកភាពគ្រប់គ្រាន់ ដោយពឹងអាងខ្លួនឯង គឺតែងតែមានភាពចន្លោះប្រហោងជានិច្ច។ ការស្រេកឃ្លានដែលមានចន្លោះប្រហោងនេះ ដែលចង់បានការសរសើរពីអ្នកដទៃ ជាសញ្ញាបង្ហាញអំពីបរាជ័យនៃអំនួត និងអវត្តមាននៃជំនឿលើព្រះគុណដ៏ស្ថិតស្ថេររបស់ព្រះ។ ព្រះយេស៊ូវបានទតឃើញផលវិបាកដ៏អាក្រក់ នៃការដែលមនុស្សរមាស់ចិត្តចង់បានភាពរុងរឿង។ គឺដូចព្រះអង្គមានបន្ទូលក្នុងបទគម្ពីរ ៥:៤៤ ថា “ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាជឿបាន ដែលទទួលកិត្តិសព្ទតែពីគ្នាឯង ឥតស្វែងរកកិត្តិសព្ទ មកពីព្រះអង្គដ៏ជាព្រះតែ១អង្គទ្រង់ដូច្នេះ?” ចម្លើយនោះគឺ យើងមិនអាចធ្វើដូចនេះបានទេ។ ការរមាស់ចង់បានការសរសើរពីអ្នកដទៃ ធ្វើឲ្យយើងមិនអាចមានជំនឿលើព្រះបានឡើយ។ តើហេតុអ្វី? ព្រោះជំនឿជាការបែរចេញពីអាត្មាខ្លួនឯង ហើយងាកទៅរកព្រះ។ ជំនឿជាការមានចិត្តស្កប់ស្កល់ នឹងអ្វីៗទាំងអស់ដែលព្រះទ្រង់ប្រទានអ្នក ក្នុងព្រះយេស៊ូវ។ បើអ្នកពិតជាចូលចិត្តបំពេញចិត្តខ្លួនឯង ដោយការសរសើររបស់អ្នកដទៃ នោះអ្នកនឹងងាកបែរចេញពីព្រះយេស៊ូវមិនខាន។ ព្រះអង្គមិនមានលក្ខណសម្បត្តិដូចនេះទេ។ ព្រះអង្គមានព្រះជន្មគង់នៅ ដើម្បីថ្វាយសិរីល្អដល់ព្រះវរបិតា។ ហើយក៏បានត្រាស់ហៅយើង ឲ្យយកគំរូតាមព្រះអង្គ។ ប៉ុន្តែ បើអ្នកងាកចេញពីការបំពេញចិត្តខ្លួនឯង(ការប្រែចិត្ត) ហើយចូលមករកព្រះយេស៊ូវ ដើម្បីអរសប្បាយនឹងការគ្រប់យ៉ាងដែលព្រះអង្គមានសម្រាប់យើង ក្នុងព្រះអង្គ(ជំនឿ) ការរមាស់នៃភាពចន្លោះប្រហោងនោះ នឹងត្រូវបានជំនួសដោយភាពពេញលេញ ដែលព្រះយេស៊ូវបានហៅថា “រន្ធទឹក ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច” (យ៉ូហាន ៤:១៤)។