ព្រឹក

ការល្បងលដែលងាយស្រួល និងពិបាក
ដោយMike Wittmer
January 16, 2025
និក្ខមនំ ១៤:៥-១៤
ដ្បិតព្រះទ្រង់មានព្រះបន្ទូលថា ខ្លាចក្រែងគេឃើញចំបាំង ហើយរសាយចិត្ត រួចត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ។ និក្ខមនំ ១៣:១៧
លោកម៉ាក(Mark) គឺជាគ្រូគង្វាលវ័យក្មេងដែលមានសក្ដានុពល។ នៅពេលព្រឹកមួយនោះ កូនប្រុសរបស់គាត់ស្រាប់តែដួលនៅលើដី បាត់បង់ជីវិតភ្លាមៗ នៅពេលលេងបាល់ទាត់។ លោកម៉ាកបានចិត្តរន្ធត់យ៉ាងខ្លាំង ហើយបានសោកសង្រេងចំពោះការបាត់បង់នេះ រហូតមកដល់ពេលសព្វថ្ងៃ។ ប៉ុន្តែ តាមរយៈការឈឺចាប់របស់គាត់ គាត់បានក្លាយជាគ្រូគង្វាលដែលមានចិត្តអាណិតចំពោះអ្នកដទៃកាន់តែខ្លាំង។ ខ្ញុំបានសោកសង្រេងជាមួយលោកគ្រូម៉ាក ហើយទុក្ខលំបាករបស់គាត់ បានធ្វើឲ្យខ្ញុំនឹកចាំសម្តីរបស់លោក អេ ដាបប៊លយូ ថូហ្ស័រ(A. W. Tozer) ដែលបានកត់សំគាល់ឃើញថា “ព្រះទ្រង់ច្រើនតែប្រទានពរដល់នរណាម្នាក់យ៉ាងជ្រាលជ្រៅ បន្ទាប់ពីពួកគេបានស៊ូទ្រាំទុក្ខលំបាកដ៏ធ្ងន់ធ្ងរ”។ ខ្ញុំគិតថា នេះជាការពិតមែន។
ប៉ុន្តែ រឿងនេះប្រហែលមិនសាមញ្ញដូចនេះទេ។ យើងអាចរៀនសូត្រអំពីផ្លូវដែលព្រះអម្ចាស់ប្រើ ដោយសង្កេតមើលការធ្វើដំណើររបស់ប្រជាជនអ៊ីស្រាអែល ចេញពីទឹកដីអេស៊ីព្ទ។ ព្រះអម្ចាស់បានដឹកនាំប្រជាជាតិដ៏ក្មេងខ្ចីមួយនេះ ចេញពីទឹកដីអេស៊ីព្ទ ទៅតាមផ្លូវដែលងាយស្រួលធ្វើដំណើរ តែព្រះអង្គក៏បានមានព្រះបន្ទូលថា ពេលណាពួកគេគេឃើញចំបាំង ពួកគេនឹងរសាយចិត្ត រួចត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ(និក្ខមនំ ១៣:១៧)។ បន្ទាប់មក ព្រះអង្គក៏បានប្រាប់លោកម៉ូសេឲ្យដឹកនាំពួកគេទៅតាមផ្លូវវាងវិញ ដើម្បីឲ្យស្តេចផារ៉ោនដឹកនាំទ័ពមកប្រយុទ្ធនឹងពួកគេ(១៤:១-៤)។ ស្តេចផារ៉ោនក៏បានលើកទ័ពមកមែន។ ពួកអ៊ីស្រាអែល “មានសេចក្តីតក់ស្លុតជាខ្លាំង ហើយស្រែកអំពាវនាវដល់ព្រះយេហូវ៉ា”(ខ.១០)។ លោកម៉ូសេក៏បានលើកទឹកចិត្តពួកគេថា “ព្រះយេហូវ៉ាទ្រង់នឹងច្បាំងជំនួសអ្នករាល់គ្នា ឯអ្នករាល់គ្នានឹងនៅតែស្ងៀមវិញ”(ខ.១៤)។
ដូចនេះ ព្រះអម្ចាស់ប្រើផ្លូវដែលងាយស្រួល និងផ្លូវដែលពិបាកធ្វើដំណើរ ដើម្បីជួយឲ្យរាស្រ្តព្រះអង្គចម្រើនឡើង ហើយថ្វាយសិរីល្អដល់ព្រះអង្គ។ ព្រះអង្គបានសន្យាថា គេនឹងថ្វាយសិរីល្អដល់ព្រះអង្គ តាមរយៈជ័យជម្នះដែលព្រះអង្គមានមកលើស្តេចផារ៉ោន និងកងទ័ពរបស់ទ្រង់ ហើយពួកសាសន៍អេស៊ីព្ទនឹងបានដឹងថា ព្រះអង្គគឺជាព្រះយេហូវ៉ា(ខ.៤)។ ពួកអ៊ីស្រាអែលពិតជាបានថ្វាយសិរីល្អដល់ព្រះអង្គ ហើយយើងក៏អាចថ្វាយសិរីល្អដល់ព្រះអង្គ តាមរយៈទុក្ខលំបាករបស់យើងផងដែរ។ ព្រះទ្រង់កំពុងជួយឲ្យជំនឿរបស់យើងលូតលាស់ តាមរយៈការល្បងលនីមួយៗ ទោះងាយស្រួល ឬលំបាកក្តី។ ពេលណាជីវិតយើងមានភាពងាយស្រួល ចូរយើងសម្រាកក្នុងព្រះអង្គ។ ពេលណាជីវិតយើងមានការលំបាក ចូរយើងអនុញ្ញាតឲ្យព្រះអង្គនាំយើងឆ្លងកាត់ទុក្ខលំបាកនោះ។—Mike Wittmer
តើការឈឺចាប់បានរួមចំណែកនៅក្នុងការលូតលាស់របស់អ្នកដូចម្តេចខ្លះ? ហេតុអ្វីព្រះទ្រង់ប្រើការល្បងលដែលងាយស្រួល និងការល្បងលដែលពិបាក?
ឱព្រះយេស៊ូវ ព្រះអង្គមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ជួយទូលបង្គំឆ្លងកាត់ការល្បងលនីមួយៗ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ៣៩-៤០ និង ម៉ាថាយ ១១
ប្រភេទ
ល្ងាច

មានភាពស្រស់ថ្លាឡើងវិញ ក្នុងពេលដ៏លំបាក
ដោយAlistair Begg
January 16, 2025
“ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងពួកឰយុកោទូលបង្គំទេ លោកក៏ប្រះខ្លួនដេកលក់ នៅក្រោមដើមដង្កោនោះទៅ នោះមានទេវតាមកដាស់លោកប្រាប់ថា ចូរក្រោកឡើងបរិភោគ សិន”។(១ពង្សាវតាក្សត្រ ១៩:៤-៥)
យើងម្នាក់ៗសុទ្ធតែធ្លាប់រំពឹងថា នឹងបានទៅដល់កំពូលភ្នំ តែបែរជាជាប់នៅក្នុងជ្រលងភ្នំខាងវិញ្ញាណទៅវិញ។ យើងប្រហែលមិននឹងស្មានទេថា យើងស្រាប់តែខ្សោះអស់កម្លាំង ឬយើងបានទទួលដំណឹងធ្វើឲ្យបាក់ទឹកចិត្ត ឬអំពើបាបរបស់យើងបានវិលត្រឡប់មកធ្វើទុក្ខយើងទៀត។ កាលៈទេសៈដែលគួរឲ្យរំខានក្នុងជីវិតយើង ច្រើនតែប្រសព្វគ្នា ដែលនាំឲ្យយើងផ្លាស់ប្តូរពីមានជំនឿ ទៅជាមានការភ័យខ្លាច។
ហោរាអេលីយ៉ាធ្លាប់រត់ទៅលាក់ខ្លួនក្នុងព្រៃភ្នំ ដោយការផ្ដោតចិត្តរបស់គាត់មានការផ្លាស់ប្តូរ ដោយសារគាត់ចាប់ផ្តើមមើលទៅព្រះ ផ្អែកទៅលើកាលៈទេសៈរបស់គាត់ ជាជាងមើលទៅកាលៈទេសៈរបស់គាត់ ផ្អែកទៅលើព្រះបន្ទូលព្រះអង្គ។ គាត់មើលឃើញបញ្ហារបស់គាត់ធំពេក ធ្វើឲ្យគាត់រកធ្វើអ្វីមិនកើត។ ពេលគាត់ចាប់ផ្តើមដើរដោយការមើលឃើញ ជាជាងដើរដោយជំនឿ គាត់ក៏បាត់បង់សន្តិភាព ហើយភាពសម្បូរសប្បាយខាងវិញ្ញាណក៏ចាប់ផ្តើមរលាយ។
លោកអេលីយ៉ាបានធ្លាក់ចូលទៅក្នុងអន្ទាក់ នៃការផ្តោតទៅលើខ្លួនឯង។ គាត់បានផ្តោតទៅលើកំហុសជាច្រើន ដែលពួកអ៊ីស្រាអែលមានចំពោះព្រះ បានជាគាត់យល់ឃើញថា មានតែគាត់ទេ ដែលកំពុងបម្រើព្រះ(១ពង្សាវតាក្សត្រ ១៩:១០)។ សេចក្តីជំនឿ និងសេចក្តីសង្ឃឹមរបស់គាត់ ត្រូវបានជំនួសដោយការមិនស្កប់ចិត្ត និងខ្វះសន្តិភាព។ ដោយសារការអាណិតខ្លួនឯង គាត់បានរត់ចូលវាលរហោស្ថាន ហើយគេងនៅក្រោមដើមដង្កោ ដោយអធិស្ឋានសូមព្រះអម្ចាស់ដកជីវិតគាត់។ តែព្រះអម្ចាស់មិនបានស្តីបន្ទោសគាត់ទេ ផ្ទុយទៅវិញ ព្រះអង្គបានយាងមករកគាត់ ហើយជួយឲ្យគាត់មានភាពស្រស់ថ្លាឡើងវិញ ដោយប្រទានទឹក និងអាហារ ដើម្បីរៀបចំខ្លួនគាត់ សម្រាប់ការធ្វើដំណើរបន្តទៅមុខទៀត។ ព្រះអម្ចាស់ក៏បានបើកបង្ហាញអង្គទ្រង់ ដោយព្រះសូរសៀងដ៏ស្រទន់ ដល់អ្នកបម្រើម្នាក់នេះ ដែលកំពុងធ្លាក់ទឹកចិត្ត ហើយបានឲ្យគាត់បន្តធ្វើការថ្មីៗជាច្រើនទៀតថ្វាយព្រះអង្គ(ខ.៤-១៦)។
ក្នុងពេលមានទុក្ខលំបាក យើងច្រើនតែបណ្តោយឲ្យការអាណិតខ្លួនឯងចូលក្នុងគំនិតយើង។ យើងចាប់ផ្តើមគិតថា យើងកំពុងប្រឈមមុខដាក់ទុក្ខលំបាកនោះតែម្នាក់ឯង។ អ្នកខ្លះបានឆ្លងកាត់ការលំបាកដូចលោកអេលីយ៉ាផងដែរ។ ព្រះអម្ចាស់បានប្រើពួកគេឲ្យធ្វើកិច្ចការធំៗជាច្រើន ហើយក៏បាននាំមនុស្សជាច្រើនឲ្យទទួលជឿព្រះអង្គ តែនៅមានដំណើរវែងឆ្ងាយទៀត ទំរាំទៅដល់កំពូលភ្នំ។ ព្រះអង្គអាចឲ្យយើងបន្ថយល្បឿន តែមិនដែលទុកយើងចោលទេ។ ដែលទេវតាបានគង់នៅជាមួយលោកអេលីយ៉ា កាលគាត់នៅក្នុងជ្រលងនៃទុក្ខលំបាកជាយ៉ាងណា នោះព្រះវិញ្ញាណព្រះអង្គក៏គង់នៅជាមួយយើង ក្នុងពេលយើងមានទុក្ខលំបាកផងដែរ។
បើអ្នកកំពុងឆ្លងកាត់ទុក្ខលំបាក ប្រៀបដូចជាការចូលវាលរហោស្ថាន នោះចូរកុំគ្រាន់តែស្វែងរកដើមដង្កោដើម្បីជ្រកនោះឡើយ។ ចូរកុំសន្និដ្ឋានថា អ្នកនឹងមិនអាចមានពេលដ៏ល្អបំផុតទៀតនោះឡើយ។ ព្រះអម្ចាស់មានគោលបំណងសម្រាប់អ្នកនិងខ្ញុំ។ ព្រះអង្គបញ្ចប់កិច្ចការអ្វីដែលព្រះអង្គបានចាប់ផ្តើម(ភីលីព ១:៦)។ ចូរមានចិត្តស្រស់ថ្លាឡើងវិញ ដោយនឹកចាំព្រះវត្តមានរបស់ព្រះអង្គ ហើយបន្តមមុលទៅមុខទៀត ក្នុងកិច្ចការដែលព្រះអង្គបានត្រាស់ហៅឲ្យអ្នកធ្វើ។
២កូរិនថូស ៤:៧-១៨
លោកុប្បត្តិ ៤១-៤២ និង រ៉ូម ១៤