ព្រឹក

ឈោងចាប់អ្នកដទៃ តាមវិធីសាស្ត្រថ្មីៗ
ដោយDave Branon
August 13, 2023
សូមអាន ១កូរិនថូស ៩:១៩-២៣ គឺបានត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដល់មនុស្សទាំងអស់ ប្រយោជន៍ឲ្យបានសង្គ្រោះដល់អ្នកខ្លះ ដោយសារសណ្ឋានទាំងនោះឯង។ ១កូរិនថូស ៩:២២ អ្នកស្រីម៉ារី ស្លេសស័រ(Mary Slessor) ជិះសំពៅទៅប្រទេសខាឡាបា(សព្វថ្ងៃ ជាប្រទេសនីហ្សេរីយ៉ា) នៅទ្វីបអាហ្រ្វិក នៅចុងទសវត្សរ៍ ឆ្នាំ១៨០០។ ពេលនោះ គាត់មានចិត្តក្លៀវក្លា ក្នុងការបន្តការងារបេសកកម្មរបស់លោកដេវីឌ លីវវីងស្តូន(David Livingstone)។ កិច្ចការទីមួយដែលគេចាត់តាំងឲ្យគាត់ធ្វើ គឺជាការបង្រៀននៅសាលារៀន ខណៈពេលដែលគាត់រស់នៅជាមួយបេសកជនដទៃទៀត ហើយបានរស់នៅបែកពីស្វាមីរបស់គាត់ ដោយផ្លាស់ទៅរស់នៅជាមួយមនុស្ស ដែលនាងកំពុងធ្វើការបម្រើ។ ការដែលគាត់ទៅរស់នៅជាមួយប្រជាជនដូចនេះ គឺជារឿងដ៏ចម្លែក នៅសម័យនោះ។ អ្នកស្រីម៉ារីក៏បានទទួលចិញ្ចឹមក្មេងៗរាប់សិបនាក់ ដែលគេបានបោះបង់ចោល។ អស់រយៈពេលជាង៤០ឆ្នាំ គាត់បាននាំក្តីសង្ឃឹម និងដំណឹងល្អទៅដល់អ្នកដែលអស់សង្ឃឹម និងត្រូវការសេចក្តីសង្គ្រោះ។ សាវ័កប៉ុលបានដឹង អំពីសារៈសំខាន់នៃការបំពេញតម្រូវរបស់មនុស្សនៅជុំវិញយើង។ គាត់បានលើកឡើង ក្នុងបទគម្ពីរ ១កូរិនថូស ១២:៤-៥ ថា “រីឯអំណោយទាន នោះមានផ្សេងៗពីគ្នា តែគឺជាព្រះវិញ្ញាណដដែលទេ ហើយក៏មានមុខងារផ្សេងៗ ពីគ្នា តែគឺជាព្រះអម្ចាស់ដដែលទេ”។ ដូចនេះ គាត់បានបម្រើអ្នកដទៃ ដោយការសម្របខ្លួន។ ឧទាហរណ៍ គាត់ថា “ខ្ញុំបានត្រឡប់ដូចជាខ្សោយដល់ពួកអ្នកកំសោយ”(៩:២២)។ ថ្មីៗនេះ ខ្ញុំបានទទួលដំណឹងថា មានពួកជំនុំមួយកន្លែង ដែលបានរៀបចំព្រះវិហាររបស់ខ្លួន ឲ្យមានភាពងាយស្រួលដល់ជនពិការ ក្នុងការចូលរួមកម្មវិធីថ្វាយបង្គំព្រះ ជាមួយអ្នកមិនមានកាយសម្បទាគ្រប់គ្រាន់ និងជនពិការ។ នេះជាការអនុវត្តន៍ ដែលមានផ្នត់គំនិតដូចសាវ័កប៉ុល ដែលបាននាំឲ្យគេទទួលជឿព្រះ និងនាំឲ្យដំណឹងល្អមានការចម្រើនឡើង ក្នុងសហគមន៍។ ខណៈពេលដែលយើងរស់នៅ ដោយជំនឿ ក្នុងចំណោមមនុស្សនៅជុំវិញយើង សូមព្រះអង្គដឹកនាំយើង ឲ្យនាំពួកគេទទួលជឿព្រះអង្គ តាមមធ្យោបាយថ្មីៗ។—Dave Branon
តើមានវិធីសាស្ត្រថ្មីៗអ្វីខ្លះ ដែលយើងអាចប្រើ ដើម្បីឈោងចាប់អ្នកដទៃ ដែលព្រះទ្រង់បានដាក់ក្នុងចិត្តអ្នក? តើអ្នកនឹងអនុវត្តវិធីសាស្ត្រនោះ ដោយរបៀបណា?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គប្រទានទូលបង្គំ នូវប្រាជ្ញា ដើម្បីស្វែងរកវិធីជួយអ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៨៧-៨៨ និង រ៉ូម ១៣
ប្រភេទ
ល្ងាច

ព្រះទ្រង់ប្រទានការបញ្ជាក់ តាមរយៈព្រះយេស៊ូវ
ដោយJohn Piper
August 13, 2023
ដ្បិតទោះបើមានសេចក្តីសន្យារបស់ព្រះយ៉ាងណាក៏ដោយ ក៏នៅសុទ្ធតែជា «បាទ»ក្នុងទ្រង់ ហើយ«អាម៉ែន»ក្នុងទ្រង់ដែរ សំរាប់នឹងចំរើនសិរីល្អដល់ព្រះ ដោយសារយើងរាល់គ្នា។ ២កូរិនថូស ១:២០ ការអធិស្ឋាន ជាកន្លែងដែលអតីតកាល និងពេលអនាគតមានការតភ្ជាប់គ្នាម្តងហើយម្តងទៀត ក្នុងជីវិតយើង។ ខ្ញុំសូមលើកយករឿងនេះមកនិយាយ នៅពេលនេះ ព្រោះក្នុងខនេះ សាវ័កប៉ុលបានតភ្ជាប់ការអធិស្ឋាន ជាមួយនឹងសេចក្តីសន្យារបស់ព្រះ ដែលសុទ្ធតែ “បាទ” តាមរបៀបដែលគួរឲ្យចាប់អារម្មណ៍។ ក្នុងបទគម្ពីរ ២កូរិនថូស ១:២០ គាត់ចង់ប្រាប់យើងថា ហេតុនេះហើយ តាមរយៈទ្រង់ នោះយើងនិយាយថា អាមែន ដល់ព្រះ ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។ នេះបើយើងនិយាយឲ្យងាយស្តាប់។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ដ្បិតទោះបើមានសេចក្តីសន្យារបស់ព្រះយ៉ាងណាក៏ដោយ ក៏នៅសុទ្ធតែជា «បាទ»ក្នុងទ្រង់ ហើយ«អាម៉ែន»ក្នុងទ្រង់ដែរ សំរាប់នឹងចំរើនសិរីល្អដល់ព្រះ ដោយសារយើងរាល់គ្នា”។ បើអ្នកឆ្ងល់ថា ហេតុអ្វីគ្រីស្ទបរិស័ទនិយាយថា អាមែន នៅចុងបញ្ចប់នៃការអធិស្ឋាន ហើយឆ្ងល់ថា ប្រពៃណីនៃការប្រើពាក្យនេះមានប្រភពមកពីណា ខ្ញុំសូមឆ្លើយដូចតទៅ។ ពាក្យអាមែន គឺជាពាក្យដែលគេយកចេញពីភាសាហេព្រើរ មកប្រើជាភាសាក្រិក ដោយគ្មានការបកប្រែ គឺដូចដែលគេយកមកប្រើ ជាភាសាអង់គ្លេស និងភាសាភាគច្រើន ដោយគ្មានការបកប្រែ។ ក្នុងភាសាហេព្រើរ ពាក្យនេះជាការបញ្ជាក់ដ៏រឹងមាំណាស់ (មើលជនគណនា ៥:២២ នេហេមា ៥:១៣ ៨:៦) ដែលមានន័យថា “ខ្ញុំយល់ស្រប” ជាផ្លូវការ យ៉ាងមធ្យ័ត ឬអស់ពីចិត្តមែន ឬក៏ “ខ្ញុំសូមបញ្ជាក់នូវអ្វីដែលខ្ញុំទើបតែនិយាយចេញមក” ឬ “នេះជាការពិតមែន”។ និយាយឲ្យងាយយល់ ពាក្យ “អាមែន” គឺមានន័យថា “បាទឬចាស” ដោយអស់ពីចិត្ត ក្នុងបរិបទនៃការនិយាយទៅកាន់ព្រះ។ ឥឡូវនេះ សូមកត់សំគាល់ទំនាក់ទំនង រវាងផ្នែកទាំងពីរនៃបទគម្ពីរ ២កូរិនថូស ១:២០។ ផ្នែកទី១ចែងថា “ដ្បិតទោះបើមានសេចក្តីសន្យារបស់ព្រះយ៉ាងណាក៏ដោយ ក៏នៅសុទ្ធតែជា «បាទ»ក្នុងទ្រង់។ ផ្នែកទី២ចែងថា “ហើយ«អាម៉ែន»ក្នុងទ្រង់ដែរ សំរាប់នឹងចំរើនសិរីល្អដល់ព្រះ ដោយសារយើងរាល់គ្នា”។ ពេលណាយើងដឹងថា ពាក្យ “អាមែន” និង ពាក្យ “បាទ ឬចាស” មានន័យដូចគ្នា នោះយើងអាចសម្រួលបទគម្ពីរនេះឲ្យងាយយល់ថា ៖ ក្នុងព្រះយេស៊ូវគ្រីស្ទ ព្រះទ្រង់មានបន្ទូលថា “បាទ” មកយើង តាមរយៈព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយក្នុងព្រះគ្រីស្ទ យើងនិយាយថា បាទ ឬចាស នៅកាន់ព្រះអង្គ តាមរយៈការអធិស្ឋាន។