ព្រឹក

ភូមិតូចបេថ្លេហិម
ដោយAlyson Kieda
January 6, 2025
ម៉ាថាយ ២:១-១១
«ឯឯងបេថ្លេហិម ស្រុកយូដាអើយ ឯងមិនមែនតូចជាងគេ ក្នុងពួកចៅហ្វាយ នៅស្រុកយូដាទេ ដ្បិតនឹងមានចៅហ្វាយ១ចេញពីឯងមក ចៅហ្វាយនោះនឹងឃ្វាលអ៊ីស្រាអែល ជារាស្ត្រអញ»។ ម៉ាថាយ ២:៦
លោកភីលីព ប្រ៊ូក(Phillips Brooks) បាននិពន្ធទំនុកច្រៀង របស់បទចម្រៀងណូអែលដ៏ពេញនិយមមានចំណងជើងថា “ឱភូមិតូចបេថ្លេហិម” បន្ទាប់ពីគាត់បានទៅលេងភូមិបេថ្លេហិម។ លោកប្រ៊ូក ជាគ្រូគង្វាលប្រចាំព្រះវិហារមួយនៅសហរដ្ឋអាមេរិក មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ចំពោះបទពិសោធន៍ដែលគាត់ទទួលបាន ក្នុងការធ្វើដំណើរទស្សនកិច្ចនោះ បានជាគាត់សរសេរសំបុត្រផ្ញើទៅគ្រូបង្រៀនសាលាថ្ងៃអាទិត្យរបស់គាត់ថា “ខ្ញុំចាំថា ... នៅពេលល្ងាចថ្ងៃណូអែល កាលខ្ញុំកំពុងឈរនៅក្នុងព្រះវិហារមួយ នៅភូមិបេថ្លេហិម នៅក្បែរកន្លែងដែលព្រះយេស៊ូវបានប្រសូត នៅពេលដែលពួកជំនុំទាំងមូលបានច្រៀងបទទំនុកសរសើរដំកើងព្រះអស់ជាច្រើនម៉ោង ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំហាក់ដូចជាកំពុងឮសម្លេងដែលខ្ញុំបានស្គាល់ច្បាស់ ជាសម្លេងដែលពួកជំនុំរបស់យើងកំពុងថ្លែងប្រាប់គ្នាទៅវិញទៅមក អំពី “យប់ដ៏អស្ចារ្យ” ដែលព្រះអង្គសង្គ្រោះបានប្រសូត។
នៅឆ្នាំ១៨៦៨ លោកប្រ៊ូកក៏បាននិពន្ធបទកំណាព្យមួយផ្អែកទៅលើបទពិសោធន៍នេះ ហើយអ្នកភ្លេងនៅព្រះវិហាររបស់គាត់ បាននិពន្ធទំនុកភ្លេង សម្រាប់បទកំណាព្យនេះ។ បទចម្រៀងនេះបានពិពណ៌នា អំពីភាពស្ងាត់ស្ងៀម និងសន្តិភាព ទៅកាន់ប្រជាជនអាមេរិក នៅក្រោយសម័យសង្គ្រាមស៊ីវិលអាមេរិក យ៉ាងដូចនេះថា “ឱភូមិតូចបេថ្លេហិមអើយ នៅយប់ដ៏ស្ងប់ស្ងាត់ និងសុខសាន្ត ... ការសង្ឃឹម និងការភ័យអរ ក្នុងការរង់ចាំព្រះអង្គសង្គ្រោះ បានក្លាយជាការពិត នៅយប់នោះឯង”។
កណ្ឌគម្ពីរម៉ាថាយជំពូក២ បានចែងអំពីការប្រសូតរបស់ព្រះអង្គសង្គ្រោះ នៅភូមិបេថ្លេហិម។ នៅពេលដែល “ពួកហោរមកពីទិសខាងកើត”(ខ.១) បានធ្វើដំណើរតាមផ្កាយ ទៅភូមិបេថ្លេហិម(មើល មីកា ៥:២) ពួកគេមានចិត្តរីករាយជាពន់ពេក ពេលដែលបានឃើញព្រះយេស៊ូវ(ម៉ាថាយ ២:១០)។
នៅថ្ងៃនេះ ខណៈពេលដែលយើងនឹកចាំអំពីការធ្វើដំណើររបស់ពួកហោរ មកដល់ភូមិបេថ្លេហិម យើងក៏ត្រូវការដំណឹងល្អដ៏រុងរឿង អំពីការប្រសូតរបស់ព្រះអង្គសង្គ្រោះនៃយើងផងដែរ។ គឺដូចដែលអ្នកនិពន្ធទំនុកសកលបានរំឭកយើងថា ព្រះអង្គបានយាងមក ដើម្បីលាងសម្អាតបាបរបស់យើង ហើយបានយាងចូលគង់ក្នុងចិត្តយើង។ នៅក្នុងព្រះអង្គ យើងរកឃើញសន្តិភាពពិតប្រាកដ។—Alyson Kieda
តើអ្នកត្រូវការសន្តិភាពដែលព្រះសង្គ្រោះបានប្រទាន នៅផ្នែកណាក្នុងជីវិតរបស់អ្នក? តើរឿងរបស់ព្រះយេស៊ូវមានចំណុចណា ដែលអ្នកមានការប៉ះពាល់ចិត្តបំផុត?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានប្រទានក្តីសង្ឃឹម និងសន្តិភាព ក្នុងការរស់នៅ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ១៦-១៧ និង ម៉ាថាយ ៥:២៧-៤៨
ប្រភេទ
ល្ងាច

ស្រឡាញ់ព្រះបន្ទូលព្រះ
ដោយAlistair Begg
January 6, 2025
«កូនអើយ ចូររក្សាអស់ទាំងពាក្យរបស់អញ ហើយប្រមូលអស់ទាំងបណ្ដាំអញទុកនៅនឹងឯងចុះ ត្រូវឲ្យរក្សាបណ្ដាំអញទាំងប៉ុន្មាន ដើម្បីឲ្យបានរស់នៅ ព្រមទាំងឱវាទអញ ដូចជារក្សាប្រស្រីភ្នែកឯងដែរ ចូរចងភ្ជាប់នៅម្រាមដៃ ហើយកំណត់ទុកនៅក្នុងដួងចិត្តឯងផង» (សុភាសិត ៧:១-៣)។
ខ្ញុំបានរកឃើញថា ការទៅផ្សារទំនើប នៅពេលខ្ញុំឃ្លាន គឺជាទង្វើដ៏គ្រោះថ្នាក់។ ពេលនោះ ខ្ញុំចេះតែចង់ទិញអាហារ ដែលក្នុងពេលធម្មតា អាហារទាំងនោះមិនមានភាពទាក់ទាញចំពោះខ្ញុំសោះ។ មិនមែនមានតែខ្ញុំទេ ដែលមានបញ្ហានេះ ព្រោះយោងតាមព្រះបន្ទូលស្ដេចសាឡូម៉ូន «អ្នកណាដែលឆ្អែតហើយ ទោះទាំងសំណុំឃ្មុំក៏ណាយចិត្តដែរ តែឯអ្នកណាដែលឃ្លាន ទោះទាំងរបស់ជូរល្វីងក៏ផ្អែមដល់គេវិញ» (សុភាសិត ២៧:៧)។
យើងក៏អាចយកគោលការណ៍នេះមកប្រើ នៅក្នុងការដេញតាមសេចក្តីបរិសុទ្ធផងដែរ។ ការរស់នៅប្រចាំថ្ងៃ ដោយបណ្តោយឲ្យខ្លួនយើងបន្តមានការស្រេកឃ្លានខាងឯវិញ្ញាណ គឺពិតជាគ្រោះថ្នាក់ណាស់ ព្រោះយើងមិនបានបរិភោគព្រះបន្ទូលព្រះ ជាអាហារខាងឯវិញ្ញាណឲ្យបានឆ្អែត។
បើសិនជាយើងចង់រក្សាសេចក្តីបរិសុទ្ធរបស់យើង តាមរបៀបដ៏ត្រឹមត្រូវ ជាចាំបាច់ យើងមិនគ្រាន់តែត្រូវអានព្រះបន្ទូលព្រះ តែក៏ត្រូវស្រឡាញ់ព្រះបន្ទូលព្រះអង្គផងដែរ។ ស្ដេច សាឡូម៉ូន ជាស្ដេចឮនៃសាសន៍អ៊ីស្រាអែល ដែលព្រះទ្រង់បានប្រទានប្រាជ្ញា លើសមនុស្សទាំងអស់ (១ពង្សាវតាក្សត្រ ៣:៣-១៤)។ ទ្រង់បានប្រើពាក្យពេចន៍ ក្នុងន័យបង្រៀនមនុស្សឲ្យស្រឡាញ់ព្រះបន្ទូលព្រះ គឺដូចដែលទ្រង់បានប្រាប់បុត្រាទ្រង់ ឲ្យ «កាន់តាម» ព្រះបន្ទូលព្រះអង្គ ឲ្យចាត់ទុកព្រះបន្ទូលព្រះអង្គ «ជាកំណប់ទ្រព្យ» និង «ប្រស្រីភ្នែកទ្រង់» ហើយ «ចងភ្ជាប់» និង «កត់ទុក» ព្រះបន្ទូលនៅក្នុងដួងព្រះទ័យទ្រង់។
ដើម្បីឲ្យយើងអាចប្រតិបត្តិតាមព្រះបន្ទូលព្រះអង្គ យ៉ាងដូចនេះបាន យើងចាំបាច់ត្រូវប្រើព្រះគម្ពីរ ឲ្យលើសពីការអានសៀវភៅ សម្រាប់រៀនសូត្រ លើសពីឯកសារយោង ឬលើសពីសៀវភៅដែលកត់ទុកពាក្យសន្យា ដែលយើងបើកមើលយូរៗម្តង។ ដើម្បីស្រឡាញ់ព្រះបន្ទូលព្រះ យើងចាំបាច់ត្រូវស្វែងយល់ការបង្រៀនរបស់អ្នកនិពន្ធកណ្ឌគម្ពីរទំនុកតម្កើង ដែលបានដកខ្លួនចេញឲ្យឆ្ងាយពីពួកមនុស្សអួត និងពួកមើលងាយ ក្នុងសម័យរបស់គាត់ ហើយគាត់ថា មនុស្សដែលដើរជាមួយព្រះអម្ចាស់ «ត្រេកអរតែនឹងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិតក្នុងក្រឹត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ» (ទំនុកតម្កើង ១:២)។
ការត្រេកអរនឹងព្រះបន្ទូលព្រះ ជាការអនុញ្ញាតឲ្យព្រះបន្ទូលព្រះអង្គគ្រប់គ្រង និងដឹកនាំជីវិតយើង ហើយជួយឲ្យយើងអាចបន្តដេញតាមសេចក្តីបរិសុទ្ធ។ បើយើងមិនបានស្រឡាញ់ព្រះបន្ទូលទេ នោះមិនយូរមិនឆាប់ យើងមុខជានឹងជំពប់ដួល នៅក្នុងការរក្សាសេចក្តីបរិសុទ្ធមិនខាន។
យើងម្នាក់ៗសុទ្ធតែអាចរក្សាផ្លូវរបស់យើងឲ្យបរិសុទ្ធ ដោយខំប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គអស់ពីចិត្ត (ទំនុកតម្កើង ១១៩:៩)។ តើអ្នកមានគម្រោងទន្ទេញព្រះបន្ទូលព្រះអង្គឲ្យចាំទេ? ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យប្ដេជ្ញាចិត្តទន្ទេញខគម្ពីរឲ្យចាំ ប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ឬតាមកាលវិភាគដូចម្ដេចក៏ដោយ។ ចូរចំណាយពេលទន្ទេញខគម្ពីរ តាមគម្រោងនោះឲ្យបានខ្ជាប់ខ្ជួន។
ចូរបរិភោគព្រះបន្ទូលព្រះ ឲ្យបានស្កប់ស្កល់។ ចូរស្រឡាញ់ព្រះបន្ទូលព្រះអង្គ ហើយបន្តរក្សាសេចក្តីបរិសុទ្ធរបស់អ្នក។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ១១៩:១-១៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លោកុប្បត្ដិ ១៨-១៩ និងរ៉ូម ៧