ព្រឹក

ព្រះទ្រង់យល់ដល់អ្នកតូចទាប
ដោយJohn Piper
August 5, 2023
“ព្រះដ៏គង់នៅអស់កល្បជានិច្ចទ្រង់ជាលំនៅរបស់ឯង ហើយព្រះពាហុដ៏នៅជាប់អស់កល្បជានិច្ចក៏ទ្រឯង”(ចោទិយកថា ៣៣:២៧)។ សព្វថ្ងៃនេះ អ្នកប្រហែលកំពុងឆ្លងកាត់ការលំបាក ដែលកំពុងតែរៀបចំខ្លួនអ្នក យ៉ាងឈឺចាប់ សម្រាប់ការបម្រើដ៏មានតម្លៃ ដល់ព្រះយេស៊ូវ និងរាស្រ្តព្រះអង្គ។ ពេលដែលមនុស្សម្នាក់ធ្លាក់ចុះដល់កំរិតសូន្យ ដោយចិត្តដែលគិតថា គ្មានសល់អ្វីសោះ ឬគ្មានសង្ឃឹម អ្នកនោះអាចមានព្រះដ៏ជាថ្មដាអស់កល្បទ្រពីក្រោម។ ខ្ញុំនៅចាំប្រយោគដ៏មានន័យ ក្នុងបទគម្ពីរទំនុកដំកើង ១៣៨:៦ ដែលក្រុមគ្រួសារខ្ញុំបានអានជាមួយគ្នា ក្នុងពេលថ្វាយបង្គំ ក្រោយអាហារពេលព្រឹក។ គឺប្រយោគដែលចែងថា “ដ្បិតទោះបើព្រះយេហូវ៉ាទ្រង់ខ្ពស់ គង់តែទ្រង់យល់ដល់ពួកអ្នករាបសាដែរ”។ អ្នកមិនអាចលិចលង់យ៉ាងជ្រៅ ក្នុងភាពអស់សង្ឃឹម ដល់ថ្នាក់ព្រះទ្រង់មិនទតឃើញ និងយកព្រះទ័យទុកដាក់ចំពោះអ្នកនោះឡើយ។ តាមពិត ព្រះអង្គកំពុងរង់ចាំទ្រអ្នក ពីខាងក្រោម។ គឺដូចដែលលោកម៉ូសេបានមានប្រសាសន៍ថា “ព្រះដ៏គង់នៅអស់កល្បជានិច្ចទ្រង់ជាលំនៅរបស់ឯង ហើយព្រះពាហុដ៏នៅជាប់អស់កល្បជានិច្ចក៏ទ្រឯង”(ចោទិយកថា ៣៣:២៧)។ ជាការពិតណាស់ ព្រះអង្គទតឃើញអ្នកភ័យញ័រ និងរអិលដួល។ ព្រះអង្គអាច (ជាញឹកញាប់ព្រះអង្គបាន) ចាប់អ្នកជាប់ មុនពេលអ្នកធ្លាក់ទៅដល់បាត។ តែពេលនេះ ព្រះអង្គមានមេរៀនថ្មីៗមួយចំនួន សម្រាប់បង្រៀនអ្នក។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ១១៩:៧១ បានពោលថា “ការដែលទូលបង្គំកើតមានទុក្ខព្រួយ នោះគឺជាប្រយោជន៍ដល់ទូលបង្គំហើយ ដើម្បីឲ្យទូលបង្គំបានរៀនយកបញ្ញត្តរបស់ទ្រង់”។ គាត់មិននិយាយថា ការកើតមានទុក្ខលំបាក ជាការងាយស្រួល ឬសប្បាយនោះទេ។ តាមពិត គាត់គ្រាន់តែនិយាយថា វាមានប្រយោជន៍ចំពោះគាត់។ សប្តាហ៍មុន ខ្ញុំបានអានសៀវភៅមួយក្បាល ដែលលោក ចេមសន៍ ស្ទូវើត(James Stewart) បានមានប្រសាសន៍ថា “ក្នុងការបម្រើ ដោយសេចក្តីស្រឡាញ់ គឺមានតែទាហានដែលមានរបួសប៉ុណ្ណោះ ដែលអាចបម្រើបាន”។ ហេតុនេះហើយ ខ្ញុំជឿថា ព្រះទ្រង់កំពុងរៀបចំខ្លួនអ្នកខ្លះ សម្រាប់ការបម្រើដ៏មានតម្លៃ ដោយសេចក្តីស្រឡាញ់។ ព្រោះពួកគេកំពុងតែមានរបួស។ ចូរកុំគិតថា របួសរបស់អ្នកបានកើតមានឡើង ដោយព្រះទ្រង់មិនបានធ្វើការរៀបចំ ដោយព្រះគុណទ្រង់នោះឡើយ។ ចូរចាំព្រះបន្ទូលដែលចែងថា ៖ “ដូច្នេះចូរឯងដឹងថា គឺអញនេះហើយដែលជាព្រះ គ្មានព្រះឯណាទៀតក្រៅពីអញឡើយ … អញជាអ្នកវាយឲ្យមានរបួស ហើយជាអ្នកមើលឲ្យជាផង”(ចោទិយកថា ៣២:៣៩)។ សូមព្រះទ្រង់ប្រទានព្រះគុណពិសេស ដល់អ្នកដែលកំពុងទួញថ្ងូរ ដោយសារបន្ទុកដ៏ធ្ងន់។ ចូរមើលទៅភាពស្រទន់នៃសេចក្តីស្រឡាញ់ ដែលព្រះទ្រង់កំពុងបង្ហាញដល់អ្នក តាមរយៈទុក្ខលំបាកនោះ។
ប្រភេទ
ល្ងាច

បានរួចផុតពីភាពជាទាសករ
ដោយAmy Boucher Pye
August 5, 2023
សូមអាន និក្ខមនំ ៦:១-៨ អញនឹងនាំឯងរាល់គ្នាចេញឲ្យរួចពីបន្ទុកនៃពួកសាសន៍អេស៊ីព្ទ ហើយនឹងជួយឲ្យរួចពីការបំរើគេ។ និក្ខមនំ ៦:៦ មានពេលមួយចាមីឡា(Jamila) បានលាន់មាត់ថា “អ្នកប្រៀបដូចជាលោកម៉ូសេ ដែលបានដឹកនាំយើងចេញពីភាពជាទាសករ”។ ចាមីឡាបានធ្វើការដូចទាសករនៅកន្លែងធ្វើឥដ្ឋមួយកន្លែង ក្នុងប្រទេសប៉ាគីស្ថាន។ នាង និងក្រុមគ្រួសារនាងបានជួបទុក្ខលំបាកយ៉ាងនេះ ដោយសារពួកគេជំពាក់លុយម្ចាស់ឡឥដ្ឋច្រើនហួសប្រមាណ។ ពួកគេបានប្រើប្រាស់ប្រាក់ចំណូលមួយផ្នែកធំដែលពួកគេរកបាន ដើម្បីតែបង់ការប្រាក់ប្រចាំខែប៉ុណ្ណោះ។ តែក្រោយមក មានអង្គការមិនរកប្រាក់ចំណេញមួយបានជួយលោះបំណុលរបស់ពួកគេ។ ពួកគេមានអារម្មណ៍ធូរស្បើយយ៉ាងខ្លាំង។ ចាមីឡាជាអ្នកជឿព្រះយេស៊ូវ។ ដូចនេះ ពេលនាងបង្ហាញចេញនូវការអរគុណចំពោះតំណាងរបស់អង្គការ ដែលបានជួយក្រុមគ្រួសារនាងឲ្យមានសេរីភាព នាងក៏បានលើកឡើង អំពីគំរូរបស់ព្រះអម្ចាស់ ក្នុងការប្រើលោកម៉ូសេឲ្យរំដោះរាស្រ្តអ៊ីស្រាអែល ឲ្យរួចផុតពីភាពជាទាសករ។ ប្រជាជនអ៊ីស្រាអែលបានទទួលរងការកៀបសង្កត់ពីសាសន៍អេស៊ីព្ទអស់រាប់រយឆ្នាំហើយ ដោយធ្វើការធ្ងន់ ក្នុងស្ថានភាពដ៏ពិបាកក្រៃលែង។ ពួកគេក៏បានស្រែករកព្រះ សូមព្រះអង្គជួយសង្រ្គោះពួកគេ(និក្ខមនំ ២:២៣)។ តែបន្ទុកការងាររបស់ពួកគេក៏កាន់តែធ្ងន់ ដោយស្តេចផារ៉ោនដែលទើបឡើងសោយរាជ្យថ្មីបានបញ្ជាពួកគេ មិនគ្រាន់តែធ្វើឥដ្ឋប៉ុណ្ណោះទេ តែឲ្យទៅរើសចំបើងសម្រាប់ធ្វើឥដ្ឋផងដែរ(៥:៦-៨)។ ពេលពួកអ៊ីស្រាអែលបន្តស្រែកសូមព្រះអង្គរំដោះពួកគេឲ្យរួចពីការសង្កត់សង្កិននេះ ព្រះអង្គក៏បានមានបន្ទូលសន្យាម្តងទៀតថា នឹងធ្វើជាព្រះដល់ពួកគេ(៦:៧)។ ពួកគេនឹងមិនរស់នៅជាទាសករទៀតឡើយ ព្រោះព្រះអង្គនឹងលើកព្រះពាហុ ដើម្បីប្រោសលោះពួកគេ(ខ.៦)។ តាមការបង្គាប់របស់ព្រះអម្ចាស់ លោកម៉ូសេក៏បានដឹកនាំពួកអ៊ីស្រាអែល ចេញពីទឹកដីអេស៊ីព្ទ(មើលជំពូក ១៤)។ សព្វថ្ងៃនេះ ព្រះទ្រង់នៅតែរំដោះយើង ដោយព្រះពាហុលាតសន្ធឹងរបស់ព្រះរាជបុត្រាព្រះអង្គ ព្រះនាមយេស៊ូវ នៅលើឈើឆ្កាង។ ព្រះអង្គបានរំដោះយើងឲ្យមានសេរីភាពរួចផុត ពីភាពជាទាសករនៃអំពើបាប ដែលធ្លាប់គ្រប់គ្រងយើងកាលពីមុន។ យើងមិនមែនជាទាសករទៀតទេ គឺមានសេរីភាពហើយ!—Amy Boucher Pye
តើព្រះទ្រង់បានប្រទានសេរីភាពដល់អ្នកដូចម្តេចខ្លះ? តើអ្នកអាចលើកទឹកចិត្តដូចម្តេចខ្លះ ដល់អ្នកដែលកំពុងជាប់ចំណងអ្វីមួយ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យយាងចុះមករំដោះទូលបង្គំឲ្យរួចពីបាប។
Learn more at odb.org/personal-relationship-with-god/
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៧០-៧១ និង រ៉ូម ៨:២២-៣៩