ព្រឹក

ស្រែករកព្រះ ដោយទំនុកចិត្ត
ដោយJohn Blase
January 19, 2024
លោកុប្បត្ដិ ៤៩-៥០ និងម៉ាថាយ ១៣:៣១-៥៨
ទំនុកដំកើង ២៥:១៦-២២
សូមទ្រង់បែរមកមានសេចក្តីមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំនៅតែឯង ហើយមានសេចក្តីវេទនា។ ទំនុកដំកើង ២៥:១៦
ក្នុងសៀវភៅដែលលោកបណ្ឌិត រ៉ាស់ស៊ែល មួរ(Russell Moore) បាននិពន្ធ មានចំណងជើងថា ទទួលចិញ្ចឹមអស់មួយជីវិត គាត់បានពិពណ៌នា អំពីការធ្វើដំណើររបស់គ្រួសារគាត់ ទៅកាន់មណ្ឌលកុមារកំព្រាមួយកន្លែង ដើម្បីទទួលចិញ្ចឹមក្មេងម្នាក់។ ពេលពួកគេដើរចូលខាងក្នុង ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលបានជួបភាពស្ងប់ស្ងាត់ដ៏ចម្លែកនៅក្នុងអាគារ។
ទារកទាំងអស់នៅលើគ្រែ មិនដែលបញ្ចេញសម្លេងយំទាល់តែសោះ ហើយពួកគេក៏បានដឹងថា តាមពិត ទារកទាំងនោះមិនយំ មិនមែនដោយសារពួកគេមានភាពស្កប់ស្កល់នោះទេ តែដោយសារពួកគេដឹងថា គ្មាននរណាម្នាក់យកចិត្តទុក រៀងរាល់ពេលដែលពួកគេស្រែកយំ។
ខ្ញុំមានការឈឺជាប់នៅក្នុងចិត្តយ៉ាងខ្លាំង ពេលដែលបានអានរឿងនេះ។ ខ្ញុំនៅចាំពេលដែលកូនខ្ញុំនៅតូច។ មានពេលជាច្រើនរាប់មិនអស់ ដែលខ្ញុំ និងភរិយាខ្ញុំមិនបានគេងពេញភ្នែក ដោយសារសម្លេងយំរបស់កូនយើង ដោយសារពួកគេមិនស្រួលខ្លួន ឬមានការភ័យខ្លាច។ យើងប្រញាប់ក្រោកទៅមើលពួកគេ ដើម្បីកម្សាន្តចិត្ត និងមើលថែពួកគេឲ្យអស់ពីចិត្ត។ សេចក្តីស្រឡាញ់ដែលយើងមានចំពោះកូនយើង គឺជាមូលហេតុដែលពួកគេស្រែកយំឲ្យយើងជួយ។
ក្នុងកណ្ឌគម្ពីរទំនុកដំកើង មានទំនុកជាច្រើនលើសលប់ ដែលជាទំនុកនៃការទួញយំ និងបទទំនួញ ទៅកាន់ព្រះអម្ចាស់។ ពួកអ៊ីស្រាអែលបានថ្វាយពាក្យទំនួញដល់ព្រះអង្គ ផ្អែកទៅលើទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះអង្គ។ ពួកគេជារាស្រ្ត ដែលព្រះអង្គបានហៅថា “កូនច្បង”របស់ព្រះអង្គ(និក្ខមនំ ៤:២២) ហេតុនេះហើយ ពួកគេងាកទៅរកព្រះដែលជាព្រះវរបិតា ពេលមានទុក្ខលំបាក។ គឺដូចដែលពួកគេបានបង្ហាញការទុកចិត្តនេះ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក២៥ យ៉ាងដូចនេះថា “សូមទ្រង់បែរមកមានសេចក្តីមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំនៅតែឯង ... ឱសូមនាំទូលបង្គំចេញពីទុក្ខលំបាកនៃទូលបង្គំ”(ខ.១៦-១៧)។ ក្មេងៗយំ ដោយសារពួកគេមានទំនុកចិត្តមកលើសេចក្តីស្រឡាញ់របស់អ្នកថែរក្សាពួកគេ។ ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ និងជាកូនរបស់ព្រះ ព្រះអង្គបានប្រទានយើងនូវហេតុផល ដែលត្រូវស្រែករកព្រះអង្គ។ ព្រះអង្គស្តាប់ឮ ហើយយកព្រះទ័យទុកដាក់ ព្រោះព្រះអង្គមានសេចក្តីស្រឡាញ់ដ៏លើសលប់។—John Blasé
តើអ្នកមានទំនុកចិត្តក្នុងការស្រែករកព្រះអង្គ យ៉ាងដូចម្តេចខ្លះ? តើហេតុអ្វី? តើអ្នកអាចពោលទំនួញរបស់អ្នកដល់ព្រះនៅថ្ងៃនេះ យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គខ្លាំងណាស់ សម្រាប់សេចក្តីស្មោះត្រង់ដែលព្រះអង្គមាន ចំពោះការស្រែកយំរបស់ទូលបង្គំ ព្រមទាំងឆ្លើយតប។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្ដិ ៤៩-៥០ និងម៉ាថាយ ១៣:៣១-៥៨
ប្រភេទ
ល្ងាច

ខ្មាំងសត្រូវដែលបានបាក់ចង្កូម
ដោយJohn Piper
January 19, 2024
ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងការរំលង ហើយក្នុងសណ្ឋានមិនកាត់ស្បែកខាងសាច់ឈាម នោះទ្រង់បានប្រោសឲ្យរស់ជាមួយនឹងទ្រង់ ដោយបានអត់ទោសចំពោះអស់ទាំងការរំលងរបស់អ្នករាល់គ្នា ទាំងលុបចោលសេចក្តីដែលកត់ទុកទាស់នឹងយើងក្នុងសេចក្តីបញ្ញត្ត ដែលប្រទាំងនឹងយើង ហើយទ្រង់ក៏លើកចោល ដោយបោះភ្ជាប់នៅឈើឆ្កាង ទ្រង់បានទាំងទំលាក់ងារពីពួកគ្រប់គ្រង និងពួកមានអំណាច ទាំងដាក់ពួកទាំងនោះនៅកណ្តាលជំនុំឲ្យគេមើល ហើយដឹកនាំគេទៅ ដោយមានជ័យជំនះ ដោយសារឈើឆ្កាងនោះឯង។ កូល៉ុស ២:១៣-១៥
មូលហេតុដែលការរួបរួមជាមួយព្រះគ្រីស្ទ នាំឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង សម្រាប់អ្នកជឿ គឺដោយសារព្រះគ្រីស្ទទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ មកលើអារក្សនៅកាល់វ៉ារី។ ព្រះអង្គមិនបានដកសាតាំងចេញពីពិភពលោកឡើយ តែព្រះអង្គបានដកអាវុធចេញពីវា គឺដកអាវុធនៃការថ្កោលទោសចេញពីដៃរបស់វា។
វាមិនអាចចោទប្រកាន់អ្នកជឿថា មានអំពើបាបដែលព្រះមិនបានអត់ទោសឲ្យនោះឡើយ។ មានតែការចោទប្រកាន់មួយនេះប៉ុណ្ណោះ ដែលអាចបំផ្លាញយើង។ ដូចនេះ វាមិនអាចធ្វើឲ្យយើងមានភាពហិនវិនាសទាំងស្រុងឡើយ។ វាអាចធ្វើឲ្យយើងមានការឈឺចាប់ផ្លូវកាយ និងផ្លូវអារម្មណ៍ ហើយថែមទាំងអាចសម្លាប់រូបកាយយើងទៀត។ វាអាចល្បួងយើង ហើយញុះញង់អ្នកដទៃឲ្យមកទាស់នឹងយើង។ តែវាមិនអាចបំផ្លាញយើងបានឡើយ។
ជ័យជម្នះដ៏ត្រចេះត្រចង់ ក្នុងបទគម្ពីរកូល៉ុស ២:១៣-១៥ គឺស្របតាមការពិតដែលថា “សេចក្តីដែលកត់ទុកទាស់នឹងយើងក្នុងសេចក្តីបញ្ញត្ត” ត្រូវបានទ្រង់យកទៅបោះភ្ជាប់នៅឈើឆ្កាងហើយ។ អារក្សបានប្រើសេចក្តីដែលបានកត់ទុកនោះ ដើម្បីធ្វើការចោទប្រកាន់មកលើយើង។ ឥឡូវនេះ វាគ្មានការចោទប្រកាន់ណាមួយ ដែលអាចយកមកប្រើ ក្នុងតុលាការនៃស្ថានសួគ៌នោះឡើយ។ វាមិនអាចធ្វើនូវការមួយដែលវាចង់ធ្វើបំផុតគឺ៖ ការថ្កោលទោសយើង។ ព្រះគ្រីស្ទបានទទួលទោសជំនួសយើងហើយ។ អារក្សបានបាត់បង់អាវុធរបស់វា។
យើងអាចរកឃើញការបកស្រាយម្យ៉ាងទៀត អំពីរឿងនេះ ក្នុងបទគម្ពីរហេព្រើរ ២:១៤-១៥ ដែលចែងថា ៖ “ទ្រង់ក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដើម្បីឲ្យទ្រង់បានបំផ្លាញអានោះ ដែលមានអំណាចលើសេចក្តីស្លាប់ គឺជាអារក្ស ដោយទ្រង់សុគត ហើយឲ្យបានប្រោសដល់ពួកអ្នកនោះ ដែលជាប់ជាបាវបំរើគ្រប់១ជីវិត ដោយខ្លាចស្លាប់ ឲ្យបានរួចចេញវិញ”។
សេចក្តីស្លាប់នៅតែជាខ្មាំងសត្រូវ តែចង្កូមវាបានបាក់ហើយ។ វាក៏អស់ពិស។ ទ្រនិចដែលនាំឲ្យស្លាប់ក៏លែងមានទៀតដែរ។ បាបគឺជាទ្រនិចនៃសេចក្តីស្លាប់។ ហើយអំណាចនៃបាប ដែលថ្កោលទោសយើង គឺមាននៅក្នុងការតម្រូវរបស់ក្រឹត្យវិន័យ។ តែអរព្រះគុណព្រះគ្រីស្ទ ដែលបានសម្រេចក្រឹត្យវិន័យ។ «ឱសេចក្តីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្តីស្លាប់អើយ ជ័យជំនះរបស់ឯងនៅឯណា» (១កូរិនថូស ១៥:៥៥)។