ព្រឹក

ចែកចាយជំនឿរបស់អ្នក
ដោយBill Crowder
March 15, 2024
កិច្ចការ ១៦:១-១០
សូមអញ្ជើញឆ្លងមកជួយយើងខ្ញុំ ដែលនៅស្រុកម៉ាសេដូននេះផង។ កិច្ចការ ១៦:៩
កាលពីឆ្នាំ១៧០១ ព្រះវិហារនៃប្រទេសអង់គ្លេស បានផ្តល់ដង្វាយឧបត្ថម្ភដល់សមាគមន៍ផ្សព្វផ្សាយដំណឹងល្អ ដើម្បីបញ្ជូនបេសកជន ឲ្យចេញទៅទូទាំងពិភពលោក។ បាវចនាដែលពួកគេបានជ្រើសរើសនោះគឺ transiens adiuva nos ជាភាសាឡាតាំងមានន័យថា “សូមឆ្លងមកជួយយើងខ្ញុំផង!” នេះជាពាក្យអំពាវនាវរបស់ទូតព្រះគ្រីស្ទជាអ្នកផ្សាយដំណឹងល្អ តាំងពីសតវត្សរ៍ទី១ ដោយអ្នកដើរតាមព្រះយេស៊ូវបាននាំព្រះរាជសារនៃសេចក្តីស្រឡាញ់ និងការអត់ទោសរបស់ព្រះអង្គ ទៅកាន់លោកិយ ដែលកំពុងស្រេកឃ្លានសេចក្តីសង្គ្រោះ។
ពាក្យ “សូមឆ្លងមកជួយយើងខ្ញុំផង!” មានប្រភពមកពី “ការអំពាវនាវរបស់ពួកជំនុំនៅស្រុកម៉ាសេដូន” ដូចបានពិពណ៌នា ក្នុងបទគម្ពីរកិច្ចការ ជំពូក១៦។ កាលនោះ សាវ័កប៉ុល និងក្រុមការងាររបស់គាត់ទើបតែធ្វើដំណើរមកដល់ទីក្រុងត្រូអាស នៅតាមបណ្តោយឆ្នេរខាងលិច នៃតំបន់អាស៊ីតូច(សព្វថ្ងៃជាប្រទេសទួរគី ខ.៨)។ នៅទីនោះ មានយប់មួយ “ប៉ុលបានឃើញក្នុងការជាក់ស្តែង ជាមនុស្សពីស្រុកម៉ាសេដូនម្នាក់ ឈរអង្វរគាត់ថា សូមអញ្ជើញឆ្លងមកជួយយើងខ្ញុំ ដែលនៅស្រុកម៉ាសេដូននេះផង”(ខ.៩)។ បន្ទាប់ពីបានទទួលការបើកសម្ដែងនេះហើយ សាវ័កប៉ុល និងគូរកនរបស់គាត់ក៏បាន “រកឱកាសនឹងទៅឯស្រុកម៉ាសេដូនភ្លាម”(ខ.១០)។ ពួកគេបានយល់អំពីសារៈសំខាន់នៃការអំពាវនាវនោះ។
មិនមែនមនុស្សទាំងអស់សុទ្ធតែបានទទួលការត្រាស់ហៅឲ្យឆ្លងសមុទ្រនោះទេ ប៉ុន្តែ យើងអាចជួយទ្រទ្រង់អ្នកដែលបានទទួលការត្រាស់ហៅនោះ ដោយការអធិស្ឋាន និងដង្វាយឧបត្ថម្ភ។ ហើយយើងម្នាក់ៗសុទ្ធតែអាចប្រាប់អ្នកដទៃ អំពីដំណឹងល្អរបស់ព្រះយេស៊ូវ ទោះនៅក្នុងបន្ទប់ នៅតាមផ្លូវ ឬក្នុងសហគមន៍ណាមួយក៏ដោយ។ ចូរយើងអធិស្ឋានសូមឲ្យព្រះដ៏ល្អរបស់យើង ជួយយើងឲ្យអាចឆ្លងទៅរកអ្នកដទៃ ដើម្បីផ្តល់ជំនួយដ៏សំខាន់បំផុត គឺឱកាសទទួលការអត់ទោសបាបក្នុងព្រះនាមព្រះយេស៊ូវ។—Bill Crowder
តើព្រះទ្រង់កំពុងត្រាស់ហៅអ្នកឲ្យចែកចាយជំនឿរបស់អ្នក នៅកន្លែងណាខ្លះ? តើព្រះអង្គអាចប្រទានកម្លាំងឲ្យអ្នកអាចចែកចាយជំនឿ នៅថ្ងៃនេះ យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតានៃសេចក្តីស្រឡាញ់ ព្រះអង្គបានចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យមកសង្គ្រោះ និងអត់ទោសបាបឲ្យយើងខ្ញុំ។ សូមព្រះអង្គប្រទានទូលបង្គំនូវលទ្ធភាព ដើម្បីធ្វើជាអ្នកនាំដំណឹងល្អរបស់ព្រះអង្គ ឲ្យគេដឹងថា ព្រះអង្គបានប្រទានសេរីភាព និងការអត់ទោស ដល់មនុស្សទាំងអស់ដែលទទួលជឿព្រះយេស៊ូវ ជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ។
For further study, read Gospel Conversations: Sharing the Story of Jesus at DiscoverySeries.org/HP185.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ២៨-២៩ និង ម៉ាកុស ១៤:៥៤-៧២
ប្រភេទ
ល្ងាច

យុថ្កានៃក្តីអំណរ
ដោយJohn Piper
March 15, 2024
អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ។ ម៉ាថាយ ៥:១១
កុំឲ្យអរសប្បាយ ដោយព្រោះអារក្សចុះចូលអ្នករាល់គ្នានោះឡើយ ត្រូវឲ្យរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ។ លូកា ១០:២០
ព្រះយេស៊ូវបានបើកបង្ហាញអាថ៌កំបាំង ដែលការពារសុភមង្គលរបស់យើង ឲ្យរួចផុតពីការគំរាមកំហែង ដែលកើតឡើងពីសេចក្តីទុក្ខ និងភាពជោគជ័យ។ អាថ៌កំបាំងនោះគឺ ៖ យើងនឹងទទួលរង្វាន់ដ៏ប្រសើរលើសលប់ នៅនគរស្ថានសួគ៌។ ជាសរុប រង្វាន់នោះគឺជាការអរសប្បាយនឹងសិរីល្អរបស់ព្រះយេស៊ូវគ្រីស្ទ(យ៉ូហាន ១៧:២៤)។
ព្រះយេស៊ូវការពារសុភមង្គលយើង ឲ្យរួចផុតពីទុក្ខវេទនា គឺដូចដែលព្រះអង្គមានបន្ទូលថា ៖
"អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ ចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌ ពីព្រោះគេក៏បានធ្វើទុក្ខដល់ពួកហោរា ដែលនៅមុនអ្នករាល់គ្នា បែបដូច្នោះដែរ" (ម៉ាថាយ ៥:១១-១២)។
រង្វាន់ដ៏ប្រសើរលើសលប់ដែលយើងនឹងទទួលនៅស្ថានសួគ៌ ជួយឲ្យយើងនៅតែមានអំណរ នៅពេលដែលគេធ្វើទុក្ខ និងបៀតបៀនមកលើយើង។
ព្រះអង្គក៏ការពារក្តីអំណររបស់យើង ឲ្យរួចផុតពីផលវិបាកនៃជ័យជម្នះ គឺដូចដែលព្រះអង្គមានបន្ទូលថា
"កុំឲ្យអរសប្បាយ ដោយព្រោះអារក្សចុះចូលអ្នករាល់គ្នានោះឡើយ ត្រូវឲ្យរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ" (លូកា ១០:២០)។
ត្រង់ចំណុចនេះ ពួកសាវ័កបានជួបការល្បួង ឲ្យអរសប្បាយ ចំពោះជោគជ័យនៃការងារបម្រើព្រះ។ "ព្រះអម្ចាស់អើយ ទោះទាំងពួកអារក្សក៏ចុះចូលចំពោះយើងរាល់គ្នា ដោយព្រះនាមទ្រង់ដែរ "(លូកា ១០:១៧)។ តែការនេះបានកាត់ផ្តាច់ក្តីអំណររបស់ពួកគេ ចេញពីយុថ្កាដ៏រឹងមាំតែមួយគត់នៃក្តីអំណរ។
ដូចនេះ ព្រះយេស៊ូវការពារក្តីអំណររបស់ពួកគេ ឲ្យរួចផុតពីការគំរាមកំហែង ដែលកើតឡើងពីជោគជ័យ ដោយព្រះអង្គសន្យាថា យើងនឹងទទួលរង្វាន់ធំជាងនោះទៀត នៅស្ថានសួគ៌។ ចូរយើងអរសប្បាយ ព្រោះឈ្មោះយើង បានកត់ទុកនៅស្ថានសួគ៌ហើយ។ មរតករបស់អ្នកគ្មានដែនកំណត់ មានភាពអស់កល្បជានិច្ច និងពិតប្រាកដ។
ក្តីអំណររបស់យើងមានសុវត្ថិភាព។ គ្មានទុក្ខវេទនា ឬផលវិបាកនៃជោគជ័យណា ដែលអាចបំផ្លាញយុថ្ការបស់វាឡើយ។ អ្នកមានរង្វាន់ដ៏ប្រសើរលើសលប់ នៅស្ថានសួគ៌។ ឈ្មោះអ្នកបានកត់ទុកនៅទីនោះហើយ។ វានឹងមិនរលប់បាត់ទៅណាឡើយ។
ព្រះយេស៊ូវបានបោះយុថ្កានៃសុភមង្គលរបស់ពួកបរិសុទ្ធដែលរងទុក្ខ ឲ្យជាប់នៅក្នុងរង្វាន់នៅស្ថានសួគ៌។ ហើយព្រះអង្គក៏បោះយុថ្កានៃសុភមង្គលរបស់ពួកបរិសុទ្ធដែលមានជ័យជម្នះ យ៉ាងដូចនេះផងដែរ។
ហេតុនេះហើយ ព្រះអង្គក៏បានរំដោះយើង ឲ្យរួចផុតពីភាពផ្តាច់ការនៃការឈឺចាប់ និងការសប្បាយរបស់លោកិយ ដែលជាទុក្ខវេទនា និងជោគជ័យរបស់លោកិយ។