ព្រឹក

ព្រះទ្រង់ធ្វើការដែលមនុស្សមិននឹកស្មានដល់
ដោយJames Banks
October 14, 2023
១កូរិនថូស ១:២១-២៩ ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ។ ១កូរិនថូស ១:២៧ មានពេលមួយ លោកគ្រូគង្វាល យ៉ូណាថាន អេដវើត(Jonathan Edwards) បានអធិប្បាយព្រះបន្ទូល ដោយលើកព្រះគម្ពីរដាក់នៅជិតភ្នែកគាត់យ៉ាងខ្លាំង ដើម្បីឲ្យគាត់អាចមើលអក្សរឃើញច្បាស់។ ភ្នែកគាត់មានបញ្ហាមីញ៉ូប មិនអាចមើលឃើញវត្ថុនៅជិតគាត់បានច្បាស់ តែគាត់បានខំប្រឹងមើលអក្សរហើយអានឃ្លានីមួយៗយ៉ាងប្រុងប្រយ័ត្ន ដោយគ្មានវ៉ែនតាជាជំនួយ និងបានបញ្ចេញសម្លេងដែលមិនពីរោះ។ តែព្រះវិញ្ញាណនៃព្រះបានធ្វើការ តាមរយៈការអធិប្បាយព្រះបន្ទូលរបស់លោកគ្រូ យ៉ូណាថាន អេដវើត ដើម្បីបញ្ឆេះភ្លើងនៃការផុសផុល ហើយនាំមនុស្សជាច្រើនទទួលជឿព្រះគ្រីស្ទ។ ជាញឹកញាប់ ព្រះទ្រង់ប្រើរឿងដែលមនុស្សមិននឹកស្មានដល់ ដើម្បីសម្រេចគោលបំណងដ៏ឥតខ្ចោះរបស់ព្រះអង្គ។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំនៅទីក្រុងកូរិនថូស គាត់បានពិពណ៌នាអំពីផែនការរបស់ព្រះអង្គ ដែលត្រូវនាំមនុស្សជាតិចូលមកជិតព្រះអង្គ តាមរយៈការសុគតរបស់ព្រះអង្គ នៅលើឈើឆ្កាង ដើម្បីលោះបាបយើង។ ហើយគាត់ក៏បានធ្វើការសន្និដ្ឋានថា “ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកម្សោយនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស”(១កូរិនថូស ១:២៧)។ លោកិយរំពឹងថា ប្រាជ្ញារបស់ព្រះអង្គ មានលក្ខណៈដូចប្រាជ្ញាមនុស្ស ហើយចុះពីស្ថានសួគ៌មក ដោយអំណាចដែលមនុស្សមិនអាចបដិសេធន៍បាន។ តែផ្ទុយទៅវិញ ព្រះយេស៊ូវបានយាងមក ដោយការបន្ទាបខ្លួន ហើយក៏បានសង្គ្រោះយើងយ៉ាងសុភាព ឲ្យរួចពីបាប ហើយជា “ប្រាជ្ញាដែលមកពីព្រះ ហើយជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើងផង”(ខ.៣០)។ ព្រះដ៏អស់កល្ប និងមានប្រាជ្ញាសព្វគ្រប់ បានយកកំណើតជាទារកតូច ដែលបានចម្រើនវ័យធំឡើងជាមនុស្សពេញវ័យ ហើយក៏បានរងទុក្ខ និងសុគត ហើយមានព្រះជន្មរស់ឡើងវិញ ដើម្បីបង្ហាញផ្លូវយើង ដោយសេចក្តីស្រឡាញ់ ឲ្យយើងបានទៅនៅជាមួយព្រះអង្គ។ ព្រះអង្គចូលចិត្តប្រើមធ្យោបាយ និងមនុស្សដែលបន្ទាបខ្លួន ដើម្បីសម្រេចការអស្ចារ្យ ដែលយើងមិនអាចធ្វើដោយពឹងអាងកម្លាំងខ្លួនឯង។ ព្រះអង្គនឹងប្រើយើង បើសិនជាយើងស្ម័គ្រចិត្តឲ្យព្រះអង្គប្រើ។—James Banks
តើមានរឿងនឹកស្មានមិនដល់អ្វីខ្លះ ដែលអ្នកឃើញព្រះអង្គធ្វើ? តើអ្នកអាចឲ្យព្រះអង្គប្រើអ្នក នៅថ្ងៃនេះ យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតានៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានធ្វើការតាមរបៀបដែលទូលបង្គំមិននឹកស្មានដល់។ សូមព្រះអង្គជួយទូលបង្គំឲ្យដើរតាមព្រះអង្គ យ៉ាងប្រកិត ជារៀងរាល់ថ្ងៃ ដើម្បីឲ្យព្រះអង្គអាចប្រើទូលបង្គំ ដើម្បីធ្វើការអ្វីដែលព្រះអង្គសព្វព្រះទ័យ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៤៥-៤៦ និង ១ថែស្សាឡូនិច ៣
ប្រភេទ
ល្ងាច

តើការមានភាពស្លូតត្រង់មានន័យដូចម្តេចខ្លះ?
ដោយJohn Piper
October 14, 2023
“មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរដក”(ម៉ាថាយ ៥:៥)។ ភាពស្លូតត្រង់ចាប់ផ្តើមកើតមាន ពេលណាយើងទុកចិត្តព្រះ។ ដូចនេះ ដោយសារយើងទុកចិត្តព្រះអង្គ យើងទុកដាក់ផ្លូវរបស់យើងនឹងព្រះអង្គ។ យើងថ្វាយដាច់ដល់ព្រះអង្គ នូវការថប់បារម្ភ ភាពនឿយណាយ ផែនការ ទំនាក់ទំនង ការងារ និងសុខភាពរបស់យើង។ ហើយបន្ទាប់មក យើងរង់ចាំព្រះអម្ចាស់ ដោយចិត្តអត់ធ្មត់។ យើងទុកចិត្តថា ព្រះអង្គរៀបចំពេលវេលា មានព្រះចេស្តា និងប្រទានព្រះគុណ ដើម្បីធ្វើឲ្យអ្វីៗមានដំណើរការ តាមរបៀបដ៏ល្អបំផុត ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ និងដើម្បីប្រយោជន៍យើង។ ការទុកចិត្តព្រះ និងការថ្វាយការថប់បារម្ភរបស់យើងដល់ព្រះអង្គ និងរង់ចាំព្រះអង្គដោយចិត្តអត់ធ្មត់ នឹងជួយឲ្យយើងមានចិត្តធ្ងន់ គឺមិនងាយធ្វើអ្វីភ្លាមៗ តាមកំហឹងរបស់យើងដែលមានភាពឆេវឆាវ និងការថប់បារម្ភនោះទេ។ តែផ្ទុយទៅវិញ យើងជម្នះសេចក្តីកំហឹង ដោយថ្វាយរឿងរ៉ាវរបស់យើងដល់ព្រះអង្គ ហើយអនុញ្ញាតឲ្យព្រះអង្គជាអ្នកសម្រេចនរណាត្រូវនរណាខុស តាមបំណងព្រះទ័យព្រះអង្គ។ ហើយបន្ទាប់មក យើងត្រូវឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ គឺដូចដែលសាវ័កយ៉ាកុបបានបង្រៀន(យ៉ាកុប ១:១៩)។ យើងប្រែក្លាយជាមនុស្សមានហេតុផល និងបើកចិត្តទទួលការកែតម្រង់(យ៉ាកុប ៣:១៧)។ សាវ័កយ៉ាកុបបានហៅលក្ខណៈសម្បត្តិនេះថា “សេចក្តីសុភាពនៃប្រាជ្ញា”(យ៉ាកុប ៣:១៣)។ ភាពស្លូតត្រង់ គឺជាការចូលចិត្តរៀនសូត្រ។ ហើយក៏ចាត់ទុកការកែតម្រង់របស់មិត្តភក្តិថាមានតម្លៃ(សុភាសិត ២៧:៦)។ ហើយពេលណាមនុស្សស្លូតត្រង់កែតម្រង់នរណាម្នាក់ ដែលមានបាប ឬកំហុស គឺគាត់និយាយ ដោយដឹងច្បាស់ក្នុងជម្រៅចិត្ត អំពីភាពខ្វះចន្លោះ និងភាពងាយធ្លាក់ចូលក្នុងអំពើបាបរបស់ខ្លួន និងអំពីការពឹងផ្អែកទាំងស្រុងទៅលើព្រះគុណព្រះ(កាឡាទី ៦:១)។ ភាពស្ងប់ស្ងាត់ និងការបើកចំហ ក៏ដូចជាភាពងាយរងគ្រោះ របស់មនុស្សស្លូតត្រង់ មានភាពស្រស់ស្អាត និងការឈឺចាប់ខ្លាំងណាស់។ វាទាស់ប្រឆាំងនឹងលក្ខណៈគ្រប់យ៉ាងរបស់យើង ផ្អែកទៅលើនិស្ស័យសាច់ឈាមរបស់យើង។ យើងត្រូវការជំនួយមកពីព្រះ។ បើអ្នកជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ បើអ្នកជឿព្រះអង្គ ហើយទុកដាក់ផ្លូវអ្នកនឹងព្រះអង្គ ហើយរង់ចាំព្រះអង្គដោយចិត្តអត់ធ្មត់ នោះព្រះទ្រង់បានចាប់ផ្តើមជួយអ្នកហើយ ហើយនឹងជួយអ្នកថែមទៀត។ ហើយមធ្យោបាយជាបឋម ដែលព្រះអង្គនឹងប្រើ ដើម្បីជួយអ្នក គឺត្រូវធានាថា អ្នកជាអ្នកស្នងមរតកជាមួយព្រះយេស៊ូវគ្រីស្ទ សេចក្តីស្លាប់ របស់នៅជំនាន់សព្វថ្ងៃ ឬទៅមុខក្តី នោះសុទ្ធតែជារបស់ផងអ្នករាល់គ្នាទាំងអស់(១កូរិនថូស ៣:២១-២៣)។ អ្នកដែលស្លូតត្រង់បានគ្រងផែនដីជាមរតក។