ព្រឹក

ពាក្យសម្ដីនាំមកនូវចិត្តស្រស់ថ្លា
ដោយLisa Samra
January 26, 2024
និក្ខមនំ ១៦-១៨ និង ម៉ាថាយ ១៨:១-២០
សុភាសិត ២៥:២៣-២៧
ទឹកបានត្រជាក់ដល់ព្រលឹងមនុស្សល្វឹងល្វើយជាយ៉ាងណា នោះដំណឹងល្អដែលមកពីស្រុកឆ្ងាយក៏យ៉ាងនោះដែរ។ សុភាសិត ២៥:២៥
កាលខ្ញុំកំពុងឈរនៅក្នុងផ្ទះបាយ កូនស្រីខ្ញុំស្រាប់តែលាន់មាត់ថា មានសត្វរុយមួយក្បាលនៅក្នុងទឹកឃ្មុំ។ ខ្ញុំក៏បាននិយាយលេងជាមួយនាង ដោយដកស្រង់ពាក្យស្លោកមួយ ដែលពោលថា យើងអាចប្រទះឃើញសត្វរុយនៅក្នុងទឹកឃ្មុំ ច្រើនជាងនៅក្នុងទឹកខ្មេះ។ កាលនោះ ខ្ញុំបានឃើញសត្វរុយនៅក្នុងទឹកឃ្មុំជាលើកដំបូង តែខ្ញុំបានដកស្រង់ពាក្យស្លោកនេះ ដោយសារវាបានបង្រៀនយើងថា ការស្នើសុំដ៏សុភាពអាចបញ្ចុះបញ្ចូលអ្នកដទៃ បានច្រើនជាងការស្នើសុំដោយអាកប្បកិរិយាជូរល្វីង។
កណ្ឌគម្ពីរសុភាសិតបានប្រមូលផ្តុំសុភាសិតប្រកបដោយប្រាជ្ញាជាច្រើន ដែលព្រះវិញ្ញាណបានបណ្តាលឲ្យតែង។ សុភាសិតទាំងនេះដឹកនាំ និងបង្រៀនយើង នូវសេចក្តីពិតដ៏សំខាន់ អំពីរបៀបរស់នៅ ដែលថ្វាយព្រះកិត្តិនាមដល់ព្រះ។ សុភាសិតជាច្រើនផ្ដោតទៅលើទំនាក់ទំនងជាមួយមនុស្សនិងមនុស្ស ដោយរាប់បញ្ចូលទាំងផលប៉ះពាល់ ដែលពាក្យសម្ដីរបស់យើងអាចមានមកលើអ្នកដទៃ។
ក្នុងសុភាសិតរបស់ស្តេចសាឡូម៉ូន ទ្រង់បានដាស់តឿនយើង មិនឲ្យនិយាយពាក្យមិនពិតមកលើអ្នកដទៃ(សុភាសិត ២៥:១៨)។ ទ្រង់បានបង្រៀនថា “អណ្តាតដែលនិយាយដើមគេ” នាំឲ្យមានភាពល្អក់កករនៅក្នុងទំនាក់ទំនង(ខ.២៣)។ ទ្រង់ក៏បានដាស់តឿន អំពីផលប៉ះពាល់នៃការរអ៊ូរទាំផងដែរ(ខ.២៤)។ ហើយទ្រង់ក៏បានលើកទឹកចិត្តអ្នកអានកណ្ឌគម្ពីរសុភាសិត ពាក្យសម្តីដែលនាំដំណឹងល្អ គឺជាព្រះពរដល់អ្នកស្តាប់(ខ.២៥)។
ខណៈពេលដែលយើងព្យាយាមយកសេចក្តីពិតនេះមកអនុវត្តន៍តាម សូមព្រះវិញ្ញាណប្រទានយើង នូវចម្លើយដ៏សមរម្យ(១៦:១)។ ព្រះអង្គអាចជួយឲ្យពាក្យសម្ដីរបស់យើងមានរស់ជាតិផ្អែម ក៏ដូចជានាំមកនូវភាពស្រស់ថ្លាក្នុងចិត្ត។—Lisa M. Samra
តើអ្នកបានឃើញផលប៉ះពាល់នៃពាក្យសម្ដី នៅពេលណាខ្លះ? តើព្រះវិញ្ញាណបរិសុទ្ធអាចដឹកនាំអ្នក ឲ្យប្រើពាក្យសម្ដីដែលនាំមកនូវភាពស្រស់ថ្លាក្នុងចិត្ត ដូចម្តេចខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំ ឲ្យបង្ហាញអ្នកដទៃ ឲ្យឃើញសេចក្តីអាណិតរបស់ព្រះអង្គ នៅក្នុងទំនាក់ទំនងរបស់ទូលបង្គំ ដោយប្រើពាក្យសម្លីដែលប្រកបដោយគុណ និងសប្បុរស។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ១៦-១៨ និង ម៉ាថាយ ១៨:១-២០
ប្រភេទ
ល្ងាច

ព្រះគុណដែលព្រះអង្គបដិសេធន៍ និងផ្គត់ផ្គង់ឲ្យ
ដោយJohn Piper
January 26, 2024
ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន។ កិច្ចការ ១៤:២២
យើងត្រូវការកម្លាំងខាងក្នុងវិញ្ញាណ មិនគ្រាន់តែដោយសារយើងអន់ថយកម្លាំង ដោយសារភាពតានតឹង ឬស្ត្រេសដែលយើងមានជារៀងរាល់ថ្ងៃប៉ុណ្ណោះទេ តែដោយសារទុក្ខលំបាក និងការរងទុក្ខ ដែលកើតមានពីមួយពេល ទៅមួយពេល។ ហើយបញ្ហាទាំងនេះពិតជាកើតមានមែន។
ទុក្ខលំបាកបន្ថែមទម្ងន់ពីលើភាពខ្សោះល្វើយក្នុងចិត្ត ដោយជៀសមិនរួច នៅតាមផ្លូវឆ្ពោះទៅរកនគរស្ថានសួគ៌។ ពេលដែលទុក្ខលំបាកកើតមាន ចិត្តរបស់យើងអាចរេរា ហើយផ្លូវដ៏ចង្អៀតឆ្ពោះទៅរកជីវិត អាចមើលទៅហាក់ដូចជាមានការពិបាកពេក។ ការឡើងតាមផ្លូវតូចចង្អៀត និងតាមចំណោទដែលចោទខ្លាំង ដែលសាកកម្លាំងឡានចាស់ទ្រុឌទ្រោម គឺមានការពិបាកគ្រប់គ្រាន់ហើយ។ ប៉ុន្តែ តើយើងត្រូវធ្វើដូចម្តេច នៅពេលដែលឡាននោះខូច?
សាវ័កប៉ុលបានស្រែករកព្រះបីដង ដោយសំណួរដូចនេះដែរ ដោយសារការរងទុក្ខមួយចំនួន ក្នុងជីវិតគាត់។ គាត់បានទូលសូមព្រះទ្រង់ដកបន្លាចេញពីសាច់គាត់។ តែព្រះគុណព្រះ មិនបានមក ក្នុងទម្រង់ដែលគាត់បានទូលសូមនោះឡើយ។ ព្រះគុណព្រះអង្គបានមក តាមទម្រង់ផ្សេង។ គឺដូចដែលព្រះគ្រីស្ទបានឆ្លើយតបគាត់ថា “គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្តីកំសោយ”(២កូរិនថូស ១២:៩)។
ត្រង់ចំណុចនេះ យើងឃើញថា ព្រះគុណបានប្រទានមក ដោយព្រះគ្រីស្ទប្រទានកម្លាំងឲ្យគាត់ ក្នុងការរងទុក្ខដែលមិនមានភាពធូរស្រាល។ យើងអាចនិយាយបានថា ព្រះគុណមួយបានប្រទានមក ក្នុងរង្វង់នៃព្រះគុណមួយទៀត ដែលព្រះអង្គបានបដិសេធន៍មិនប្រទានឲ្យ។ ហើយសាវ័កប៉ុលក៏បានឆ្លើយតប ដោយជំនឿ ក្នុងភាពគ្រប់គ្រាន់នៃព្រះគុណនៃអនាគតកាល យ៉ាងដូចនេះថា “ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្តីកំសោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ”(២កូរិនថូស ១២:៩)។
ជាញឹកញាប់ ព្រះទ្រង់ប្រទានពរយើង ដោយ “ព្រះគុណដែលព្រះអង្គប្រទាន” ក្នុងរង្វង់នៃ “ព្រះគុណ ដែលព្រះអង្គបានបដិសេធន៍មិនប្រទានឲ្យ”។
ឧទាហរណ៍ នៅថ្ងៃដែលមានអាកាសធាតុក្តៅហួតហែង ក្នុងខែកក្តដា ធុងទឹករបស់ឡានយើងបានឈប់ដំណើរការ ហើយយើងកំពុងស្ថិតនៅចម្ងាយប្រហែល៣០គីឡូ ពីទីប្រជុំជន ដូចនេះ យើងក៏បានជាប់គាំងដំណើរ នៅតាមព្រំប្រទល់រដ្ឋថេនេស៊ី។
កាលព្រឹកនោះ ខ្ញុំបានអធិស្ឋានសូមឲ្យឡាននោះមានដំណើរការល្អ ដើម្បីឲ្យយើងទៅដល់គោលដៅដោយសុវត្ថិភាព។ តែឥឡូវនេះ វាឈប់ដំណើរការហើយ។ ព្រះទ្រង់មិនបានប្រទានព្រះគុណ ដែលខ្ញុំបានទូលសូម ដើម្បីកុំឲ្យមានបញ្ហា ក្នុងការធ្វើដំណើរ។ ពេលនោះ គ្មានអ្នកបើកបរណាបានឈប់ឡាន ដើម្បីជួយយើងឡើយ ខណៈពេលដែលយើងកំពុងឈរក្បែរឡានយើង។ បន្ទាប់មក កូនប្រុសខ្ញុំ ឈ្មោះអ័ប្រាហាំ(កាលនោះ មានអាយុប្រហែល១១ឆ្នាំ) បានមានប្រសាសន៍ថា “ប៉ា យើងគួរតែអធិស្ឋាន”។ ដូចនេះ យើងក៏បានឱនក្បាល នៅក្រោយឡានយើង ដើម្បីទូលសូមព្រះគុណសម្រាប់ពេលអនាគត ជាជំនួយ ក្នុងពេលដែលយើងមានសេចក្តីត្រូវការ។ ពេលយើងងើបក្បាលឡើង យើងក៏បានឃើញឡានភីកអាប់មួយគ្រឿងឈប់ នៅក្បែរឡានយើង។
អ្នកបើកបរឡាននោះជាជាងឡាន ដែលធ្វើការនៅយានដ្ឋានមួយ នៅចម្ងាយប្រហែល៣០គីឡូម៉ែត្រ។ គាត់ប្រាប់យើងថា គាត់ស្ម័គ្រចិត្តទៅយកគ្រឿងបន្លាស់មកជួសជុលឡានយើង។ ខ្ញុំក៏បានជិះឡានជាមួយគាត់ ទៅកាន់ទីប្រជុំជននោះ ហើយអាចផ្សាយដំណឹងល្អដល់គាត់។ ប្រហែល៥ម៉ោងក្រោយមក យើងក៏បានបន្តដំណើរទៅមុខទៀត។
ដូចនេះ ការឆ្លើយតបរបស់ព្រះ ចំពោះការអធិស្ឋានរបស់យើង មានលក្ខណៈគួរឲ្យកត់សំគាល់ នៅត្រង់ចំណុចថា ការឆ្លើយតបនោះបានមកដល់ នៅក្នុងរង្វង់នៃព្រះគុណដែលព្រះអង្គបដិសេធន៍មិនប្រទាន។ យើងទូលសូមការធ្វើដំណើរ ដែលគ្មានបញ្ហា។ ព្រះអង្គក៏បានប្រទានបញ្ហា ក្នុងការធ្វើដំណើរនោះ។ តែនៅក្នុងព្រះគុណដែលព្រះអង្គបានបដិសេធន៍មិនប្រទាន យើងក៏ទទួលបានព្រះគុណដែលបំពេញតម្រូវការយើង។ ហើយខ្ញុំកំពុងរៀនទុកចិត្តប្រាជ្ញារបស់ព្រះ ក្នុងពេលដែលព្រះអង្គប្រទានព្រះគុណ ដែលល្អបំផុតសម្រាប់ខ្ញុំ និងជាងឡានដែលមិនមែនជាអ្នកជឿ ក៏ដូចជាសម្រាប់ជំនឿរបស់ក្មេងប្រុសអាយុ១១ឆ្នាំ ដែលបានមើលឃើញរឿងដែលបានកើតឡើងថ្ងៃនោះ។
យើងមិនគួរមានការភ្ញាក់ផ្អើល នៅពេលដែលព្រះប្រទានយើង នូវព្រះគុណដ៏អស្ចារ្យ ក្នុងពេលដែលមានទុក្ខលំបាក ដែលយើងបានទូលសូមព្រះអង្គឲ្យជួយយើង។ ព្រះអង្គជ្រាបច្បាស់បំផុត អំពីរបៀបបែងចែកព្រះគុណព្រះអង្គ ដើម្បីប្រយោជន៍យើង និងដើម្បីសិរីល្អរបស់ព្រះអង្គ។