ព្រឹក

ព្រះអង្គជ្រាបអំពីអ្វីៗគ្រប់យ៉ាង
ដោយMarvin Williams
January 5, 2025
ទំនុកដំកើង ១៣៩:១-១២
ទ្រង់ពិនិត្យពិចារណាផ្លូវច្រក និងទីដេករបស់ទូលបង្គំ ក៏ស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំដែរ។ ទំនុកដំកើង ១៣៩:៣
ព្រះទ្រង់ពិតជាជ្រាបអំពីអ្វីៗទាំងអស់។ ប៉ុន្តែ យោងតាមអត្ថបទមួយ ក្នុងកាសែត ដឺ វលស្រ្ទីត ជ័រនល(The Wall Street Journal)បានឲ្យដឹងថា ភ្នាក់ងារសន្តិសុខជាតិអាមេរិក មានការយល់ដឹងច្រើនយ៉ាងខ្លាំង អំពីពលរដ្ឋអាមេរិកម្នាក់ៗ តាមមធ្យោបាយជាច្រើន ក៏ដូចជាតាមរយៈទិន្នន័យទូរស័ព្ទទំនើបរបស់ពួកគេ។ មនុស្សម្នាក់ៗដែលមានទូរស័ព្ទចល័ត សុទ្ធតែបានបង្កើត “ទិន្នន័យ” ដែលបន្សល់ទុកនូវ “ដានឌីជីធល”។ ទិន្នន័យដែលបុគ្គលម្នាក់ៗបានបន្សល់ទុក ហាក់ដូចជាមិនសំខាន់ ប៉ុន្តែ ពេលដែលគេធ្វើការវិភាគ គេអាចប្រើវាជាឧបករណ៍ដ៏មានអំណាច ក្នុងការស៊ើបអង្កេត។ ការតាមដានទិន្នន័យនៃការប្រើប្រាស់ទូរស័ព្ទរបស់យើង អាចជួយអ្នកស៊ើបអង្កេត ឲ្យរកឃើញកន្លែងដែលយើងធ្លាប់បានទៅដល់ ហើយកំពុងនៅទីកន្លែងណានៅពេលណាមួយ។
ការវិភាគរបស់ភ្នាក់ងារសន្តិសុខអាមេរិក អាចធ្វើឲ្យគេដឹងអំពីទីតាំងរបស់អ្នកប្រើប្រាស់ទូរស័ព្ទបាន ប៉ុន្តែ ស្តេចដាវីឌមានបន្ទូលថា ព្រះអម្ចាស់បានជ្រាបអំពីយើងគ្មានកន្លែងចន្លោះ ក្នុងទំនាក់ទំនងដែលយើងមានជាមួយព្រះអង្គ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៣៩ ទ្រង់បានអធិស្ឋានដល់ព្រះ ដែលមានតែព្រះអង្គទេ ដែលអាចឆែក និងពិនិត្យមើលចិត្តគំនិតយើង(ខ.១)។ គឺដូចដែលទ្រង់បានសរសេរថា “ឱព្រះអង្គអើយ សូមពិនិត្យមើលឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ”(ខ.២៣)។ ព្រះអង្គជ្រាបអំពីយើងគ្មានកន្លែងចន្លោះ(ខ.២-៦) ព្រះអង្គគង់នៅគ្រប់ទីកន្លែង(ខ.៧-១២) ហើយព្រះអង្គបានបង្កើតចិត្តថ្លើមយើង(ខ.១៣-១៦)។ គំនិតរបស់ព្រះអង្គក៏ខ្ពស់ជាងការយល់ដឹងរបស់យើង(ខ.១៧-១៨) ហើយព្រះអង្គថែមទាំងគង់នៅជាមួយយើង ពេលយើងប្រឈមមុខដាក់ខ្មាំងសត្រូវ(ខ.១៩-២២)។
ដោយសារព្រះទ្រង់ជ្រាបអំពីអ្វីៗគ្រប់យ៉ាង តែងតែគង់នៅជាមួយ ហើយមានគ្រប់ចេស្តា នោះព្រះអង្គក៏ជ្រាបច្បាស់ថា យើងកំពុងនៅកន្លែងណា កំពុងធ្វើអ្វី ហើយមានលក្ខណៈសម្បត្តិដូចម្តេចខ្លះ។ ប៉ុន្តែ ព្រះអង្គក៏ជាព្រះវរបិតាមានក្តីស្រឡាញ់ ដែលតែងតែជួយយើងដើរតាមផ្លូវព្រះអង្គ។ ចូរយើងដើរតាមព្រះអង្គ តាមផ្លូវនៃជីវិត នៅថ្ងៃនេះ។—Marvin Williams
តើការដឹងថា ព្រះអង្គពិតជាស្រឡាញ់អ្នក បានលើកទឹកចិត្តអ្នកដូចម្តេចខ្លះ? តើអ្នកកំពុងតែដើរជាមួយព្រះអង្គ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការស្រឡាញ់ទូលបង្គំ ទោះព្រះអង្គបានស្គាល់ទូលបង្គំគ្មានកន្លែងចន្លោះ។
សូមព្រះអង្គជួយទូលបង្គំដើរ ឲ្យបានល្អជាមួយព្រះអង្គ។
For further study, read In His Presence—The Habit of Spending Time with God at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ១៣-១៥ និង ម៉ាថាយ ៥:១-២៦
ប្រភេទ
ល្ងាច

សម្ដេចសង្ឃដ៏អស្ចារ្យបំផុតរបស់យើង
ដោយAlistair Begg
January 5, 2025
«ពីព្រោះអស់ទាំងសម្ដេចសង្ឃ ដែលគេរើសយកពីពួកមនុស្ស នោះបានតាំងសម្រាប់មនុស្ស ក្នុងអស់ទាំងការខាងឯព្រះ ដើម្បីនឹងថ្វាយដង្វាយ និងយញ្ញបូជា ដោយព្រោះបាប…គ្មានអ្នកណាលើកខ្លួនដល់ងារដ៏ប្រសើរនោះឡើយ មានតែអ្នកដែលព្រះទ្រង់ហៅប៉ុណ្ណោះ តួយ៉ាងដូចជាលោកអើរ៉ុន ដូច្នេះ ព្រះគ្រីស្ទក៏មិនបានតម្កើងព្រះអង្គទ្រង់ឡើងធ្វើជាសម្ដេចសង្ឃដែរ គឺជាព្រះវិញទេតើដែលមានព្រះបន្ទូលទៅទ្រង់ថា “ឯងជាកូនអញៗ បានបង្កើតឯងនៅថ្ងៃនេះ” ដូចក្នុងបទគម្ពីរ១ទៀត ព្រះក៏មានព្រះបន្ទូលថា “ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក”» (ហេព្រើរ ៥:១, ៤-៦)។
ទស្សនៈអំពីភាពជាសង្ឃ និងប្រព័ន្ធនៃការថ្វាយយញ្ញបូជា ត្រូវគេដកចេញពីសង្គមលោកខាងលិច តាំងពីយូរមកហើយ ប៉ុន្តែការយល់ដឹងអំពីរឿងទាំងនេះមានសារៈសំខាន់ជាមូលដ្ឋាន ចំពោះការរស់នៅជាគ្រីស្ទបរិស័ទ។ ការអនុវត្តនូវការយកសត្វទៅធ្វើយញ្ញបូជា ក្នុងទឹកដីអ៊ីស្រាអែល ក្នុងគ្រាសញ្ញាចាស់ មិនមែនជាប្រព័ន្ធដែលមនុស្សបានបង្កើតមក ដើម្បីឈោងទៅរកព្រះ ហើយធ្វើឲ្យព្រះអង្គទទួលយកពួកគេនោះទេ។ ផ្ទុយទៅវិញ ព្រះទ្រង់បង្គាប់ឲ្យរាស្ត្រនៃសេចក្តីសញ្ញារបស់ព្រះអង្គអនុវត្តន៍ដូចនេះ ដើម្បីឲ្យពួកគេអាចយល់អំពីចារិកលក្ខណៈ និងការរំពឹងចង់បានរបស់ព្រះអង្គ ព្រមទាំងភាពអស្ចារ្យនៃផែនការ នៃការប្រោសលោះរបស់ព្រះអង្គ (ហើយនៅតែអាចជួយយើងឲ្យយល់ក្នុងពេលបច្ចុប្បន្នផងដែរ)។ ព្រះទ្រង់បានប្រើអត្ថន័យនៃការថ្វាយយញ្ញបូជានោះ ដើម្បីចង្អុលបង្ហាញរាស្ត្រព្រះអង្គ ឲ្យងាកទៅរកព្រះរាជកិច្ចដ៏ឥតខ្ចោះ និងបានសម្រេចរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលព្រះអង្គបានយាងមកធ្វើជាសម្ដេចសង្ឃដ៏ខ្ពស់បំផុត និងជាដង្វាយដ៏គ្រប់លក្ខណ៍តែមួយ ដែលបានថ្វាយជំនួសរាស្ត្រព្រះអង្គ។
តាមប្រវត្តិសាស្ត្រ សម្ដេចសង្ឃនៃសាសន៍អ៊ីស្រាអែលត្រូវចេញពីវង្សត្រកូលរបស់លោកអើរ៉ុន ជាបងប្រុសរបស់លោក ម៉ូសេ ហើយត្រូវគេចាត់ទុកជា « សម្ដេចសង្ឃ ក្នុងពួកបងប្អូនរបស់ខ្លួន» (លេវីវិន័យ ២១:១០)។ អ្នកនោះត្រូវមានបទពិសោធន៍ ក្នុងការរស់នៅក្នុងសង្គម ដែលមានស្ថានភាព ការទទួលរងសម្ពាធ និងទុក្ខលំបាក ដូចបុរស និងស្ត្រីដែលគាត់កំពុងតែតំណាងឲ្យ ដែលកត្តានេះនឹងជួយឲ្យគាត់មានចិត្តអាណិតកាន់តែខ្លាំង ក្នុងការទូលអង្វរជំនួសពួកគេ។
ទោះជាយ៉ាងណាក៏ដោយ ជាយូរមកហើយ មុនពេលព្រះយេស៊ូវយាងចុះមកចាប់កំណើត ការជ្រើសតាំងសម្ដេចសង្ឃ មានភាពពុករលួយ ដោយសារស្ដេច ហេរ៉ូឌ និងអ្នកដឹកនាំដទៃទៀតបានជ្រើសរើសសម្ដេចសង្ឃឲ្យត្រូវចិត្តខ្លួនឯង។ ពួកគេមិនយល់ថា តួនាទីរបស់សម្ដេចសង្ឃមិនមែនជាមុខតំណែងកិត្តិយសដែលមនុស្សបានផ្តល់ឲ្យ តែជាការត្រាស់ហៅដ៏ខ្ពស់បំផុតមកពីព្រះ ដូចដែលព្រះអង្គបានត្រាស់ហៅលោកអើរ៉ុន។ សម្ដេចសង្ឃមិនត្រូវធ្វើជាតំណាងឲ្យអ្នកដឹកនាំនយោបាយនោះទេ តែត្រូវធ្វើជាតំណាងឲ្យរាស្ត្ររបស់ព្រះ នៅចំពោះមុខព្រះអង្គ។
នេះជាកត្តាមួយ ក្នុងចំណោមកត្តាជាច្រើន ដែលព្រះយេស៊ូវគឺជាសម្ដេចសង្ឃល្អបំផុត ដោយព្រះអង្គមិនបានលើកតម្កើងអង្គទ្រង់ធ្វើជាសម្ដេចសង្ឃនោះទេ តែព្រះអង្គបានទទួលការចាត់តាំងពីព្រះវរបិតា។ ព្រះអង្គបានទទួលស្គាល់ថា «បើសិនជាខ្ញុំតម្កើងខ្លួនខ្ញុំ នោះកិត្តិសព្ទរបស់ខ្ញុំឥតមានប្រយោជន៍ទេ គឺព្រះវរបិតាខ្ញុំទេតើ ទ្រង់លើកតម្កើងខ្ញុំ ដែលអ្នករាល់គ្នាថា ទ្រង់ជាព្រះនៃអ្នក» (យ៉ូហាន ៨:៥៤)។ ព្រះអង្គបានស៊ូទ្រាំទុក្ខលំបាកដូចដែលយើងបានជួបប្រទះ។ ព្រះអង្គទទួលទោសពីព្រះដ៏មានគ្រប់ចេស្ដា ដោយសារអំពើបាបយើង ទោះព្រះអង្គគ្មានបាបសោះក៏ដោយ។
ព្រះយេស៊ូវបាននាំយើងទៅរកសេចក្តីសុចរិត ដោយវិញ្ញាណដ៏សុភាព។ ដោយសារព្រះអង្គបានថ្វាយយញ្ញបូជាដ៏គ្រប់លក្ខណ៍ ហើយដោយសារព្រះអង្គជាយញ្ញបូជាដ៏ឥតខ្ចោះ នោះយើងអាចអរសប្បាយនឹងព្រះវត្តមានរបស់ព្រះអង្គ ក្នុងពេលបច្ចុប្បន្ន និងជារៀងរហូត។ គ្មានអំពើបាប ឬទុក្ខវេទនា គ្មានការខកចិត្ត ឬការអស់សង្ឃឹមណា ដែលអាចបន្ទាបបន្ថោកសេចក្តីពិតដ៏រុងរឿងដែលថា អ្នកមានសម្ដេចសង្ឃមួយអង្គ ជារៀងរហូត ហើយហេតុនោះ អ្នកមានចំណែកជាមួយព្រះអង្គជារៀងរហូត។
ព្រះគម្ពីរសញ្ជឹងគិត៖ ហេព្រើរ ៤:១៤-៥:១០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លោកុប្បត្ដិ ១៦-១៧ និងរ៉ូម ៦