ព្រឹក

ដាំក្បាលចុះទៅរកគ្រោះមហន្តរាយ
ដោយWinn Collier
October 21, 2023
សុភាសិត ២៧:៨-១២ មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញការអាក្រក់មក ក៏ពួនខ្លួន តែមនុស្សល្ងង់ខ្លៅ គេចេះតែដើរទៅហើយក៏ត្រូវមានទុក្ខ។ សុភាសិត ២៧:១២ កាលពីឆ្នាំ១៨៩២ ប្រជាជនម្នាក់កើតជំងឺអាសន្នរោគ បានចម្លងជំងឺនេះដោយមិនដឹងខ្លួន តាមរយៈទឹកទន្លេអ៊ែលបឺ ដែលហូរកាត់ទីក្រុងហ៊ែមបឺក ជាទន្លេដែលផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់ប្រទេសអាឡឺម៉ង់។ ពលរដ្ឋរាប់ម៉ឺននាក់បានស្លាប់ ក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។ កាល៨ឆ្នាំមុន លោករ៉ូបឺត កូច(Robert Koch) ជាជីវវិទូជំនាញមីក្រុប បានរកឃើញថា ជំងឺអាសន្នរោគជាជំងឺឆ្លងតាមទឹក។ ការរកឃើញរបស់លោកកូច បានជំរុញចិត្តអាជ្ញាធរនៅតាមបណ្តាទីក្រុងធំៗនៅទ្វីបអឺរ៉ុប ឲ្យធ្វើការចំណាយទៅលើការសងសង់ប្រព័ន្ធបន្សុទ្ធទឹក ដើម្បីការពារទឹកប្រើប្រាស់របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរនៅទីក្រុងហ៊ែមបឺក មិនបានធ្វើអ្វីទាំងអស់។ ពួកគេបានលើកឡើង អំពីការចំណាយ និងមានការសង្ស័យមកលើការស្រាវជ្រាវបែបវិទ្យាសាស្ត្រនោះ ដូចនេះ ពួកគេក៏មិនបានអើពើចំពោះការដាស់តឿនដ៏ច្បាស់លាស់ ខណៈពេលដែលទីក្រុងរបស់ពួកគេបានដាំក្បាលចុះទៅរកគ្រោះមហន្តរាយ។ កណ្ឌគម្ពីរសុភាសិតបានចែងអំពីមនុស្សដែលដឹងថា គ្រោះថ្នាក់នឹងកើតមាន តែបដិសេធន៍មិនបញ្ចៀសគ្រោះថ្នាក់នោះ។ គឺដូចមានសេចក្តីចែងថា “មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញការអាក្រក់មក ក៏ពួនខ្លួន”(២៧:១២)។ ពេលណាព្រះទ្រង់ជួយយើងឲ្យមើលឃើញគ្រោះថ្នាក់នៅខាងមុខ យើងចាំបាច់ត្រូវធ្វើអ្វីម្យ៉ាង ដើម្បីស្វែងរកដំណោះស្រាយ។ យើងអាចផ្លាស់ប្តូរទិសដៅ ដោយប្រាជ្ញា។ ឬយើងរៀបចំខ្លួន ដោយវិធានការដ៏ត្រឹមត្រូវដែលព្រះអង្គប្រទាន។ តែទោះជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ យើងបានធ្វើអ្វីម្យ៉ាង។ ការមិនធ្វើអ្វីសោះ គឺល្ងង់សុទ្ធសាធ។ តែបើយើងមិនអើពើចំពោះសញ្ញាដាស់តឿន នោះយើងនឹងបោះពួយទៅរកមហន្តរាយ។ គឺដូចមានសេចក្តីចែងថា “តែមនុស្សល្ងង់ខ្លៅ គេចេះតែដើរទៅហើយក៏ត្រូវមានទុក្ខ”(ខ.១២)។ តាមរយៈព្រះគម្ពីរ និងព្រះជន្មរបស់ព្រះយេស៊ូវនៅលើផែនដី ព្រះទ្រង់បានបង្ហាញផ្លូវ ឲ្យយើងដើរតាម និងដាស់តឿនយើង អំពីបញ្ហាដែលយើងមុខជានឹងជួបប្រទះ។ បើយើងល្ងង់ខ្លៅ ដោយមិនស្តាប់បង្គាប់ យើងនឹងដួលចុះ ឬធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់មិនខាន។ ផ្ទុយទៅវិញ ខណៈពេលដែលព្រះអង្គដឹកនាំយើង ដោយព្រះគុណព្រះអង្គ ចូរយើងស្តាប់តាមប្រាជ្ញារបស់ព្រះអង្គ ហើយផ្លាស់ប្តូរទិសដៅរបស់យើង។—Winn Collier
តើអ្នកបានបដិសេធន៍មិនស្តាប់តាមប្រាជ្ញាមកពីព្រះ នៅពេលណាខ្លះ? តើអ្នកអាចរៀនស្តាប់បង្គាប់តាមការដាស់តឿនរបស់ព្រះអង្គ យ៉ាងដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យស្តាប់តាមព្រះអង្គ ហើយងាកបែរចេញពីគ្រោះថ្នាក់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៦៥-៦៦ និង ១ធីម៉ូថេ ២
ប្រភេទ
ល្ងាច

ព្រះយេស៊ូវស្គាល់ចៀមរបស់ព្រះអង្គ
ដោយJohn Piper
October 21, 2023
“ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ”(យ៉ូហាន ១០:២៧)។ ព្រះយេស៊ូវស្គាល់អស់អ្នក ដែលជាកម្មសិទ្ធិព្រះអង្គ។ តើព្រះអង្គស្គាល់យ៉ាងណាខ្លះ? បទគម្ពីរ យ៉ូហាន ១០:៣ មានន័យស្របនឹងបទគម្ពីរ យ៉ូហាន ១០:២៧។ បទគម្ពីរនេះបានចែងថា “ហ្វូងចៀមស្តាប់តាមសំឡេងគាត់ដែរ ឯចៀមរបស់គាត់ នោះគាត់ហៅតាមឈ្មោះវានីមួយៗ នាំចេញទៅក្រៅ”។ ដូចនេះ ពេលដែលព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំក៏ស្គាល់វាដែរ” គឺមានន័យថា យ៉ាងហោចណាស់ ព្រះអង្គស្គាល់ឈ្មោះពួកគេ បានសេចក្តីថា ព្រះអង្គស្គាល់ពួកគេផ្ទាល់ៗខ្លួន និងដោយភាពស្និទ្ធស្នាល។ ពួកគេមិនមែនជាជនអនាមិក ដែលវង្វេងក្នុងហ្វូងចៀមនោះទេ។ បទគម្ពីរយ៉ូហាន ១០:១៤-១៥ បានផ្តល់ឲ្យយើងនូវការយល់ដឹងមួយទៀតថា “ឯខ្ញុំ ជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមក៏ស្គាល់ខ្ញុំ ដូចជាព្រះវរបិតាទ្រង់ស្គាល់ខ្ញុំ ហើយខ្ញុំក៏ស្គាល់ទ្រង់ដែរ”។ របៀបដែលព្រះយេស៊ូវស្គាល់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ មានភាពស្រដៀងគ្នាយ៉ាងពិតប្រាកដ នឹងរបៀបដែលព្រះអង្គស្គាល់ចៀមរបស់ព្រះអង្គ។ ព្រះយេស៊ូវទតឃើញអង្គទ្រង់ ក្នុងព្រះវរបិតា ហើយក៏ទតឃើញអង្គទ្រង់ ក្នុងពួកសាវ័កផងដែរ។ ព្រះយេស៊ូវបានស្គាល់ចារិកលក្ខណៈរបស់ព្រះអង្គ ក្នុងពួកសាវ័ករបស់ព្រះអង្គ។ ព្រះអង្គទតឃើញត្រារបស់ព្រះអង្គ ដែលបានបោះពីលើចៀម។ ការនេះបង្ហាញថា ព្រះអង្គស្រឡាញ់ពួកគេណាស់។ ព្រះអង្គប្រៀបដូចជាស្វាមីដែលកំពុងរង់ចាំភរិយា នៅអាកាសយានដ្ឋាន ដោយឈរមើលមនុស្សដែលចុះពីយន្តហោះម្តងមួយៗ។ ពេលនាងបង្ហាញខ្លួនមក ព្រះអង្គស្គាល់នាង ព្រះអង្គស្គាល់លក្ខណៈពិសេសរបស់នាង ព្រះអង្គទតមើលក្នុងភ្នែករបស់នាង ឃើញចំណាំងផ្លាតនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ព្រះអង្គអរព្រះទ័យចំពោះនាង។ ក្នុងចំណោមមនុស្សដែលចុះពីលើយន្តហោះមក ព្រះអង្គឱបតែនាងម្នាក់ប៉ុណ្ណោះ។ សាវ័កប៉ុលបានបកស្រាយយ៉ាងដូចនេះថា “ឯឫសមាំមួនរបស់ព្រះ នោះធន់នៅវិញ ដោយបានបោះត្រាថា ព្រះអម្ចាស់ទ្រង់ស្គាល់អស់អ្នកដែលជារបស់ផងទ្រង់”(២ធីម៉ូថេ ២:១៩)។ យើងពិបាកនិយាយឲ្យលើសនេះទៀត អំពីឯកសិទ្ធិដ៏លើសលប់ ដែលយើងមាន ក្នុងការដែលព្រះរាជបុត្រានៃព្រះស្គាល់ដោយផ្ទាល់ យ៉ាងជិតស្និទ្ធ និងដោយសេចក្តីស្រឡាញ់។ ឯកសិទ្ធិនេះជាអំណោយដ៏មានតម្លៃ សម្រាប់ចៀមព្រះអង្គ ហើយមាននៅក្នុងទំនាក់ទំនង ក្តីស្រឡាញ់ និងការសន្យាប្រទានជីវិតអស់កល្ប ដែលមានលក្ខណៈផ្ទាល់ខ្លួន និងស៊ីជម្រៅយ៉ាងខ្លាំង។