ព្រឹក

ព្រះបន្ទូលសន្យារបស់ព្រះ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយKaren Huang
January 23, 2025
២កូរិនថូស ៤:១៦-១៨
ដ្បិតរបស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ។ ២កូរិនថូស ៤:១៨
ខ្ញុំមានអារម្មណ៍ឈឺចាប់ ពេលដែលបានឃើញឪពុករបស់ខ្ញុំបាត់បង់ការចងចាំ។ ជំងឺវង្វេងរបស់មនុស្សចាស់ពិតជាកាចសាហាវណាស់ ព្រោះវាបានឆក់យកការចងចាំរបស់គាត់ អំពីទំនាក់ទំនងទាំងអស់ដែលគាត់មាន ក្នុងជីវិតគាត់។ ខណៈពេលដែលជំងឺរបស់គាត់កាន់តែមានសភាពធ្ងន់ធ្ងរ គាត់មិនចាំខ្ញុំទៀតទេ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំបានបាត់បង់គាត់ម្តងបន្តិចៗ។ តែក្នុងពេលដ៏ឈឺចាប់នោះ ខ្ញុំបានរកឃើញការកម្សាន្តចិត្ត ដោយនឹកចាំ អំពីព្រះបន្ទូលរបស់ព្រះ ដែលបានសន្យាថា ព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះយើងជានិច្ច។
ព្រះគម្ពីរប៊ីបបានរំឭកយើងថា ព្រះអម្ចាស់បានដាក់ជីវិតរបស់យើង និងអ្វីៗទាំងអស់ដែលយើងស្រឡាញ់ នៅក្នុងព្រះហស្តព្រះអង្គ។ ខ្ញុំបានប្រកាន់ខ្ជាប់តាមសេចក្តីសង្ឃឹមថា ថ្ងៃមួយ នៅនគរស្ថានសួគ៌ ឪពុករបស់ខ្ញុំនឹងបានទទួលការស្អាងឡើងវិញទាំងស្រុង ដោយព្រះអាទិករដែលមានក្តីស្រឡាញ់នឹងកែប្រែចិត្តគំនិត និងវិញ្ញាណរបស់គាត់ជាថ្មី។
ខ្ញុំក៏ចាំបាច់ត្រូវចងចាំថា សាវ័កប៉ុលបានរៀបរាប់ថា ទុក្ខលំបាករបស់យើង “នៅតែមួយភ្លែតទេ”(២កូរិនថូស ៤:១៧)។ ត្រង់ចំណុចនេះ គាត់មិនមែនចង់មានន័យថា ទុក្ខលំបាករបស់យើងគឺជារឿងតូចតាចនោះទេ ព្រោះគាត់ក៏បានរងទុក្ខជាច្រើនហើយដែរ(ខ.៧-១២)។ ក្នុងព្រះគ្រីស្ទ ទុក្ខលំបាករបស់យើងក្នុងពេលបច្ចុប្បន្នស្រាលទេ ហើយក៏មានរយៈពេលខ្លីដែរ។ ពេលណាយើងគិតអំពីព្រះពរដ៏រុងរឿងទាំងអស់ដែលយើងមានក្នុងព្រះយេស៊ូវ ក្នុងពេលសព្វថ្ងៃ ក៏ដូចជានៅពេលអនាគតដ៏អស់កល្បជានិច្ច យើងនឹងទទួលស្គាល់ថា ទុក្ខលំបាករបស់យើងស្រាលទេ ហើយក៏មានរយៈពេលខ្លីផង(ខ.១៧)។
ដោយសារព្រះ និងព្រះបន្ទូលសន្យារបស់ព្រះអង្គ យើងអាចសម្រេចចិត្តបន្តមានក្តីសង្ឃឹមទៀត។ ទោះយើងកំពុងរងទុក្ខក៏ដោយ ក៏យើងអាចរស់នៅជារៀងរាល់ថ្ងៃ ដោយជំនឿ ដោយពឹងផ្អែកទៅលើព្រះចេស្តារបស់ព្រះអង្គ ដែលកែប្រែយើងជាថ្មីឡើង(ខ.១៦)។ ចូរយើងផ្ចង់ចិត្ត ទៅរកព្រះបន្ទូលសន្យាដ៏អស់កល្បនៅថ្ងៃនេះ(ខ.១៨)។—Karen Huang
តើអ្នកកំពុងរងទ្រាំទុក្ខលំបាកអ្វីខ្លះ? តើព្រះបន្ទូលសន្យារបស់ព្រះអង្គ និងអ្វីៗដែលអ្នកមាន ក្នុងនាមជាកូនព្រះអង្គ បានជួយអ្នកដូចម្តេចខ្លះ មិនឲ្យអស់សង្ឃឹម?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ព្រោះទុក្ខលំបាករបស់ទូលបង្គំមិនស្ថិតស្ថេរជារហូតទេ។ ហើយព្រះអង្គជាអ្នកសម្រេចអ្វីៗគ្រប់យ៉ាង។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ៧-៨ និងម៉ាថាយ ១៥:១-២០
ប្រភេទ
ល្ងាច

ធ្វើកិច្ចការរបស់ព្រះអម្ចាស់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
January 23, 2025
“ហើយក្នុងគ្រប់ទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី ឬកិរិយាក៏ដោយ ចូរធ្វើទាំងអស់ ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតា ដោយសារទ្រង់ផង” កូល៉ុស ៣:១៧
ថ្ងៃនេះ យើងមានកិច្ចការដែលត្រូវធ្វើ។
ក្នុងកណ្ឌគម្ពីរសំបុត្រកូរិនថូសខ្សែទី១ ពេលដែលសាវ័កប៉ុលបង្គាប់ពួកជំនុំឲ្យស្វាគមន៍លោកធីម៉ូថេយ៉ាងកក់ក្តៅ ចូលទៅក្នុងសហគមន៍របស់ពួកគេ គឺមិនមែនដោយសារលោកធីម៉ូថេចង់ស្វែងរកកេរ្តិ៍ឈ្មោះ ចង់មានមុខនាទីខ្ពង់ខ្ពស់ ឬព្យាយាមស្វែងរកការចាប់អារម្មណ៍នោះទេ។ តាមពិត មូលហេតុដ៏សាមញ្ញ គឺដោយសារលោកធីម៉ូថេ កំពុងធ្វើការរបស់ព្រះអម្ចាស់(១កូរិនថូស ១៦:១០)។
ការធ្វើការរបស់ព្រះអម្ចាស់ គឺសំដៅទៅលើការអ្វីក៏ដោយ ដែលយើងអាចដាក់ដៃធ្វើ ឬផ្ដោតចិត្តទៅលើ ដែលផ្គាប់ព្រះទ័យព្រះ គឺកិច្ចការដែលយើងធ្វើថ្វាយព្រះអង្គ ជាជាងធ្វើដើម្បីឲ្យមនុស្សស្ងើចសរសើរយើង(កូល៉ុស ៣:២៣)។ គឺអាចធ្វើនៅក្នុងរូបកាយព្រះគ្រីស្ទ ឬនៅក្នុងការបម្រើដល់លោកិយនៅជុំវិញយើង។
ក្នុងខ.១៧ សាវ័កប៉ុលបានរាប់បញ្ចូលឃ្លា “ក្នុងគ្រប់ទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ”។ ពាក្យ “ក្នុងគ្រប់ទាំងអស់” ដែលយើងជាគ្រីស្ទបរិស័ទធ្វើ គឺមានន័យថា ដោយជំនួយពីព្រះវិញ្ញាណបរិសុទ្ធ យើងគួរតែព្យាយាមចូលរួមយ៉ាងមានប្រសិទ្ធភាព ក្នុងការងារផ្សាយដំណឹងល្អ។ ទោះយើងកំពុងជួយយកអសារអ្នកជិតខាងយើង កំពុងឈរស្វាគមន៍នៅពីមុខទ្វារព្រះវិហារ ឬស្ម័គ្រចិត្តនៅក្នុងសហគមន៍ ការបម្រើនីមួយៗគឺសុទ្ធតែជាឱកាស ដើម្បីនាំអ្នកដទៃ ឲ្យងាកទៅរកព្រះអង្គសង្គ្រោះរបស់យើង។ យើងមានឯកសិទ្ធិពិសេសណាស់ ដែលមានវត្តមាននៅលើផែនដីនេះ ដើម្បីនាំអ្នកមិនជឿឲ្យក្លាយជាអ្នកដើរតាមព្រះយេស៊ូវ ដោយចិត្តប្តូរផ្តាច់។
ក្នុងរូបកាយព្រះគ្រីស្ទ យើងគួរតែទទួលស្គាល់ថា យើងអាចមានការលូតលាស់ខាងវិញ្ញាណ ក៏ដោយសារកិច្ចការដែលអ្នកដទៃបានធ្វើថ្វាយព្រះអម្ចាស់។ សាវ័កប៉ុលមានការយល់ឃើញដ៏ត្រឹមត្រូវថា ការលូតលាស់របស់ពួកជំនុំនៅក្រុងកូរិនថូស គឺជាលទ្ធផលនៃការងារដែលគាត់ធ្វើ ក្នុងព្រះនាមព្រះអម្ចាស់ គឺដូចដែលគាត់បានសរសេរថា “តើអ្នករាល់គ្នាមិនមែនជាស្នាដៃ ដែលខ្ញុំធ្វើក្នុងព្រះអម្ចាស់ទេឬអី”(១កូរិនថូស ៩:១)។ ពួកជំនុំនៅទីក្រុងកូរិនថូសបានកើតមាន ដោយសារសាវ័កប៉ុលបានធ្វើការថ្វាយព្រះអម្ចាស់។ ដូចនេះ គេមិនអាចថា ការរួមចំណែករបស់សាវ័កប៉ុលមិនសំខាន់ ឬសំខាន់ជាងគេនោះឡើយ តែផ្ទុយទៅវិញ ព្រះទ្រង់បានចាត់តាំងគាត់ឲ្យមានការទទួលខុសត្រូវដ៏ជាក់លាក់ តាមផែនការព្រះអង្គ។
ក្នុងនាមយើងជាគ្រីស្ទបរិស័ទ ព្រះទ្រង់បានត្រាស់ហៅយើង មិនគ្រាន់តែឲ្យអង្គុយរៀនព្រះបន្ទូលនោះទេ តែក៏ឲ្យលូតលាស់ ចេញទៅនេសាទមនុស្ស និងឲ្យចំណីដល់ចៀមព្រះអង្គផងដែរ។ ព្រះទ្រង់បានចាត់តាំងអ្នកជឿម្នាក់ៗ ឲ្យមានការទទួលខុសត្រូវជាក់លាក់ ក្នុងការងារ និងការបម្រើរបស់គ្រីស្ទបរិស័ទ ហើយការទទួលខុសត្រូវទាំងនោះ រាប់បញ្ចូលការធ្វើការថ្វាយព្រះអង្គ ក្នុងគ្រប់កាលៈទេសៈ និងឱកាស ដែលយើងមានជារៀងរាល់ថ្ងៃ ដែលមិនកើតមានដោយចៃដន្យ តែជាការរៀបចំរបស់ព្រះអម្ចាស់។ សាវ័កប៉ុលបានបន្សល់ទុកឲ្យយើង នូវគំរូដែលគួរឲ្យកោតសរសើរនេះ តាមរយៈការស្តាប់បង្គាប់តាមការត្រាស់ហៅរបស់ព្រះអង្គ ដោយទទួលស្គាល់ថា គាត់ជា “ឧបករណ៍ដែលព្រះទ្រង់បានជ្រើសរើស” ដើម្បីប្រកាសព្រះនាមព្រះអង្គ ដល់ពួកសាសន៍ដទៃ ពួកស្តេច និងកូនចៅអ៊ីស្រាអែល(កិច្ចការ ៩:១៥)។
សាវ័កប៉ុលបានធ្វើការថ្វាយព្រះអម្ចាស់ ដោយចិត្តឆេះឆួល។ យើងក៏ធ្វើដូចគាត់ផងដែរ។ ព្រះអង្គបានត្រាស់ហៅយើងរាល់គ្នា ឲ្យថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ ទោះយើងនៅទីណាក៏ដោយ។ សូមពិចារណា អំពីការផ្លាស់ប្តូរដែលអាចកើតមាន ក្នុងការគិត និងការប្រព្រឹត្ត បើសិនជាអ្នកសួរខ្លួនឯងជានិច្ចថា “តើព្រះយេស៊ូវសព្វព្រះទ័យឲ្យខ្ញុំធ្វើអ្វី នៅទីនេះ? តើខ្ញុំអាចសរសើរតម្កើងព្រះនាមព្រះអង្គ និងផ្គាប់ព្រះទ័យព្រះអង្គ នៅពេលនេះ យ៉ាងដូចម្តេចខ្លះ?” នៅថ្ងៃនេះ អ្នកមានឯកសិទ្ធិ ក្នុងការធ្វើការថ្វាយព្រះអង្គ។
ទំនុកដំកើង ១២៧
អេសាយ ៧-៩ និង ម៉ាកុស ៣