ព្រឹក

ការស្គាល់ព្រះ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយWinn Collier
January 22, 2025
ហេព្រើរ ១:១-៤
គឺទ្រង់ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់។ ហេព្រើរ ១:៣
មានពេលមួយ ខ្ញុំបានធ្វើដំណើរតាមយន្តហោះ ទៅកាន់ប្រទេសឥណ្ឌាជាលើកទីមួយ ហើយក៏បានទៅដល់អាកាសយានដ្ឋានបឹងកាឡូរូ នៅពេលរំលងអាធ្រាត្រ។ អ៊ីមែលដែលខ្ញុំបានទទួល មិនបានបញ្ជាក់ច្បាស់ថា នរណានឹងមកទទួលខ្ញុំ ហើយខ្ញុំគួរទៅជួបគាត់នៅកន្លែងណាទេ។ ខ្ញុំក៏បានដើរតាមហ្វូងមនុស្សដែលបានចេញពីយន្តហោះ ទៅកាន់កន្លែងទទួលវ៉ាលី និងច្រកគយ ហើយបន្ទាប់មក ក៏បានចេញទៅកន្លែងទទួលអ្នកដំណើរមកដល់ ក្នុងអាកាសធាតុដ៏ស្អុះស្អាប់ នៅរដូវក្តៅ ដោយព្យាយាមរកមនុស្សដែលមកទទួលខ្ញុំ ក្នុងចំណោមមនុស្សដ៏ច្រើនកកកុញ។ ខ្ញុំក៏បានដើរចុះឡើងៗ នៅមុខហ្វូងមនុស្សនោះ ពេញមួយម៉ោង ដោយដឹងសង្ឃឹមថា នឹងមាននរណាម្នាក់មើលខ្ញុំស្គាល់។ ទីបំផុត មានបុរសចិត្តល្អម្នាក់ដើរមករកខ្ញុំ។ គាត់សួរខ្ញុំថា “តើលោកឈ្មោះវីន(Winn)មែនទេ? ឲ្យខ្ញុំសុំទោស ខ្ញុំគិតថា ខ្ញុំនឹងមើលលោកស្គាល់។ លោកបានដើរចុះឡើងៗនៅមុខខ្ញុំរហូត តែលោកមិនមានភិនភាគ ដូចដែលខ្ញុំគិតស្មានទេ”។
ជាធម្មតា យើងមានការភាន់ច្រឡំ ឬមើលមិនស្គាល់មនុស្ស ឬទីកន្លែងដែលយើងគួរតែស្គាល់។ ទោះជាយ៉ាងណាក៏ដោយ ព្រះទ្រង់បានប្រទានយើងនូវវិធីជួយយើងឲ្យស្គាល់ព្រះអង្គ ដោយគ្មានការភាន់ច្រឡំ។ ព្រះអង្គបានយាងមក យកកំណើតជាមនុស្ស ដោយមានព្រះនាមយេស៊ូវ ដែលព្រះអង្គ “ជារស្មីភ្លឺមកពីសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់”(ហេព្រើរ ១:៣)។ ព្រះគ្រីស្ទគឺជាព្រះ។ ពេលណាយើងបានឃើញព្រះយេស៊ូវ យើងមានទំនុកចិត្តទាំងស្រុងថា យើងក៏កំពុងតែឃើញព្រះផងដែរ។
តើយើងចង់ដឹងថា ព្រះទ្រង់មានលក្ខណៈដូចម្តេច ព្រះអង្គមានបន្ទូលពីអ្វី ព្រះអង្គមានសេចក្តីស្រឡាញ់យ៉ាងណា នោះយើងគ្រាន់តែចាំបាច់ត្រូវមើលទៅព្រះយេស៊ូវ និងស្តាប់តាមព្រះអង្គ។ តើយើងពិតជាកំពុងស្តាប់ឮព្រះមានបន្ទូល(ខ.២) តាមរយៈព្រះយេស៊ូវដែរឬទេ? តើយើងពិតជាកំពុងដើរតាមសេចក្តីពិតរបស់ព្រះអង្គដែរឬទេ? ដើម្បីឲ្យយើងបានស្គាល់ព្រះច្បាស់ ចូរយើងផ្ចង់ចិត្តរបស់យើងទៅលើព្រះរាជបុត្រា ហើយរៀនសូត្រពីព្រះអង្គចុះ។—Winn Collier
តើអ្នកមានការពិបាក ក្នុងការស្គាល់ព្រះសូរសៀងរបស់ព្រះ នៅពេលណា? តើការផ្ដោតចិត្តទៅលើព្រះយេស៊ូវ បានជួយអ្នកឲ្យស្គាល់សម្លេងព្រះអង្គដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំចង់ស្គាល់ព្រះសូរសៀងរបស់ព្រះអង្គ ហើយដើរតាមព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យស្គាល់ព្រះអង្គ ក្នុងព្រះយេស៊ូវ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ៤-៦ និង ម៉ាថាយ ១៤:២២-៣៦
ប្រភេទ
ល្ងាច

ពេលខ្យល់ព្យុះបក់បោកមក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
January 22, 2025
“នោះកើតមានខ្យល់ព្យុះជាខ្លាំង ហើយរលកបោកចូលក្នុងទូក ដល់ម៉្លេះបានជាទូកពេញហើយ តែទ្រង់ផ្ទំលក់លើខ្នើយ នៅកន្សៃទូក ពួកសិស្សដាស់ទ្រង់ឡើងទូលថា លោកគ្រូអើយ យើងវិនាស ហើយលោកមិនរវល់ទេឬអី កាលតើនឡើង ទ្រង់កំហែងខ្យល់ ក៏បង្គាប់ទៅសមុទ្រថា ចូរស្ងៀមទៅ ហើយឈប់ចុះ នោះខ្យល់ក៏ស្ងប់ ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ”។ ម៉ាកុស ៤:៣៧-៣៩
នរណាក៏ដោយដែលមានបទពិសោធន៍ច្រើនក្នុងជីវិត សុទ្ធតែដឹងថា ខ្យល់ព្យុះនៃជីវិតនឹងមកដល់ពីមួយពេលទៅមួយពេល ពិតប្រាកដមែន។ ជួនកាល យើងស្រាប់តែប្រឈមមុខដាក់ការបាត់បង់ការងារ ដោយមិនបានត្រៀមខ្លួនទុកជាមុន ឬធ្លាក់ខ្លួនឈឺធ្ងន់ ឬក៏មនុស្សជាទីស្រឡាញ់ស្លាប់ចោល ឬមួយមានការបែកគ្នា ដោយសោកសៅជាដើម។ យើងប្រហែលមានអារម្មណ៍ថា ទុក្ខលំបាកទាំងនោះហាក់ដូចជាពិបាកពេកសម្រាប់យើង គឺប្រៀបដូចជាទូកដែលកំពុងតែលិច មិនខុសពីពេលដែលពួកសាវ័កកំពុងជួបខ្យល់ព្យុះ នៅក្នុងសមុទ្រកាលីឡេនោះឡើយ។
ការដើរតាមព្រះយេស៊ូវមិនមានន័យថា ខ្យល់ព្យុះនៃជីវិតមិនអាចកើតមានក្នុងការរស់នៅរបស់យើងនោះទេ ប៉ុន្តែ យើងអាចមានការកម្សាន្តចិត្ត ដោយដឹងថា ព្រះទ្រង់សន្យាថា នឹងឃុំគ្រងយើង នៅក្នុងខ្យល់ព្យុះនោះ។ ព្រះអង្គអាចធ្វើឲ្យចិត្តយើងស្ងប់ ហើយព្រះអង្គថែមទាំងអាចធ្វើឲ្យខ្យល់ព្យុះនីមួយៗស្ងប់ផងដែរ។
ពេលណាខ្យល់ព្យុះមកដល់ យើងច្រើនតែជួបការល្បួងឲ្យមានការសង្ស័យចំពោះព្រះអង្គ។ ពួកសាវ័កនៅតែទូលសួរព្រះយេស៊ូវ ទោះពួកគេបានឃើញព្រះអង្គធ្វើការអស្ចារ្យដោយផ្ទាល់ក៏ដោយ។ ពួកគេបានឃើញព្រះអង្គមុខទល់នឹងមុខ ហើយបានបរិភោគអាហារជាមួយព្រះអង្គរៀងរាល់ថ្ងៃ ប៉ុន្តែ ពេលដែលខ្យល់ព្យុះមកដល់ ពួកគេមានការតក់ស្លុត ដោយខ្វះជំនឿ គឺធ្វើមើលតែពួកគេបានភ្លេចព្រះអង្គជានរណា ឬភ្លេចការអ្វីដែលព្រះអង្គអាចធ្វើបាន។ តើយើងមានការសង្ស័យដូចពួកគេដែរទេ? ពេលណាខ្យល់ព្យុះបក់បោកមក មានខ្យល់កន្ត្រាក់ និងទឹករលកធំៗ ការសង្ស័យ និងភាពកម្សោយរបស់យើងក៏បានផ្ទុះចេញមក ហើយយើងក៏ភ្លេចព្រះដែលគង់នៅក្នុងយើង ហើយភ្លេចថា ព្រះអង្គអាចធ្វើអ្វីបានខ្លះ។
ព្រះទ្រង់មិនបានរារាំងខ្យល់ព្យុះមិនឲ្យបក់បោកមកទេ។ ប៉ុន្តែ ព្រះអង្គជាព្រះដែលមានព្រះវត្តមានជាមួយយើង ក្នុងខ្យល់ព្យុះ ហើយមានអំណាចគ្រប់គ្រងវាទៀតផង។ ព្រះយេស៊ូវមិនគ្រាន់តែគង់នៅជាមួយពួកសិស្ស ក្នុងអំឡុងពេលមានខ្យល់ព្យុះប៉ុណ្ណោះទេ តែថែមទាំងបង្ហាញព្រះចេស្តាព្រះអង្គ ដោយធ្វើឲ្យវាស្ងប់ទៅវិញ។ ក្នុងនាមព្រះអង្គជាព្រះ ព្រះអង្គបានបង្កើតសមុទ្រមក។
តើទឹកសមុទ្រមានអ្វីអាចតតាំងព្រះអង្គបាន? សម្រាប់យើងក៏ដូចនេះដែរ កាលៈទេសៈដែលហាក់ដូចជាអស់សង្ឃឹម និងមិនអាចជម្នះបាន ក៏កើតឡើងស្របតាមផែនការព្រះអង្គផងដែរ។ ពេលណាទុក្ខលំបាក ការភ័យខ្លាច និងការឈឺចាប់នៅតែបន្តមានក្នុងជីវិតយើង យើងអាចទុកចិត្តថា ព្រះអង្គនឹងប្រទានយើងនូវសន្តិភាព ដែល “ហួសលើសពីអស់ទាំងគំនិត”(ភីលីព ៤:៧) ហើយចម្លងយើងទៅកាន់កន្លែងដែលស្ងប់សុខ ទោះនៅក្នុងជីវិតនេះ ឬបន្ទាប់ពីយើងស្លាប់ក៏ដោយ។
ដូចនេះ យើងមិនត្រូវសួរថា តើខ្យល់ព្យុះនឹងកើតមានក្នុងជីវិតខ្ញុំឬទេ? ខ្យល់ព្យុះនឹងកើតមានជាប្រាកដ។ តែផ្ទុយទៅវិញ យើងត្រូវសួរថា “ពេលណាមានខ្យល់ព្យុះបក់បោកមក តើខ្ញុំនឹងនៅតែជឿថា ព្រះយេស៊ូវអាចធ្វើឲ្យពួកវាស្ងប់ ហើយតើខ្ញុំនឹងអនុញ្ញាតឲ្យព្រះអង្គជួយខ្ញុំទេ?” ព្រះអង្គអាចដកអ័ភ្រនៃការសង្ស័យចេញពីគំនិតយើង។ ព្រះអង្គប្រោសចិត្តដែលខ្ទេចខ្ទាំឲ្យជា។ ព្រះអង្គអាចរំងាប់ចិត្តរបស់យើង ដែលស្រេកឃ្លានសេចក្តីស្រឡាញ់។ ព្រះអង្គប្រោសវិញ្ញាណដែលហត់នឿយ ឲ្យមានកម្លាំងឡើងវិញ។ ព្រះអង្គអាចប្រទានភាពស្ងប់រម្ងាប់ដល់វិញ្ញាណដែលថប់បារម្ភ។
អ្នកក៏អាចដកពិសោធន៍ជាមួយភាពស្ងប់រម្ងាប់នៃខ្យល់ព្យុះផងដែរ ពេលណាអ្នកបានឃើញព្រះអង្គ ជាព្រះអាទិករនៃចក្រវាល ដែលធ្វើឲ្យខ្យល់ព្យុះស្ងប់ និងគ្រប់គ្រងលើអ្វីៗទាំងអស់។
ម៉ាកុស ៤:៣៥-៤១
អេសាយ ៥-៦ និង ម៉ាកុស ២