ព្រឹក

ថ្វាយដល់ព្រះអង្គវិញ
ដោយXochitl Dixon
January 4, 2025
១របាក្សត្រ ២៩:១០-១៦
ដ្បិតគ្រប់របស់ទាំងអស់មកពីទ្រង់ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តទ្រង់ ថ្វាយដល់ទ្រង់វិញ។ ១របាក្សត្រ ២៩:១៤
កាលឆ្នាំមួយនោះ អ្នកដឹកនាំពួកជំនុំរបស់ខ្ញុំ បានលើកទឹកចិត្តសមាជិក ឲ្យដាក់ដង្វាយបន្ថែម ពីលើដង្វាយប្រចាំសប្តាហ៍ ធ្វើជាដង្វាយក្តីស្រឡាញ់ សម្រាប់ការសាងសង់កន្លែងហាត់ប្រាណថ្មីមួយ ធ្វើជាកន្លែងដែលយើងអាចធ្វើការបម្រើដល់ក្រុមគ្រួសារទាំងឡាយ ក្នុងសហគមន៍របស់យើង។ បន្ទាប់ពីខ្ញុំបានពិចារណា ដោយការអធិស្ឋាន អំពីការចំណាយថ្លៃពេទ្យ ដោយសារខ្ញុំរស់នៅជនពិការ ខ្ញុំក៏បានសួរស្វាមីខ្ញុំ អំពីលទ្ធភាពដែលយើងអាចរួមចំណែក ក្នុងការដាក់ដង្វាយនេះបាន។ គាត់ក៏បានងក់ក្បាល ហើយប្រាប់ខ្ញុំថា អ្វីៗដែលយើងថ្វាយទៅព្រះអង្គ សុទ្ធតែជាអ្វីដែលព្រះអង្គបានប្រទានឲ្យយើង។ ព្រះអង្គនឹងបំពេញតម្រូវការរបស់យើង។ ហើយព្រះអង្គក៏បានបំពេញតម្រូវការយើងមែន។ ជាង១ទសវត្សរ៍ក្រោយមក គ្រួសារពួកជំនុំរបស់យើងនៅតែមានឯកសិទ្ធិ ក្នុងការបម្រើព្រះយេស៊ូវ ដោយបម្រើអ្នកដទៃ ក្នុងកន្លែងហាត់ប្រាណនោះ។
ក្នុងបទគម្ពីរ១របាក្សត្រ ជំពូក២៩ ស្តេចដាវីឌបានបង្ហាញពួកអ្នកដឹកនាំនៃសាសន៍អ៊ីស្រាអែលទាំងអស់ អំពីការប្តេជ្ញាព្រះទ័យរបស់ទ្រង់ ក្នុងការគាំទ្រសាឡូម៉ូនជាបុត្រាទ្រង់ ធ្វើជាអ្នកស្នងរាជទ្រង់ ដែលព្រះបានជ្រើសតាំង និងជាអ្នកសាងសង់ព្រះវិហារ(ខ.១-៥)។ ពេលនោះ ពួកគេរាល់គ្នាក៏បានចូលរួមជាមួយទ្រង់ ដោយដាក់ដង្វាយស្ម័គ្រពីចិត្ត និងដោយអំណរ(ខ.៦,៩)។ ស្តេចដាវីឌក៏បានសរសើរដំកើងព្រះ និងបានប្រកាសថា អ្វីៗទាំងអស់នៅស្ថានសួគ៌ និងផែនដី ជាកម្មសិទ្ធិរបស់ព្រះអម្ចាស់(ខ.១១)។ ទ្រង់អធិស្ឋានថា “ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ អស់ទាំងរបស់បរិបូរទាំងនេះ ដែលយើងខ្ញុំរាល់គ្នាបានត្រៀមទុក ដើម្បីនឹងស្អាងព្រះវិហារថ្វាយដល់ទ្រង់ សំរាប់ព្រះនាមបរិសុទ្ធទ្រង់ នោះសុទ្ធតែមកពីព្រះហស្តទ្រង់ទេ ហើយជារបស់ផងទ្រង់ទាំងអស់ដែរ”(ខ.១៦)។
ខណៈពេលដែលយើងពិចារណា អំពីការគ្រប់យ៉ាង ដែលព្រះអង្គបានធ្វើ និងប្រទានយើង ជាពិសេសការទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះយេស៊ូវ យើងអាចបង្ហាញចេញនូវការថ្វាយបង្គំ និងបង្ហាញការដឹងគុណ និងសេចក្តីស្រឡាញ់ដល់ព្រះអង្គ ដោយថ្វាយដល់ព្រះអង្គ នូវអ្វីដែលព្រះអង្គបានប្រទានមកយើង ដ្បិតព្រះអង្គជាអ្នកប្រទានអ្វីៗគ្រប់យ៉ាង!—Xochitl Dixon
តើការទទួលស្គាល់ថា អ្វីៗគ្រប់យ៉ាងជាកម្មសិទ្ធិរបស់ព្រះបានកែប្រែរបៀបដែលអ្នកថ្វាយដង្វាយដូចម្តេចខ្លះ?
តើការបង្ហាញចេញនូវការដឹងគុណ តាមរយៈការថ្វាយដង្វាយ បានផ្លាស់ប្តូរអ្នកដូចម្តេចខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានធ្វើជាអ្នកប្រទានអ្វីៗមកដោយសេចក្តីសប្បុរស និងស្មោះត្រង់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ១០-១២ និង ម៉ាថាយ ៤
ប្រភេទ
ល្ងាច

ស្កប់ចិត្តក្នុងព្រះគ្រីស្ទ
ដោយAlistair Begg
January 4, 2025
«ខ្ញុំបានរៀនឲ្យមានសេចក្តីសន្តោសក្នុងសណ្ឋានគ្រប់យ៉ាង ខ្ញុំធ្លាប់ទ្រាំឲ្យមានសេចក្តីចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្តីរីករាយដែរ» (ភីលីព ៤:១១-១២)។
ភាពមិនស្កប់ចិត្តបានជ្រាបចូលក្នុងផ្នែកទាំងអស់របស់សង្គម ដែលយើងកំពុងរស់នៅ។ ការផ្សាយពាណិជ្ជកម្មបាននាំឲ្យយើងមានចិត្តច្រណែន។ ប៉ុន្តែ បញ្ហាពិតប្រាកដ មិនសូវជាអាស្រ័យទៅលើសង្គមដែលយើងរស់នៅប៉ុន្មានទេ តែភាគច្រើនអាស្រ័យទៅលើសណ្ឋាននៃចិត្ត និងគំនិតរបស់យើង។ មុខតំណែង ទ្រព្យសម្បត្តិ ឥទ្ធិពល ឬកេរ្តិ៍ឈ្មោះ សុទ្ធតែទាមទារការចាប់អារម្មណ៍សម្រាប់ខ្លួនឯង ដែលបានអូសទាញយើងឲ្យចេញឆ្ងាយពីការស្កប់ចិត្ត។ ប៉ុន្តែ បញ្ហាដូចនេះបានព្យាយាមឆក់យកក្តីអំណរដែលយើងមាន នៅក្នុងការអ្វីដែលព្រះទ្រង់បានប្រទានមកយើង ដោយលួងលោមយើងឲ្យគិតថា ទោះមានច្រើនប៉ុណ្ណាក៏នៅតែមិនគ្រប់គ្រាន់។ ការដេញតាមនេះមិនចេះចប់ឡើយ។
ទោះជាយ៉ាងណាក៏ដោយក៏សាវ័ក ប៉ុល មិនគ្រាន់តែអាចនិយាយថា គាត់មានការស្កប់ចិត្ត តែគាត់អាចមានការស្កប់ចិត្ត «ក្នុងគ្រប់ស្ថានភាព»។ មនុស្សម្នាក់ៗសុទ្ធតែចង់មានការស្កប់ចិត្ត! ដូចនេះ តើគាត់មានអាថ៌កំបាំងអ្វី? គាត់មានការស្កប់ចិត្ត ដោយសារគាត់ស្គាល់ខ្លួនឯង និងមានទស្សនៈអំពីជីវិតផ្អែកទៅលើភាពគ្រប់គ្រាន់នៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សាវ័ក ប៉ុល មិនមែនជាជើងឯកខាងការស៊ូទ្រាំនឹងទុក្ខលំបាក ឬបានផ្តល់ឲ្យយើងនូវដំណឹងល្អក្លែងក្លាយ អំពីការជួយខ្លួនឯងឲ្យស្កប់ចិត្តនោះទេ។ ទេ! គាត់មានការស្កប់ចិត្ត ដោយសារគាត់បន្ទាបចិត្ត និងគំនិតរបស់គាត់ ចុះចូលបំណងព្រះទ័យព្រះ ទោះគាត់ប្រឈមមុខដាក់ស្ថានភាពអ្វីក៏ដោយ។
មិនមែនគ្រប់គ្នាសុទ្ធតែបានឆ្លងកាត់រឿងជាច្រើនដែលមានលក្ខណៈល្អផង និងអាក្រក់ផងផ្ទុយគ្នានោះទេ។ តែសាវ័ក ប៉ុល បានឆ្លងកាត់។ ជាក់ស្ដែង គាត់ធ្លាប់ឆ្លងកាត់ពេលដែលគាត់មានសំលៀកបំពាក់ និងអាហារគ្រប់គ្រាន់ ហើយក៏ស្គាល់ពេលដែលគាត់រងា និងស្រេកឃ្លានអាហារផងដែរ។ បើការស្កប់ចិត្តរបស់គាត់ មានការផ្តេកផ្ដួលទៅលើកាលៈទេសៈ នោះជីវិតរបស់គាត់នឹងមានការឡើងចុះៗជានិច្ច ដោយធ្វើឲ្យគាត់ពុលនឹងភាពហ៊ឺហាដ៏អស្ចារ្យតែមួយភ្លែត ហើយក៏មានអារម្មណ៍ពិបាកខ្លាំងពេក ដោយសារការខ្វះខាតនៅពេលបន្ទាប់ទៀត។ វិញ្ញាណដែលសាវ៉ាដូចនេះអាចរាំងខ្ទប់សាវ័ក ប៉ុល និងធ្វើឲ្យគាត់មិនអាចបម្រើព្រះគ្រីស្ទបានឡើយ។
សាវ័ក ប៉ុល ជាមនុស្សធម្មតា ដែលមានតម្រូវការធម្មតា។ ក្នុងសំបុត្រដែលគាត់សរសេរផ្ញើលោក ធីម៉ូថេ ពីក្នុងគុក ក្នុងទីក្រុងរ៉ូម គាត់បានសរសេរថា «ចូរឲ្យខំប្រឹងទៅឯខ្ញុំជាប្រញាប់... នោះសូមយកអាវធំ ដែលខ្ញុំផ្ញើទុកនឹងអ្នកកាប៉ុស នៅក្រុងទ្រអាសទៅផង និងសៀវភៅទាំងប៉ុន្មានដែរ តែសូមយកក្រាំងស្បែកជាដើម» (២ធីម៉ូថេ ៤:៩, ១៣)។ អ្នកខ្លះបានរត់ចោលគាត់ ហើយគាត់ក៏ខ្វះខាតសម្ភារៈចាំបាច់មួយចំនួន។ ជាការពិតណាស់សាវ័ក ប៉ុល ចង់បានរបស់របរ ដូចជាខោអាវ សៀវភៅ និងមនុស្សនៅក្បែរគាត់ តែគាត់ក៏ដឹងផងដែរថា គាត់នៅតែអាចរស់នៅ ដោយគ្មានរបស់របរ និងមនុស្សទាំងនោះបាន ព្រោះសន្តិភាពដែលគាត់មានក្នុងចិត្តគាត់ គឺផ្អែកទៅលើអ្វីដែលធំប្រសើរជាងនេះ។
ការស្កប់ចិត្តរបស់អ្នកក៏អាច និងគួរតែផ្អែកទៅលើការប្រកបរួបរួមរបស់អ្នកជាមួយព្រះយេស៊ូវ ដូចសាវ័កប៉ុលផងដែរ។ ចូរជៀសចេញពីការមានបំណងប្រាថ្នាធំ ក្រៅពីការរស់នៅជាកម្មសិទ្ធិរបស់ព្រះអង្គ ហើយចូរត្រៀមខ្លួនជាស្រេច សម្រាប់ឲ្យព្រះអង្គប្រើនៅពេលណាក៏បាន។ ពេលណាអ្នកស្គាល់ព្រះគ្រីស្ទ ហើយដឹងថា ព្រះអង្គអស្ចារ្យប៉ុណ្ណា ហើយដឹងថា ព្រះអង្គជាគ្រប់យ៉ាងសម្រាប់អ្នក មានតម្លៃលើសមាសប្រាក់ ស្រស់ស្អាតជាងគ្រាប់ពេជ្រ ហើយអ្នកគ្មានអ្វីដែលអាចប្រៀបផ្ទឹមព្រះអង្គបានទេ1 នោះរបៀបដែលអ្នកគិតអំពីកាលៈទេសៈរបស់អ្នក និងរង្វាស់នៃការស្កប់ចិត្តរបស់អ្នក និងមានការផ្លាស់ប្ដូរទាំងស្រុង។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ៧៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លោកុប្បត្ដិ ១៣-១៥ និងរ៉ូម ៥-១៣
1លោកស្រី Lynn DeShazo, “More Precious Than Silver” (ឆ្នាំ១៩៨២)។