
ប្រើអ្វីដែលអ្នកមាន ដើម្បីបម្រើព្រះគ្រីស្ទ
ដោយMarvin Williams
October 18, 2023
កិច្ចការ ៩:៣៦-៤៣ មានសិស្សស្រីម្នាក់ឈ្មោះ តេប៊ីថា (ស្រាយថា នាងក្តាន់) នាងនោះបានធ្វើគុណ ហើយដាក់ទានជាច្រើន។ កិច្ចការ ៩:៣៦ តើអ្នកធ្លាប់បានឮគេនិយាយអំពីមន្ទីរតាំងពិព័រណ៍ស្នាដៃរបស់ជាងកាត់ដេរល្បីៗ ដែរឬទេ? គេបានបង្កើតកន្លែងតាំងពិព័រណ៍នេះនៅឆ្នាំ២០០១ ដោយទទួលស្គាល់បុគ្គល ដែលបាន “ជះឥទ្ធិពលដ៏យូរអង្វែង មកលើឧស្សាហ៍កម្មកាត់ដេរ ដោយការរួមចំណែកដែលពិសេស និងមានភាពប៉ិនប្រសប់ តាមរយៈការបង្រៀនកាត់ដេរ និងការឆ្នៃផលិតផលកាត់ដេរ”។ គេបានរាប់បញ្ចូលបុគ្គលល្បីៗ ដែលមានដូចជា អ្នកស្រី ម៉ាថា ភូលលិន(Martha Pullen) នៅក្នុងមន្ទីរតាំងពិព័រណ៍ នៅឆ្នាំ២០០៥ ដោយការពណ៌នាថា គាត់ជាស្រ្តីនៃបទគម្ពីរសុភាសិត ជំពូក៣១ ជាមនុស្ស ... មិនដែលភ្លេចទទួលស្គាល់ជាសាធារណៈ អំពីប្រភពនៃកម្លាំង ការបណ្តាលចិត្ត និងព្រះពរដែលខ្លួនមាន។ មន្ទីរតាំងពិព័រណ៍ស្នាដៃរបស់ជាងកាត់ដេរល្បីៗ ត្រូវបានគេបានបង្កើតឡើង ក្នុងសតវត្សរ៍ទី២១ តែការទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់ជាងដេរ ក៏មានក្នុងអំឡុងសតវត្សរ៍ទី១ នៅប្រទេសអ៊ីស្រាអែលផងដែរ។ នៅសម័យនោះ មានស្រ្តីម្នាក់ឈ្មោះ តេប៊ីថា ជាជាងដេរដែលជឿព្រះយេស៊ូវ។ នាងបានចំណាយពេលកាត់ដេរសំលៀកបំពាក់សម្រាប់ស្រ្តីមេម៉ាយទាល់ក្រ ក្នុងសហគមន៍របស់នាង(កិច្ចការ ៩:៣៦,៣៩)។ បន្ទាប់ពីនាងធ្លាក់ខ្លួនឈឺរហូតបាត់បង់ជីវិត ពួកសាវ័កក៏បានឲ្យគេទៅហៅសាវ័កពេត្រុស មកអធិស្ឋានសូមព្រះអង្គធ្វើការអស្ចារ្យ តាមរយៈគាត់។ ពេលគាត់មកដល់ ស្រ្តីមេម៉ាយដែលកំពុងសោកសង្រេងក៏បានបង្ហាញរ៉ូប និងសំលៀកបំពាក់ដែលនាងតេប៊ីថា បានកាត់ដេរឲ្យពួកគេ(ខ.៣៩)។ សំលៀកបំពាក់ទាំងនោះជាភស្តុតាងបង្ហាញថា នាង “តែងតែធ្វើការល្អ” សម្រាប់អ្នកក្រ ក្នុងទីក្រុងរបស់នាង(ខ.៣៦)។ ព្រះទ្រង់ក៏បានប្រោសនាងតេប៊ីថា ឲ្យរស់ឡើងវិញ ដោយព្រះចេស្ដាព្រះអង្គ។ ព្រះទ្រង់ក៏បានត្រាស់ហៅ និងបំពាក់សមត្ថភាពដល់យើង ឲ្យប្រើជំនាញយើង ដើម្បីបំពេញតម្រូវការរបស់មនុស្ស នៅក្នុងសហគមន៍ និងពិភពលោកផងដែរ។ ចូរយើងប្រើជំនាញរបស់យើង នៅក្នុងការងារបម្រើព្រះយេស៊ូវ ហើយសូមឲ្យព្រះអង្គប្រើកិច្ចការនៃសេចក្តីស្រឡាញ់របស់យើង ដើម្បីស្អាងចិត្ត និងជីវិតរបស់អ្នកដទៃឡើង(អេភេសូរ ៤:១៦)។—Marvin Williams
តើអ្នកមានអំណោយទាន និងជំនាញអ្វីខ្លះ ដែលព្រះទ្រង់បានប្រទានអ្នក? តើអ្នកអាចប្រើអំណោយទាន និងជំនាញទាំងនោះ ដើម្បីជួយមនុស្សដែលកំពុងត្រូវការជំនួយ ដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំ ឲ្យឆ្លើយតប ដោយសេចក្តីស្រឡាញ់ និងសេចក្តីអាណិត ចំពោះតម្រូវការរបស់អ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៥៣-៥៥ និង ២ថែស្សាឡូនិច ១