ព្រឹក

អំណោយដែលមានតែព្រះអង្គអាចប្រទានឲ្យបាន
ដោយKirsten Holmberg
October 13, 2023
យ៉ូហាន ១៤:២៥-៣១ ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា។ យ៉ូហាន ១៤:២៧ ខ្ញុំមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ពេលដែលបានរកឃើញអំណោយដ៏ឥតខ្ចោះ សម្រាប់ថ្ងៃខួបកំណើតរបស់ម្តាយក្មេកខ្ញុំ។ អំណោយនោះ គឺជាកងដៃដែលមានដាំត្បូងមានពណ៌ដែលគាត់ចូលចិត្ត។ ជានិច្ចជាកាល ការរកបានអំណោយដ៏ល្អដូចនេះ សម្រាប់នរណាម្នាក់ គឺជារឿងដែលសប្បាយរីករាយណាស់។ ចុះបើសិនជាអំណោយដែលបុគ្គលនោះត្រូវការ មានតម្លៃលើសសមត្ថភាពដែលយើងអាចផ្តល់ឲ្យបាន? មនុស្សជាច្រើនចង់ផ្តល់ឲ្យអ្នកដទៃ នូវសន្តិភាពក្នុងចិត្ត ការសម្រាក ឬថែមទាំងការអត់ធ្មត់។ ពួកគេមិនដឹងជាសប្បាយចិត្តប៉ុណ្ណាទេ បើសិនជាពួកគេអាចទិញសេចក្តីទាំងអស់នេះ ហើយវេចខ្ចប់ធ្វើជាអំណោយបាននោះ។ អំណោយប្រភេទនេះ មិនមែនជាអ្វីដែលមនុស្សអាចឲ្យគ្នាទៅវិញទៅមកបានទេ។ តែព្រះយេស៊ូវ ជាព្រះដែលបានយកកំណើតជាមនុស្ស បានប្រទានមកអ្នកជឿព្រះអង្គ នូវអំណោយដែលមនុស្សមិនអាចឲ្យបានគឺ អំណោយនៃសេចក្តីសុខសាន្ត ឬសន្តិភាព។ មុនពេលព្រះយេស៊ូវយាងឡើងស្ថានសួគ៌វិញ ហើយទុកឲ្យពួកសាវ័កនៅបន្តធ្វើការបម្រើព្រះអង្គ ព្រះអង្គក៏បានកម្សាន្តចិត្តពួកគេ ដោយព្រះបន្ទូលសន្យា អំពីព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់នឹងបង្រៀនពួកគេម្នាក់ៗ ពីគ្រប់សេចក្តីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្តី ដែលព្រះយេស៊ូវបានប្រាប់ដល់ពួកគេរាល់គ្នាដែរ (យ៉ូហាន ១៤:២៦)។ ព្រះអង្គបានប្រទានសេចក្តីសុខសាន្តដល់ពួកគេ ឬសន្តិភាព ជាអំណោយដ៏ស្ថិតស្ថេរ ពេលណាចិត្តរបស់ពួកគេមានការថប់បារម្ភ ឬមានការភ័យខ្លាច។ ព្រះអង្គក៏បានប្រទាននូវការផ្សះផ្សាឲ្យយើងបានជានឹងព្រះ ហើយមានសន្តិភាពជាមួយអ្នកដទៃ និងនៅក្នុងចិត្តរបស់យើង។ យើងប្រហែលមិនមានសមត្ថភាពផ្តល់ឲ្យនូវការអត់ធ្មត់ ឬសុខភាពល្អ ដល់មនុស្សជាទីស្រឡាញ់របស់យើង ដូចដែលពួកគេចង់បាននោះទេ។ ហើយយើងក៏គ្មានលទ្ធភាពផ្តល់ឲ្យពួកគេនូវសន្តិភាព ដែលយើងរាល់គ្នាសុទ្ធតែស្រេកឃ្លាន ដើម្បីស៊ូទ្រាំនឹងទុក្ខលំបាកក្នុងជីវិត។ តែយើងអាចទទួលការដឹកនាំពីព្រះវិញ្ញាណ ដើម្បីនិយាយប្រាប់ពួកគេអំពីព្រះយេស៊ូវ ជាអ្នកប្រទានសេចក្តីសុខសាន្តដ៏ស្ថិតស្ថេរ និងពិតប្រាកដ។—Kirsten Holmberg
តើព្រះគ្រីស្ទបានប្រទានសេចក្តីសុខសាន្តក្នុងជីវិតអ្នកដូចម្តេចខ្លះ? តើអ្នកអាចនាំនរណាខ្លះឲ្យស្គាល់ព្រះអង្គ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការកម្សាន្តចិត្ត ដោយប្រទានសេចក្តីសុខសាន្តដ៏ស្ថិតស្ថេរ ក្នុងជីវិតទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៤៣-៤៤ និង ១ថែស្សាឡូនិច ២
ប្រភេទ
ល្ងាច

ទស្សនៈនាំមកនូវលទ្ធផល
ដោយJohn Piper
October 13, 2023
ហេតុដែលហាមយ៉ាងដូច្នោះ នោះគឺប្រយោជន៍ចង់ឲ្យបានសេចក្តីស្រឡាញ់(១ធីម៉ូថេ ១:៥)។ លោកវិចទ័រ ព្រែងគល(Victor Frankl) ត្រូវគេឃុំខ្លួន ក្នុងជំរុំប្រមូលផ្តុំរបស់ពួកណាហ្ស៊ីអ៊ីត្លែ ក្នុងតំបន់អូសវីត និងដាឆូ ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២។ ក្នុងនាមគាត់ជាសាស្ត្រាចារ្យជនជាតិយូដា ឬជ្វីប ឯកទេសប្រព័ន្ធប្រសាទ និងចិត្តសាស្ត្រ គាត់មានឈ្មោះល្បីជាអន្តរជាតិ ដោយសារសៀវភៅដែលគាត់និពន្ធ មានចំណងជើងថា ការស្វែងរកអត្ថន័យជីវិតរបស់មនុស្ស។ សៀវភៅនេះត្រូវបានគេបោះពុម្ពផ្សាយ និងលក់ដាច់អស់៨លានក្បាល។ ក្នុងសៀវភៅនេះ គាត់បានធ្វើការបើកបង្ហាញអត្ថន័យនៃទស្សនវិជ្ជារបស់គាត់ ដែលគេបានដាក់ឈ្មោះឲ្យថា Logotherapy ដែលបានបង្រៀនថា មនុស្សមានបំណងចិត្តជាមូលដ្ឋានបំផុតមួយ ដែលចង់ស្វែងរកអត្ថន័យជីវិត។ នៅក្នុងរឿងដ៏តក់ស្លុតជាច្រើន ដែលបានកើតមានក្នុងជំរុំប្រមូលផ្តុំនោះ គាត់បានធ្វើការសង្កេតឃើញថា មនុស្សអាចស៊ូទ្រាំនឹងជីវិត ស្ទើរតែគ្រប់ “បែបយ៉ាង” បើសិនជាពួកគេមាន “ហេតុផល” ដែលត្រូវស៊ូទ្រាំ។ កាលពីពេលថ្មីនេះ ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ចំពោះសម្រង់សម្តីមួយ ដែលក្នុងនោះគាត់បានលើកឡើងថា : ខ្ញុំមានការជឿជាក់ដាច់ខាតថា បន្ទប់ប្រហារជីវិតដោយប្រើហ្កាស នៅជំរុំប្រមូលផ្តុំ នៅតំបន់អូសវីត ត្រេប្ល៊ីនកា និងមេដានេក ត្រូវបានគេរៀបគម្រោងឡើង មិនមែននៅក្នុងក្រសួង ឬស្ថាប័នណាមួយ ក្នុងទីក្រុងប៊ែរឡាំងឡើយ តែផ្ទុយទៅវិញ វាត្រូវបានគេរៀបគម្រោងឡើង នៅលើតុ និងក្នុងថ្នាក់រៀនរបស់អ្នកវិទ្យាសាស្រ្ត និងទស្សនវិទូ ដែលបង្រៀនថា ជីវិតមនុស្សសុទ្ធតែគ្មានន័យ។(“ដកស្រង់ពីការសម្ភាស លោកវិចទ័រ ព្រែងគល ក្នុងវ័យ៩០ឆ្នាំ” ក្នុងសៀវភៅ First Things ខែមេសា ឆ្នាំ១៩៩៥ ទំព័រ ៤១)។ អាចនិយាយបានម្យ៉ាងទៀតថា ការបង្រៀនរបស់មនុស្សនាំឲ្យមានលទ្ធផល គឺលទ្ធផលដែលនាំមកនូវព្រះពរ ឬការបំផ្លិចបំផ្លាញ។ អាកប្បកិរិយារបស់មនុស្ស ទោះល្អ ឬអាក្រក់ មិនមែនកើតមានឡើងដោយឯកឯងឡើយ។ តែវាកើតចេញពីទស្សនៈដែលមនុស្សមាន អំពីការពិត ដែលបានចាក់ឫស ចូលក្នុងគំនិត ហើយនាំឲ្យមានលទ្ធផលល្អ ឬអាក្រក់។ ព្រះគម្ពីរបានបកស្រាយយ៉ាងច្បាស់ អំពីសេចក្តីពិតដែលថា ទស្សនៈនាំឲ្យមានលទ្ធផលជាក់ស្តែង។ គឺដូចមានសេចក្តីចែងថា “ដ្បិតអស់ទាំងសេចក្តីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្តីសង្ឃឹម ដោយសេចក្តីអត់ធន់ និងសេចក្តីកំសាន្តចិត្ត ដោយសារគម្ពីរ”(រ៉ូម ១៥:៤)។ ដូចនេះ ទស្សនៈដែលបានបង្ហាញក្នុងព្រះគម្ពីរ បានបង្កើតឲ្យមានសេចក្តីសង្ឃឹម ជាលទ្ធផលជាក់ស្តែង។ សាវ័កប៉ុលក៏បានប្រាប់លោកធីម៉ូថេផងដែរថា “ហេតុដែលហាមយ៉ាងដូច្នោះ នោះគឺប្រយោជន៍ចង់ឲ្យបានសេចក្តីស្រឡាញ់”(១ធីម៉ូថេ ១:៥)។ ទស្សនៈនៃការបង្រៀន ដែលបានហាម ឬប្រៀនប្រដៅ បង្កើតឲ្យមានសេចក្តីស្រឡាញ់។ ក្តីសង្ឃឹម និងក្តីស្រឡាញ់ មិនបានកើតមាន ដោយឯកឯងឡើយ។ សេចក្តីទាំងពីរនេះកើតចេញពីទស្សនៈ គឺការយល់ឃើញអំពីការពិត ដែលបានបើកបង្ហាញក្នុងព្រះគម្ពីរ។ ព្រះគម្ពីរបានប្រើពាក្យ “ដូចនេះ ដូច្នេះ ឬហេតុនោះ” ដើម្បីធ្វើការបង្ហាញមួយទៀតថា ទស្សនៈនាំមកនូវលទ្ធផល(មានប្រើ១០៣៩ដង)។ ពាក្យ “ដូច្នេះ” គឺមានន័យថា អ្វីដែលកើតឡើងនោះ គឺដោយសារបុព្វហេតុណាមួយ។ ឧទាហរណ៍ មានសេចក្តីចែងថា “ដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ”(រ៉ូម ៥:១)។ ឬ “ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ”(រ៉ូម ៨:១)។ ឬ “ដូច្នេះ កុំឲ្យខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ពីព្រោះថ្ងៃស្អែកនឹងខ្វល់ខ្វាយ ចំពោះការរបស់ថ្ងៃនោះឯង សេចក្តីលំបាកនៅថ្ងៃណា នោះគឺល្មមត្រឹមថ្ងៃនោះហើយ”(ម៉ាថាយ ៦:៣៤)។ បើយើងចង់រស់នៅ ក្នុងអំណាចនៃព្រះបន្ទូលដែលផ្តើមដោយពាក្យ “ដូចនេះ” យើងត្រូវរស់នៅឲ្យស្របតាមទស្សនៈអំពីការពិត ដែលបង្ហាញចេញក្នុងការបង្រៀនក្នុងព្រះគម្ពីរ អំពីហេតុផលដែលយើងត្រូវធ្វើអ្វីមួយ។ ទស្សនៈនាំមកនូវលទ្ធផល។ ដូចនេះ ចូរឲ្យទស្សនៈទាំងអស់របស់យើង ស្ថិតនៅក្រោយអំណាចនៃព្រះបន្ទូលព្រះ។