ព្រឹក

ព្រះគ្រីស្ទជាពន្លឺដ៏ពិតរបស់យើង
ដោយPatricia Raybon
October 20, 2023
យ៉ូហាន ១:១-១៤ ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ។ យ៉ូហាន ៨:១២ ថ្មីៗនេះ នៅពេលរសៀលថ្ងៃអាទិត្យ យើងបានទៅសួរសុខទុក្ខមិត្តភក្តិម្នាក់ នៅមន្ទីរពេទ្យធំមួយ ក្នុងទីក្រុង។ ពេលយើងដើរចេញពីជណ្តើរយន្ត ដោយសារថ្ងៃនោះជាថ្ងៃអាទិត្យ យើងមិនអាចរកឃើញមនុស្ស ដើម្បីសួររកផ្លូវចេញក្រៅមន្ទីរពេទ្យ ឬចេញទៅរកពន្លឺថ្ងៃនៃរដ្ឋខូឡូរ៉ាដូ នៅខាងក្រៅឡើយ។ យើងក៏បានដើរទៅដើរមក ក្នុងផ្លូវដើរក្នុងមន្ទីរពេទ្យ ដែលមានពន្លឺភ្លើងភ្លឺព្រឹមៗ ហើយទីបំផុតយើងក៏បានជួបបុរសម្នាក់ ដែលមើលដឹងថា យើងកំពុងវង្វេងផ្លូវ។ គាត់ប្រាប់យើងថា “ផ្លូវដើរក្នុងមន្ទីរពេទ្យនេះសុទ្ធតែដូចគ្នាទេ តែផ្លូវចេញក្រៅ នៅខាងនោះ”។ យើងក៏បានទៅតាមទិសដៅដែលគាត់ប្រាប់ ហើយក៏បានរកឃើញទ្វារចេញ ឆ្ពោះទៅរកពន្លឺថ្ងៃចិញ្ចែងចិញ្ចាច។ ព្រះយេស៊ូវក៏បានអញ្ជើញអ្នកមិនជឿដែលកំពុងវង្វេង ឲ្យដើរតាមព្រះអង្គ ចេញពីភាពងងឹតខាងវិញ្ញាណផងដែរ។ គឺដូចព្រះអង្គមានបន្ទូលថា “ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ”(យ៉ូហាន ៨:១២)។ នៅក្នុងពន្លឺរបស់ព្រះអង្គ យើងអាចមើលឃើញថ្មដែលធ្វើឲ្យជំពប់ដួល អំពីបាប និងអ្វីៗដែលបាំងពីមុខយើង ដោយអនុញ្ញាតឲ្យព្រះអង្គដកភាពងងឹតចេញពីជីវិតយើង ខណៈពេលដែលព្រះអង្គចែងចាំងពន្លឺចូលក្នុងចិត្តយើង និងផ្លូវដែលយើងដែរ។ ពន្លឺរបស់ព្រះគ្រីស្ទនាំយើងចូលទៅក្នុងព្រះវត្តមាន ការការពារ និងការដឹកនាំរបស់ព្រះអង្គ ដូចដែលព្រះអង្គបានដឹកនាំពួកអ៊ីស្រាអែល ដោយបង្គោលភ្លើង និងពពក កាត់តាមវាលរហោស្ថាន។ គឺដូចដែលសាវ័កយ៉ូហានបានពន្យល់ថា ព្រះយេស៊ូវជា “ពន្លឺដ៏ពិត”(យ៉ូហាន ១:៩) ហើយ “សេចក្តីងងឹតយល់មិនដល់ពន្លឺទេ”(ខ.៥)។ យើងអាចទូលសូមព្រះអង្គបង្ហាញទិសដៅ ខណៈពេលដែលព្រះអង្គបំភ្លឺផ្លូវយើង ជាជាងដើរវិលវល់ក្នុងជីវិត។—Patricia Raybon
តើផ្នែកណាខ្លះក្នុងជីវិតអ្នក ដែលត្រូវការពន្លឺរបស់ព្រះគ្រីស្ទ ដែលបន្សុទ្ធជីវិតយើងឲ្យស្អាត? ពេលអ្នកស្វែងរកពន្លឺព្រះអង្គ តើអ្នកត្រូវជៀសវាងការអ្វីខ្លះដែលនាំឲ្យជំពប់ដួល?
ឱព្រះយេស៊ូវ ក្នុងលោកិយ ដែលមានពេញដោយភាពងងឹត សូមព្រះអង្គបញ្ចេញពន្លឺដ៏ពិតរបស់ព្រះអង្គ ចូលក្នុងចិត្ត និងផ្លូវដើររបស់ទូលបង្គំ។
For further study, read The Intimacy of Prayer: Stepping into God’s Presence at DiscoverySeries.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៦២-៦៤ និង ១ធីម៉ូថេ ១
ប្រភេទ
ល្ងាច

ព្រះទ្រង់ធ្វើការសម្រាប់អ្នក
ដោយJohn Piper
October 20, 2023
ខ្ញុំនឹងងើបភ្នែកមើលទៅឯភ្នំ តែសេចក្តីជំនួយជួយដល់ខ្ញុំមកពីណា សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់នឹងមិនឲ្យជើងអ្នករឥលភ្លាត់ឡើយ ព្រះអង្គដែលរក្សាអ្នក ទ្រង់នឹងមិនផ្ទំរលីវឡើយ។ (ទំនុកដំកើង ១២១:១-៣) តើអ្នកត្រូវការជំនួយទេ? ខ្ញុំត្រូវការ។ តើអ្នកត្រូវទៅស្វែងរកជំនួយនៅទីណា? ពេលដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើង ងើបភ្នែកមើលទៅភ្នំ ហើយសួរថា “តើសេចក្តីជំនួយជួយដល់ខ្ញុំមកពីណា?” គាត់ក៏បានឆ្លើយថា “សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ” គឺមិនមែនមកពីភ្នំ តែមកពីព្រះដែលបានបង្កើតភ្នំទាំងនោះមក។ “សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ា គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី”។ ដូចនេះ គាត់បានរំឭកខ្លួនឯង អំពីសេចក្តីពិតដ៏អស្ចារ្យពីរយ៉ាងគឺ : ទីមួយ ព្រះទ្រង់ជាព្រះអាទិករដ៏មានអំណាចមកលើបញ្ហាទាំងអស់ក្នុងជីវិតយើង ទីពីរ ព្រះទ្រង់មិនដែលផ្ទំឡើយ។ “ព្រះអង្គដែលរក្សាអ៊ីស្រាអែល ទ្រង់នឹងមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ”។ ព្រះទ្រង់ជាអ្នកធ្វើការដែលមិនចេះហត់នឿយ។ ព្រះអង្គក៏មិនដែលខ្សោះល្វើយ។ សូមយើងគិតអំពីព្រះថា ព្រះអង្គជាអ្នកធ្វើការ ក្នុងជីវិតយើង។ គឺពិតជាអស្ចារ្យណាស់។ យើងមានទំនោរទៅរកការគិតថា យើងគឺជាអ្នកធ្វើការ ក្នុងព្រះជន្មរបស់ព្រះ។ តែព្រះគម្ពីរចង់ឲ្យយើងមានចិត្តស្ញប់ស្ញែង ដោយដឹងថា ព្រះទ្រង់ជាអ្នកធ្វើការក្នុងជីវិតយើង ដូចមានសេចក្តីចែងថា “ដ្បិតចាប់តាំងពីចាស់បុរាណមក មនុស្សលោកមិនដែលឮ ក៏មិនដែលដឹងដោយសារត្រចៀក ហើយភ្នែកមិនដែលឃើញព្រះឯណាក្រៅពីទ្រង់ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ទ្រង់ឡើយ”(អេសាយ ៦៤:៤)។ ព្រះទ្រង់ធ្វើការជំនួសយើង២៤ម៉ោង។ ព្រះអង្គមិនដែលឈប់សម្រាក ហើយក៏មិនដែលផ្ទំ។ តាមពិត ព្រះអង្គសព្វព្រះទ័យនឹងធ្វើការជំនួសយើង បានជាព្រះអង្គស្វែងរកការងារបន្ថែមទៀត ដើម្បីធ្វើសម្រាប់អ្នកដែលទុកចិត្តព្រះអង្គ។ “ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់”(២របាក្សត្រ ១៦:៩)។ ព្រះទ្រង់ចូលចិត្តបង្ហាញព្រះចេស្តា ប្រាជ្ញា និងសេចក្តីល្អ ដោយមិនចេះនឿយហត់ ដោយធ្វើការជំនួសអ្នកដែលទុកចិត្តព្រះអង្គ។ តាមរយៈការចាត់ព្រះរាជបុត្រា ព្រះយេស៊ូវគ្រីស្ទ ឲ្យយាងចុះមកផែនដី គឺព្រះវរបិតាបានបង្ហាញឲ្យយើងដឹងថា “ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបំរើដែរ គឺដើម្បីនឹងបំរើគេវិញ”(ម៉ាកុស ១០:៤៥)។ ព្រះយេស៊ូវបានធ្វើការជំនួយអ្នកដើរតាមព្រះអង្គ។ ព្រះអង្គបម្រើពួកគេ។ ដំណឹងល្អមិនមែនជាផ្លាកសញ្ញា “សុំជំនួយ” នោះទេ តែជាផ្លាកសញ្ញា “ផ្តល់ជំនួយ”។ នេះជាអ្វីដែលយើងត្រូវតែជឿ គឺពិតជាជឿមែន ដើម្បីឲ្យយើងអាចមានអំណរជានិច្ច(១ថែស្សាឡូនិច ៥:១៦) ហើយ “ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតាជាដរាប ក្នុងគ្រប់ការទាំងអស់”(អេភេសូរ ៥:២០) និងមាន “សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត”(ភីលីព ៤:៧) ហើយ “កុំឲ្យខ្វល់ខ្វាយអ្វីឡើយ”(ភីលីព ៤:៦) ហើយស្អប់ជីវិតខ្លួនឯង “ក្នុងលោកិយនេះ”(យ៉ូហាន ១២:២៥) ហើយនិង “ស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង”(ម៉ាថាយ ២២:៣៩)។ នេះជាសេចក្តីពិត ដែលមានន័យខ្លាំងណាស់! ព្រះទ្រង់មិនបានផ្ទំ ទាំងយប់ថ្ងៃ ដើម្បីធ្វើការសម្រាប់អ្នកដែលរង់ចាំព្រះអង្គ។