ព្រឹក

ការជៀសវាងការបោកបញ្ឆោត
ដោយBren thackett
January 10, 2025
២យ៉ូហាន ១:៤-១១
ពីព្រោះមានអ្នកប្រវ័ញ្ចបញ្ឆោតជាច្រើនបានមកក្នុងលោកីយ៍ហើយ ជាពួកអ្នកដែលមិនព្រមទទួលថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ។ ២យ៉ូហាន ១:៧
កាលពីខែមេសា ឆ្នាំ១៨១៧ ស្ត្រីវ័យក្មេងម្នាក់បានវង្វេងស្មារតី ហើយបានដើរវិលវល់ចុះឡើង នៅក្នុងខេត្តក្លាសស្ទ័រស័រ ប្រទេសអង់គ្លេស ដោយស្លៀកពាក់ខោអាវបរទេស និងនិយាយភាសាដែលគេមិនស្គាល់។ ពួកអាជ្ញាធរបានសន្និដ្ឋានថា នាងគឺជាអ្នកសុំទាន បានជាពួកគេចាប់ខ្លួននាងដាក់គុក។ ទោះជាយ៉ាងណាក៏ដោយ នាងបានពន្យល់ពួកគេថា នាងគឺជាព្រះនាងខារ៉ាប៊ូ(Caraboo) មកពីកោះចាវ៉ាស៊ូ។ សហគមន៍នៅទីនោះ ក៏បានប្រតិបត្តិចំពោះនាង ដូចខ្សែរាជវង្ស អស់រយៈពេល១០សប្តាហ៍ រហូតដល់ពេលមួយ ម្ចាស់ផ្ទះសំណាក់ម្នាក់បានមកបង្ហាញការពិតថា តាមពិតនាងគឺជាអ្នកបម្រើ ឈ្មោះ ម៉ារី វីលខក់(Mary Willcocks)។
យើងប្រហែលជាឆ្ងល់ថា ស្រ្តីវ័យក្មេងម្នាក់នេះបានបោកប្រាស់សហគមន៍ទាំងមូល អស់រយៈពេលជិត៣ខែដោយរបៀបណាទេ។ ប៉ុន្តែ កណ្ឌគម្ពីរយ៉ូហាន ខ្សែទី២ បានដាស់តឿនយើងថា ការបោកបញ្ឆោតមិនមែនជារឿងដែលទើបតែកើតមានក្នុងសម័យបច្ចុប្បន្ននោះទេ គឺដូចដែលបទគម្ពីរនេះបានចែងថា “មានអ្នកប្រវ័ញ្ចបញ្ឆោតជាច្រើនបានមកក្នុងលោកីយ៍ហើយ”(១:៧)។ មានមនុស្សដែលបដិសេធមិនព្រមជឿថា ព្រះយេស៊ូវបានយាងមកចាប់កំណើតជាមនុស្សទេ(ខ.៧) ឬមានមនុស្សដែលបន្ថែមបន្ថយការបង្រៀនរបស់ព្រះគ្រីស្ទ(ខ.៩) ដោយប្រកាសថា ព្រះគម្ពីរប៊ីបមិនមានការបង្រៀនគ្រប់គ្រាន់សម្រាប់យើងក្នុងពេលសព្វថ្ងៃទេ។ ពួកបោកបញ្ឆោតទាំងពីរប្រភេទនេះ អាចបណ្តាលឲ្យយើងមិនបានទទួលរង្វាន់ពេញលេញពីព្រះ(ខ.៨) ហើយថែមទាំងអាចបោកប្រាស់យើង ឲ្យរួមចំណែកក្នុងការអាក្រក់របស់ពួកគេទៀតផង(ខ.១១)។
គ្មាននរណាម្នាក់ចូលចិត្តឲ្យគេបោកប្រាស់នោះទេ។ ប្រជាជននៅខេត្តក្លាសស្ទ័រស័រ មិនបានខាតបង់ច្រើនទេ គឺគ្រាន់តែបានឲ្យសំលៀកពាក់ និងអាហារដល់ស្ត្រីដែលវង្វេងស្មារតីនោះ ដោយឥតគិតថ្លៃប៉ុណ្ណោះ។ ប៉ុន្តែ ព្រះគម្ពីរប៊ីបបានចែងថា ផលវិបាកនៃបាប និងការបោកបញ្ឆោត នៅតែបន្តគំរាមកំហែងយើង។ ពេលណាយើងប្រព្រឹត្តតាមព្រះបន្ទូល ក្នុងព្រះគម្ពីរ ព្រះអង្គនឹងជួយយើងឲ្យជៀសវាងការបោកបញ្ឆោត ខណៈពេលដែលយើងដើរ ដោយស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះអង្គ(ខ.៦)។—Brent Hackett
តើអ្នកមានការប្រុងប្រយ័ត្នដូចម្តេចខ្លះ ចំពោះគ្រូបង្រៀនខុសឆ្គង ក្នុងពេលសព្វថ្ងៃ? តើអ្នកអាចជញ្ជឹងគិត និងឆ្លើយតបចំពោះព្រះបន្ទូលដូចម្តេចខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំឲ្យឈរយ៉ាងមាំមួន ដោយប្រាជ្ញាក្នុងព្រះគម្ពីរប៊ីប ដើម្បីកុំឲ្យចាញ់ការបោកបញ្ឆោតឡើយ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ២៥-២៦ និង ម៉ាថាយ ៨:១-១៧
ប្រភេទ
ល្ងាច

មានចំណុចដូចគ្នាច្រើន
ដោយAlistair Begg
January 10, 2025
«ពួកអ្នកដែលជឿទាំងប៉ុន្មាន ក៏នៅជាមួយគ្នា ហើយមានរបស់ទាំងអស់នៅមូលព្រមគ្នា» (កិច្ចការ ២:៤៤)។
របៀបនៃការរស់នៅ ដែលមានការរួបរួមគ្នា ស្ថិតក្នុងចំណោមលក្ខណសម្បត្តិរបស់ពួកជំនុំដំបូង ដែលមានការទាក់ទាញខ្លាំងបំផុត ចំពោះអ្នកមិនជឿព្រះដែលរស់នៅជិតខាងពួកគេ។ តើមានកត្តាអ្វីដែលបានបង្រួបបង្រួមមនុស្សចម្រុះគ្នាច្រើនយ៉ាងនេះ ដែលមានដូចជាសាសន៍ដទៃ និងសាសន៍យូដា ពួកកាត់ស្បែក និងពួកមនុស្សព្រៃ ពួកអ្នកក្រុង ពួកទាសករ និងពួកអ្នកជា (កូឡូស ៣:១១)? ពួកគេរួបរួមដោយសារព្រះយេស៊ូវគ្រីស្ទ។ មិនមានការបកស្រាយណាមួយថា ការរួបរួមរបស់គ្រីស្ទបរិស័ទទាំងនេះបានកើតមាន ដោយគ្មានព្រះអង្គនោះឡើយ។
ចាប់តាំងពីសម័យនោះ រហូតដល់ពេលបច្ចុប្បន្ន ពួកជំនុំតែងតែមានការរួបរួមតែមួយ ក្នុងការប្រកបដ៏ពិសេស ដែលមានប្រភេទនៃការរួបរួមមួយចំនួន។ ទីមួយ ពួកគេមានជំនឿតែមួយ។ ពួកជំនុំដំបូងមិនបានជួបជុំគ្នា ផ្អែកទៅលើជាតិសាសន៍ ការអប់រំ ផលប្រយោជន៍ ឬអ្វីផ្សេងទៀតនោះទេ ផ្ទុយទៅវិញ ពួកគេបាននាំជីវិតរបស់ខ្លួនមកចម្រុះគ្នា នៅក្រោមជំនឿតែមួយ លើព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ។ ពិធីលៀងព្រះអម្ចាស់នៅតែជាការឆ្លុះបញ្ចាំងដ៏មានន័យ អំពីការរួបរួមដដែលនេះ ដែលក្នុងនោះ មានការរួមចិត្តរួមគំនិតគ្នាតែមួយ ក្នុងការចូលរួមទទួលចំណែកនំប៉័ង និងទឹកទំពាំងបាយជូរ ជារូបកាយតែមួយ។ ព្រះយេស៊ូវជានំប៉័ងជីវិត ដែលបានទ្រទ្រង់ និងបង្រួបបង្រួមយើង។
ទីពីរ យើងជាគ្រួសារតែមួយ។ ពេលណាយើងទទួលជឿព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះ យើងបានទទួលការស្វាគមន៍ចូលក្នុងមហាគ្រួសារទ្រង់ ជាមួយអ្នកជឿដទៃទៀត ដោយមានព្រះវរបិតាតែមួយ ដែលគង់នៅស្ថានសួគ៌។ ចំណងគ្រួសារនេះមានតម្លៃជាងគ្រួសារខាងសាច់ឈាម នៅលើផែនដី ព្រោះគ្រួសារនៃសេចក្តីជំនឿមានភាពស្ថិតស្ថេរអស់កល្ប។ ហេតុនេះហើយ យើងគួរតែគិតអំពីប្រយោជន៍របស់បងប្អូនប្រុសស្រីខាងឯវិញ្ញាណរបស់យើង។ ព្រោះការដែលយើងដែលជាអ្នកជឿ មិនស្រឡាញ់គ្នា មិនគ្រាន់តែជារឿងដ៏សោកសៅ តែក៏មានភាពផ្ទុយគ្នា ព្រោះ «អ្នកណាដែលស្រឡាញ់ដល់ព្រះ នោះត្រូវតែស្រឡាញ់ដល់បងប្អូនដែរ»(១យ៉ូហាន ៤:២១)។
ទីបី ដោយសារព្រះគុណព្រះ ពួកជំនុំពិតប្រាកដក៏ដកពិសោធន៍ជាមួយការមានអារម្មណ៍ដូចគ្នា។ យើងអាចសង្កេតឃើញថា នៅក្នុងការប្រកួតកីឡានីមួយៗ អ្នកគាំទ្រម្នាក់ៗមានលក្ខណៈខុសៗគ្នា តែពួកគេមានអារម្មណ៍ ការជឿជាក់ និងគោលដៅតែមួយ ចំពោះក្រុមកីឡាករដែលពួកគេចូលចិត្ត។ ជូនកាល អារម្មណ៍របស់ពួកគេមានការឡើងចុះៗដូចគ្នា ទៅតាមការប្រកួត។ ស្រដៀងគ្នានេះដែរ សមាជិកម្នាក់ៗក្នុងគ្រួសារក៏ចែករំលែកក្តីអំណរ សន្តិភាព ការឈឺចាប់ និងទុក្ខព្រួយទាំងអស់គ្នា។ គឺដូចដែលសាវ័កប៉ុលបានបកស្រាយថា «បើអវយវៈ១ឈឺ នោះទាំងអស់នឹងឈឺជាមួយគ្នា បើ១បានតម្កើងឡើង នោះទាំងអស់នឹងបានរីករាយជាមួយដែរ» (១កូរិនថូស ១២:២៦)។ ពាក្យប្រៀបប្រដូចដែលសាវ័ក ប៉ុល បានប្រើក្នុងជំពូកនេះ គឺសំដៅទៅលើពួកជំនុំជារូបកាយតែមួយ បានសេចក្តីថា ក្នុងនាមយើងជាអ្នកជឿ យើងមានចំណុចខុសគ្នា ហើយមានចំណុចខ្លាំង និងចំណុចខ្សោយផ្សេងគ្នា ដូចនេះ យើងជារូបកាយតែមួយ ដែលធ្វើការរួមគ្នា ទទួលបានលទ្ធផលល្អជាងការធ្វើការដាច់ពីគ្នា។
កម្លាំងរបស់អ្នកជួយបំពេញចំណុចខ្វះខាត និងភាពកម្សោយរបស់ខ្ញុំ ហើយក៏ជួយគ្នាទៅវិញទៅមក។ គ្រួសារទាំងអស់មានការលំបាក និងបញ្ហាផ្សេងៗ ហើយយើងជាមនុស្សមានបាប ដូចនេះ យើងងាយនឹងភ្លេចថា យើងមានឯកសិទ្ធិ ក្នុងការរួបរួមគ្នាជារាស្ត្ររបស់ព្រះ។ តើអ្នកបានអរព្រះគុណព្រះវរបិតា សម្រាប់ការប្រទានគ្រួសារពួកជំនុំ នៅពេលណា? សូមប្រាប់អំពីពេលដែលអ្នកបានមើលទៅបងប្អូនប្រុសស្រី ដែលកំពុងជួបជុំគ្នា នៅថ្ងៃអាទិត្យ ហើយអ្នកមានការលើកទឹកចិត្ត ដែលបានដឹងថា អ្នកជាផ្នែកមួយនៃគ្រួសារពួកជំនុំ ដោយសារព្រះគុណព្រះអង្គ។
ពិភពលោកសព្វថ្ងៃ មានពេញដោយការបាក់បែក និងភាពឯកាមិនខុសពីសម័យពួកសាវ័កទេ។ មនុស្សមានភាពប្រេះបែក មានការភ័យខ្លាច និងការបាត់បង់។ តែយើងជារូបកាយនៃព្រះគ្រីស្ទ អាចផ្តល់ឲ្យលោកីយ៍នេះ នូវការប្រកបដ៏ជ្រាលជ្រៅ និងពេលអនាគតពេញដោយក្តីសង្ឃឹមអស់កល្បជានិច្ច។ អ្នកមានឱកាសធ្វើជាព្រះហស្ត និងព្រះបាទរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដោយឈោងចាប់មនុស្ស ដោយអញ្ជើញពួកគេចូលមហាគ្រួសាររបស់ព្រះអង្គ។ តើអ្នកនឹងឆក់យកឱកាសនេះទេ?
ព្រះគម្ពីរសញ្ជឹងគិត៖ កូឡូស ៣:៥-១៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ លោកុប្បត្ដិ ២៧-២៨ និងរ៉ូម ៩:១៦-៣៣