ព្រឹក

អ្នកដឹកនាំដែលរួបរួមគ្នា ដើម្បីនគរព្រះ
ដោយXochitl Dixon
March 16, 2024
ជនគណនា ១១:១៦-១៧,២៧-២៩
អញសុខចិត្តឲ្យបណ្តាជនទាំងឡាយរបស់ព្រះយេហូវ៉ា ចេះទាយដែរ ហើយឲ្យព្រះយេហូវ៉ាបានដាក់ព្រះវិញ្ញាណទ្រង់ លើគេគ្រប់គ្នាចុះ។ ជនគណនា ១១:២៩
កាលខ្ញុំបានចូលរួមក្រុមអ្នកនិពន្ធសៀវភៅកុមារគ្រីស្ទបរិស័ទ យើងបានអធិស្ឋានឲ្យគ្នាទៅវិញទៅមក ហើយជួយផ្សព្វផ្សាយសៀវភៅឲ្យគ្នាទៅវិញមក។ អ្នកខ្លះនិយាយថា យើងមានភាពល្ងង់ខ្លៅណាស់ ដែលយើងមានការរួបរួមជាមួយគូរប្រជែងក្នុងការលក់សៀវភៅ។ ប៉ុន្តែ ក្រុមរបស់យើងជាក្រុមអ្នកដឹកនាំដែលផ្ដោតចិត្តទៅលើនគរព្រះ និងលើកកម្ពស់សហគមន៍ មិនមែនប្រកួតគ្នានោះទេ។ យើងមានគោលដៅដូចគ្នា គឺដើម្បីផ្សាយដំណឹងល្អ។ យើងបម្រើមហាក្សត្រតែមួយ គឺព្រះយេស៊ូវ។ យើងបានរួបរួមគ្នា ដើម្បីឈោងចាប់មនុស្សកាន់តែច្រើន ដោយការធ្វើបន្ទាល់ថ្វាយព្រះគ្រីស្ទ។
កាលព្រះអម្ចាស់បង្គាប់លោកម៉ូសេឲ្យជ្រើសរើសពួកចាស់ទុំ៧០នាក់ ដែលមានបទពិសោធន៍ក្នុងការដឹកនាំ ព្រះអង្គមានបន្ទូលថា “អញនឹងចុះមកនិយាយនឹងឯង ហើយនឹងចែកព្រះវិញ្ញាណ ដែលសណ្ឋិតលើឯង ទៅដាក់លើគេផង នោះគេនឹងជួយផ្ទុកនូវបន្ទុកបណ្តាជននេះជាមួយនឹងឯង ដើម្បីកុំឲ្យឯងត្រូវផ្ទុកតែម្នាក់ឯងឡើយ”(ជនគណនា ១១:១៦-១៧)។ ក្រោយមក លោកយ៉ូស្វេបានឃើញពួកចាស់ទុំពីរនាក់កំពុងថ្លែងទំនាយ ហើយក៏បានប្រាប់លោកម៉ូសេឲ្យឃាត់ឃាំងពួកគេ។ លោកម៉ូសេក៏បានមានប្រសាសន៍ថា “តើឯងច្រណែនជំនួសអញឬអី អញសុខចិត្តឲ្យបណ្តាជនទាំងឡាយរបស់ព្រះយេហូវ៉ា ចេះទាយដែរ ហើយឲ្យព្រះយេហូវ៉ាបានដាក់ព្រះវិញ្ញាណទ្រង់ លើគេគ្រប់គ្នាចុះ”(ខ.២៩)។
ព្រះវិញ្ញាណបរិសុទ្ធអាចប្រទានកម្លាំងយើង ឲ្យជម្នះការល្បួង ដែលនាំចិត្តយើងឲ្យផ្ដោតទៅលើការប្រកួតប្រជែងគ្នា ឬការប្រៀបធៀបគ្នា ដែលរារាំងយើងមិនឲ្យធ្វើការជាមួយអ្នកដទៃ។ ពេលណាយើងទូលសូមព្រះអង្គប្រទានភាពជាអ្នកដឹកនាំដែលផ្តោតចិត្តទៅលើនគរព្រះអង្គ ព្រះអង្គនឹងប្រើយើងផ្សាយដំណឹងល្អនៅទូទាំងពិភពលោក ហើយថែមទាំងអាចសម្រាលបន្ទុករបស់យើង ខណៈពេលដែលយើងបម្រើព្រះអង្គជាមួយគ្នា។—Xochitl Dixon
តើអ្នកបានរួបរួមជាមួយអ្នកដទៃដូចម្តេចខ្លះ ដើម្បីបម្រើព្រះអង្គ? តើអ្នកអាចជួយទ្រទ្រង់នរណាខ្លះ ខណៈពេលដែលពួកគេបម្រើព្រះអង្គ ដោយអំណោយទានរបស់ពួកគេ?
ឱព្រះវិញ្ញាណបរិសុទ្ធ សូមព្រះអង្គជួយទូលបង្គំឲ្យមានភាពជាអ្នកដឹកនាំដែលផ្ដោតចិត្តទៅលើនគរព្រះអង្គ ហើយប្ដេជ្ញាចិត្តធ្វើការជាមួយអ្នកដទៃ ដើម្បីឈោងចាប់មនុស្សកាន់តែច្រើន ដោយព្រះរាជសារនៃដំណឹងល្អដែលសង្គ្រោះជីវិតឲ្យរួចពីបាប។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៣០-៣១ និង ម៉ាកុស ១៥:១-២៥
ប្រភេទ
ល្ងាច

យើងនឹងបានគ្រប់គ្រងលើអ្វីៗទាំងអស់
ដោយJohn Piper
March 16, 2024
ឯអ្នកណាដែលឈ្នះ នោះអញនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយនឹងអញ ដូចជាអញបានឈ្នះ ហើយបានអង្គុយជាមួយនឹងព្រះវរបិតាលើបល្ល័ង្កទ្រង់ដែរ។ វិវរណៈ ៣:២១
ក្នុងបទគម្ពីរនេះ ព្រះយេស៊ូវកំពុងមានបន្ទូលទៅកាន់ពួកជំនុំ នៅក្រុងឡៅឌីសេ។ តើព្រះបន្ទូលនេះ មានន័យដូចម្តេច?
តើយើងនឹងបានអង្គុយនៅលើបល្ល័ង្កជាមួយព្រះអង្គមែនទេ?
នេះជាព្រះបន្ទូលសន្យា ដល់អស់អ្នកដែលបានឈ្នះ គឺអ្នកដែលខំមមុលទៅមុខ ដោយជំនឿ ដល់ទីបញ្ចប់(១យ៉ូហាន ៥:៤) ទោះជាមានការគំរាមកំហែង ពីការឈឺចាប់ និងការល្បួងឲ្យសប្បាយក្នុងអំពើបាប។ ដូចនេះ បើអ្នកជាអ្នកជឿព្រះយេស៊ូវ ពិតប្រាកដ អ្នកនឹងបានអង្គុយនៅលើបល្ល័ង្កនៃព្រះរាជបុត្រានៃព្រះ ដែលគង់នៅលើបល្ល័ង្កនៃព្រះវរបិតា។
ខ្ញុំជឿថា ពាក្យ "បល្ល័ង្ករបស់ព្រះ" ជាសញ្ញាបង្ហាញអំពីសិទ្ធិ និងអំណាចសម្រាប់គ្រប់គ្រងចក្រវាល។ ព្រះយេស៊ូវគង់នៅលើបល្ល័ង្កនេះឯង។ សាវ័កប៉ុលមានប្រសាសន៍ថា " ដ្បិតគួរឲ្យទ្រង់បានសោយរាជ្យ ទាស់តែដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់ "(១កូរិនថូស ១៥:២៥)។ ដូចនេះ ពេលដែលព្រះយេស៊ូវមានបន្ទូលថា ព្រះអង្គនឹងឲ្យយើងអង្គុយជាមួយព្រះអង្គ នៅលើបល្ល័ង្ករបស់ព្រះអង្គ គឺព្រះកំពុងសន្យាថា យើងនឹងមានចំណែក នៅក្នុងការគ្រប់គ្រងមកលើអ្វីៗគ្រប់យ៉ាង។
តើនេះមិនមែនជាអ្វីដែលសាវ័កប៉ុលបានគិតដល់ ក្នុងបទគម្ពីរ អេភេសូរ ១:២២-២៣ ដែលចែងថា "ទ្រង់បានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមព្រះបាទនៃព្រះរាជបុត្រា ទាំងប្រទានទ្រង់មកធ្វើជាសិរសាលើគ្រប់ទាំងអស់ ដល់ពួកជំនុំ ដែលជារូបកាយទ្រង់ គឺជាសេចក្តីពោរពេញរបស់ព្រះអង្គ ដែលបំពេញគ្រប់ទាំងអស់ ក្នុងទាំងអស់"។
យើងដែលជាពួកជំនុំ "ជាសេចក្តីពោរពេញរបស់ព្រះអង្គ ដែលបំពេញគ្រប់ទាំងអស់"។ តើឃ្លានេះមានន័យដូចម្តេច? ខ្ញុំយល់ថា ឃ្លានេះមានន័យថា ចក្រវាលនឹងពេញដោយសិរីល្អនៃព្រះអម្ចាស់(ជនគណនា ១៤:២១)។ ហើយលក្ខណៈមួយនៃសិរីល្អនោះ គឺជាការពង្រីកដ៏ពេញលេញ នៃការគ្រប់គ្រងរបស់ព្រះអង្គនៅគ្រប់ទីកន្លែង ដែលមិនអាចបដិសេធន៍បាន។
ដូចនេះ បទគម្ពីរអេភេសូរ ១:២៣ មានន័យថា ព្រះយេស៊ូវបំពេញចក្រវាលទាំងមូល ដោយការគ្រប់គ្រងដ៏រុងរឿងរបស់ព្រះអង្គ តាមរយៈយើង។ បានសេចក្តីថា យើងអង្គុយជាមួយព្រះអង្គ នៅលើបល្ល័ង្កព្រះអង្គ។
គ្មាននរណាម្នាក់យល់រឿងនេះបានច្បាស់លាស់ទេ។ រឿងនេះល្អ ហើយអស្ចារ្យពេក។ ហេតុនេះហើយសាវ័កប៉ុលបានអធិស្ឋានសូមព្រះអម្ចាស់ជួយ ឲ្យភ្នែកចិត្តរបស់យើង បានភ្លឺឡើងប្រយោជន៍ឲ្យបានដឹងថា ដែលទ្រង់ហៅយើងរាល់គ្នា នោះមានសេចក្តីសង្ឃឹមជាយ៉ាងណា(អេភេសូរ ១:១៨)។
បើគ្មានជំនួយពីព្រះដែលមានគ្រប់ចេស្ដាទេ យើងមិនអាចស្គាល់ភាពអស្ចារ្យនៃការផ្លាស់ប្រែដែលព្រះទ្រង់សព្វព្រះទ័យឲ្យយើងមាននោះឡើយ។ ប៉ុន្តែ បើព្រះអង្គឲ្យយើងស្គាល់ភាពអស្ចារ្យនោះ ពិតប្រាកដមែន នោះអារម្មណ៍ដែលយើងមាន ចំពោះលោកិយនេះ នឹងមានការផ្លាស់ប្តូរ។ ព្រះរាជបញ្ជាក្នុងព្រះគម្ពីរសញ្ញាថ្មីដែលចម្លែក និងសំខាន់ នឹងមិនចម្លែក ដូចដែលគេធ្លាប់គិតឃើញនោះឡើយ។