ព្រឹក

នៅតែបង្កើតផលផ្លែថ្វាយព្រះ
ដោយJohn Blase
January 19, 2025
ទំនុកដំកើង ៩២:១២-១៥
កាលណាចាស់ហើយ នោះគេនឹងនៅតែកើតផល។ ទំនុកដំកើង ៩២:១៤
មានរឿងចាស់បុរាណមួយ បានដំណាលអំពីស្រ្តីម្នាក់ដែលបានចុះទៅដងទឹកពីទន្លេដាក់ផ្ទះ ជារៀងរាល់ថ្ងៃ ដោយប្រើដងរ៉ែកដែលមានធុងទឹកពីរនៅសង្ខាង។ ធុងទឹកមួយនៅថ្មី មានភាពរឹងមាំ ហើយធុងទឹកមួយទៀតចាស់ មានស្នាមប្រេះ។ នៅពេលដែលគាត់ទៅដល់ផ្ទះ ធុងទឹកថ្មីនៅមានទឹកពេញ តែធុងទឹកចាស់បានជ្រាបទឹកស្ទើរតែនៅទទេ។ ធុងទឹកចាស់មានអារម្មណ៍សោកស្តាយ ហើយក៏បានសុំទោសគាត់។ ស្រ្តីនោះក៏បានងាកទៅមើលចិញ្ចើមផ្លូវ ហើយក៏បានសួរធុងទឹកចាស់នោះថា “តើឯងបានឃើញដើមផ្កាទាំងអស់នោះ ដែលដុះនៅលើចិញ្ចើមផ្លូវទេ? រៀងរាល់ថ្ងៃ ទឹកដែលបានស្រក់ចេញពីឯង បានស្រោចដើមផ្កាទាំងអស់នោះ ហើយពេលខ្ញុំដើរទៅដងទឹកម្តងៗ ខ្ញុំតែងតែមានចិត្តស្រស់ស្រាយ ដោយសារសម្រស់របស់ដើមផ្កាទាំងនោះ”។
យើងកំពុងរស់នៅក្នុងលោកិយដែលឲ្យរង្វាន់ និងកោតស្ញប់ស្ញែង ចំពោះយុវភាព ដែលនៅក្មេងវ័យ និងរឹងមាំ មិនប្រេះស្រាំ ហើយមានប្រសិទ្ធភាព។ តែព្រះគម្ពីរប៊ីបបានប្រាប់យើងយ៉ាងច្បាស់ អំពីសម្រស់ដែលមានភាពសុចរិត ដែលកើតចេញពីមនុស្សចាស់ និងមានភាពទន់ខ្សោយជាង ហើយប្រហែលជាមានភាពប្រេះស្រាំ និងងាយរងគ្រោះ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងដែលមានវ័យចាស់បានពោលថា “ឯមនុស្សសុចរិត គេនឹងលូតលាស់ឡើង ដូចជាដើមលម៉ើ ក៏នឹងធំឡើង ដូចជាដើមតាត្រៅនៅលើភ្នំល្បាណូនដែរ”(ទំនុកដំកើង ៩២:១២)។
ការមានវ័យចាស់មិនតែងតែមានន័យថា មានប្រាជ្ញានោះទេ តែមនុស្សចាស់អាចរួមចំណែកក្នុង ជួយជីវិតយើងឲ្យលូតលាស់ តាមរបៀបដែលមនុស្សវ័យក្មេងមិនអាចផ្តល់ឲ្យបាន ដោយសារមនុស្សចាស់ខ្លះបានរស់នៅបានច្រើនឆ្នាំជាង និងមានបទពិសោធន៍ច្រើនជាង ហើយក៏បានចាក់ឫសចូលជ្រៅជាង និងមានការចម្រើនឡើង ក្នុងការទុកចិត្តព្រះ។ មនុស្សប្រភេទនេះ “កាលណាចាស់ហើយ នោះគេនឹងនៅតែកើតផល គេនឹងមានជ័រជាបរិបូរ ហើយនៅតែខៀវស្រស់”(ខ.១៤)។
មនុស្សចាស់ ដែលមានភាពចាស់ទុំខាងវិញ្ញាណ នៅតែបន្តបង្កើតផលផ្លែដ៏ស្រស់ស្អាត។ ចូរយើងចំណាយពេលមើលផលផ្លែនោះ ហើយជួយទំនុកបម្រុងពួកគាត់។ —John Blasé
តើមានអ្នកចាស់ទុំណាខ្លះ ដែលបានជួយអ្នកចម្រើនឡើងក្នុងព្រះគ្រីស្ទ? តើអ្នកនឹងផ្តល់កិត្តិយសដល់ពួកគេដូចម្តេចខ្លះ?
ឱព្រះវរបិតា សូមព្រះអង្គប្រទានទូលបង្គំនូវភ្នែក ឲ្យមើលឃើញមនុស្សដែលនៅតែបន្តបង្កើតផលផ្លែ ក្នុងវ័យចាស់។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ៤៦-៤៨ និង ម៉ាថាយ ១៣:១-៣០
ប្រភេទ
ល្ងាច

គ្មាននាមណាផ្សេងទៀតឡើយ
ដោយAlistair Begg
January 19, 2025
“គ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ”។ កិច្ចការ ៤:១២
នៅក្បែរបរិវេណរបស់សាកលវិទ្យាល័យនតវេសស្ទើន នៅជាយក្រុងឈីកាហ្គោ មានព្រះវិហារធំសម្បើមមួយ ដែលសាសនាបាហៃបានសាងសង់ឡើង។ សំណង់អាគារដ៏ឆើតឆាយមួយនេះ មានច្រកចូល៩ សម្រាប់សាសនាធំៗទាំង៩ នៅលើពិភពលោក។ ច្រកចូលនីមួយៗសុទ្ធតែមានផ្លូវដើរចូលទៅរកកន្លែងជួបជុំតែមួយ នៅចំកណ្តាលអាគារ។ ស្ថាបត្យកម្មនេះត្រូវបានគេសាងសង់ឡើង ក្នុងគោលបំណងដើម្បីប្រកាសថា មានផ្លូវជាច្រើនដែលនាំមនុស្សទៅរក “សេចក្តីពិត” ដែលសាសនិកបាហៃជឿថា គេមិនអាចរកឃើញសេចក្តីពិតនេះ នៅក្នុងទ្រឹស្ដីសាសនា មនុស្ស ឬអង្គការណាឡើយ។
ផ្នត់គំនិតដូចនេះ មិនសូវខុសពីបរិយាកាសវប្បធម៌ របស់សង្គមដែលសាវ័កប៉ុលកំពុងរស់នៅនោះទេ។ ចក្រភពរ៉ូម៉ាំងមានការបើកចំហយ៉ាងខ្លាំង ហើយក៏គាំទ្រឲ្យមានគំនិតទូលំទូលាយ ហើយត្រៀមខ្លួនទទួលយកសាសនាគ្រប់ប្រភេទ។ ជាការពិតណាស់ ទីក្រុងរ៉ូមជាកន្លែងប្រមូលផ្តុំរូបព្រះ និងព្រះក្លែងក្លាយជាច្រើន នៅក្នុងព្រះវិហារធំរបស់ខ្លួន សម្រាប់គោរពបូជា តាមផ្លូវចម្រុះឆ្ពោះទៅរកសេចក្តីពិត។ ដូចនេះ ហេតុអ្វីបានជាវប្បធម៌បើកចំហ និងថ្វាយបង្គំព្រះចម្រុះនេះ ក៏បានចាប់គ្រីស្ទបរិស័ទ ឲ្យសត្វតោស៊ីជាចំណី នៅក្នុងទីលានប្រយុទ្ធ? ហេតុអ្វីអធិរាជនេរ៉ូ បានចាត់ទុកអ្នកជឿព្រះជាមុខសញ្ញា ហើយថែមទាំងដល់ថ្នាក់យករូបកាយរបស់ពួកគេ ទៅដុតធ្វើជាភ្លើង បំភ្លឺកន្លែងជប់លៀងរបស់ទ្រង់?
ចម្លើយដ៏សាមញ្ញនោះគឺ វប្បធម៌រ៉ូម៉ាំងមិនអាចទ្រាំទ្រជំនឿគ្រីស្ទបរិស័ទបានទេ ព្រោះគ្រីស្ទបរិស័ទមិនព្រមបញ្ចូលព្រះគ្រីស្ទ ក្នុងចំណោមព្រះជាច្រើនអង្គ ដែលពួករ៉ូម៉ាំងគោរពថ្វាយបង្គំ។ ផ្ទុយទៅវិញ ពួកគេបានប្រកាន់ខ្ជាប់សេចក្តីជំនឿ គឺដូចកាលដែលសាវ័កពេត្រុស និងសាវ័កប៉ុល ប្រឈមមុខដាក់ក្រុមជំនុំជម្រះរបស់សាសនាយូដា ដែលធ្លាប់កាត់ទោសប្រហារព្រះជន្មព្រះអម្ចាស់យេស៊ូវកាលពីមុន។ កាលនោះ ពួកគេបានប្រកាសថា នៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ។ ក្នុងវប្បធម៌រ៉ូម៉ាំងក្នុងសតវត្សរ៍ទី១ ពេលណាមាននរណាម្នាក់ប្រកាសថា ខ្លួនមានជំនឿដូចនេះ ពួកគេនឹងត្រូវគេប្រមាថមើលងាយ និងចំអកឲ្យ ហើយជួនកាល ថែមទាំងត្រូវគេសម្លាប់ទៀតផង។
ជំនឿបែបពហុភាពនិយម មិនអាចទ្រាំទ្រជំនឿរបស់គ្រីស្ទានបានទេ ព្រោះជាញឹកញាប់ ជំនឿបែបនេះច្រើនតែប្រឆាំង ដោយគ្មានមេត្តាចំពោះអ្នកដែលបដិសេធទស្សនៈរបស់ខ្លួន ដែលជឿថា ផ្លូវទាំងអស់សុទ្ធតែត្រឹមត្រូវដូចគ្នា។ ជាង២ពាន់ឆ្នាំក្រោយមក យើងត្រូវតែទទួលស្គាល់ថា យើងកំពុងរស់នៅក្នុងបរិយាកាសមួយ ដែលមិនខុសពីចក្រភពរ៉ូម៉ាំងឡើយ ទោះវាមិនមានការបៀតបៀនដែលសាហាវដូចនោះក៏ដោយ។ ជំនឿគ្រីស្ទានតាមព្រះគម្ពីរប៊ីប មានព្រះគ្រីស្ទដែលនឹងយាងមកវិញក្នុងសិរីល្អ មានព្រះគម្ពីរប៊ីបដែលគ្មានកន្លែងខុសមានព្រះត្រៃឯក គឺជាជំនឿដែលទាស់ប្រឆាំងនឹងលោកិយបែបពហុភាពនិយម។
ទោះលោកិយមានជំនឿដូចម្តេចក៏ដោយ ក៏ព្រះយេស៊ូវមិនស្ថិតក្នុងចំណោមព្រះក្លែងក្លាយ ឬអ្នកដឹកនាំសាសនាធំៗឡើយ។ ព្រះអង្គក៏មិនមែនជាផ្លូវមួយ ក្នុងចំណោមផ្លូវជាច្រើនឆ្ពោះទៅរកសេចក្តីពិតដែរ។ ដូចដែលរូបព្រះដាហ្កុនរបស់សាសន៍ភីលីស្ទីន បានដួលផ្កាប់មុខ ហើយបែកបាក់ នៅចំពោះហិបសញ្ញារបស់ព្រះអម្ចាស់ជាយ៉ាងណា(១សាំយ៉ូអែល ៥:១-៤) នោះការពិតនឹងបង្ហាញថា ព្រះដទៃទៀតក៏គ្មានអ្វីដែលអាចប្រៀបធៀបនឹងព្រះអង្គបានឡើយ។
មនុស្សភាគច្រើនមិនចូលចិត្តការបង្រៀននេះទេ តែការបង្រៀននេះនៅតែពិត ហើយអស្ចារ្យ ព្រោះបើគ្មានព្រះសង្រ្គោះសុគតនៅលើឈើឆ្កាងទេ នោះក៏គ្មានផ្លូវឆ្ពោះទៅរកជីវិតអស់កល្បដែរ ព្រោះផ្លូវផ្សេងទៀតសុទ្ធតែនាំទៅរកសេចក្តីស្លាប់។ ថ្ងៃណាមួយ ព្រះនិង ហោរាក្លែងក្លាយទាំងអស់ នឹងក្រាបនៅទាបព្រះបាទព្រះយេស៊ូវ ហើយប្រកាសថា ព្រះអង្គជាព្រះអម្ចាស់ ជាសិរីល្អរបស់ព្រះវរបិតា។ មុនថ្ងៃនោះមកដល់ ចូរយើងប្រកាន់ខ្ជាប់តាមសេចក្តីពិត ហើយស្វែងរកឱកាសនាំមនុស្សងាកទៅរកព្រះ ដែលជាផ្លូវ ជាសេចក្តីពិត និងជាជីវិត ដែលយើងរាល់គ្នាត្រូវការ(យ៉ូហាន ១៤:៦)។ ចក្រភពរ៉ូម៉ាំងមានការផ្លាស់ប្តូរ ដោយសារគ្រីស្ទបរិស័ទយកតម្រាប់តាមសាវ័កយ៉ូហាន និងពេត្រុស ដែលបានបដិសេធមិនព្រមបោះបង់ជំនឿ ឬឈប់និយាយអំពីព្រះអង្គ។ ដូចគ្នានេះដែរ ដោយព្រះគុណព្រះ យើងក៏អាចកែប្រែពិភពលោកសព្វថ្ងៃ ខណៈពេលដែលយើងយកគំរូតាមពួកសាវ័ក។
កិច្ចការ ៤:១-២២
លោកុប្បត្តិ ៤៩-៥០ និង រ៉ូម ១៦