ព្រឹក

ល្អប្រសើរជាងជីវិតទូលបង្គំ
ដោយXochitl Dixon
January 9, 2025
ទំនុកដំកើង ៦៣
ដ្បិតសេចក្តីសប្បុរសនៃទ្រង់ នោះវិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរដល់ទ្រង់។ ទំនុកដំកើង ៦៣:៣
បន្ទាប់ពីសុខភាពរបស់ខ្ញុំបានចុះខ្សោយសារជាថ្មី ខុសពីការរំពឹងគិត ខ្ញុំក៏បានចូលរួមជាមួយស្វាមីរបស់ខ្ញុំ និងអ្នកដទៃទៀត នៅក្នុងការធ្វើដំណើរកម្សាន្ត នៅតាមតំបន់ជួរភ្នំ។ ខ្ញុំបានឡើងជណ្តើរតូចមួយធ្វើពីឈើ ឆ្ពោះទៅរកព្រះវិហារតូចមួយ នៅលើកំពូលភ្នំ។ ខ្ញុំក៏បានឈប់សម្រាកនៅលើកាំជណ្តើរឈើដែលទ្រុឌទ្រោម តែម្នាក់ឯង នៅក្នុងភាពងងឹត។ ខណៈពេលដែលខ្ញុំបានឮគេចាប់ផ្តើមលេងភ្លេង ខ្ញុំក៏បានអធិស្ឋានខ្សឹបៗថា “ព្រះអម្ចាស់អើយ ជួយទូលបង្គំផង”។ ខ្ញុំក៏បានដើរយឺតៗរហូតទៅដល់បន្ទប់តូចមួយ។ ខ្ញុំក៏បានដកដង្ហើម ខណៈពេលដែលរូបកាយខ្ញុំនៅមានការឈឺចាប់ ដោយការដឹងគុណ ចំពោះព្រះអម្ចាស់ ដែលបានស្តាប់ឮយើង នៅក្នុងកន្លែងដែលគេបោះបង់ចោល ដូចវាលរហោស្ថាន!
ព្រះគម្ពីរប៊ីបបានចែងអំពីការប្រកបជាមួយព្រះអម្ចាស់ ដែលមានភាពស្និទ្ធស្នាលបំផុត នៅក្នុងការថ្វាយបង្គំព្រះអង្គ នៅវាលរហោស្ថាន។ កាលស្តេចដាវីឌកំពុងលាក់ខ្លួន នៅក្នុងវាលរហោស្ថាន ក្នុងនគរយូដា ក្នុងការរត់គេចពីការតាមសម្លាប់របស់អាប់សាឡំម ជាបុត្រាទ្រង់ ទ្រង់ក៏បានច្រៀងសរសើរដំកើងព្រះអម្ចាស់ថា “ឱព្រះអង្គអើយ ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកទ្រង់អស់ពីចិត្ត ព្រលឹងទូលបង្គំស្រេករកទ្រង់”(ទំនុកដំកើង ៦៣:១)។ ដោយសារទ្រង់បានដកពិសោធជាមួយព្រះចេស្តា និងសិរីល្អរបស់ព្រះអម្ចាស់ ទ្រង់ក៏បានមានបន្ទូលថា សេចក្តីស្រឡាញ់របស់ព្រះអង្គ មានតម្លៃជាងជីវិតទៅទៀត(ខ.៣) ហើយនេះជាមូលហេតុដែលទ្រង់បានប្ដេជ្ញាព្រះទ័យថា នឹងថ្វាយបង្គំព្រះអង្គជារៀងរហូត សូម្បីតែនៅក្នុងវាលរហោស្ថានក៏ដោយ(ខ.២-៦)។ ទ្រង់មានបន្ទូលថា “ដ្បិតទ្រង់បានធ្វើជាជំនួយដល់ទូលបង្គំ
ទូលបង្គំនឹងមានចិត្តរីករាយនៅក្រោមម្លប់ស្លាបទ្រង់។ ព្រលឹងទូលបង្គំតាមទ្រង់ប្រកិត ព្រះហស្តស្តាំនៃទ្រង់ក៏ទប់ទល់ទូលបង្គំ”(ខ.៧-៨)។
ទោះយើងស្ថិតក្នុងកាលៈទេសៈណា ឬមនុស្សដែលបៀតបៀនយើងមានភាពកាចសាហាវយ៉ាងណាក៏ដោយ យើងអាចបង្ហាញចេញនូវការទុកចិត្តព្រះ ដោយសរសើរដំកើងព្រះអង្គ ដូចស្តេចដាវីឌផងដែរ(ខ.១១)។ ទោះយើងនឹងរងទុក្ខ ជួនកាលមិនមែនដោយសារកំហុសយើងក៏ដោយ ក៏យើងនៅតែអាចទុកចិត្តថា សេចក្តីស្រឡាញ់របស់ព្រះតែងតែប្រសើរជាងជីវិតរបស់យើងជានិច្ច។—Xochitl Dixon
តើការដឹងថា ព្រះស្រឡាញ់អ្នក បានលើកទឹកចិត្តអ្នកយ៉ាងណាខ្លះ នៅពេលដែលអ្នកទទួលរងការវាយប្រហារ ឬជួបបរាជ័យ?
តើការថ្វាយបង្គំព្រះបានពង្រឹងជំនឿរបស់អ្នក ក្នុងអំឡុងពេលដ៏ពិបាកដូចម្តេចខ្លះ?
ឱព្រះនៃទូលបង្គំអើយ សេចក្តីស្រឡាញ់របស់ព្រះអង្គប្រសើរជាងជីវិតទូលបង្គំ!
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ២៣-២៤ និង ម៉ាថាយ ៧
ប្រភេទ
ល្ងាច

ការអញ្ជើញដែលសំខាន់បំផុត
ដោយAlistair Begg
January 9, 2025
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក» (ម៉ាថាយ ១១:២៨)។
ពេលណាអ្នកទទួលការអញ្ជើញ អ្នកប្រហែលជាចង់សួរថា តើនរណាជាអ្នកអញ្ជើញ? តើការអញ្ជើញនេះសម្រាប់នរណា? ហេតុអ្វីការអញ្ជើញនេះសំខាន់? ខគម្ពីរនេះបានផ្តល់ឲ្យនូវការអញ្ជើញដែលគួរឲ្យស្រឡាញ់បំផុត ក្នុងព្រះគម្ពីរសញ្ញាថ្មីទាំងមូល ប៉ុន្តែដើម្បីយល់ខគម្ពីរនេះឲ្យបានច្បាស់បំផុត យើងត្រូវសួរសំណួរដូចនេះផងដែរ។
ទីមួយ ខគម្ពីរនេះជាការអញ្ជើញជាលក្ខណៈបុគ្គល តែមិនមែនជាការអញ្ជើញ ឲ្យចូលរួមកម្មវិធី ឬអញ្ជើញឲ្យចូលរួមសាសនា ឬទស្សនវិជ្ជា ដូចសាសនាហិណ្ឌូ សាសនាព្រះពុទ្ធ លទ្ធិខុងជឺ លទ្ធិយុគសម័យថ្មី លទ្ធិមនុស្សនិយម ឬ «លទ្ធិ» អ្វីផ្សេងទៀត ដែលអាចរកបានក្នុងពិភពលោក នាពេលបច្ចុប្បន្ននោះទេ។ នេះជាការអញ្ជើញពីព្រះយេស៊ូវដោយផ្ទាល់។ ព្រះអង្គកំពុងអញ្ជើញយើងម្នាក់ៗថា «ចូរមកឯខ្ញុំ»។ សារៈសំខាន់នៃការអញ្ជើញនេះ គឺអាស្រ័យទៅលើអ្នកអញ្ជើញ។ ក្នុងកណ្ឌគម្ពីរដំណឹងល្អ ព្រះយេស៊ូវបានប្រកាសថា ព្រះអង្គជានរណា។ ព្រះអង្គជាព្រះមេស្ស៊ី ព្រះអង្គសង្គ្រោះពិភពលោក ព្រះរាជបុត្រានៃព្រះ (មើល យ៉ូហាន ៤:២៥-២៦ និង១យ៉ូហាន ៤:១៤)។ ផ្អែកទៅលើគុណធម៌នៃអត្តសញ្ញាណនេះ ព្រះអង្គអាចបង្គាប់ឲ្យមានការឆ្លើយតប តែផ្ទុយទៅវិញ ព្រះអង្គបានប្រទានការអញ្ជើញនេះ។
ហើយតើព្រះអង្គអញ្ជើញនរណាខ្លះ? គឺ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់»។ ការអញ្ជើញនេះគឺសម្រាប់មនុស្សទាំងអស់។ គឺមិនបានជ្រើសរើសយកក្រុមណាមួយ ក្នុងចំណោមក្រុមធំមួយ តែបានសំដៅទៅលើមនុស្សទាំងអស់។ យើងម្នាក់ៗសុទ្ធតែត្រូវការការអញ្ជើញនេះ គ្មាននរណាម្នាក់ដែលរួចផុតពីការខ្វល់ខ្វាយ ការទទួលខុសត្រូវ ការភ័យខ្លាច និងបរាជ័យ ដែលជាផ្នែកមួយនៃជីវិតរបស់ពួកគេឡើយ។
ហេតុអ្វីការអញ្ជើញនេះសំខាន់? ព្រះយេស៊ូវអញ្ជើញយើងឲ្យស្វែងរក «ការសម្រាកសម្រាប់វិញ្ញាណ» របស់យើង។ ព្រះអង្គកំពុងមានបន្ទូលសំដៅទៅលើការសម្រាកដ៏ស្ថិតស្ថេរ។ ព្រះអង្គកំពុងអញ្ជើញយើងឲ្យចូលរួមពិធីជប់លៀង ហើយមិនបានប្រាប់យើងឲ្យតុបតែងខ្លួន ដោយសំលៀកបំពាក់នោះទេ។ យើងទៅចូលរួមពិធីជប់លៀងនោះ ដោយសណ្ឋានពិតរបស់យើង។ ព្រះអង្គដកសំលៀកបំពាក់នៃ «ការប្រព្រឹត្តល្អ» ចេញពីយើង ជាសំលៀកបំពាក់ដែលមនុស្សជាច្រើន ចូលចិត្តពាក់។ ព្រះអង្គហៅសំលៀកបំពាក់ទាំងនោះថា ខោអាវកណ្ដាច ហើយក៏បានបោះពួកវាទៅកៀនជ្រុង។ ព្រះអង្គក៏ដកសំលៀកបំពាក់ «ខ្ញុំអាក្រក់ណាស់ ខ្ញុំរញ៉េរញ៉ៃណាស់ ខ្ញុំគ្មានសង្ឃឹមទេ» ចេញពីយើង ហើយបោះពួកវាទៅកៀនជ្រុងផងដែរ។ ព្រះអង្គបានបំពាក់ “អាវជាសេចក្តីសុចរិត” ពីលើយើង ជំនួសខោអាវទាំងនោះ (អេសាយ ៦១:១០) ដែលព្រះយេស៊ូវគ្រីស្ទបានប្រទានមកដោយផ្ទាល់។ យើងអាចឈប់សម្រាក ដោយលែងព្យាយាមជួយខ្លួនឯង ឬជួយខ្លួនឯងឲ្យបានចូលនគរព្រះ ពេលដែលយើងចូលមករកព្រះយេស៊ូវ ហើយទទួលអ្វីៗទាំងអស់ដែលយើងត្រូវការពីព្រះអង្គ។
នេះជាការអញ្ជើញដែលធំជាងការអញ្ជើញទាំងអស់។ នៅថ្ងៃនេះ ចូរនាំបន្ទុករបស់អ្នកចូលមករកព្រះអង្គ ជាលើកទី១ ឬលើកទី១ពាន់។ ចូរទទួលយកការសម្រាកពីព្រះអង្គចុះ។
ខ្ញុំមកថ្វាយខ្លួន ឥតមានអ្វីអាង
អាងតែឈាមទ្រង់ហូរលើឈើឆ្កាង
នឹងព្រះបន្ទូលជាទីសម្អាង
ឱព្រះអង្គសង្គ្រោះយើង ខ្ញុំមក1។
ព្រះគម្ពីរសញ្ជឹងគិត៖ ម៉ាថាយ ១១:២៥-៣០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លោកុប្បត្ដិ ២៥-២៦ និងរ៉ូម ៩:១-១៥
1លោកស្រី Charlotte Elliot, “Just As I Am, Without One Plea” (ឆ្នាំ១៨២៥)។