ព្រឹក

ព្រះទ្រង់នឹងប្រទានយុត្តិធម៌
ដោយLeslie Koh
January 12, 2025
កិច្ចការ ១៥:៣៦-៤១
ចូរឲ្យអ្នកនាំម៉ាកុសទៅជាមួយផង ដ្បិតគាត់ជាអ្នកមានប្រយោជន៍ក្នុងការងារខ្ញុំ។ ២ធីម៉ូថេ ៤:១១
អេរិន(Erin) គឺជាស្មៀនដែលខិតខំធ្វើការ ហើយតែងតែធ្វើការងារបានល្អ។ ប៉ុន្តែ បន្ទាប់ពីនាងត្រូវគេចោទប្រកាន់ ពីបទក្លែងបន្លំ គេក៏បានឲ្យនាងឈប់សម្រាកពីការងារមួយរយៈ ខណៈពេលដែលគេធ្វើការស៊ើបអង្កេត។ នាងមានអារម្មណ៍ថាចង់លាឈប់ពីការងារ ដើម្បីតបតចំពោះគេវិញ ប៉ុន្តែ មានអ្នកលើកទឹកចិត្តឲ្យនាងបន្តរង់ចាំមើលលទ្ធផលនៃការស៊ើបអង្កេត។ គេប្រាប់នាងថា បើនាងលាឈប់ពីការងារ គេមុខជាសន្និដ្ឋានថា នាងពិតជាបានប្រព្រឹត្តខុសមែន។ ដូចនេះ អេរិនក៏បានបន្តធ្វើការងារជាធម្មតា ដោយអធិស្ឋានសូមព្រះប្រទានសេចក្តីយុត្តិធម៌។ ប៉ុន្មានខែក្រោយមក គេក៏បានដឹងច្បាស់ថា នាងជាមនុស្សស្អាតស្អំ មិនដូចការចោទប្រកាន់នោះទេ។
លោកយ៉ូសែបប្រហែលជាមានអារម្មណ៍ស្រដៀងនេះផងដែរ នៅពេលដែលគេចោទប្រកាន់គាត់យ៉ាងអយុត្តិធម៌ថា គាត់បានចាប់រំលោភប្រពន្ធរបស់លោកប៉ូទីផារ ហើយក៏ត្រូវគេចាប់ដាក់គុកអស់ជាច្រើនឆ្នាំ(លោកុប្បត្តិ ៣៩:១៩-២០)។គាត់មិនបានធ្វើអ្វីខុសសោះ តែការដែលគាត់បដិសេធមិនព្រមប្រព្រឹត្តអំពើបាបជាមួយគេ បានបណ្តាលឲ្យគាត់ទទួលទោសយ៉ាងអយុត្តិធម៌។ ទោះលោកយ៉ូសែបមានការលំបាកយ៉ាងណាក៏ដោយ ក៏គាត់មិនបោះបង់ចោលការព្យាយាមដែរ។ គាត់បានបន្តទុកចិត្តព្រះ ដោយបម្រើព្រះអង្គយ៉ាងស្មោះត្រង់នៅក្នុងគុក ដែលនៅទីបំផុតមេគុកក៏បានទុកចិត្តគាត់(លោកុប្បត្តិ ៣៩:២១-២៣)។ ប៉ុន្មានឆ្នាំក្រោយមក ព្រះអម្ចាស់ក៏បានប្រទានយុត្តិធម៌ និងភាពស្អាតស្អំដល់គាត់ ដោយលើកគាត់ ធ្វើជាអ្នកដឹកនាំមានអំណាចបំផុតបន្ទាប់ពីស្តេច នៅនគរអេស៊ីព្ទ។ ការនេះបានបង្ហាញថា សេចក្តីយុត្តិធម៌របស់ព្រះនឹងមកដល់ តាមពេលវេលាដែលព្រះអង្គបានកំណត់ទុក។
ពេលណាគេវិនិច្ឆ័យយើងយ៉ាងអយុត្តិធម៌ ចូរយើងចាំថា ព្រះយេស៊ូវជ្រាបអំពីអារម្មណ៍របស់យើង ព្រោះគេបានកាត់ទោសព្រះអង្គ ទោះព្រះអង្គគ្មានទោសសោះក៏ដោយ ហើយគេបានប្រព្រឹត្តចំពោះព្រះអង្គ អាក្រក់ជាងឧក្រិដ្ឋជនធម្មតាទៅទៀត ទោះព្រះអង្គជាព្រះរាជបុត្រានៃព្រះក៏ដោយ។ ប៉ុន្តែ ព្រះអង្គបានបន្តធ្វើតាមបំណងព្រះទ័យព្រះវរបិតា ដោយជ្រាបថា គេនឹងបានដឹងច្បាស់ថា ព្រះអង្គស្អាតស្អំ ហើយសុចរិត។ បើគេវិនិច្ឆ័យមកលើអ្នក ដោយការយល់ច្រឡំ ចូរកុំបោះបង់ចោលការតស៊ូឡើង ព្រះទ្រង់ជ្រាប ហើយនឹងប្រទានយុត្តិធម៌ឲ្យអ្នក តាមពេលវេលារបស់ព្រះអង្គ។—Leslie Koh
តើមានព្រះបន្ទូលសន្យាអ្វី ដែលអ្នកអាចប្រកាន់ខ្ជាប់តាម ពេលណាគេវិនិច្ឆ័យអ្នកខុស? តើគំរូរបស់ព្រះយេស៊ូវបានលើកទឹកចិត្តអ្នកដូចម្តេចខ្លះ?
ឱព្រះវរបិតា មានតែព្រះអង្គទេ ដែលជ្រាបថា ទូលបង្គំមានអារម្មណ៍យ៉ាងណា និងកំពុងឆ្លងកាត់បញ្ហាអ្វី។
សូមព្រះអង្គប្រទានទូលបង្គំនូវជំនឿ និងចិត្តអត់ធ្មត់ ក្នុងការរង់ចាំ ហើយទុកចិត្តព្រះអង្គ ដ្បិតព្រះអង្គជាព្រះដែលយុត្តិធម៌។
For further study, read Words Matter: Speaking with Wisdom in an Age of Outrage at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ២៩-៣០ និង ម៉ាថាយ ៩:១-១៧
ប្រភេទ
ល្ងាច

ស្ញែងខ្លាចចំពោះព្រះចេស្តា និងសេចក្តីបរិសុទ្ធ
ដោយAlistair Begg
January 12, 2025
“កន្លងមក៦ថ្ងៃ ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប និងយ៉ូហាន ជាប្អូនយ៉ាកុប ទៅជាមួយនឹងទ្រង់ ក៏នាំឡើងទៅលើភ្នំខ្ពស់ដោយឡែក រួចទ្រង់បានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ ព្រះភក្ត្រទ្រង់បានភ្លឺដូចព្រះអាទិត្យ ហើយព្រះពស្ត្រទ្រង់ក៏ត្រឡប់ជាស ដូចពន្លឺ”។ ម៉ាថាយ ១៧:១-២
លោកចន លេននិន(John Lennon) និងលោកប៉ូល មែកខាតនី(Paul McCartney) បានលើកឡើងថា មានទីកន្លែងមួយចំនួនដែលយើងនឹងចងចាំ ពេញមួយជីវិត។ ជាការពិតណាស់ សាវ័កពេត្រុស យ៉ាកុប និងយ៉ូហាន ប្រាកដជាបាននឹកចាំកន្លែងមួយ នៅលើភ្នំ ដែលនៅទីនោះ ពួកគេបានឃើញព្រះយេស៊ូវបញ្ចេញពន្លឺនៃសិរីល្អ។ សាវ័កពេត្រុសមិនដែលភ្លេចកន្លែងនោះទេ(២ពេត្រុស ១:១៧-១៨)។
តើមានអ្វីខ្លះកើតឡើង នៅពេលដែលព្រះយេស៊ូវបញ្ចេញពន្លឺនៃសិរីល្អ? ជាបឋម ហេតុការណ៍នេះបានធ្វើឲ្យព្រះយេស៊ូវមានការផ្លាស់ប្តូរនៅលើព្រះកាយព្រះអង្គ។ ព្រះភក្ត្រព្រះអង្គ “បញ្ចេញពន្លឺ”។ រឿងនេះមិនសំដៅទៅលើភាពស្អាតគ្មានបាបនោះទេ តែសំដៅទៅលើការផ្លាស់ប្តូរលើសពីលក្ខណៈធម្មជាតិ។ កណ្ឌគម្ពីរម៉ាថាយ បានពិពណ៌នាថា មានពន្លឺចេញពីព្រះភក្ត្រព្រះអង្គ ភ្លឺដូច “ព្រះអាទិត្យ”។ ព្រះពស្ត្រទ្រង់ក៏ត្រឡប់ជាស ដូចពន្លឺ គឺមានពណ៌សជាងអ្វីដែលយើងធ្លាប់ឃើញ គឺជាសញ្ញាបង្ហាញពីសេចក្តីបរិសុទ្ធនៃស្ថានសួគ៌គ្មានអ្វីប្រៀបផ្ទឹមបាន។
ព្រះគម្ពីរសញ្ញាចាស់ក៏បានពិពណ៌នាថា ព្រះទ្រង់ហ៊ុមអង្គដោយ “ពន្លឺ ដូចជាទ្រង់ព្រះភូសា”(ទំនុកដំកើង ១០៤:២)។ ព្រះយេស៊ូវមានលក្ខណៈដូចនេះឯង កាលទ្រង់នៅលើភ្នំ នៅយប់នោះ។ តើនរណាអាចធ្វើដូចនេះបាន? គឺមានតែព្រះទេ។ រឿងនេះមិនមែនចៃដន្យទេ តែជាតម្រុយបង្ហាញការផ្លាស់ប្តូរព្រះកាយរបស់ព្រះអង្គ មិនគ្រាន់តែជាការបើកសម្ដែងមកពីព្រះ តែជាការបើកសម្ដែងរបស់ព្រះអង្គ។ បានសេចក្តីថា ព្រះគ្រីស្ទបានបង្ហាញអង្គទ្រង់ជាព្រះ តាមរបៀបដែលពីមុនមកមិនដែលមាន។ ព្រះគម្ពីរបានចែងថា ព្រះយេស៊ូវគឺជា “រស្មីភ្លឺមកពីសិរីល្អនៃព្រះ”(ហេព្រើរ ១:៣)។ តែកាលព្រះអង្គយាងចូលក្នុងលោកិយ សិរីល្អរបស់ព្រះអង្គត្រូវបានគ្របពីលើ ដោយការដែលព្រះគ្រីស្ទបានបន្ទាបខ្លួនយកកំណើតជាមនុស្ស។ លោកចន កាល់វីន(John Calvin) បានហៅការផ្លាស់ប្តូររបស់ព្រះអង្គថា “ការបង្ហាញសិរីល្អរបស់ព្រះអង្គជាបណ្ដោះអាសន្ន”។ ការផ្លាស់ប្តូរនោះប្រៀបដូចជាការបើកវាំងននតែបន្តិច ដោយការបញ្ចេញពន្លឺរយៈពេលខ្លី នៅលើភ្នំ ចូលទៅក្នុងគំនិតរបស់ពួកសាវ័ក។ ព្រះទ្រង់បានបើកផ្លូវឲ្យសាវ័កពេត្រុស យ៉ាកុប និងយ៉ូហាន បានស្គាល់រសជាតិ ដែលពួកគេមិនទាន់យល់ពេញលេញ តែបានអរសប្បាយអស់កល្បជានិច្ច នៅពេលក្រោយ។
ព្រះគម្ពីរបានចែងថា ពេលណាព្រះទ្រង់បង្ហាញព្រះចេស្តា ជាញឹកញាប់មនុស្សឆ្លើយតប ដោយក្រាបផ្កាប់មុខនៅលើដី។ ពួកសាវ័កក៏មានការភិតភ័យផងដែរ។ តែព្រះយេស៊ូវក៏បានមានបន្ទូលទៅពួកគេ ដោយព្រះគុណព្រះអង្គថា “ចូរក្រោកឡើង កុំភ័យឡើយ”(ម៉ាថាយ ១៧:៧)។
តើយើងបានចូលទៅរកព្រះគ្រីស្ទ ដោយការស្ញែងខ្លាចចំពោះសេចក្តីបរិសុទ្ធឥតខ្ចោះ និងភាពគ្មានដែនកំណត់របស់ព្រះទេ? ឬមួយពេលខ្លះ យើងប្រហែលមានគំនិតតូចចង្អៀតពេក ចំពោះព្រះអង្គ? ចូរចូលមកចំពោះព្រះអង្គ ការឱនក្រាប ដោយនឹកចាំអំពីព្រះចេស្តា និងសេចក្តីបរិសុទ្ធរបស់ព្រះអង្គ។ ហើយនឹកចាំព្រះបន្ទូលព្រះអង្គដែលប្រាប់ឲ្យក្រោកឡើង កុំភ័យឡើយ។ នេះជារបៀបដែលយើងអាចរស់នៅដោយការស្ញែងខ្លាច និងអំណរ នៅថ្ងៃនេះ និងជារៀងរាល់ថ្ងៃ ទាល់តែអ្នកបានឃើញព្រះអម្ចាស់ពេញដោយសិរីល្អ ដោយផ្ទាល់។
ម៉ាថាយ ១៧:១-៩
លោកុប្បត្តិ ៣១-៣២ និង រ៉ូម ១១:១-១៨