ព្រឹក

ព្រះយេស៊ូវជាបងប្រុសយើង
ដោយWinn Collier
August 14, 2023
សូមអាន ហេព្រើរ ២:១០-១៨ ទ្រង់មិនខ្មាសនឹងហៅគេជាបងប្អូនទេ។ ហេព្រើរ ២:១១ ព្រីជ័រ វ៉កឃ័រ(Bridger Walker) ជាក្មេងប្រុសអាយុ៦ឆ្នាំ ដែលបានការពារប្អូនស្រីគាត់ ពេលដែលឆ្កែកាចមួយក្បាល បានរត់សំដៅមកខាំងប្អូនស្រីគាត់។ ព្រីជ័រក៏បានប្រញាប់លោតទៅពាំងពីមុខប្អូនស្រីគាត់ ដោយគ្មានការស្ទាក់ស្ទើរ ធ្វើជាខែលការពារនាង ឲ្យរួចផុតពីការវាយប្រហារដ៏កាចសាហាវរបស់សត្វឆ្កែ។ បន្ទាប់ពីគាត់បានទទួលការសង្គ្រោះបន្ទាន់ ហើយពេទ្យបានដេរមុខរបួសឲ្យគាត់បាន៩០ថ្នេរ គាត់ក៏បានធ្វើការបកស្រាយថា បើថ្ងៃនោះ មាននរណាម្នាក់ត្រូវស្លាប់ នោះគាត់បានសុខចិត្តស្លាប់ជំនួសប្អូនស្រីគាត់។ អរព្រះគុណព្រះអង្គ ដែលគ្រូពេទ្យកែសម្ផស្សបានជួយព្យាបាលមុខគាត់។ តែសេចក្តីស្រឡាញ់ក្នុងនាមជាបងប្រុស ដែលបានបង្ហាញយ៉ាងច្បាស់ នៅក្នុងរូបថតគាត់ឱបប្អូនស្រីគាត់ ដែលមនុស្សរាប់លាននាក់បានឃើញនៅលើបណ្ដាញសង្គម នៅតែមានភាពរឹងមាំជានិច្ច។ វាជារឿងល្អណាស់ ដែលសមាជិកគ្រួសារថែរក្សាការពារគ្នា ទៅវិញទៅមក។ បងប្អូនដែលល្អជួយយើង ពេលណាយើងមានបញ្ហា ហើយនៅក្បែរយើងពេលណាយើងមានការភ័យខ្លាច ឬឯកោ។ តាមពិត បងប្អូនដែលល្អបំផុតរបស់យើង នៅតែមិនល្អឥតខ្ចោះ ហើយខ្លះថែមទាំងធ្វើឲ្យយើងមានរបួសជាប់ក្នុងចិត្ត។ ទោះជាយ៉ាងណាក៏ដោយ យើងមានបងប្រុសម្នាក់ដែលតែងតែនៅក្បែរយើងជានិច្ច។ បងប្រុសនោះគឺជាព្រះយេស៊ូវ។ កណ្ឌគម្ពីរហេព្រើរបានប្រាប់យើងថា ព្រះគ្រីស្ទបាននាំយើងចូលគ្រួសារទ្រង់ ដោយសេចក្តីស្រឡាញ់ ដោយយកកំណើតជាមនុស្ស មានសាច់មានឈាម ហើយបានដូចបងប្អូនទ្រង់គ្រប់ជំពូក(២:១៤,១៧)។ ជាលទ្ធផល ព្រះយេស៊ូវបានក្លាយជាបងប្រុសយើងពិតប្រាកដ ហើយព្រះអង្គអរព្រះទ័យក្នុងការហៅយើងថា “បងប្អូន”របស់ព្រះអង្គ(ខ.១១)។ យើងហៅព្រះយេស៊ូវថា ព្រះអង្គសង្រ្គោះ មិត្តសម្លាញ់ និងមហាក្សត្រយើង ហើយទាំងនេះសុទ្ធតែជាការពិតមែន។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវជាបងប្រុសយើង ដែលបានជួបការភ័យខ្លាច និងការល្បួងដូចមនុស្សដែរ ដោយស្គាល់ភាពអស់សង្ឃឹម និងការពិបាកចិត្តរបស់យើង។ ព្រះអង្គជាបងប្រុសយើង ដែលតែងតែនៅក្បែរយើងជានិច្ច។—Winn Collier
តើអ្នកបានដកពិសោធន៍ជាមួយបងប្អូនជាមនុស្សដូចម្តេចខ្លះ? តើអ្នកមានទស្សនៈយ៉ាងណា ចំពោះព្រះយេស៊ូវដែលជាបងប្អូនពិត?
ឱព្រះយេស៊ូវ ទូលបង្គំមានការភ្ញាក់ផ្អើល ដែលបានដឹងថា ព្រះអង្គជាឪពុក និងជាបងប្រុសរបស់ទូលបង្គំ។ សូមព្រះអង្គដើរជាមួយទូលបង្គំ ស្រឡាញ់ និងបង្រៀនទូលបង្គំ ហើយបង្ហាញផ្លូវទូលបង្គំ។
For further study, read We Are His: Belonging to the Family of God at DiscoverySeries.org/Q0626.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៩១-៩៣ និង រ៉ូម ១៥:១-១៣
ប្រភេទ
ល្ងាច

ធាតុផ្សំនៃទស្សនៈរបស់គ្រីស្ទបរិស័ទ
ដោយUltimately with R.C. Sproul
August 14, 2023
គ្រីស្ទបរិស័ទជាមនុស្ស ដែលមានការគិត និងការរស់នៅ ដែលដឹកនាំដោយសេចក្តីពិតអំពីព្រះ ដែលបានបើកសម្ដែង ក្នុងព្រះគម្ពីរប៊ីប។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមលើកឡើង អំពីធាតុផ្សំសំខាន់ៗទាំង៥ នៃទស្សនៈរបស់គ្រីស្ទបរិស័ទ។ អត្ថបទ ជីវិត និងទស្សនៈរបស់គ្រីស្ទបរិស័ទ ត្រូវមានរបៀបនៃការគិត ដើម្បីដឹងឲ្យច្បាស់ថា អ្វីដែលយើងបានដឹងពិតឬមិនពិត។ តើនរណាកំពុងនិយាយការពិត ក្នុងលោកិយនេះ? តើអ្នកទុកចិត្តនរណា? តើនរណាកំពុងប្រាប់ការពិត? តើធ្វើដូចម្តេចឲ្យអ្នកដឹងថា គាត់កំពុងនិយាយការពិត? សំណួរទាំងនេះសុទ្ធតែទាក់ទងនឹងចំណេះដឹង។ សំណួរសំខាន់បំផុតនោះគឺ តើសេចក្តីពិតជាអ្វី? ហើយយើងក៏ត្រូវសួរអំពីអ្វីដែលមានពិតមែន។ តើមានអ្វីខ្លះដែលពិតជាមានមែន? នេះជាសំណួរដែលទាក់ទងនឹងហេតុផល។ “តើនរណាជាសេចក្តីពិត?” នេះជាសំណួរបែបទេវសាស្ត្រ។ “តើសេចក្តីពិតមានទំនាក់ទំនងនឹងខ្ញុំ ហើយកំណត់អត្តសញ្ញាណរបស់ខ្ញុំយ៉ាងណាខ្លះ?” នេះជាសំណួរបែបមនុស្សសាស្ត្រ។ ហើយសំណួរផ្នែកក្រមសីលធម៌គឺ តើសេចក្តីពិតបានបង្គាប់ខ្ញុំដូចម្តេចខ្លះ? ទាំងនេះជាធាតុផ្សំនៃជីវិត និងទស្សនៈរបស់គ្រីស្ទបរិស័ទ។ បើអ្នកមិនអើពើ ចំពោះធាតុផ្សំណាមួយ អ្នកនឹងមានទស្សនៈខុសឆ្គងអំពីពិភពលោក និងអំពីខ្លួនឯងមិនខាន។