ព្រឹក

ដាំក្បាលចុះទៅរកគ្រោះមហន្តរាយ
ដោយWinn Collier
October 22, 2023
សុភាសិត ២៧:៨-១២ មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញការអាក្រក់មក ក៏ពួនខ្លួន តែមនុស្សល្ងង់ខ្លៅ គេចេះតែដើរទៅហើយក៏ត្រូវមានទុក្ខ។ សុភាសិត ២៧:១២ កាលពីឆ្នាំ១៨៩២ ប្រជាជនម្នាក់កើតជំងឺអាសន្នរោគ បានចម្លងជំងឺនេះដោយមិនដឹងខ្លួន តាមរយៈទឹកទន្លេអ៊ែលបឺ ដែលហូរកាត់ទីក្រុងហ៊ែមបឺក ជាទន្លេដែលផ្គត់ផ្គង់ទឹកប្រើប្រាស់ដល់ប្រទេសអាឡឺម៉ង់។ ពលរដ្ឋរាប់ម៉ឺននាក់បានស្លាប់ ក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។ កាល៨ឆ្នាំមុន លោករ៉ូបឺត កូច(Robert Koch) ជាជីវវិទូជំនាញមីក្រុប បានរកឃើញថា ជំងឺអាសន្នរោគជាជំងឺឆ្លងតាមទឹក។ ការរកឃើញរបស់លោកកូច បានជំរុញចិត្តអាជ្ញាធរនៅតាមបណ្តាទីក្រុងធំៗនៅទ្វីបអឺរ៉ុប ឲ្យធ្វើការចំណាយទៅលើការសងសង់ប្រព័ន្ធបន្សុទ្ធទឹក ដើម្បីការពារទឹកប្រើប្រាស់របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរនៅទីក្រុងហ៊ែមបឺក មិនបានធ្វើអ្វីទាំងអស់។ ពួកគេបានលើកឡើង អំពីការចំណាយ និងមានការសង្ស័យមកលើការស្រាវជ្រាវបែបវិទ្យាសាស្ត្រនោះ ដូចនេះ ពួកគេក៏មិនបានអើពើចំពោះការដាស់តឿនដ៏ច្បាស់លាស់ ខណៈពេលដែលទីក្រុងរបស់ពួកគេបានដាំក្បាលចុះទៅរកគ្រោះមហន្តរាយ។ កណ្ឌគម្ពីរសុភាសិតបានចែងអំពីមនុស្សដែលដឹងថា គ្រោះថ្នាក់នឹងកើតមាន តែបដិសេធន៍មិនបញ្ចៀសគ្រោះថ្នាក់នោះ។ គឺដូចមានសេចក្តីចែងថា “មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញការអាក្រក់មក ក៏ពួនខ្លួន”(២៧:១២)។ ពេលណាព្រះទ្រង់ជួយយើងឲ្យមើលឃើញគ្រោះថ្នាក់នៅខាងមុខ យើងចាំបាច់ត្រូវធ្វើអ្វីម្យ៉ាង ដើម្បីស្វែងរកដំណោះស្រាយ។ យើងអាចផ្លាស់ប្តូរទិសដៅ ដោយប្រាជ្ញា។ ឬយើងរៀបចំខ្លួន ដោយវិធានការដ៏ត្រឹមត្រូវដែលព្រះអង្គប្រទាន។ តែទោះជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ យើងបានធ្វើអ្វីម្យ៉ាង។ ការមិនធ្វើអ្វីសោះ គឺល្ងង់សុទ្ធសាធ។ តែបើយើងមិនអើពើចំពោះសញ្ញាដាស់តឿន នោះយើងនឹងបោះពួយទៅរកមហន្តរាយ។ គឺដូចមានសេចក្តីចែងថា “តែមនុស្សល្ងង់ខ្លៅ គេចេះតែដើរទៅហើយក៏ត្រូវមានទុក្ខ”(ខ.១២)។ តាមរយៈព្រះគម្ពីរ និងព្រះជន្មរបស់ព្រះយេស៊ូវនៅលើផែនដី ព្រះទ្រង់បានបង្ហាញផ្លូវ ឲ្យយើងដើរតាម និងដាស់តឿនយើង អំពីបញ្ហាដែលយើងមុខជានឹងជួបប្រទះ។ បើយើងល្ងង់ខ្លៅ ដោយមិនស្តាប់បង្គាប់ យើងនឹងដួលចុះ ឬធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់មិនខាន។ ផ្ទុយទៅវិញ ខណៈពេលដែលព្រះអង្គដឹកនាំយើង ដោយព្រះគុណព្រះអង្គ ចូរយើងស្តាប់តាមប្រាជ្ញារបស់ព្រះអង្គ ហើយផ្លាស់ប្តូរទិសដៅរបស់យើង។—Winn Collier
តើអ្នកបានបដិសេធន៍មិនស្តាប់តាមប្រាជ្ញាមកពីព្រះ នៅពេលណាខ្លះ? តើអ្នកអាចរៀនស្តាប់បង្គាប់តាមការដាស់តឿនរបស់ព្រះអង្គ យ៉ាងដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យស្តាប់តាមព្រះអង្គ ហើយងាកបែរចេញពីគ្រោះថ្នាក់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៦៥-៦៦ និង ១ធីម៉ូថេ ២