ព្រឹក

សេចក្តីស្រឡាញ់ ដែលនាំឲ្យគេសរសើរដំកើងព្រះ
ដោយMike Wittmer
March 22, 2024
១ពេត្រុស ២:១១-១២
ទាំងប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ ... នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ។ ១ពេត្រុស ២:១២
ស្ត្រីម្នាក់ដែលអង្គុយនៅលើកៅអីជាប់ខ្ញុំ ក្នុងយន្តហោះ បានប្រាប់ខ្ញុំថា នាងមិនជឿព្រះ ហើយគាត់ក៏គ្មានជំនឿសាសនាដែរ។ គាត់បានផ្លាស់ទីលំនៅទៅទីក្រុងមួយ ដែលមានគ្រីស្ទបរិស័ទជាច្រើនរស់នៅ។ នៅពេលដែលគាត់បានលើកឡើងថា ភាគច្រើននៃអ្នកជិតខាងរបស់គាត់ទៅព្រះវិហារនៅថ្ងៃអាទិត្យ ខ្ញុំក៏បានសួរគាត់អំពីបទពិសោធន៍របស់គាត់ នៅក្នុងការរស់នៅទីនោះ។ គាត់ថា គាត់មិនដឹងថា គាត់អាចសងគុណពួកគេវិញដោយរបៀបណាទេ។ នៅពេលដែលគាត់នាំឪពុករបស់គាត់ជាជនពិការ ទៅរស់នៅជាមួយគាត់ ក្នុងប្រទេសនោះ អ្នកជិតខាងរបស់គាត់បានសង់ផ្លូវសម្រាប់ឲ្យឪពុកគាត់អាចជិះរទេះរុញចេញចូលផ្ទះរបស់គាត់ ហើយក៏បានបរិច្ចាគគ្រែពេទ្យមួយគ្រឿង និងថ្នាំពេទ្យដល់ឪពុកគាត់។ គាត់ក៏បាននិយាយថា “បើសិនជាការរស់នៅជាគ្រីស្ទបរិស័ទធ្វើឲ្យមនុស្សមានចិត្តសប្បុរស នោះមនុស្សគ្រប់គ្នាគួរតែក្លាយជាគ្រីស្ទបរិស័ទ”។
នេះជាអ្វីដែលព្រះយេស៊ូវសព្វព្រះទ័យឲ្យគាត់និយាយ! ព្រោះព្រះអង្គបានប្រាប់សិស្សព្រះអង្គថា “ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។ លោកពេត្រុសបានឮព្រះរាជបញ្ជារបស់ព្រះគ្រីស្ទ បានជាគាត់បង្រៀនគ្រីស្ទបរិស័ទឲ្យ “ប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណា ដែលគេនិយាយដើមពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ”(១ពេត្រុស ២:១២)។
អ្នកជិតខាងយើងដែលមិនជឿព្រះយេស៊ូវ ប្រហែលមិនយល់អំពីជំនឿ និងមូលហេតុដែលយើងជឿទេ។ តែកុំបារម្ភអំពីបញ្ហានេះឡើយ ដរាបណាយើងនៅមានឱកាសបង្ហាញសេចក្តីស្រឡាញ់ តាមរយៈការប្រព្រឹត្តរបស់យើង។ ស្ត្រីដែលអង្គុយនៅកៅអីជាប់ខ្ញុំក្នុងយន្តហោះមានការស្ញប់ស្ញែងចំពោះអ្នកជិតខាងរបស់នាង ដែលនៅតែបន្តយកចិត្តទុកដាក់ចំពោះនាង ទោះនាងមិនបានខ្វល់ពីគេក៏ដោយ។ នាងដឹងថា ពួកគេមានសេចក្តីស្រឡាញ់ចំពោះនាង ដោយសារព្រះយេស៊ូវ ហើយនាងក៏បានអរព្រះគុណព្រះអង្គ។ នាងប្រហែលមិនទាន់បានជឿព្រះអង្គទេ តែការល្អដែលនាងបានបើកចំហចិត្ត ហើយនាងអរព្រះគុណព្រះអង្គ ដែលអ្នកដទៃទទួលជឿព្រះអង្គ។—Mike Wittmer
តើក្នុងចំណោមមនុស្សដែលអ្នកស្គាល់ មាននរណាខ្លះ ដែលត្រូវការព្រះយេស៊ូវ? តើអ្នកអាចស្រឡាញ់ពួកគេយ៉ាងដូចម្តេចខ្លះ ដោយយល់ដល់ព្រះអង្គ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមពន្លឺព្រះអង្គចែងចាំងតាមរយៈទូលបង្គំ។
For further study, read Pray First: The Power of Prayer in Sharing the Gospel at DiscoverySeries.org/Q0219.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ១៣-១៥ និង លូកា ១:៥៧-៨០
ប្រភេទ
ល្ងាច

ចូរយើងចូលទៅរកព្រះ ដោយផ្ទាល់
ដោយJohn Piper
March 22, 2024
នៅថ្ងៃនោះ អ្នករាល់គ្នានឹងសូមដោយនូវឈ្មោះខ្ញុំ ហើយខ្ញុំមិនថា ខ្ញុំនឹងទូលអង្វរដល់ព្រះវរបិតា ជំនួសអ្នករាល់គ្នានោះទេ ដ្បិតព្រះវរបិតា ទ្រង់ក៏ស្រឡាញ់អ្នករាល់គ្នាដែរ ដោយព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ហើយក៏ជឿថា ខ្ញុំបានចេញពីព្រះមក។ យ៉ូហាន ១៦:២៦-២៧
ចូរយើងកុំរំពឹងចង់ឲ្យព្រះរាជបុត្រានៃព្រះ ធ្វើលើសពីភារកិច្ចរបស់ព្រះអង្គ ជាអង្គបុគ្គលដែលនៅកណ្តាលយើង និងព្រះនោះឡើយ។
ព្រះយេស៊ូវមានបន្ទូលថា "ខ្ញុំមិនថា ខ្ញុំនឹងទូលអង្វរដល់ព្រះវរបិតា ជំនួសអ្នករាល់គ្នានោះទេ"។ បានសេចក្តីថា ព្រះអង្គនឹងមិននៅកណ្តាលយើង និងព្រះវរបិតា ដោយហាក់ដូចជា យើងមិនអាចចូលទៅរកព្រះ ដោយផ្ទាល់នោះឡើយ។ តើហេតុអ្វី? ព្រោះព្រះវរបិតាស្រឡាញ់យើងរាល់គ្នា។
នេះជារឿងដែលគួរឲ្យភ្ញាក់ផ្អើលណាស់។ ត្រង់ចំណុចនេះ ព្រះយេស៊ូវកំពុងដាស់តឿនយើង កុំឲ្យគិតថា ព្រះដ៏មានគ្រប់ចេស្ដា មិនសព្វព្រះទ័យនឹងទទួលយើងដោយផ្ទាល់ ចូលក្នុងព្រះវត្តមានព្រះអង្គនោះឡើយ។ ខ្ញុំប្រើពាក្យ "ដោយផ្ទាល់" សំដៅទៅលើអ្វីដែលព្រះយេស៊ូវចង់មានន័យ ពេលព្រះអង្គមានបន្ទូលថា "ខ្ញុំមិនថា ខ្ញុំនឹងទូលអង្វរដល់ព្រះវរបិតា ជំនួសអ្នករាល់គ្នានោះទេ ដ្បិតព្រះវរបិតា ទ្រង់ក៏ស្រឡាញ់អ្នករាល់គ្នាដែរ ដោយព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ហើយក៏ជឿថា ខ្ញុំបានចេញពីព្រះមក"។
ជាការពិតណាស់ គ្មានមនុស្សមានបាបណា ដែលអាចចូលទៅរកព្រះវរបិតាបានឡើយ បើមិនពឹងព្រះលោហិតព្រះយេស៊ូវទេនោះ(ហេព្រើរ ១០:១៩-២០)។ ព្រះអង្គទូលអង្វរជំនួសយើង នៅពេលសព្វថ្ងៃនេះ(រ៉ូម ៨:៣៤ ហេព្រើរ ៧:២៥)។ ព្រះអង្គជាអង្គដ៏ជាជំនួយ ដែលគង់នៅចំពោះព្រះវរបិតា(១យ៉ូហាន ២:១)។ ព្រះអង្គក៏ជាសម្តេចសង្ឃ នៅពីមុខបល្ល័ង្ករបស់ព្រះ(ហេព្រើរ ៤:១៥-១៦)។ ព្រះអង្គមានបន្ទូលថា "បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ"(យ៉ូហាន ១៤:៦)។
ប៉ុន្តែ ព្រះយេស៊ូវកំពុងការពារយើង កុំឲ្យមានការយល់ខុស អំពីការទូលអង្វររបស់ព្រះអង្គ នៅចំពោះព្រះវរបិតា។ ព្រះអង្គមានបន្ទូលថា "ខ្ញុំមិនថា ខ្ញុំនឹងទូលអង្វរដល់ព្រះវរបិតា ជំនួសអ្នករាល់គ្នានោះទេ"។ ព្រះអង្គគង់នៅក្បែរព្រះវរបិតាស្រាប់ហើយ។ ព្រះអង្គជាស្មរបន្ទាល់ ដែលតែងតែមានព្រះវត្តមាន និងមានព្រះជន្មគង់នៅជានិច្ច ដើម្បីដកសេចក្តីក្រោធរបស់ព្រះវរបិតា ចេញពីយើងរាល់គ្នា។
តែព្រះអង្គមិនគង់នៅទីនោះ ដើម្បីនិយាយជំនួសយើង ឬមិនឲ្យយើងចូលទៅជិតព្រះវរបិតា ឬដើម្បីបង្ហាញថា ព្រះទ័យព្រះវរបិតាបានបិទមិនទទួលយើង ឬមិនសព្វព្រះទ័យនឹងជួបយើងនោះឡើយ ហេតុនេះហើយព្រះអង្គបានមានបន្ទូលថា "ព្រះវរបិតា ទ្រង់ក៏ស្រឡាញ់អ្នករាល់គ្នាដែរ"។
ដូចនេះ ចូរយើងចូលមករកព្រះអង្គ ដោយចិត្តក្លាហាន(ហេព្រើរ ៤:១៦) ដោយការរំពឹងចង់បាន ដោយរំពឹងថា ព្រះអង្គនឹងញញឹមដាក់យើង។ ចូរយើងចូលមករកព្រះអង្គ ដោយញាប់ញ័រ ដោយអំណរ មិនមែនដោយការភ័យខ្លាចនោះឡើយ។
និយាយរួម ព្រះយេស៊ូវកំពុងមានបន្ទូលថា ព្រះអង្គបានបើកផ្លូវឲ្យយើងចូលទៅរកព្រះ ដោយផ្ទាល់ ដូចនេះ ព្រះអង្គនឹងមិនរាំងផ្លូវយើងនោះឡើយ។ ចូរយើងចូលមករកព្រះអង្គចុះ។