ព្រឹក

ប្រាជ្ញាដែលយើងត្រូវការ
ដោយWinn Collier
October 7, 2023
សុភាសិត ៤:១០-១៩ ឯផ្លូវរបស់មនុស្សអាក្រក់ នោះធៀបដូចជាសេចក្តីងងឹតវិញ គេមិនដឹងថាចំពប់នឹងអ្វីទេ។ សុភាសិត ៤:១៩ ក្នុងសៀវភៅដ៏ល្បីល្បាញ ដែលលោកចន អ៊ែម ប៊ែរី(John M. Barry) បាននិពន្ធមានចំណងជើងថា ជំងឺរាតត្បាតដ៏កាចសាហាវ គាត់ពិពណ៌នា អំពីប្រវត្តិនៃជំងឺរាតត្បាត ដែលបានកើតឡើងនៅឆ្នាំ១៩១៨។ លោកប៊ែរីបានបើកបង្ហាញ អំពីរបៀបដែលមន្រ្តីសុខាភិបាលបានរំពឹងទុកជាមុនថា ជំងឺរាតត្បាតដ៏ធំមួយនឹងកើតមាន ក្នុងពេលឆាប់ៗ គឺមិនមែនមិនបានត្រៀមខ្លួននោះទេ។ ពួកគេមានការភ័យខ្លាចថា នៅសម័យសង្រ្គាមលោកលើកទី១ មានកងទ័ពរាប់លាននាក់បានរស់នៅប្រជ្រៀតគ្នាក្នុងលានដ្ឋាន ហើយបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនពីប្រទេសមួយចូលប្រទេសមួយទៀត ដូចនេះ ការឆ្លងវីរុសថ្មីមួយ អាចផ្ទុះឡើងនៅពេលណាមួយមិនខាន។ តែការយល់ដឹងដូចនេះ មិនមានប្រយោជន៍អ្វី នៅក្នុងការទប់ស្គាត់គ្រោះមហន្តរាយនោះឡើយ។ អ្នកដឹកនាំប្រទេសដ៏មានអំណាច បានបន្តទូងស្គរសង្រ្គាម ឲ្យកងទ័ពសំរុកចូលប្រយុទ្ធក្នុងសមរភូមិ ដោយផ្តោតទៅលើការដណ្តើមយកជ័យជម្នះក្នុងសង្រ្គាម។ អ្នកជំនាញផ្នែកជំងឺរាតត្បាតបានធ្វើការប៉ាន់ប្រមាណថា នៅពេលនោះមនុស្ស៥០លាននាក់បានស្លាប់ក្នុងការរាតត្បាតរបស់ជំងឺដ៏កាចសាហាវនោះ បន្ថែមពីលើចំនួនប្រហែល២០លាននាក់ ដែលបានស្លាប់ ដោយសារភាពសាហាវព្រៃផ្សៃនៃសង្រ្គាម។ មានការបង្ហាញម្តងហើយម្តងទៀតថា ចំណេះដឹងរបស់យើងជាមនុស្សមិនដែលគ្រប់គ្រាន់ល្មមនឹងសង្រ្គោះយើងឲ្យរួចផុតពីការអាក្រក់ឡើយ(សុភាសិត ៤:១៤-១៦)។ ទោះយើងរកបានចំណេះដឹងច្រើនប៉ុណ្ណោះ ហើយបានបង្ហាញការយល់ដឹងដែលគួរឲ្យកត់សំគាល់យ៉ាងណា ក៏យើងនៅតែមិនអាចបញ្ឈប់ការឈឺចាប់ ដែលយើងបានធ្វើមកលើគ្នាទៅវិញទៅមក។ យើងមិនអាចរាំងខ្ទប់ “ផ្លូវរបស់មនុស្សអាក្រក់” ជាផ្លូវដ៏ល្ងង់ខ្លៅ ដែលនាំទៅរក “សេចក្តីងងឹតដ៏សែនជ្រៅ”។ ទោះយើងមានចំណេះដឹងល្អបំផុត ក៏យើងពិតជាមិនដឹងថា មានអ្វីខ្លះដែលបានធ្វើឲ្យយើងជំពប់ដួលនោះឡើយ(ខ.១៩)។ ហេតុនេះហើយ យើងត្រូវតែខំឲ្យបានប្រាជ្ញា និងខំឲ្យបានយោបល់ ដែលមកពីព្រះ(ខ.៥)។ ប្រាជ្ញាបង្រៀនយើងអំពីការអ្វីដែលយើងត្រូវធ្វើដោយប្រើប្រាជ្ញា។ ហើយប្រាជ្ញាដ៏ពិតដែលយើងស្រេកឃ្លាន គឺមកពីព្រះ។ ចំណេះដឹងរបស់យើងតែងតែមានការខ្វះខាត តែប្រាជ្ញាព្រះអង្គផ្តល់ឲ្យយើងនូវអ្វីដែលយើងត្រូវការ។—Winn Collier
តើអ្នកសង្កេតឃើញថា ចំណេះដឹងរបស់មនុស្សមានចំណុចខ្វះខាតអ្វីខ្លះ? តើប្រាជ្ញាមកពីព្រះអាចបង្រៀនអ្នកដូចម្តេចខ្លះ ឲ្យស្គាល់ផ្លូវពិត ដែលល្អជាង?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំជម្នះសេចក្តីអំនួត។ ចំណេះដឹងរបស់ទូលបង្គំជាមនុស្សមិនអាចសង្រ្គោះទូលបង្គំបានទេ។ សូមព្រះអង្គបង្រៀនទូលបង្គំនូវសេចក្តីពិតរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៣០-៣១ និងភីលីព ៤
ប្រភេទ
ល្ងាច

កាន់តាមបញ្ញត្តរបស់ព្រះអង្គ ដោយអំណរ
ដោយJohn Piper
October 7, 2023
ដ្បិតនេះហើយជាសេចក្តីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់ នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ ពីព្រោះគ្រប់ទាំងអស់ដែលកើតពីព្រះមក នោះបានឈ្នះលោកីយ៍ហើយ ឯជ័យជំនះដែលឈ្នះលោកីយ៍ នោះគឺជាសេចក្តីជំនឿរបស់យើង តើអ្នកណាជាអ្នកឈ្នះលោកីយ៍ បើមិនមែនជាអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ?(១យ៉ូហាន ៥:៣-៥)។ បទគម្ពីរនេះបានបកស្រាយយ៉ាងច្បាស់ថា ការកើតជាថ្មី ដែលជាការកើតពីព្រះ គឺជាការកាន់តាមបញ្ញត្តរបស់ព្រះអង្គ ដោយផ្លាស់ប្តូរពីការកាន់តាមជាបន្ទុកដ៏ធ្ងន់ ទៅជាការកាន់តាមដោយអំណរវិញ។ តើការផ្លាស់ប្តូរនេះអាចកើតមានដោយរបៀបណា? តើការកើតពីព្រះបានធ្វើឲ្យការកាន់តាមបញ្ញត្តិរបស់ព្រះអង្គ ប្រែក្លាយជាមានអំណរ ជាជាងធ្ងន់ដោយបន្ទុក យ៉ាងដូចម្តេចខ្លះ? សាវ័កយ៉ូហានបានមានប្រសាសន៍ថា “ពីព្រោះគ្រប់ទាំងអស់ដែលកើតពីព្រះមក នោះបានឈ្នះលោកីយ៍ហើយ ឯជ័យជំនះដែលឈ្នះលោកីយ៍ នោះគឺជាសេចក្តីជំនឿរបស់យើង”(១យ៉ូហាន ៥:៤)។ អាចនិយាយម្យ៉ាងទៀតថា ការកើតជាថ្មីបានយកឈ្នះមកលើបន្ទុកដ៏ធ្ងន់នៃការកាន់តាមបញ្ញត្តរបស់ព្រះ តាមបែបលោកិយ ពោលគឺបានយកឈ្នះ ដោយការមានសេចក្តីជំនឿ។ ដូចមានបញ្ជាក់ក្នុងបទគម្ពីរ ១យ៉ូហាន ៥:១ ក្នុងន័យត្រង់ថា “អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតពីព្រះមក”។ សេចក្តីជំនឿគឺជាភស្តុតាងបញ្ជាក់ថា យើងបានកើតពីព្រះមែន។ យើងមិនបានធ្វើឲ្យខ្លួនយើងកើតជាថ្មី ដោយសម្រេចចិត្តទទួលជឿព្រះអង្គនោះឡើយ។ ព្រះអង្គទេដែលបានធ្វើការក្នុងចិត្តយើង ដោយបង្កើតចិត្តដែលចង់ជឿ ដោយបណ្តាលឲ្យយើងកើតជាថ្មី។ គឺដូចដែលសាវ័កពេត្រុសបានមានប្រសាសន៍ក្នុងសំបុត្រទី១ថា “ទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្តីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្តីសង្ឃឹមដ៏រស់”(១ពេត្រុស ១:៣)។ ក្តីសង្ឃឹមដ៏រស់របស់យើង ឬជំនឿមកលើព្រះគុណនៃអនាគតកាល គឺជាបានកើតមានឡើង ដោយសារព្រះទ្រង់ធ្វើការ តាមរយៈការកើតជាថ្មីរបស់យើង។ ដូចនេះ ពេលសាវ័កយ៉ូហានមានប្រសាសន៍ថា “គ្រប់ទាំងអស់ដែលកើតពីព្រះមក នោះបានឈ្នះលោកីយ៍ហើយ ឯជ័យជំនះដែលឈ្នះលោកីយ៍ នោះគឺជាសេចក្តីជំនឿរបស់យើង”(១យ៉ូហាន ៥:៤) គឺមានន័យថា ព្រះទ្រង់ប្រទានលទ្ធភាព តាមរយៈការកើតជាថ្មី ឲ្យឈ្នះលោកិយ ពោលគឺ ឈ្នះការទោទន់របស់យើងក្នុងការកាន់តែបញ្ញត្តរបស់ព្រះ តាមរបៀបរបស់លោកិយ។ ការកើតជាថ្មីមានជ័យជម្នះនេះ បង្កើតឲ្យមានសេចក្តីជំនឿ ដែលរាប់បញ្ចូលទាំងការអរសប្បាយនឹងបញ្ញត្តរបស់ព្រះ ជាជាងមានអារម្មណ៍ថា បញ្ញត្តរបស់ព្រះអង្គ ជាបន្ទុកធ្ងន់។ ដូចនេះ សេចក្តីជំនឿបានឈ្នះការទាស់ប្រឆាំងរបស់យើងពីកំណើត ចំពោះព្រះ និងបំណងព្រះទ័យព្រះអង្គ ហើយរំដោះយើង ឲ្យកាន់តាមបញ្ញត្តរបស់ព្រះអង្គ ហើយនិយាយជាមួយអ្នកនិពន្ធបទគម្ពីរទំនុកដំកើងថា “ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្តីអំណរនឹងធ្វើតាមព្រះហឫទ័យទ្រង់”(ទំនុកដំកើង ៤០:៨)។