ព្រឹក

សេចក្តីពិតទាំងអស់ជាសេចក្តីពិតរបស់ព្រះ
ដោយUltimately with R.C. Sproul
October 17, 2023
សព្វថ្ងៃនេះ ព្រះទ្រង់មានបន្ទូលមកកាន់យើង តាមរយៈព្រះគម្ពីរតែមួយមុខទេ។ តែការបើកសម្ដែងនូវសេចក្តីពិតរបស់ព្រះអង្គ មិនមែនមាន តែនៅក្នុងទំព័រព្រះគម្ពីរប៉ុណ្ណោះទេ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល (R.C. Sproul) សូមលើកឡើងអំពីហេតុផល ដែលគ្រីស្ទបរិស័ទត្រូវចូលរួម នៅក្នុងការសិក្សាមុខវិជ្ជាផ្សេងៗ ព្រោះសេចក្តីពិតទាំងអស់សុទ្ធតែចង្អុលបង្ហាញទៅរកព្រះអម្ចាស់។ អត្ថបទ លោកគ្រូអូគូស្ទីន(Augustine) មិនបានជឿថា ហេតុផលរបស់មនុស្សមានអំណាចឡើងកាំជណ្តើរទៅរកសេចក្តីពិតដ៏អស់កល្ប ដោយខ្លួនឯង ដោយមិនបានទទួលជំនួយពីការបើកសម្ដែងរបស់ព្រះនោះឡើយ។ ហើយគាត់ក៏បានមានប្រសាសន៍ផងដែរថា យើងពឹងផ្អែកទៅលើការបើកសម្ដែងរបស់ព្រះ ដើម្បីឲ្យយើងអាចយល់សេចក្តីពិត ទោះសេចក្តីពិតនោះមានចែងក្នុងព្រះគម្ពីរ សេចក្តីពិតបែបទេវសាស្រ្ត ឬបែបវិទ្យាសាស្រ្តក៏ដោយ។ លោកគ្រូអូគូស្ទីន ក៏បានលើកឡើងផងដែរថា ក្នុងនាមយើងជាមនុស្ស យើងពឹងផ្អែកទៅលើការបើកសម្ដែងរបស់ព្រះ ដើម្បីស្វែងយល់អំពីសេចក្តីពិតនៃវិទ្យាសាស្រ្ត គឺមិនខុសពីភ្នែករបស់យើងដែលត្រូវពឹងផ្អែកទៅលើប្រភពនៃពន្លឺ ដើម្បីឲ្យអាចមើលឃើញនោះឡើយ។ ព្រះបានប្រទានយើងនូវភ្នែក ដែលមានប្រព័ន្ធប្រសាទចក្ខុសម្រាប់ឲ្យយើងមើលឃើញអ្វីៗដែលនៅជុំវិញខ្លួនយើងបាន។ បើគ្មានពន្លឺនៅក្រៅខ្លួនយើងទេ នោះយើងមិនអាចមើលឃើញអ្វីទាំងអស់។ ដូចនេះ លោកគ្រូអូគូស្ទីនបានមានប្រសាសន៍ថា គ្រីស្ទបរិស័ទចាំបាច់ត្រូវរៀនមុខវិជ្ជាផ្សេងៗ និងចំណេះដឹងទូទៅ ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះសេចក្តីពិតទាំងអស់ជាសេចក្តីពិតរបស់ព្រះ។ ហើយការបើកសម្ដែងរបស់ព្រះ មិនមែនមានតែនៅក្នុងទំព័រព្រះគម្ពីរប៉ុណ្ណោះទេ ព្រោះព្រះគម្ពីរបានចែងថា ព្រះទ្រង់បានបើកសម្ដែងអង្គទ្រង់ នៅក្នុង និងតាមរយៈធម្មជាតិ នៅក្រៅព្រះគម្ពីរផងដែរ។ នៅសាលាព្រះគម្ពីរ ខ្ញុំបានសួរសិស្សរបស់ខ្ញុំថា “តើនរណាខ្លះជឿថា ការបើកសម្ដែងក្នុងព្រះគម្ពីរ សុទ្ធតែត្រឹមត្រូវ?” ពួកគេក៏បានលើកដៃព្រមគ្នា។ ហើយពេលខ្ញុំសួរថា “តើនរណាខ្លះជឿថា ការបើកសម្ដែងរបស់ព្រះ នៅក្នុងធម្មជាតិ សុទ្ធតែត្រឹមត្រូវមិនចេះខុស?” ពួកគេមិនបានលើកទៀតទេ។ ខ្ញុំក៏បានសួរពួកគេទៀតថា “បើការបើកសម្ដែងទាំងនោះជារបស់ព្រះអង្គ ហេតុអ្វីយើងយល់ថា ការបើកសម្ដែងទាំងនោះអាចខុស?” សេចក្តីពិតរបស់ព្រះអង្គ ដែលបានបង្ហាញក្នុងព្រះគម្ពីរមិនអាចខុស ហើយសេចក្តីពិតរបស់ព្រះអង្គ ដែលបង្ហាញក្នុងធម្មជាតិ ក៏មិនអាចខុសដែរ។ ការគិតរបស់យើងទៅវិញទេ ដែលអាចខុស តែព្រះទ្រង់មិនដែលខុសឡើយ។
ប្រភេទ
ល្ងាច

យុថ្កានៃសេចក្តីសង្ឃឹមរបស់យើង
ដោយKaren Huang
October 17, 2023
ហេព្រើរ ៦:១៦-២០ យើងខ្ញុំមានសេចក្តីសង្ឃឹមនោះ ទុកដូចជាយុថ្កានៃព្រលឹងដ៏ជាប់លាប់មាំមួន ដែលចូលទៅខាងក្នុងនៃវាំងនន។ ហេព្រើរ ៦:១៩ មានពេលមួយខ្ញុំបានយករូបថតមួយសន្លឹក បង្ហាញសិស្សសាលារៀនថ្ងៃអាទិត្យ ថ្នាក់ទី៦។ ក្នុងរូបថតនោះ យើងអាចឃើញជនអនាថាដេកនៅក្រោមដំបូលធ្វើក្រដាសឡាំង នៅច្រកផ្លូវឌឿងហែមដែលមិនសូវមានពន្លឺ។ ខ្ញុំក៏បានសួរពួកគេថា តើជនអនាថាទាំងនោះកំពុងតែត្រូវការអ្វី? ខ្លះឆ្លើយថា “ពួកគេត្រូវការអាហារ”។ ខ្លះទៀតឆ្លើយថា “ពួកគេត្រូវការលុយ”។ ក្មេងប្រុសម្នាក់ក៏បានឆ្លើយយ៉ាងប្រុងប្រយ័ត្នថា “ពួកគេត្រូវការកន្លែងរស់នៅមានសុវត្ថិភាព”។ បន្ទាប់មក ក្មេងស្រីម្នាក់ក៏បាននិយាយថា “ពួកគេត្រូវការសេចក្តីសង្ឃឹម”។ នាងក៏បានពន្យល់ថា “សេចក្តីសង្ឃឹម គឺជាការរំពឹងថា ការល្អនឹងកើតឡើង”។ ខ្ញុំមានការចាប់អារម្មណ៍ចំពោះពាក្យសម្ដីរបស់នាង ពេលដែលនាងរំពឹងថា ការល្អនឹងកើតឡើង ព្រោះមនុស្សយើងងាយនឹងឈប់រំពឹងថា ការល្អនឹងកើតមានឡើង ដោយសារបញ្ហាប្រឈមជាច្រើន។ ពាក្យសម្ដីរបស់នាងបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបកស្រាយក្នុងព្រះគម្ពីរ។ “បើសេចក្តីជំនឿ គឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម”(ហេព្រើរ ១១:១) នោះមានន័យថា អ្នកដែលមានជំនឿលើព្រះយេស៊ូវ អាចរំពឹងថា ការល្អនឹងកើតឡើងផងដែរ។ តើមានការអ្វីដែលល្អបំផុត ដែលអ្នកជឿព្រះយេស៊ូវអាចសង្ឃឹមថា នឹងទទួលបាន ដោយសេចក្តីជំនឿ? គឺ “ព្រះបន្ទូលសន្យាថា នឹងបានចូលទៅក្នុងការសម្រាករបស់ព្រះអង្គ”(៤:១)។ សម្រាប់អ្នកជឿ ការសម្រាករបស់ព្រះអង្គរាប់បញ្ចូល សន្តិភាពរបស់ព្រះអង្គ ការទុកចិត្តថាបានសង្គ្រោះ ការពឹងផ្អែកទៅលើកម្លាំងរបស់ព្រះអង្គ និងការដឹងច្បាស់ថា នឹងបានទៅនៅនគរស្ថានសួគ៌នៅពេលអនាគត។ ការធានា និងសេចក្តីសង្គ្រោះដែលព្រះយេស៊ូវបានប្រទាន គឺជាមូលហេតុដែលយើងអាចមានសេចក្តីសង្ឃឹម ធ្វើជាយុថ្កា ដោយឈរយ៉ាងមាំមួន នៅក្នុងទុក្ខលំបាក(៦:១៨-២០)។ ជាការពិតណាស់ លោកិយត្រូវការសេចក្តីសង្ឃឹម ដោយការធានាពិតប្រាកដពីព្រះអង្គថា ព្រះអង្គជាអ្នកសម្រេចលទ្ធផលចុងក្រោយ ហើយនឹងមិនធ្វើឲ្យយើងខកចិត្តឡើយ ទោះយើងស្ថិតក្នុងពេលដែលល្អ ឬអាក្រក់យ៉ាងណាក៏ដោយ។ ពេលណាយើងទុកចិត្តព្រះអង្គ យើងដឹងថា ព្រះអង្គនឹងសម្រេចអ្វីៗទាំងអស់ យ៉ាងត្រឹមត្រូវ តាមពេលវេលារបស់ព្រះអង្គ។—Karen Huang
តើព្រះគម្ពីរបានលើកទឹកចិត្ត ហើយផ្តល់ឲ្យអ្នកនូវសេចក្តីសង្ឃឹម និងទំនុកចិត្តដូចម្តេចខ្លះ? តើមានការអ្វីខ្លះ ដែលអ្នកអាចអរព្រះគុណព្រះអង្គ?
ឱព្រះអម្ចាស់ សេចក្តីសង្ឃឹមដែលទូលបង្គំមានក្នុងព្រះអង្គ មានភាពរឹងមាំ និងស្ថិតស្ថេរ មិនមែនដោយសារទូលបង្គំមានជំនឿខ្លាំង តែដោយសារព្រះអង្គមានព្រះទ័យស្មោះត្រង់ ក្នុងការអ្វីដែលព្រះអង្គបានសន្យា។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៥០-៥២ និង ១ថែស្សាឡូនិច ៥