ព្រឹក

មួយជំហានម្តង មួយជំហានម្តង
ដោយMonica Larose
January 20, 2024
និក្ខមនំ ១-៣ និង ម៉ាថាយ ១៤:១-២១
១យ៉ូហាន ៤:៩-១៩
ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន។ ១យ៉ូហាន ៤:១៩
អ្នកគ្រូថេរីសា(Teresa) ជាអ្នកក្រុងអាវីឡា ជាអ្នកនិពន្ធដ៏ល្បីល្បាញក្នុងពួកជំនុំ នៅសតវត្សរ៍ទី១៦។ ក្នុងសំណេររបស់គាត់ គាត់បានលើកឡើងថា គ្រីស្ទបរិស័ទជាច្រើនបានស្វែងរកវិធីផ្គាប់ចិត្តខ្លួនឯង ក្នុងការបម្រើព្រះ ក្នុងគ្រប់ការទាំងអស់។ គាត់បានបង្ហាញការសោកស្តាយ ចំពោះគ្រីស្ទបរិស័ទដែលបានព្យាយាមធ្វើកិច្ចការថ្វាយព្រះ តាមរបៀបងាយស្រួលគ្រប់គ្រងជាង និងគួរឲ្យគាប់ចិត្តខ្លួនឯងជាង ជាជាងចុះចូលនឹងការដឹកនាំរបស់ព្រះទាំងស្រុង។ យើងច្រើនតែមានទំនោរទៅរកការលូតលាស់ យឺតៗ មិនប្រាកដប្រជា និងថែមទាំងស្ទាក់ស្ទើរ ក្នុងការទុកចិត្តព្រះអង្គអស់ពីចិត្ត។ ហេតុនេះហើយ អ្នកគ្រូថេរីសាបានសារភាពថា សូម្បីតែពេលណាយើងវាស់ស្ទង់ជីវិតយើង តាមខ្នាតគំរូព្រះអង្គ បន្តិចម្តងៗ យើងត្រូវតែស្កប់ចិត្ត ក្នុងការទទួលអំណោយព្រះអង្គម្តងមួយដំណក់ម្តងមួយដំណក់ ទាល់តែយើងខ្ញុំបានថ្វាយជីវិតយើងខ្ញុំទាំងស្រុងដល់ព្រះអង្គ។
ក្នុងនាមយើងជាមនុស្ស ទំនុកចិត្តមិនកើតមានដោយឯកឯងឡើយ។ ហេតុនេះហើយ ការដកពិសោធន៍ជាមួយព្រះគុណ និងសេចក្តីស្រឡាញ់របស់ព្រះ ត្រូវការពេលវេលា។
ប៉ុន្តែ ពេលយើងអានបទគម្ពីរ ១យ៉ូហាន ជំពូក៤ យើងឃើញថា ព្រះទ្រង់ស្រឡាញ់យើង មុនយើងស្រឡាញ់ព្រះអង្គ(ខ.១៩) គឺស្រឡាញ់យើងយ៉ាងខ្លាំង បានជាព្រះអង្គស្ម័គ្រព្រះទ័យលះបង់ព្រះជន្មព្រះរាជបុត្រាព្រះអង្គ។ គឺដូចដែលសាវ័កយ៉ូហានបានសរសេរ ដោយការស្ញប់ស្ញែង និងការអរព្រះគុណថា “នេះហើយជាសេចក្តីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ”(ខ.១០)។
ព្រះទ្រង់បានប្រោសចិត្តយើងឲ្យជា បន្តិចម្តងៗ យ៉ាងសុភាព ដើម្បីឲ្យយើងទទួលសេចក្តីស្រឡាញ់ ហើយព្រះគុណព្រះអង្គជួយយើង ឲ្យថ្វាយការភ័យខ្លាចរបស់យើងដល់ព្រះអង្គ ម្តងមួយជំហាន(ខ.១៨)។ ព្រះគុណព្រះអង្គពាល់ចិត្តយើងម្តងមួយជំហាន ទាល់តែយើងបានដកពិសោធន៍នឹងការចាក់បង្ហូរព្រះគុណ និងសេចក្តីស្រឡាញ់របស់ព្រះអង្គ ជាបរិបូរ។—Monica La Rose
តើអ្នកបានដកពិសោធន៍នឹងព្រះគុណព្រះ “មួយជំហានម្តងៗ” ក្នុងជីវិតអ្នកដូចម្តេចខ្លះ? តើសេចក្តីស្រឡាញ់របស់ព្រះ បានជួយអ្នកជម្នះការភ័យខ្លាចដូចម្តេចខ្លះ ដើម្បីឲ្យអ្នកមានក្តីសង្ឃឹម និងទំនុកចិត្ត?
ឱព្រះដ៏ស្មោះត្រង់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានស្រឡាញ់ទូលបង្គំ មុនទូលបង្គំស្រឡាញ់ព្រះអង្គ សូម្បីតែនៅពេលដែលចិត្តទូលបង្គំមានរបួសខ្លាំងពេក និងឈឺចាប់ពេក ធ្វើឲ្យពិបាកទុកចិត្តព្រះអង្គ។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានឈោងមករកទូលបង្គំ តាមមធ្យោបាយជាច្រើន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ១-៣ និង ម៉ាថាយ ១៤:១-២១
ប្រភេទ
ល្ងាច

ព្រះទ្រង់សព្វព្រះទ័យឲ្យអ្នកចូលមកជិតព្រះអង្គ
ដោយJohn Piper
January 20, 2024
នោះត្រូវឲ្យយើងចូលទៅជិតទាំងមានចិត្តស្មោះត្រង់។ ហេព្រើរ ១០:២២
បទគម្ពីរនេះបានបង្គាប់យើង ឲ្យចូលទៅជិតព្រះ។ គោលបំណងនៃអ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ គឺដើម្បីឲ្យយើងចូលទៅជិតព្រះ ដើម្បីឲ្យយើងមានការប្រកបជាមួយព្រះអង្គ និងដើម្បីកុំឲ្យយើងរស់នៅជាគ្រីស្ទបរិស័ទ ដោយដាច់ឆ្ងាយពីព្រះនោះឡើយ។
ការចូលមកជិតនេះ មិនមែនជាសកម្មភាពផ្លូវកាយនោះទេ។ មិនមែនជាការសង់ប៉មបាបិល ដោយប្រើស្នាដៃរបស់អ្នក ដើម្បីឲ្យឈោងទៅដល់ស្ថានសួគ៌នោះឡើយ។ វាក៏មិនមែនជាការចូលទៅក្នុងសំណង់អគារព្រះវិហារ ឬដើរទៅរកអាសនា ដែលនៅខាងមុខនោះដែរ។ តែការចូលមកជិតនោះ ជាសកម្មភាពនៃចិត្តដែលយើងមើលមិនឃើញ។ អ្នកអាចចូលទៅជិតព្រះបាន ពេលអ្នកកំពុងនៅនឹងមួយកន្លែង ឬពេលដែលអ្នកកំពុងគេងនៅលើគ្រែ ក្នុងមន្ទីរពេទ្យ ឬមួយនៅលើយានជំនិះដែលអ្នកកំពុងជិះទៅធ្វើការ។
នេះជាចំណុចកណ្តាលនៃដំណឹងល្អ នេះជាអត្ថន័យនៃព្រឹត្តិការណ៍នៅសួនច្បាគែតសេម៉ានី និងថ្ងៃសុក្រដ៏ល្អមុនពេលព្រះអង្គសុគត ដែលក្នុងនោះ ព្រះទ្រង់បានធ្វើនូវការដែលគួរឲ្យភ្ញាក់ផ្អើល និងដោយការលះបង់ខ្ពស់បំផុត ដើម្បីនាំយើងចូលមកជិតព្រះអង្គ។ ព្រះអង្គបានចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យមករងទុក្ខ និងសុគត ដើម្បីឲ្យយើងចូលមកជិតព្រះអង្គ តាមរយៈព្រះរាជបុត្រា។ អ្វីៗដែលព្រះអង្គបានធ្វើ នៅក្នុងផែនការដ៏អស្ចារ្យនៃការប្រោសលោះ គឺដើម្បីឲ្យយើងចូលមកជិតព្រះអង្គ។ ហើយការចូលមកជិតនោះ គឺដើម្បីឲ្យយើងមានអំណរ និងដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។
ព្រះអង្គមិនត្រូវការយើងឡើយ។ បើយើងនៅឆ្ងាយពីព្រះអង្គ ព្រះអង្គនៅតែមិនធ្លាក់ខ្លួនក្រ។ ព្រះអង្គមិនត្រូវការយើង ដើម្បីសប្បាយព្រះទ័យ ក្នុងការប្រកបនៃព្រះត្រៃឯកនោះទេ។ តែព្រះអង្គពង្រីកសេចក្តីមេត្តារបស់ព្រះអង្គ ដោយប្រទានយើងនូវផ្លូវចូលទៅរកសេចក្តីពិត តាមរយៈព្រះរាជបុត្រាព្រះអង្គ ទោះយើងជាមនុស្សមានបាប គឺសេចក្តីពិតដែលថា មានតែព្រះអង្គប៉ុណ្ណោះដែលអាចចម្អែតវិញ្ញាណយើងទាំងស្រុង និងជារៀងរហូតបាន។ «នៅចំពោះទ្រង់មានសេចក្តីអំណរដ៏ពោរពេញ នៅព្រះហស្តស្តាំទ្រង់មានសេចក្តីអរសប្បាយ ជាដរាបតទៅ» ទំនុកដំកើង ១៦:១១។
នេះជាបំណងព្រះទ័យ ដែលព្រះទ្រង់មានសម្រាប់អ្នក សូម្បីតែនៅពេលអ្នកកំពុងអានសៀវភៅនេះ។ មូលហេតុដែលព្រះគ្រីស្ទសុគត នោះគឺដើម្បីឲ្យអ្នកបានចូលទៅជិតព្រះ។