ព្រឹក

ព្រះអង្គប្រើសត្វឲ្យដាស់តឿនយើង
ដោយKirsten Holmberg
January 11, 2025
ជនគណនា ២២:២១-២៣,៣១-៣៥
នោះបាឡាមក៏ទូលទៅទេវតានៃព្រះយេហូវ៉ាថា ទូលបង្គំបានធ្វើបាបហើយ ពីព្រោះទូលបង្គំមិនបានដឹងជាទ្រង់ឈរនៅត្រង់ផ្លូវ ទាស់នឹងទូលបង្គំទេ។ ជនគណនា ២២:៣៤
បើសិនជាអ្នកអាចស្តាប់យល់ភាសារបស់សត្វឆ្កែរបស់អ្នក តើអ្នកនឹងមានចិត្តរំភើបរីករាយយ៉ាងណា? អ្នកវិទ្យាសាស្ត្របានបង្កើតបច្ចេកវិទ្យាថ្មីមួយ ដែលអាចសម្គាល់សម្លេង “ព្រុស”របស់សត្វឆ្កែ ដើម្បីជួយមនុស្សឲ្យអាចយល់អំពីអារម្មណ៍របស់ពួកវា ពេលពួកវាព្រុសម្តងៗ។ គេក៏បានផលិតប្រឡៅកឆ្កែដែលមានបច្ចេកវិទ្យាខ្ពស់ បានបកប្រែអត្ថន័យសម្លេងព្រុសរបស់សត្វឆ្កែ ដោយប្រើទិន្នន័យដែលគេប្រមូលបានពីការថតសម្លេងឆ្កែព្រុសជាង១ម៉ឺនសម្លេង ដើម្បីជួយសំគាល់អារម្មណ៍ដែលពួកវាកំពុងបង្ហាញចេញមក។ ទោះប្រឡៅកឆ្កែទាំងនោះ មិនអាចបកប្រែចេញជាពាក្យសម្តីរបស់មនុស្សក៏ដោយ ក៏ឧបករណ៍ឆ្លាតវ័យប្រភេទនេះ អាចជួយឲ្យម្ចាស់ឆ្កែយល់ចិត្តសត្វឆ្កែរបស់ខ្លួន។
ព្រះអម្ចាស់ធ្លាប់បានប្រើសត្វមួយក្បាល ដើម្បីឲ្យហោរាបាឡាមស្តាប់ព្រះបន្ទូលព្រះអង្គ។ លោកបាឡាមបានជិះសត្វលា ទៅស្រុកម៉ូអាប់ ជាការឆ្លើយតបចំពោះការបង្គាប់របស់ព្រះអង្គ ឲ្យចេញទៅស្រុកនោះ ហើយនិយាយតែពាក្យដែលព្រះអង្គបានបង្គាប់ឲ្យគាត់និយាយប៉ុណ្ណោះ(ជនគណនា ២២:២០)។ សត្វលាក៏បានឈប់ នៅពេលដែលវាបានឃើញទេវតារបស់ព្រះអម្ចាស់ឈរនៅកណ្តាលផ្លូវ ទាំងកាន់ដាវហូតជាស្រេចនៅព្រះហស្ត តែលោកបាឡាមមិនបានមើលឃើញទេ(ខ.២៣)។ លោកបាឡាមក៏បានព្យាយាមបង្ខំសត្វលាឲ្យដើរទៅមុខ ដូចនេះ ព្រះអម្ចាស់ក៏បានឲ្យសត្វលាចេះនិយាយភាសាមនុស្ស។ នៅពេលដែលភ្នែករបស់លោកបាឡាមបានបើកឡើង មើលឃើញគ្រោះថ្នាក់នៅចំពោះមុខ គាត់ក៏បានឱនក្បាលទំលាក់ខ្លួនក្រាបចុះផ្កាប់មុខ(ខ.៣១) ដោយទទួលស្គាល់ថា គាត់ពិតជាមានចេតនាទៅទទួលរង្វាន់ ឬដាក់បណ្តាសាឲ្យរាស្រ្តរបស់ព្រះ ផ្ទុយនឹងការបង្គាប់របស់ព្រះអង្គ(ខ.៣៧-៣៨)។ គាត់ក៏បានសារភាពថា “ទូលបង្គំបានធ្វើបាបហើយ ពីព្រោះទូលបង្គំមិនបានដឹងជាទ្រង់ឈរនៅត្រង់ផ្លូវ ទាស់នឹងទូលបង្គំ”(ខ.៣៤)។
ចូរយើងស្តាប់តាមការបង្គាប់ ដែលព្រះអម្ចាស់បានប្រទានយើង ក្នុងទំព័រព្រះគម្ពីរប៊ីប តាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ និងតាមការប្រឹក្សាយោបល់ប្រកបដោយប្រាជ្ញាពីអ្នកដទៃ គឺមិនគ្រាន់តែស្តាប់បង្គាប់តែសម្បកក្រៅ តែនៅក្នុងចិត្តផងដែរ។—Kirsten Holmberg
តើអ្នកបានស្តាប់បង្គាប់តែសម្បកក្រៅ ដោយមិនបានធ្វើចេញពីចិត្ត នៅផ្នែកណាខ្លះនៃជីវិតអ្នក?
តើព្រះអម្ចាស់អាចដាស់តឿនអ្នកឲ្យភ្ញាក់ខ្លួនដឹងអំពីកំហុសនេះ ដោយរបៀបណា?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានដឹកនាំដោយក្តីស្រឡាញ់ ហើយបង្វែរទូលបង្គំចេញពីអំពើបាប និងការអាក្រក់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ២៧-២៨ និង ម៉ាថាយ ៨:១៨-៣៤
ប្រភេទ
ល្ងាច

សរសើរដំកើងព្រះអង្គក្នុងពេលងងឹត
ដោយAlistair Begg
January 11, 2025
“នោះយ៉ូបក៏ក្រោកឡើងហែកអាវខ្លួន ហើយកោរសក់ រួចផ្តួលខ្លួនក្រាបចុះដល់ដីថ្វាយបង្គំ ដោយពាក្យថា ទូលបង្គំបានចេញពីផ្ទៃម្តាយមកដោយខ្លួនទទេ ហើយនឹងត្រឡប់ទៅវិញដោយទទេដែរ ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ ក្នុងគ្រប់សេចក្តីទាំងនោះយ៉ូបមិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ”។ យ៉ូប ១:២០-២២
លោកយ៉ូបប្រហែលជាស្ថិតក្នុងចំណោមគំរូនៃការអត់ធន់ នឹងទុក្ខវេទនាដែលអស្ចារ្យបំផុតក្នុងព្រះគម្ពីរ។ ទោះគាត់ជាបុរសដែលសុចរិត រកកន្លែងបន្ទោសមិនបានក៏ដោយ ក៏ក្នុងរយៈពេល១ថ្ងៃ គាត់បានរងគ្រោះ ដោយសារការស្លាប់របស់កូនទាំងអស់ និងបាត់បង់ទ្រព្យសម្បត្តិស្ទើរគ្មានសល់។ តែគាត់បានឆ្លើយតប ដោយទទួលស្គាល់អធិបតេយ្យភាពរបស់ព្រះអង្គ នៅក្នុងពេលគាត់មានបាប ក៏ដូចជាពេលគាត់ធ្លាក់ខ្លួនក្រ និងនៅក្នុងការប្រទានពេលដែលមានអំណរ ក៏ដូចជាពេលដ៏សោកសៅ។ ខណៈពេលដែលការខកចិត្ត និងការឈឺចាប់ បានគ្របសង្កត់ជីវិតគាត់ គាត់ក៏បានកោរសក់ ស្លៀកពាក់រ៉ូបកណ្តាច ហើយក្រាបនៅលើដី មិនគ្រាន់តែនៅក្នុងការឈឺចាប់ តែក៏នៅក្នុងការថ្វាយបង្គំផងដែរ។
អ្វីដែលគួរឲ្យកត់សំគាល់នោះ ក្នុងពេលដ៏ងងឹតនៃការឈឺចាប់នេះ “លោកយ៉ូបមិនបានប្រព្រឹត្តអំពើបាប ឬបន្ទោសព្រះអម្ចាស់ឡើយ”។ ផ្ទុយទៅវិញ គាត់បានទុកចិត្តលើការរបៀបចំរបស់ព្រះ ទាំងទឹកភ្នែក។ អាចនិយាយម្យ៉ាងទៀតថា គាត់ទទួលស្គាល់ថា ព្រះទ្រង់ជ្រាបថា អង្គទ្រង់កំពុងធ្វើអ្វី ក្នុងគ្រប់កាលៈទេសៈទាំងអស់។ ព្រះទ្រង់ស័ក្តិសមនឹងទទួលការសរសើររបស់យើង សូម្បីតែក្នុងពេលដែលពិបាកបំផុត។ លោកយ៉ូបដឹងថា ពេលវេលារបស់គាត់ស្ថិតក្នុងព្រះហស្តព្រះ(ទំនុកដំកើង ៣១:១៥)។
មនុស្សភាគច្រើនបានឆ្លងកាត់ការរស់នៅ ដោយការទួញយំ ដោយការឈឺចុកចាប់ និងទឹកភ្នែកហូរដូចទន្លេ។ យើងដឹងថា ការទទួលស្គាល់អធិបតេយ្យភាព និងសេចក្តីល្អ ក្នុងពេលមានព្យុះភ្លៀងមិនមែនជាការងាយស្រួលទេ។ យើងឆ្ងល់ថា ព្រះអង្គគង់នៅទីណា ពេលយើងឈឺចាប់។ ក្នុងនាមយើងជាមនុស្ស ពេលយើងឆ្លើយតបចំពោះការឈឺចាប់ យើងងាយនឹងមានអារម្មណ៍ថា ការបង្រៀនអំពីអធិបតេយ្យភាពរបស់ព្រះ ហាក់ដូចជាភ្លាវ ប៉ុន្តែ ការបង្រៀននេះមិនចេះភ្លាវទេ។ តាមពិត ពេលវេលាកន្លងផុតទៅ ឬកាលៈទេសៈមានការផ្លាស់ប្តូរ យើងអាចក្រឡេកមកក្រោយ ហើយទទួលស្គាល់ថា គ្មានសោកនាដកម្មណា ដែលបានកើតឡើង ដោយព្រះទ្រង់មិនបានអនុញ្ញាត ដោយអធិបតេយ្យភាពរបស់ព្រះអង្គនោះឡើយ។ ព្រះអង្គអនុញ្ញាតឲ្យការទាំងអស់កើតឡើង ដោយឆ្លងកាត់ព្រះហស្តព្រះអង្គ ហើយពួកវាមិនកើតឡើង ដោយព្រះអង្គមិនបានដឹងជាមុននោះទេ។
យើងមិនត្រូវមើលស្រាលការឈឺចាប់របស់អ្នកដទៃ ឬផ្តល់ឲ្យនូវដំណោះស្រាយងាយៗនោះទេ។ ផ្ទុយទៅវិញ ព្រះអង្គបានត្រាស់ហៅយើង ឲ្យបន្តលើកទឹកចិត្តគ្នាទៅវិញទៅមក ឲ្យមានលក្ខណៈដូចព្រះគ្រីស្ទ ក្នុងអំឡុងពេលដែលមានទុក្ខលំបាក ដោយរំឭកគ្នាទៅវិញទៅមកថា ព្រះទ្រង់បានប្រទានជីវិតអស់កល្ប និងសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ ហើយព្រះអង្គបានថែរក្សាវិញ្ញាណយើង(យ៉ូប ១០:១២)។ ហើយយើងអាចក្រឡេកមកមើលប្រវត្តិសាស្រ្ត ឃើញថា ព្រះនៃយើងបានយាងចូលក្នុងភាពងងឹតនៃលោកិយនេះ ហើយបានឆ្លងកាត់ទុក្ខវេទនាដ៏ជ្រៅបំផុតផងដែរ។ ព្រះអង្គជាព្រះដែលជ្រាបថា ការរស់នៅជាមនុស្សមានលក្ខណៈដូចម្តេច។ ព្រះអង្គជាព្រះ ដែលបានរៀបចំពេលអនាគត ដែលយើងនឹងមិនមានការយំយែក ឬការឈឺចាប់ទៀតទេ។
សូម្បីតែក្នុងទុក្ខលំបាកនៃជីវិត និងជម្រៅនៃការឈឺចាប់ ការឃុំគ្រងរបស់ព្រះ ក្នុងលក្ខណៈជាឪពុក បានអនុញាតឲ្យអ្វីៗកើតឡើង ដើម្បីជាប្រយោជន៍យើង និងដើម្បីសិរីល្អរបស់ព្រះអង្គ។ ព្រះអង្គបានបង្ហាញថា ព្រះអង្គជ្រាបថា ព្រះអង្គកំពុងធ្វើអ្វី។ ហេតុនេះហើយយើងនៅតែអាចសរសើរដំកើងព្រះអង្គ ក្នុងពេលងងឹត។
ទំនុកដំកើង ២២
លោកុប្បត្តិ ២៩-៣០ និង រ៉ូម ១០