ព្រឹក

ការកើតជាថ្មីក្នុងព្រះយេស៊ូវ
ដោយTim Gustafson
March 23, 2024
យ៉ូហាន ១២:២៣-២៦
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង។ យ៉ូហាន ១២:២៤
គេបានឮល្បីថា លោកលីអូណាដូ ដា វីនស៊ី(Leonardo da Vinci) គឺជាបុរសដែលនាំឲ្យមានការរស់ឡើងវិញនៃវិស័យសិល្បៈ និងវិទ្យាសាស្ត្រជាច្រើនមុខនៅអឺរ៉ុប។ កំរិតប្រាជ្ញាដ៏ខ្ពង់ខ្ពស់របស់គាត់ បាននាំឲ្យមានភាពជឿនលឿន នៅក្នុងមុខវិជ្ជាសិក្សា និងសិល្បៈជាច្រើន។ ប៉ុន្តែ លោកលីអូណាដូបានកត់ត្រា ក្នុងសៀវភៅកំណត់ហេតុរបស់គាត់អំពី “គ្រាវេទនារបស់យើង” និងបានពោលទំនួញថា មនុស្សក្នុងពេលបច្ចុប្បន្ន កំពុងតែស្លាប់ “ដោយមិនបានបន្សល់ទុកកេរដំណែល ដែលគេនឹងនៅតែនឹកចាំ"។
គាត់មានប្រសាសន៍ថា “ខ្ញុំគិតថា ខ្ញុំកំពុងរៀនអំពីរបៀបរស់នៅ។ ខ្ញុំក៏កំពុងរៀនអំពីរបៀបស្លាប់”។ គាត់ប្រហែលមិនបានដឹងទេថា គាត់ហៀបនឹងរកឃើញសេចក្តីពិត។ ការរៀនស្លាប់ គឺជាផ្លូវឆ្ពោះទៅរកជីវិត។ បន្ទាប់ពីព្រះយេស៊ូវយាងចូលទីក្រុងយេរូសាឡិម ដោយក្បួនដង្ហែនៃជ័យជម្នះ(យ៉ូហាន ១២:១២-១៩) ព្រះអង្គមានបន្ទូលថា “បើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេ នោះក៏នៅតែ១ដដែល តែបើងាប់វិញ នោះក៏បង្កើតផលជាច្រើនឡើង”(ខ.២៤)។ ត្រង់ចំណុចនេះ ព្រះអង្គកំពុងមានបន្ទូលអំពីការសុគតរបស់ព្រះអង្គ ហើយក៏បានរាប់បញ្ចូលការស្លាប់របស់យើងផងដែរ : “អ្នកណាដែលស្រឡាញ់ជីវិតខ្លួន នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតខ្លួន នៅលោកីយ៍នេះវិញ នោះនឹងរក្សាជីវិតទុក ដរាបដល់អស់កល្បរៀងទៅ”(ខ.២៥)។
សាវ័កប៉ុលក៏បានបង្រៀនផងដែរថា “យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះគ្រីស្ទបានរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អនៃព្រះវរបិតាដែរ ដ្បិតបើយើងបានជាប់ជាមួយនឹងទ្រង់ ក្នុងការដែលជាគំរូពីសេចក្តីសុគតរបស់ទ្រង់ នោះក៏នឹងបានជាប់ក្នុងសេចក្តីរស់ឡើងវិញរបស់ទ្រង់ដែរ”(រ៉ូម ៦:៤-៥)។
តាមរយៈសេចក្តីស្លាប់ ព្រះយេស៊ូវបានប្រទានការកើតជាថ្មី ដល់យើងរាល់គ្នាជាអ្នកជឿព្រះអង្គ។ ព្រះអង្គបានបើកផ្លូវឲ្យយើងចូលទទួលជីវិតអស់កល្បជានិច្ច សម្រាប់ឲ្យយើងរស់នៅជាមួយព្រះវរបិតា។—Tim Gustafson
តើអ្នកបានឲ្យតម្លៃមកលើជីវិតរបស់អ្នកយ៉ាងដូចម្តេចខ្លះ? តើអ្នកចាំបាច់ត្រូវផ្លាស់ប្តូរតម្លៃទាំងនោះ យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានអត្ថន័យ និងគោលបំណង ដល់ជីវិតរបស់ទូលបង្គំ ដែលគ្មាននរណាម្នាក់អាចផ្តល់ឲ្យបាន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ១៦-១៨ និង លូកា ២:១-២៤
ប្រភេទ
ល្ងាច

ព្រះទ្រង់បំពេញតម្រូវការ ពេលយើងបម្រើអ្នកដទៃ
ដោយJohn Piper
March 23, 2024
នោះទ្រង់មានព្រះបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតថា ពីព្រោះគ្មាននំបុ័ងដូច្នេះ តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនយល់ទេឬអី តើមានចិត្តរឹងរូសឬអី? ម៉ាកុស ៨:១៧
បន្ទាប់ពីព្រះយេស៊ូវបានប្រទានអាហារដល់មនុស្ស ៥ពាន់នាក់ និងមនុស្ស៤ពាន់នាក់ ដោយប្រើតែនំប៉័ង និងត្រីតែពីរបីកន្ទុយ ពួកសាវ័កក៏បានឡើងទូក ដោយគ្មាននំប៉័ងគ្រប់គ្រាន់ សម្រាប់ខ្លួនឯង។
ពេលដែលពួកគេចាប់ផ្តើមជជែកគ្នា អំពីការលំបាកនេះ ព្រះយេស៊ូវក៏បានមានបន្ទូលថា "ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតថា ពីព្រោះគ្មាននំបុ័ងដូច្នេះ តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនយល់ទេឬអី តើមានចិត្តរឹងរូសឬអី?"(ម៉ាកុស ៨:១៧)។ តើមានអ្វីដែលពួកគេមិនយល់?
ពួកគេមិនយល់ អំពីអត្ថន័យនៃនំប៉័ងដែលនៅសល់ ពោលគឺមិនយល់ថា ព្រះយេស៊ូវនឹងមើលថែពួកគេ នៅពេលដែលពួកគេមើលថែអ្នកដទៃ។ ព្រះយេស៊ូវមានបន្ទូលថា ៖
"ពីកាលខ្ញុំបានកាច់នំបុ័ង៥ឲ្យដល់៥ពាន់នាក់ នោះតើប្រមូលចំណិត ដែលសល់ ដាក់ពេញបានប៉ុន្មានកន្ត្រក គេទូលឆ្លើយថា បាន១២ ហើយកាលកាច់នំបុ័ង៧ឲ្យដល់៤ពាន់នាក់ នោះបានប្រមូលចំណិត ដែលសល់ ដាក់ពេញបានប៉ុន្មានកំប្រោង គេទូលឆ្លើយថា បាន៧។ នោះទ្រង់សួរថា ម្តេចក៏អ្នករាល់គ្នានៅតែមិនយល់ទៀត?" (ម៉ាកុស ៨:១៩-២១)។
តើពួកគេត្រូវយល់អំពីអ្វី? គឺត្រូវយល់អំពីនំប៉័ងដែលនៅសល់។
នំប៉័ងនៅសល់ គឺសម្រាប់អ្នកបម្រើព្រះ។ តាមពិត ពីដំបូង មានអ្នកបម្រើ១២នាក់ ដែលជាពួកសាវ័ក ហើយមាននំប៉័ងនៅសល់១២កន្ត្រក (ម៉ាកុស ៦:៤៣) មានន័យថា អ្នកបម្រើម្នាក់ៗ មាននំប៉័ងពេញ១កន្ត្រកសម្រាប់បរិភោគ។ លើកទី២ មាននំប៉័ងនៅសល់១៧កន្ត្រក ដែលលេខ៧ គឺជាតំណាងឲ្យភាពពេញលេញជាបរិបូរ។
តើមានអ្វីដែលពួកគេមិនយល់? គឺមិនយល់ថា ព្រះយេស៊ូវនឹងមើលថែពួកគេ។ អ្នកមិនអាចចែកអ្វីៗដល់អ្នកដទៃ ដល់ថ្នាក់ព្រះយេស៊ូវមិនអាចបំពេញការខ្វះខាតរបស់អ្នកនោះទេ។ ពេលណាអ្នកធ្វើការលះបង់ដើម្បីអ្នកដទៃ ក្នុងការរស់នៅ ព្រះទ្រង់នឹងបំពេញតម្រូវការអ្នកជាមិនខាន។ គឺដូចមានសេចក្តីចែងថា "ព្រះនៃខ្ញុំ ទ្រង់នឹងបំពេញគ្រប់ទាំងអស់ ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ"(ភីលីព ៤:១៩)។