ព្រឹក

ចូរជ្រើសរើសយកជីវិត
ដោយKatara Patton
October 6, 2023
ចោទិយកថា ៣០:១៥-២០ អញបានដាក់សំញែងទាំងជីវិត និងសេចក្តីស្លាប់ ទាំងព្រះពរ និងសេចក្តីបណ្តាសា នៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះ។ ចោទិយកថា ៣០:១៩ បន្ទាប់ពីមិត្តជិតស្និទ្ធរបស់ខ្ញុំម្នាក់បានទទួលមរណៈភាពបានពីរបីសប្តាហ៍ ខ្ញុំក៏បានទៅសួរសុខទុកម្តាយគាត់។ ពេលនោះ ខ្ញុំមានការស្ទាក់ស្ទើរ ក្នុងការសួរគាត់ថា តើអ៊ំស្រីសុខសប្បាយជាទេ? ព្រោះខ្ញុំគិតថា វាជាសំណួរមិនសមរម្យ ក្នុងពេលដែលគាត់កំពុងកាន់ទុក្ខ។ ប៉ុន្តែ ខ្ញុំក៏បានជម្នះការស្ទាក់ស្ទើរ ហើយក៏បានសួរសុខទុក្ខគាត់តែម្តង។ គាត់ក៏បានឆ្លើយថា គាត់បានជ្រើសរើសយកក្តីអំណរ ក្នុងពេលដែលគាត់កំពុងកាន់ទុក្ខ។ ពាក្យសម្តីរបស់គាត់បានលើកទឹកចិត្តខ្ញុំ នៅថ្ងៃនោះ ខណៈពេលដែលខ្ញុំកំពុងព្យាយាមឆ្លងកាត់កាលៈទេសៈដ៏ពិបាក ក្នុងជីវិតខ្លួនឯង។ ហើយពាក្យសម្តីរបស់គាត់ក៏បានធ្វើឲ្យខ្ញុំនឹកចាំសេចក្តីបង្គាប់របស់លោកម៉ូសេ ទៅកាន់ពួកអ៊ីស្រាអែល នៅចុងបញ្ចប់នៃកណ្ឌគម្ពីរចោទិយកថា។ មុនពេលលោកម៉ូសេស្លាប់ ហើយពួកអ៊ីស្រាអែលត្រូវចូលទៅក្នុងទឹកដីសន្យា ព្រះទ្រង់សព្វព្រះទ័យនឹងឲ្យពួកគេបានដឹងថា ពួកគេត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់មួយ។ លោកម៉ូសេមានប្រសាសន៍ថា “អញបានដាក់សំញែងទាំងជីវិត និងសេចក្តីស្លាប់ ទាំងព្រះពរ និងសេចក្តីបណ្តាសា នៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិត”(ចោទិយកថា ៣០:១៩)។ ពួកគេអាចដើរតាមក្រឹត្យវិន័យរបស់ព្រះ ដើម្បីរស់នៅឲ្យបានល្អ ពុំនោះទេ ពួកគេអាចងាកចេញពីព្រះអង្គ ហើយរស់នៅ ដោយទទួលលទ្ធផលនៃសេចក្តីស្លាប់ និងសេចក្តីហិនវិនាស(ខ.១៥)។ យើងក៏ត្រូវជ្រើសរើសយកជីវិតដែលព្រះអង្គប្រទានផងដែរ។ យើងក៏អាចជ្រើសរើសយកក្តីអំណរ ដោយជឿ និងទុកចិត្តព្រះបន្ទូលសន្យារបស់ព្រះអង្គ ក្នុងជីវិតយើង។ ពុំនោះទេ យើងអាចជ្រើសរើសយកការផ្តោតចិត្តទៅលើផ្នែកអវិជ្ជមាន និងផ្នែកដ៏ពិបាកនៃការធ្វើដំណើររបស់យើង ដោយអនុញ្ញាតឲ្យពួកវាឆក់យកសេចក្តីអំណររបស់យើង។ យើងចាំបាច់ត្រូវរៀនពឹងផ្អែកទៅលើជំនួយរបស់ព្រះវិញ្ញាណបរិសុទ្ធ តែទន្ទឹមនឹងនោះ យើងអាចជ្រើសរើសយកក្តីអំណរ ដោយដឹងថា “គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់”(រ៉ូម ៨:២៨)។—Katara Patton
តើធ្វើដូចម្តេចឲ្យអ្នកអាចជ្រើសរើសយកក្តីអំណរ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ នៅថ្ងៃនេះ? តើការជ្រើសរើសយកក្តីអំណរ មានលក្ខណៈស្រដៀងយ៉ាងណាខ្លះ នឹងការជ្រើសរើសយកជីវិត ដូចដែលព្រះទ្រង់បានបង្គាប់ពួកអ៊ីស្រាអែល?
ឱព្រះអម្ចាស់ ជាអ្នកប្រទានក្តីអំណរ សូមព្រះអង្គជួយទូលបង្គំឲ្យជ្រើសរើសយកការដើរតាមព្រះអង្គ ហើយជឿ និងទុកចិត្តព្រះអង្គ នៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ២៨-២៩ ភីលីព ៣
ប្រភេទ
ល្ងាច

យើងមិនជួយធ្វើការឲ្យព្រះអង្គឡើយ
ដោយJohn Piper
October 6, 2023
“ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់”(២របាក្សត្រ ១៦:៩)។ តើព្រះទ្រង់កំពុងរកមើលអ្វី ក្នុងពិភពលោកនេះ? តើរកជំនួយការឬ? ទេ ដំណឹងល្អរបស់ព្រះអង្គ មិនមែនជាដំណឹងដែលគេសរសេរនៅលើផ្លាក ដើម្បី “សុំជំនួយ” នោះទេ។ ហើយក៏មិនមែនជាការត្រាស់ហៅគ្រីស្ទបរិស័ទឲ្យបម្រើព្រះអង្គដែរ។ ព្រះទ្រង់មិនមែនកំពុងតែស្វែងរកមនុស្សជួយធ្វើការថ្វាយព្រះអង្គនោះឡើយ។ គឺដូចមានសេចក្តីចែងថា “ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់”(២របាក្សត្រ ១៦:៩)។ ព្រះអង្គជាអ្នកធ្វើការដ៏អស្ចារ្យ។ ព្រះអង្គជាព្រះដែលមានស្មាធំទូលាយដែលអាចសែងបន្ទុកធ្ងន់បាន។ ព្រះអង្គមានកម្លាំងខ្លាំងណាស់។ ហើយព្រះអង្គកំពុងស្វែងរកវិធីបង្ហាញលក្ខណៈសម្បត្តិទាំងនេះ។ ព្រះពិតខុសពីព្រះរបស់លោកិយ ត្រង់ចំណុចដែលថា ព្រះអង្គធ្វើការជំនួសយើង។ បទគម្ពីរអេសាយ ៦៤:៤ បានចែងថា “ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីទ្រង់ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ទ្រង់ឡើយ”។ តើព្រះទ្រង់ចង់បានអ្វីពីយើង? គឺមិនដូចការរំពឹងគិតរបស់យើងទេ។ ព្រះអង្គបានស្តីបន្ទោសពួកអ៊ីស្រាអែល ដោយសារពួកគេបាននាំដង្វាយជាច្រើន : គឺដូចមានសេចក្តីចែងថា “តែអញមិនយកគោឈ្មោលពីផ្ទះឯង … តែអញមិនយកគោឈ្មោលពីផ្ទះឯង ឬពពែឈ្មោលពីក្រោលឯងឡើយ ... បើកាលណាអញឃ្លាន នោះអញមិនប្រាប់ដល់ឯង ពីព្រោះលោកីយ៍ និងរបស់សព្វសារពើក្នុងលោក ជារបស់ផងអញ”(ទំនុកដំកើង ៥០:៩-១០,១២)។ តើមានអ្វីដែលយើងអាចថ្វាយព្រះ ដោយមិនបន្ទាបព្រះអង្គ ឲ្យនៅត្រឹមជាអ្នកទទួលជំនួយ? បាទ យើងអាចថ្វាយការថប់បារម្ភ តម្រូវការ និងចិត្តដែលស្រេកឃ្លានចង់ធ្វើតាមបំណងព្រះទ័យព្រះអង្គ។ ព្រះអង្គបានបង្គាប់យើងថា “ចូរផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់”(១ពេត្រុស ៥:៧)។ ព្រះទ្រង់នឹងទទួលអ្វីៗគ្រប់យ៉ាងពីយើង ដែលបង្ហាញឲ្យឃើញការពឹងផ្អែករបស់យើង និងភាពគ្រប់គ្រាន់របស់ព្រះអង្គ។ ជំនឿលើព្រះគ្រីស្ទគឺជាដំណើរនៃការជាសះស្បើយពីជំងឺ។ អ្នកជំងឺមិនបម្រើគ្រូពេទ្យរបស់ខ្លួនឡើយ។ ពួកគេទុកចិត្តថា គ្រូពេទ្យនឹងចេញវេជ្ជបញ្ជា និងផ្តល់ឲ្យនូវការព្យាបាលដ៏ល្អ។ ការអធិប្បាយព្រះបន្ទូលរបស់ព្រះយេស៊ូវនៅលើភ្នំ គឺជាការណែនាំ និងវេជ្ជបញ្ជារបស់ព្រះដ៏ជាគ្រូពេទ្យគឺមិនមែនជាការពិពណ៌នារបស់ចៅហ្វាយនាយយើង អំពីការងារដែលយើងត្រូវធ្វើនោះឡើយ។ ជីវិតរបស់យើងមិនផ្តេកផ្តួលទៅលើការធ្វើការឲ្យព្រះអង្គនោះទេ។ “រីឯអ្នកណាដែលធ្វើការ នោះរង្វាន់មិនរាប់ជាគុណរបស់ចៅហ្វាយទេ គឺទុកជាថ្លៃឈ្នួលវិញទេតើ តែចំណែកអ្នកដែលមិនធ្វើការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត នោះសេចក្តីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្តីសុចរិតវិញ”(រ៉ូម ៤:៤-៥)។ អ្នកស៊ីឈ្នួលមិនទទួលអំណោយចៅហ្វាយរបស់ខ្លួន តែពួកគេទទួលប្រាក់ឈ្នួល ឬប្រាក់ខែវិញ។ បើយើងបានទទួលអំណោយនៃការរាប់ជាសុចរិតពីព្រះ នោះយើងមិនហ៊ានខំប្រព្រឹត្តល្អដើម្បីឲ្យបានសុចរិតនោះឡើយ។ ក្នុងករណីនេះ ព្រះទ្រង់ជាអ្នកធ្វើការ។ ហើយព្រះអង្គទទួលបានសិរីល្អ ក្នុងនាមជាអ្នកប្រទានព្រះគុណ មិនមែនជាអ្នកទទួលជំនួយពីការបម្រើរបស់យើងនោះឡើយ។