ព្រឹក

កុំឲ្យណាយចិត្តឡើយ
ដោយPohfang Chia
January 17, 2025
កាឡាទី ៦:៧-១០
កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ។ កាឡាទី ៦:៩
បន្ទាប់ពីសុភ័ក្រ្តមានការងារថ្មី បានរយៈពេល៩ខែ គាត់មានអារម្មណ៍ថានឿយហត់យ៉ាងខ្លាំង។ ក្នុងនាមគាត់ជាអ្នកជឿព្រះយេស៊ូវ គាត់បានព្យាយាមដើរតាមគោលការណ៍របស់ព្រះ តាមរបៀបដែលគាត់ដោះស្រាយបញ្ហា និងធ្វើការងារ។ ប៉ុន្តែ គាត់មានបញ្ហាជាមួយមនុស្សនៅកន្លែងធ្វើការមិនចេះចប់មិនចេះហើយ ហើយការងារគាត់ហាក់ដូចជាមានការរីកចម្រើនតិចតួចណាស់។ គាត់មានអារម្មណ៍ថា ចង់បោះបង់ចោលការតស៊ូ។
អ្នកប្រហែលកំពុងមានអារម្មណ៍ហត់នឿយ ដូចសុភ័ក្រ្តផងដែរ។ អ្នកដឹងថា មានការល្អអ្វីខ្លះ ដែលអ្នកគួរតែធ្វើ តែអ្នកមានអារម្មណ៍ថា ហត់នឿយយ៉ាងខ្លាំង នៅក្នុងការបន្តធ្វើការល្អ។ ចូរមានសង្ឃឹមឡើង។ សាវ័កប៉ុលបានលើកទឹកចិត្តយើងថា “កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ”(កាឡាទី ៦:៩)។ ក្នុងបទគម្ពីរនេះ គាត់បានពាក្យប្រៀបប្រដូចអំពីកសិករ ព្រោះកសិករណាក៏ដឹងដែរថា ការសាបព្រោះគ្រាប់ពូជតែងតែមានការពិបាក។
ការសាបព្រោះ “ខាងឯព្រះវិញ្ញាណ”(ខ.៨) ក៏ជាការពិបាកដែរ។ អ្នកជឿព្រះយេស៊ូវ ដែលព្យាយាមដើរតាមការដឹកនាំរបស់ព្រះវិញ្ញាណ ហើយរស់នៅក្នុងជីវិតដែលថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ អាចមានការហត់នឿយ និងបាក់ទឹកចិត្ត។ ប៉ុន្តែ ដរាបណាយើងតោងឲ្យជាប់ព្រះបន្ទូលសន្យារបស់ព្រះអង្គ យើងនឹងបានច្រូតកាត់។ យើងនឹង “ច្រូតកាត់បានជីវិតអស់កល្ប”(ខ.៨ និងមើលយ៉ូហាន ១៧:៣) និងផលនៃព្រះពររបស់ព្រះ ពេលព្រះគ្រីស្ទយាងមកវិញ ហើយក្នុងជីវិតនេះ យើងនឹងមានទំនុកចិត្ត និងក្តីអំណរ ដែលបានមកពីការស្គាល់ព្រះអង្គ។ យើងនឹងច្រូតកាត់ នៅពេលកំណត់ មិនមែនតាមរដូវកាល ឬអាកាសធាតុនោះទេ តែតាមបំណងព្រះទ័យដ៏ឥតខ្ចោះរបស់ព្រះ។ មុនពេលច្រូតកាត់មកដល់ ចូរយើងបន្តព្រោះគ្រាប់ពូជ ដោយពឹងអាងកម្លាំងមកពីព្រះអង្គ។—Poh Fang Chia
តើមានរឿងអ្វីដែលបណ្តាលឲ្យអ្នកបាក់ទឹកចិត្ត? តើអ្នកអាចប្រកាន់ខ្ជាប់តាមយ៉ាងដូចម្តេច ចំពោះព្រះបន្ទូលដែលបានសន្យាថា “ដល់កំណត់ យើងនឹងច្រូតបានហើយ”?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំ មិនឲ្យណាយចិត្តឡើយ តែសូមឲ្យទូលបង្គំមានការអត់ធ្មត់ នៅក្នុងការធ្វើអំពើល្អ។
For further study, read The Sword, the Son, and a Rest for God’s People at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ៤១-៤២ និង ម៉ាថាយ ១២:១-២៣
ប្រភេទ
ល្ងាច

អាចមានក្តីសង្ឃឹម ក្នុងការសោកសង្រេង
ដោយAlistair Begg
January 17, 2025
“ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាឥតដឹង ពីពួកអ្នកដែលដេកលក់ទៅហើយទេ ក្រែងអ្នករាល់គ្នាកើតទុក្ខព្រួយ ដូចជាអ្នកឯទៀត ដែលគ្មានសង្ឃឹម ដ្បិតបើយើងជឿថា ព្រះយេស៊ូវបានសុគត ព្រមទាំងរស់ឡើងវិញហើយ នោះត្រូវជឿថា ព្រះទ្រង់នឹងនាំអស់អ្នក ដែលដេកលក់ទៅក្នុងព្រះយេស៊ូវ ឲ្យបានមកជាមួយនឹងទ្រង់ដែរ” ១ថែស្សាឡូនីច ៤:១៣-១៤
មិនយូរមិនឆាប់ អ្នកនឹងប្រឈមមុខដាក់ការសោកសង្រេង ពេលដែលមនុស្សជាទីស្រឡាញ់ណាម្នាក់ លាចាកលោក។ ពេលនោះ យើងមិនសួរថា តើអ្នកគួរតែសោកសង្រេងឬអត់នោះទេ ប៉ុន្តែ ត្រូវសួរថា តើអ្នកនឹងសោកសង្រេងយ៉ាងដូចម្តេចខ្លះ?
ក្នុងពួកជំនុំថែស្សាឡូនីច មានអ្នកខ្លះមានការយល់ច្រឡំ អំពីការយាងមកវិញរបស់ព្រះយេស៊ូវគ្រីស្ទ និងការរស់ឡើងវិញ។ ការខ្វះការយល់ដឹងនេះ កំពុងតែធ្វើឲ្យពួកគេមានការថប់បារម្ភ។ តើពួកគេគួរតែគិតយ៉ាងដូចម្តេចខ្លះ អំពីបងប្អូនរួមជំនឿដែលបានស្លាប់ មុនពេលព្រះយេស៊ូវយាងមកវិញ? តើគ្រីស្ទបរិស័ទទាំងនោះ ដែលបានស្លាប់ហើយ កំពុងនៅទីណា ហើយតើពួកគេនឹងទៅជាយ៉ាងណា?
សាវ័កប៉ុលក៏បានចាប់ផ្តើមពន្យល់អ្នកជឿទាំងនោះ ដោយរំឭកពួកគេអំពីភាពខុសគ្នា រវាងរាស្រ្តរបស់ព្រះ និងមនុស្សផ្សេងទៀត “ដែលគ្មានសេចក្តីសង្ឃឹម”។ កាលពីមុន យើងមិនខុសពីអ្នកមិនជឿទេ។ យើងគួរតែចាំថា “នៅវេលានោះ អ្នករាល់គ្នានៅទីទៃពីព្រះគ្រីស្ទ ... ក៏ឥតមានទីសង្ឃឹម ហើយគ្មានព្រះក្នុងលោកីយ៍នេះដែរ”(អេភេសូរ ២:១២)។ សព្វថ្ងៃនេះ ព្រះអង្គបានប្រោសលោះ និងកែប្រែជីវិតយើងរួចហើយ។ ព្រះអង្គបាននាំយើងចេញពីភាពអស់សង្ឃឹម ចូលទៅរកសេចក្តីសង្ឃឹម។ ការផ្លាស់ប្តូរនេះគួរតែបានធ្វើជាការលើកទឹកចិត្តយើងយ៉ាងខ្លាំង។ ការមានជំនឿដ៏រស់ផ្ទាល់ខ្លួនដូចនេះ ធ្វើឲ្យយើងមានលក្ខណៈខុសពីអ្នកដទៃ ដែលមិនបានជឿព្រះ។
ម្យ៉ាងទៀត នៅក្នុងការនិយាយសំដៅទៅលើ “អ្នកដែលដេកលក់” សាវ័កប៉ុលកំពុងនិយាយសង្កត់ធ្ងន់ អំពីលក្ខណៈបណ្ដោះអាសន្ននៃសេចក្តីស្លាប់ សម្រាប់អ្នកជឿ ដែលមិនមានលក្ខណៈអចិន្ត្រៃយ៍។ គាត់ប្រើពាក្យដេកលក់នេះ ក្នុងន័យធៀប ដើម្បីជួយឲ្យយើងយល់អំពីការអ្វីដែលនឹងកើតឡើងចំពោះរូបកាយយើង នៅពេលយើងស្លាប់ គឺមិនបានបកស្រាយអំពីការអ្វីដែលកើតឡើងចំពោះវិញ្ញាណយើងទេ។ គាត់មិនបានថា វិញ្ញាណយើងនឹងសន្លប់មិនដឹងខ្លួន ក្នុងចន្លោះពេលដែលយើងស្លាប់ ដល់ពេលរស់ឡើងវិញនោះទេ។ ព្រះយេស៊ូវបានបង្រៀនយ៉ាងច្បាស់ថា បន្ទាប់ពីយើងស្លាប់ទៅ យើងនឹងស្គាល់ការសប្បាយ ឬការឈឺចាប់ភ្លាមៗ(មើល លូកា ១៦:២២-២៤)។ ព្រះគម្ពីរបានចែងច្បាស់ថា សេចក្តីស្លាប់ នាំអ្នកជឿព្រះចូលទៅក្នុងការប្រកបកាន់តែជិតស្និទ្ធ កាន់តែជ្រាលជ្រៅ និងកាន់តែពេញលេញជាមួយព្រះយេស៊ូវ(២៣:៤២-៤៣ ភីលីព ១:២១-២៤)។
ការនិយាយផ្ដោតទៅលើលក្ខណៈបណ្ដោះអាសន្ននៃសេចក្តីស្លាប់ ជួយឲ្យយើងមានការយល់ដឹងដ៏ត្រឹមត្រូវអំពីការសោកសង្រេងរបស់គ្រីស្ទបរិស័ទ។ សម្រាប់អ្នកជឿព្រះដែលកំពុងសោកសង្រេង សេចក្តីស្លាប់នាំមកនូវភាពអស់សង្ឃឹមគួរឲ្យភ័យខ្លាច និងភាពចន្លោះប្រហោង ដែលបំពេញ ដោយការបន់ផ្សង ឬការនិយាយបន្លប់ខ្លួនឯងនោះឡើយ។ សម្រាប់អ្នកជឿ ពួកគេមានការសោកសង្រេងពិតប្រាកដ ដែលមានការស្រក់ទឹកភ្នែក តែគួរតែរួមផ្សំជាមួយការច្រៀងទំនុកដំកើងនៃសេចក្តីសង្ឃឹម ដ្បិតពេលណាព្រះអម្ចាស់យាងមកវិញ ព្រះអង្គនឹង “នាំអស់អ្នក ដែលដេកលក់ទៅក្នុងព្រះយេស៊ូវ ឲ្យបានមកជាមួយនឹងទ្រង់ដែរ”។ បុណ្យសពរបស់គ្រីស្ទបរិស័ទ មិនមែនជាពេលនិយាយលាគ្នាជារៀងរហូត តែជាពេលដែលត្រូវនិយាយថា “យើងនឹងជួបគ្នាទៀត”។ អវត្តមាននៃមនុស្សជាទីស្រឡាញ់ មានរយៈពេលបណ្ដោះអាសន្ន តែការជួបជុំគ្នាឡើងវិញនឹងស្ថិតស្ថេរជានិច្ច។
ពេលណាសំណួរដែលពិបាកឆ្លើយបំផុតរបស់ជីវិត ទាញនាំយើងទៅរកភាពអស់សង្ឃឹម យើងអាចរកឃើញការកម្សាន្តចិត្ត ដោយដឹងថា ព្រះបន្ទូលព្រះមានភាពគ្រប់គ្រាន់សម្រាប់គ្រប់ការទាំងអស់ រាប់បញ្ចូលទាំងការយល់ដឹងរបស់យើងអំពីសេចក្តីស្លាប់ផងដែរ។ ចូរកត់ចំណាំខគម្ពីរទាំងនេះ ក្នុងចិត្តអ្នក ហើយឆ្លាក់ឲ្យជាប់ក្នុងការចងចាំរបស់អ្នក ព្រោះអ្នកនឹងត្រូវផ្ដោតចិត្តទៅលើខគម្ពីរទាំងនោះ នៅថ្ងៃណាមួយ។ ហើយចូរអធិស្ឋានជាទៀងទាត់ថា “ព្រះអម្ចាស់យេស៊ូវ សូមព្រះអង្គជួយទូលបង្គំ ឲ្យក្លាយជាអ្នករៀនព្រះគម្ពីរចេះជ្រៅជ្រះ ដើម្បីកុំឲ្យទូលបង្គំរស់នៅក្នុងការភាន់ច្រឡំ ឬការថប់បារម្ភទៀតឡើយ តែឲ្យបានស្គាល់ព្រះអង្គច្បាស់ ក្នុងនាមជាអ្នកជ្រកកោនក្នុងព្រះអង្គ ដើម្បីឲ្យទូលបង្គំបានរស់នៅ និងសោកសង្រេង ដោយមានក្តីសង្ឃឹម”
១ថែស្សាឡូនីច ៤:១៣-១៨
លោកុប្បត្តិ ៤៣-៤៥ និង រ៉ូម ១៥:១-១៣