ព្រឹក

អំណោយនៃព្រះគុណរបស់ព្រះអម្ចាស់
ដោយDave Branon
January 27, 2024
និក្ខមនំ ១៩-២០ និង ម៉ាថាយ ១៨:២១-៣៥
អេភេសូរ ៤:៤-៨
តែមានព្រះគុណផ្តល់មកយើងរាល់គ្នារៀងរាល់ខ្លួន តាមខ្នាតអំណោយទាននៃព្រះគ្រីស្ទ។ អេភេសូរ ៤:៧
ខណៈពេលដែលខ្ញុំកំពុងកែក្រដាសប្រឡងសំណេរអត្ថបទរបស់និស្សិត ដែលខ្ញុំបង្រៀននៅមហាវិទ្យាល័យ ខ្ញុំមានការស្ញប់ស្ញែងចំពោះអត្ថបទដែលសិស្សម្នាក់បានសរសេរ។ គាត់សរសេរបានល្អណាស់! មិនយូរប៉ុន្មាន ខ្ញុំក៏បានដឹងថា សំណេរនោះល្អពេក គាត់មិនទំនងជាបានសរសេរដោយសមត្ថភាពខ្លួនឯងទេ។ ខ្ញុំក៏បានធ្វើការស្រាវជ្រាវបន្តិចបន្តួច ក៏បានដឹងថា តាមពិត គាត់បានចម្លងអត្ថបទនោះពីប្រភពនៅតាមអនឡាញ។
ខ្ញុំក៏បានផ្ញើអ៊ីមែលទៅសិស្សម្នាក់នោះ ដើម្បីឲ្យនាងបានដឹងអំពីកំហុសរបស់នាង។ នាងនឹងទទួលបានពិន្ទុសូន្យ សម្រាប់អត្ថបទនោះ តែនាងអាចសរសេរអត្ថបទថ្មីមួយទៀត ដើម្បីឲ្យបានពិន្ទុខ្លះ។ នាងក៏បានឆ្លើយតបថា នាងមានការសោកស្តាយចំពោះកំហុសរបស់នាង ហើយក៏បានអរគុណខ្ញុំ ដែលបានផ្តល់ឱកាសឲ្យនាង ទោះនាងមិនសមនឹងទទួលឱកាសនោះក៏ដោយ។ ខ្ញុំក៏បានប្រាប់នាងថា យើងរាល់គ្នាសុទ្ធតែទទួលព្រះគុណពីព្រះយេស៊ូវជារៀងរាល់ថ្ងៃ ដូចនេះ ខ្ញុំមិនអាចបដិសេធន៍មិនព្រមផ្តល់ឱកាសឲ្យនាងឡើយ។
ព្រះគុណព្រះបានជួយឲ្យជីវិតយើងមានភាពល្អប្រសើរឡើងតាមមធ្យោបាយជាច្រើន ហើយប្រោសលោះយើងឲ្យរួចពីបាប។ លោកពេត្រុសបានមានប្រសាសន៍ថា “យើងជឿថា បានសង្គ្រោះដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវ ដូចជាគេដែរ”(កិច្ចការ ១៥:១១)។ ដូចនេះ ព្រះគុណព្រះបាននាំមកនូវសេចក្តីសង្គ្រោះ។ សាវ័កប៉ុលបានបង្រៀនផងដែរថា “ដ្បិតបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមព្រះគុណវិញ”(រ៉ូម ៦:១៤)។ បានសេចក្តីថា ព្រះគុណព្រះអង្គជួយយើង មិនឲ្យរស់នៅក្រោមអំណាចរបស់បាបទៀតទេ។ ជាងនេះទៅទៀត ព្រះគុណក៏បានជួយឲ្យយើងអាចបម្រើព្រះអង្គផងដែរ គឺដូចដែលសាវ័កពេត្រុសបានបង្រៀនឲ្យប្រើ “អំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ នៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ”(១ពេត្រុស ៤:១០)។
ព្រះទ្រង់បានប្រទានព្រះគុណមក ឲ្យយើងទទួលដោយឥតគិតថ្លៃ(អេភេសូរ ៤:៧)។ ចូរយើងប្រើព្រះគុណដែលជាអំណោយនេះ ដើម្បីស្រឡាញ់ និងលើកទឹកចិត្តអ្នកដទៃ។—Dave Branon
តើអ្នកបានដកពិសោធន៍ជាមួយព្រះគុណព្រះខ្លាំងបំផុត នៅពេលណា ក្នុងជីវិតអ្នក? តើអ្នកអាចបង្ហាញព្រះគុណដែលគួរឲ្យភ្ញាក់ផ្អើល ដល់អ្នកដទៃនៅថ្ងៃនេះ យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំឲ្យបង្ហាញព្រះគុណព្រះអង្គ តាមរយៈការទំនាក់ទំនងជាមួយអ្នកដទៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ១៩-២០ និង ម៉ាថាយ ១៨:២១-៣៥
ប្រភេទ
ល្ងាច

ទទួលនូវអ្វីដែលអ្នកមិនអាចបាត់បង់
ដោយJohn Piper
January 27, 2024
ព្រះយេស៊ូវទ្រង់ទតទៅគេ មានព្រះបន្ទូលថា “ការនោះមនុស្សលោកធ្វើពុំកើតទេ តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន”។ ម៉ាកុស ១០:២៧
ខាងក្រោមនេះ ជាមូលហេតុទាំងពីរយ៉ាងដែលព្រះយេស៊ូវបានប្រទាន ដើម្បីឲ្យយើងក្លាយជាគ្រីស្ទបរិស័ទ ដែលឈោងចាប់លោកិយ ហើយមានការប្តូរផ្តាច់ ចំពោះបុព្វហេតុនៃបេសកកម្មផ្សាយដំណឹងល្អ។ គឺក្នុងនាមជាអ្នកចេញទៅផ្សាយដំណឹងល្អ ឬអ្នកបញ្ជូនឲ្យទៅផ្សាយដំណឹងល្អ។
១. ការអ្វីដែលមនុស្សធ្វើមិនកើត ព្រះទ្រង់ធ្វើកើត(ម៉ាកុស ១០:២៧)។ ការកែប្រែមនុស្សមានបាបដែលរឹងទទឹង ឲ្យក្លាយជាគ្រីស្ទបរិស័ទ គឺជាការងាររបស់ព្រះ ហើយក៏ស្របទៅតាមផែនការ នៅក្រោមអធិបតេយ្យភាពរបស់ព្រះអង្គ។ យើងមិនចាំបាច់ត្រូវភ័យខ្លាច ឬព្រួយបារម្ភ ដោយសារភាពកម្សោយរបស់យើងនោះឡើយ។ ចម្បាំងនេះជាចម្បាំងរបស់ព្រះអម្ចាស់ ហើយព្រះអង្គនឹងប្រទានជ័យជម្នះ។
២. ព្រះគ្រីស្ទសន្យាថា នឹងធ្វើការសម្រាប់យើង ហើយព្រះអង្គកាន់ខាងយើងខ្លាំងណាស់ បានជានៅពេលដែលជីវិតនៃបេសកកម្មរបស់យើងបញ្ចប់ នោះយើងនឹងមិនអាចនិយាយថា យើងបានលះបង់អ្វីសោះឡើយ(ម៉ាកុស ១០:២៩-៣០)។
ពេលណាយើងដើរតាមបទបញ្ជារបស់ព្រះអង្គ សម្រាប់ការធ្វើបេសកកម្ម យើងនឹងរកឃើញថា សូម្បីតែផលប៉ះពាល់ដ៏ឈឺចាប់ ដែលយើងបានជួប ក៏ព្រះអង្គបានប្រើ ដើម្បីធ្វើឲ្យស្ថានភាពយើង មានភាពល្អប្រសើរឡើងផងដែរ។ សុខភាពខាងវិញ្ញាណ ដែលជាក្តីអំណររបស់យើង មានភាពល្អប្រសើរឡើង ១០០ដង។ ហើយពេលណាយើងអស់ជីវិត នោះយើងមិនស្លាប់ទេ តែយើងទទួលបានជីវិតអស់កល្ប។
ដែលខ្ញុំលើកទឹកចិត្តដូចនេះ គឺមិនមែនដើម្បីបង្អាក់សេចក្តីក្លាហាន និងការលះបង់ដែលអ្នកមានសម្រាប់ព្រះគ្រីស្ទឡើយ។ ខ្ញុំសូមលើកទឹកចិត្តអ្នក ឲ្យលះបង់អ្វីៗទាំងអស់ដែលអ្នកមាន ដើម្បីទទួលបាននូវជីវិតដែលមានភាពស្កប់ស្កល់ ក្នុងជម្រៅចិត្តដែលជ្រៅបំផុតរបស់អ្នក។ ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យរាប់អ្វីៗទាំងអស់ ជាសំរាម ដើម្បីទទួលយកនូវតម្លៃដ៏ខ្ពង់ខ្ពស់ នៃការបម្រើស្តេចលើអស់ទាំងស្តេច។ ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យដោះខោអាវកណ្តាចចេញ ហើយពាក់សំលៀកបំពាក់នៃទូតរបស់ព្រះវិញ។
ខ្ញុំសូមសន្យាថា អ្នកនឹងជួបការបៀតបៀន និងការខ្វះខាត តែសូមនឹកចាំអំពីក្តីអំណរ ក្នុងបទគម្ពីរដែលចែងថា “មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្តីសុចរិត ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ”(ម៉ាថាយ ៥:១០)។
នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៥៦ នៅប្រទេសអេក្វាឌ័រ ជនជាតិដើម៥នាក់ មកពីកុលសម្ព័ន្ធ វ៉ៅរ៉ានី បានសម្លាប់លោកជីម អេលាត(Jim Elliot) និងបេសកជន៤នាក់ទៀត ដែលរួមដំណើរជាមួយគាត់ ខណៈពេលដែលពួកគេព្យាយាមនាំដំណឹងល្អ ចូលទៅក្នុងកុលសម្ព័ន្ធវ៉ៅរ៉ានី។
ស្ត្រីវ័យក្មេង៤នាក់ បានបាត់បង់ស្វាមីរបស់ខ្លួន ហើយក្មេង៩នាក់បានបាត់បង់ឪពុក។ អ្នកស្រីអេលីហ្សាបិត អេលាត(Elisabeth Elliot) ក៏បានសរសេរថា លោកិយបានហៅរឿងនេះថា សុបិនអាក្រក់ដ៏សោកសៅ។ បន្ទាប់មក គាត់ក៏បានសរសេរទៀតថា លោកិយមិនបានស្គាល់សេចក្តីពិត នៅក្នុងពាក្យសម្ដីដែលលោកជីម អេលាតបានមានប្រសាសន៍ថា “មនុស្សដែលបានលះបង់អ្វីដែលខ្លួនមិនអាចរក្សាទុក ដើម្បីទទួលនូវអ្វីដែលខ្លួនមិនអាចបាត់បង់ គឺមិនមែនជាមនុស្សល្ងង់ឡើយ”។