នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

អំណោយ​នៃ​ទុក្ខ​លំបាក (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

អំណោយ​នៃ​ទុក្ខ​លំបាក (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយPatricia Raybon

January 21, 2025

១ពេត្រុស ៤:១២-១៩

គឺជា​ព្រះ​វិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​លើ​អ្នក​រាល់​គ្នា​ហើយ​។ ១ពេត្រុស ៤:១៤

បង​ប្អូន​ត្រកូល​រ៉ាយ(Wright) បាន​ក្លាយ​ជា​មនុស្ស​ដំបូង ដែល​បាន​បើកបរ​យន្តហោះ​ដោយ​ជោគជ័យ​មុនគេ ប៉ុន្តែ ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​នេះ មិន​មាន​ភាព​ងាយ​ស្រួល​ទេ​។ ទោះ​បង​ប្អូន​ពីរ​នាក់​នេះ​បាន​ទទួល​បរាជ័យ​ជា​ច្រើនដង​រាប់​មិន​អស់ ត្រូវ​គេ​ចំអក​ឲ្យ មាន​ការ​ខ្វះខាត​ថវិកា ហើយ​ក្នុង​ចំណោម​ពួកគេ មាន​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ក៏ដោយ ពួកគេ​មិន​បាន​បោះបង់ចោល​ការ​តស៊ូ ដោយសារ​ទុក្ខ​លំបាក​ទាំង​អស់​នេះ​ទេ​។ គឺ​ដូច​ដែល​លោក​អូវីល រ៉ាយ(Orville Wright) បាន​កត់​សំគាល់​ឃើញថា “គ្មាន​សត្វ​បក្សី​ណា​អាច​ហោះ​ហើរ​បាន​ខ្ពស់ នៅ​កន្លែង​ដែល​ស្ងប់​ខ្យល់​នោះ​ឡើយ”។ លោក​ដាវីឌ មែកខូឡូ(David McCullough) ដែល​ជា​អ្នក​និពន្ធ​ជីវប្រវត្តិ​របស់​អ្នក​ទាំង​ពីរ បាន​ធ្វើ​ការ​បក​ស្រាយ​អត្ថន័យ​របស់​សម្រង់​សម្តី​នេះ​ថា ជា​ញឹក​ញាប់ ទុក្ខ​លំបាក​ច្រើនតែ​អាច​ធ្វើ​ជា​កត្តា​ជំរុញ ដែល​ជួយ​ឲ្យ​អ្នក​ឡើង​ខ្ពស់​ជាមុន​។ ហើយ​អ្នក​ឡើង​ភ្នំ​មាន​អំណរ មិនមែន​ដោយសារ​បាន​ឡើង​ទៅដល់​កំពូល​ភ្នំ​នោះ​ទេ តែ​ដោយសារ​ពួកគេ​បាន​ឡើង​ភ្នំ​។

សាវ័ក​ពេត្រុស​បាន​បង្រៀន​អំពី​គោលការណ៍​ខាង​វិញ្ញាណ​ស្រដៀង​នេះ​ផង​ដែរ ទៅ​កាន់​ពួក​ជំនុំ​ដំបូង ដែល​កំពុង​ជួប​ការ​បៀតបៀន​។ គាត់​ប្រាប់​ពួក​គេ​ថា “ពួក​ស្ងួន​ភ្ងា​អើយ កុំ​ឲ្យ​មាន​ប្លែក​ក្នុង​ចិត្ត ដោយ​ភ្លើង​ដ៏​ក្តៅ​ក្រហាយ ដែល​កំពុងតែ​ល្បង​អ្នក​រាល់​គ្នា ទុក​ដូចជា​កើត​មាន​សេចក្តី​ចំឡែក​នោះ​ឡើយ”(១ពេត្រុស ៤:១២)។ ត្រង់​ចំណុច​នេះ គាត់​មិន​បាន​បង្រៀន​យើង​ឲ្យ​បដិសេធ​ថា ទុក្ខ​លំបាក​មិន​មាន​ការ​ឈឺ​ចាប់​នោះ​ទេ​។ តែ​គាត់​ដឹង​ថា ក្តី​សង្ឃឹម​ក្នុង​ព្រះគ្រីស្ទ​មាន​ការ​ចម្រើន​ឡើង នៅ​ក្នុង​ការ​ទុកចិត្ត​ព្រះ នៅពេល​មាន​ទុក្ខ​លំបាក​។

នេះ​ជា​ការ​ពិតមែន ជា​ពិសេស នៅពេល​ដែល​យើង​រង​ទុក្ខ ដោយសារ​យើង​ជឿ​ព្រះយេស៊ូវ ដូច​ពួក​ជំនុំ​ដំបូង​ដែរ​។ សាវ័ក​ពេត្រុស​បាន​សរសេរ​សំបុត្រ​លើក​ទឹក​ចិត្ត​ពួក​គេ​ថា “ត្រូវ​អរ​សប្បាយ​វិញ ដោយ​ព្រោះ​មាន​ចំណែក​ក្នុង​ការ​រង​ទុក្ខ​របស់​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រេកអរ​រីករាយ​ជា​ខ្លាំង ក្នុង​កាលដែល​សិរី​ល្អ​ទ្រង់​លេច​មក”(ខ.១៣)។ គាត់​មាន​ប្រសាសន៍​ទៀត​ថា “បើសិន​ជា​គេ​តិះដៀល​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះគ្រីស្ទ នោះ​មាន​ព​រហើយ ពីព្រោះ​ព្រះ​វិញ្ញាណ​ដ៏​មាន​សិរី​ល្អ គឺជា​ព្រះ​វិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​លើ​អ្នក​រាល់​គ្នា​ហើយ”(ខ.១៤)។

អ្នក​និពន្ធ​ជីវប្រវត្តិ​របស់​បង​ប្អូន​ត្រកូល​រ៉ាយ បាន​កោត​សរសើរ​ចារិក​លក្ខណៈ​របស់​ពួកគេ ដោយសារ​ពួកគេ​មាន​ការ​តស៊ូ​។ ចូរ​យើង​រស់នៅ ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​មើល​ឃើញ​ចារឹក​លក្ខណៈ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​ធ្វើ​ការ​ក្នុង​ពេល​ដែល​យើង​មាន​ទុក្ខ​លំបាក​ផង​ដែរ​។ ព្រះអង្គ​ប្រើ​ទុក្ខ​លំបាក​របស់​យើង ដើម្បី​ជួយ​យើង​ឲ្យ​ចម្រើន​ឡើង​ពី​មួយ​កំរិត ទៅ​មួយ​កំរិត​ទៀត​។—Patricia Raybon

តើ​អ្នក​បាន​រង​ទុក្ខ​ថ្វាយ​ព្រះគ្រីស្ទ​យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​ការ​រង​ទុក្ខ​របស់​អ្នក​បាន​ថ្វាយ​សិរី​ល្អ​ដល់​ព្រះអង្គ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទុក្ខ​លំបាក​បាន​ល្បងល​សេចក្តី​ជំនឿ​របស់​ទូល​បង្គំ​។ សូម​ព្រះ​អង្គ​ប្រទាន​ក្តី​សង្ឃឹម ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ១-៣ និង ម៉ាថាយ ១៤:១-២១

ល្ងាច

Devotional illustration

មាន​សញ្ជាតិ​នៅ​ស្ថាន​សួគ៌

ដោយAlistair Begg

January 21, 2025

“ដ្បិត​មាន​មនុស្ស​ជា​ច្រើន ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ជា​ញយ​ៗ ហើយ​ឥឡូវ​នេះ ក៏​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត ថា គេ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​ព្រះគ្រីស្ទ​ទេ ចុង​បំផុត​របស់​គេ​ជា​សេចក្តី​ហិន​វិនាស គេ​យក​ពោះ​គេ​ទុកជា​ព្រះ ហើយ​យក​សេចក្តី​គួរ​ខ្មាស​របស់​គេ ទុកជា​សិរី​ល្អ​វិញ គេ​នឹក​តែ​ពី​របស់​នៅ​ផែនដី​នេះ ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថាន​សួគ៌​វិញ ក៏​នៅចាំ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អង្គ​សង្គ្រោះ ទ្រង់​យាង​មកពី​ស្ថាន​នោះ​ឯង ដែល​ទ្រង់​នឹង​បំផ្លាស់​បំ​ប្រែ​រូប​កាយ​ទាបថោក​របស់​យើង ឲ្យ​ត្រឡប់​ដូចជា​រូប​ឧត្តម​របស់​ទ្រង់”។ ភីលីព ៣:១៨-២១

អ្នក​រស់នៅ ក្នុង​ទីក្រុង​ភីលីព​របស់​ជនជាតិ​ក្រិក កាលពី​សតវត្ស៍ទី១ និង​អ្នក​ដែល​បាន​កើត​នៅ​ទីនោះ ប្រហែល​ជា​និយាយ​ថា “យើង​មិនមែន​ជា​អ្នក​ក្រុង​ភីលីព​ទេ” ព្រោះ​ពួកគេ​រស់នៅ​តាម​ច្បាប់​របស់​ចក្រភព​រ៉ូម៉ាំង ស្លៀក​ពាក់​ខោអាវ​របស់​ពួក​រ៉ូម៉ាំង និង​សរសេរ​ឯកសារ​ជា​ភាសាឡាតាំង​ទៀត​ផង​។ ពួកគេ​ជា​ពលរដ្ឋ​របស់​ចក្រភព​រ៉ូម៉ាំង​។ ទីកន្លែង​នោះ​ទាំងមូល មាន​លក្ខណៈ​ដូច​ទីក្រុង​រ៉ូម តែ​វា​មិនមែន​ជា​ទីក្រុង​រ៉ូម​ទេ​។ អ្នក​ក្រុង​ភីលីព កំពុង​រស់នៅ​ក្នុង​ទឹកដី​ក្រិក តែ​រស់នៅ​ជា​ពលរដ្ឋ​របស់​ចក្រភព​រ៉ូម៉ាំង​។

សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​គេ​ថា ការ​រស់នៅ​ជា​គ្រីស្ទបរិស័ទ​ក៏​មាន​លក្ខណៈ​ស្រដៀង​ការ​រស់នៅ​របស់​ពួកគេ​ផង​ដែរ : យើង​កំពុង​រស់នៅ​ជា​គ្រីស្ទបរិស័ទ​នៅ​លើ​ផែនដី តែ​មិន​ទាន់​មាន​វត្ត​មាន​ក្នុង​រាជធានី​របស់​គ្រីស្ទបរិស័ទ ដែល​យើង​មាន​ការ​ធូរ​ស្បើយ​ក្នុង​ចិត្ត ដែល​បាន​ដឹង​ថា រាជធានី​នោះ​មិនមែន​នៅ​ទីក្រុង​វ៉ាស៊ីនតោន ឬ​ទីក្រុង​ឡុង​នោះ​ទេ! ខ្នាត​គំរូ​នៃ​រាជធានី​នោះ ខ្ពស់​ជាង និង​ធំជាង​ខ្នាត​គំរូ​របស់​ទីក្រុង​នៅ​ផែនដី​។ យើង​មាន​សញ្ជាតិ​ជា​សាសន៍​ស្ថាន​សួគ៌ ហើយ​យើង​នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ក្នុង​លោកិយ ក្នុង​នាម​ជា​អ្នក​ដំណើរ​នៅ​លើ​ផែនដី​នេះ​។

ក្នុង​នាម​យើង​ជា​គ្រីស្ទបរិស័ទ យើង​មាន​ឱកាស​ដ៏​ប្រសើរ​ប្រចាំ​ថ្ងៃ សម្រាប់​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ថ្ងៃ​មួយ​ទៀត និង​មាន​លក្ខណៈ​ខុសពី​លោកិយ ដោយ​ប្រកាន់យក​អត្ត​សញ្ញាណ ជា​ពលរដ្ឋ​របស់​ស្ថាន​សួគ៌ គឺ​មិនមែន​ជា​អ្នក​ក្រុង​ណាមួយ​នៅ​ផែនដី​ទេ​។ ហើយ​គួរតែ​ធ្វើ​ឲ្យ​គេ​លាន់​មាត់​ថា យើង​និយាយ​ស្តី ដើរហើរ ខុសពី​លោកិយ​។ បាន​សេចក្តី​ថា ពេលណា​អ្នក​គិត​អំពី​ជីវិត​របស់​អ្នក អ្នក​ចាំបាច់​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​កំពុង​មាន​ចិត្ត​ប្តូរ​ផ្តាច់​ចំពោះ​អ្វី ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កំរើក និង​មាន​ជីវិត​រស់? តើ​វា​ជា​លក្ខណៈ​ខាង​ក្រៅ​របស់​ខ្ញុំ​ឬ? តើ​វា​ជា​ការ​ឆេះឆួល និង​នាំ​ឲ្យ​មាន​អំណរ​ទេ? តើ​អ្នក​រស់នៅ​ដើម្បី​អ្វី?

ព្រះ​គម្ពីរ​បាន​ដាស់តឿន​យើង​ថា បើ​យើង​រស់នៅ​ដើម្បី “មាន​សេចក្តី​អំណរ​ខាង​អំពើបាប ដែល​នៅតែ១ភ្លែត”(ហេព្រើរ ១១:២៥) នោះ​ទី​បំផុត ពួកវា​នឹង​ស៊ី​បំផ្លាញ​យើង ហើយ​បំផ្លាញ​ជីវិត​យើង​។ ផ្ទុយ​ទៅវិញ យើង​ត្រូវ​រស់នៅ ដោយ​ការ​រំពឹង​ថា នឹង​បាន​សិរី​ល្អ​នៅពេល​អនាគត​។ យើង​នឹង​បាន​ផ្លាស់​ប្រែ យើង​នឹង​មាន​រូបកាយ​ថ្មី “ដូច​រូប​កាយ​ឧត្តម​របស់​ព្រះអង្គ”។ រូបកាយ​របស់​យើង​នៅ​ស្ថាន​សួគ៌​នឹង​មិន​អន់​ខ្សោយ​ដោយ​អំពើបាប ដោយ​ចិត្ត​ដែល​អាត្មា​និយម ឬ​បែក​ជា​ចំណែក​នោះ​ឡើយ​។ ថ្ងៃ​មួយ យើង​នឹង​បាន​ទៅ​នៅ​ផ្ទះ​យើង​នៅ​ស្ថាន​សួគ៌ ហើយ​យើង​នឹង​មាន​ក្តី​អំណរ​ដ៏​អស្ចារ្យ!

បើ​មនុស្ស​មាន​ការ​សង្ស័យ​មក​លើ​ការ​រស់នៅ​របស់​អ្នក ហើយ​តាមរយៈ​ពាក្យ​សម្តី​របស់​អ្នក គេ​រក​ឃើញថា អ្នក​មានសញ្ជាតិ​នៅ​ស្ថាន​សួគ៌ អ្នក​បម្រើ​ព្រះ​ដ៏​រស់ ហើយ​អ្នក​កំពុង​ទន្ទឹង​រង់​ចាំ​ពេល​ដែល​អ្នក​នឹង​ទៅ​នៅ​ផ្ទះ​នៅ​ស្ថាន​សួគ៌ ដែល​នៅ​ទីនោះ ជីវិត​អ្នក​នឹង​មាន​ការ​ផ្លាស់​ប្រែ​ទាំងស្រុង នោះ​មិន​យូរ​មិន​ឆាប់ ក្នុង​ចំណោម​ពួកគេ នឹង​មាន​អ្នក​ខ្លះ​សួរ​អ្នក អំពី​មូល​ហេតុ​ដែល​អ្នក​មាន​សេចក្តី​សង្ឃឹម​នេះ(១ពេត្រុស ៣:១៥)។

ដូច​នេះ ចូរ​ចាំ​ថា អ្នក​ជា​សាសន៍​ស្ថាន​សួគ៌​។ ឥទ្ធិពល​នៃ​ដំណឹង​ល្អ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​នឹង​ការ​ស្ម័គ្រ​ចិត្ត​រស់នៅ​ដូច​ព្រះគ្រីស្ទ​។ ចូរ​អនុញ្ញាត​ឲ្យ​សញ្ជាតិរបស់​អ្នក​នៅ​ស្ថាន​សួគ៌ ធ្វើជាមូល​ហេតុ​ដែល​​អ្នក​​ឆាប់​ឆ្លើយតប និង​មាន​ក្តី​អាណិត ខណៈ​ពេល​ដែល​អ្នក​កំពុង​រស់នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ជា “ខ្មាំង​សត្រូវ​នៃ​ឈើ​ឆ្កាង”(ភីលីព ៣:១៨)។ ព្រះគ្រីស្ទ​នឹង​យាង​មកវិញ​ ហើយ​ពេល​នោះ អ្នក​នឹង​បាន​ទៅ​នៅ​ផ្ទះ​នៅ​ស្ថាន​សួគ៌​។ បើ​មិនមែន​ក្នុង​ថ្ងៃ​នេះ​ទេ នោះ​ថ្ងៃ​នេះ ជា​ឱកាស​សម្រាប់​ឲ្យ​អ្នក​រស់នៅ ឲ្យ​មាន​លក្ខណៈ​ខុសពី​លោកិយ​។ តើ​អ្នក​នឹង​ឆក់​ឱកាស​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ?

១ពេត្រុស ២:៩-១៧

អេសាយ ៣-៤ និង ម៉ាកុស ១:២៣-៤៥

ប្រភេទ