ព្រឹក

ការកោតខ្លាចដ៏ត្រឹមត្រូវ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយAmy Boucher Pye
January 26, 2025
សុភាសិត ២:១-១១
បើឯងខំរកដូចជារកប្រាក់ ... នោះឯងនឹងបានយល់សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា ហើយប៉ះប្រទះនឹងសេចក្តីស្គាល់ដល់ព្រះអង្គ។ សុភាសិត ២:៤-៥
មានពេលមួយ យេរេមី(Jeremy) បានសរសេរថា “ខ្ញុំបានដឹងតិចតួច អំពីការភ័យខ្លាចសេចក្តីស្លាប់។ កាល៧ឆ្នាំមុន...ខ្ញុំមានអារម្មណ៍តានតឹង ថប់បារម្ភ វិលមុខ និងភ័យខ្លាចជាពន់ពេក ពេលដែលគេប្រាប់ខ្ញុំថា ខ្ញុំមានជំងឺមហារីកដែលមិនអាចព្យាបាលជា”។ ប៉ុន្តែ គាត់បានរៀនគ្រប់គ្រងការភ័យខ្លាចរបស់គាត់ ដោយពឹងផ្អែកទៅលើព្រះវត្តមានរបស់ព្រះ ហើយបានងាកចេញពីការភ័យខ្លាចសេចក្តីស្លាប់ ទៅរកការឱបក្រសោបយកការកោតខ្លាចព្រះ។ សម្រាប់យេរេមី ការកោតខ្លាចព្រះ គឺមានន័យថា គាត់កោតស្ញប់ស្ញែងព្រះអាទិករនៃចក្រវាលទាំងមូល ដែលនឹង “បំផ្លាញសេចក្តីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប”(អេសាយ ២៥:៨) ហើយទន្ទឹមនឹងនោះ គាត់ក៏មានការយល់ដឹងស៊ីជម្រៅថា ព្រះអង្គស្គាល់ ហើយស្រឡាញ់គាត់។
ការកោតខ្លាចព្រះអម្ចាស់ ដែលជាការគោរព និងស្ញប់ស្ញែងដ៏ជ្រាលជ្រៅ ចំពោះព្រះដ៏បរិសុទ្ធនៃយើង គឺជាខ្លឹមសារដែលមានចែងក្នុងព្រះគម្ពីរប៊ីបទាំងមូល។ ស្តេចសាឡូម៉ូនបានបង្រៀនបុត្រាទ្រង់ ឲ្យកោតខ្លាចព្រះអម្ចាស់ នៅក្នុងកណ្ឌគម្ពីរសុភាសិត ដែលផ្ទុកទៅដោយប្រាជ្ញាជាច្រើន។ ទ្រង់មានបន្ទូលថា បើបុត្រាទ្រង់ផ្ទៀងត្រចៀកស្តាប់ប្រាជ្ញា ហើយស្វែងរកប្រាជ្ញា ដូចស្វែងរកទ្រព្យសម្បត្តិ នោះបុត្រាទ្រង់នឹងមានការកោតខ្លាច និងស្គាល់ព្រះអម្ចាស់(សុភាសិត ២:២,៤-៥)។ ក្រៅពីប្រាជ្ញា និងការចេះដឹង ទ្រង់នឹងរកឃើញគំនិតវាងវៃ និងយោបល់ផងដែរ(ខ.១០-១១)។
ពេលណាយើងជួបបញ្ហាប្រឈមជាច្រើនប្រភេទ ហើយមានការភ័យខ្លាច យើងនឹងបាននឹកចាំថា សមត្ថភាពរបស់យើងមានដែនកំណត់។ ប៉ុន្តែ ពេលណាយើងងាកទៅរកព្រះអង្គ ដោយទូលសូមព្រះអង្គជួយយើង ឲ្យបន្ទាបខ្លួននៅចំពោះព្រះអង្គ ហើយថ្វាយបង្គំព្រះអង្គ ដោយការកោតខ្លាច យើងនឹងបានដឹងថា ព្រះអង្គជួយយើងឲ្យចេញពីការភ័យខ្លាច ហើយបែរទៅរកការកោតខ្លាចព្រះអង្គវិញ។—Amy Boucher Pye
តើការកោតខ្លាចព្រះអម្ចាស់ មានសារៈសំខាន់ចំពោះអ្នក ដូចម្តេចខ្លះ? តើអ្នកអាចបន្ទាបខ្លួន នៅចំពោះព្រះអង្គ នៅថ្ងៃនេះ ដោយរបៀបណា?
ឱព្រះអាទិករ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី តែព្រះអង្គស្គាល់ និងស្រឡាញ់ទូលបង្គំ។
សូមព្រះអង្គជួយទូលបង្គំ ឲ្យបម្រើ និងថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ ជារៀងរាល់ថ្ងៃ អស់មួយជីវិតទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ១៤-១៥ និង ម៉ាថាយ ១៧
ប្រភេទ
ល្ងាច

ពេលណាអ្វីៗមិនកើតឡើង ដូចដែលអ្នកចង់បាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
January 26, 2025
“ចូរខំដកគ្រប់ទាំងសេចក្តីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ”។ អេភេសូរ ៤:៣១
មនុស្សភាគច្រើនយល់ពីអារម្មណ៍ នៅពេលយើងក្រោកពីគេង យើងគិតថា ជីវិតយើងមិនបានទៅដល់គោលដៅ ដែលយើងចង់បាន។ អ្នកប្រហែលមានអារម្មណ៍ដូចនេះ ពេលអ្នកក្រោកពីគេងនៅថ្ងៃនេះ។ យើងប្រហែលកំពុងប្រឈមមុខដាក់ថ្ងៃដ៏ពិបាក ទាំងខាងផ្លូវកាយ ផ្លូវអារម្មណ៍ ផ្លូវហេតុផល ផ្លូវហិរញ្ញវត្ថុ និងថែមទាំងផ្លូវវិញ្ញាណផងដែរ ជាហេតុនាំឲ្យយើងជួបការល្បួងឲ្យយើងមានចិត្តរវើរវាយ។
តើយើងត្រូវធ្វើដូចម្តេច?
ពេលនោះ យើងគួរតែចាប់ផ្តើមទូលសូមព្រះអង្គការពារយើង ឲ្យរួចផុតពីប្រភពដ៏គ្រោះថ្នាក់ នៃបញ្ហាខាងវិញ្ញាណ “ជាឃាតករលាក់មុខ” ដែលមានដូចជា សេចក្តីជូរល្វីង ការស្អប់ និងការអាណិតខ្លួនឯង។ សេចក្តីអាក្រក់ទាំងបីនេះ នឹងរឹតរួតជំនឿយើងឲ្យដាច់ខ្យល់ស្លាប់បន្តិចម្តងៗ ហើយហៀរចេញជាការច្រណែនឈ្នានីស និងសម្អប់ចំពោះអ្នកដែលមានអ្វី ដែលយើងចង់បាន។ ដូចនេះ យើងត្រូវការជំនួយរបស់ព្រះអម្ចាស់ ដើម្បីឆ្លើយតបដោយចិត្តដែលសុភាព មិនមែនដោយវិញ្ញាណក្តៅក្រហាយ ក្នុងស្ថានភាពដែលយើងជួបប្រទះ ដែលប្រហែលមានតែព្រះ និងយើងទេដែលដឹង។
ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំនៅទីក្រុងអេភេសូរ គាត់បានលើកទឹកចិត្តក៏ដូចជាបង្គាប់ពួកគេ ឲ្យដកចេញនូវភាពជូរល្វីង ភាពក្តៅក្រហាយ និងកំហឹង។ ការនិយាយងាយស្រួលជាការអនុវត្ត តែសាវ័កប៉ុលបានបង្គាប់ត្រង់ៗតែម្តង។ តាមពិត គ្មានព្រះរាជបញ្ជាមួយណា ក្នុងព្រះគម្ពីរ ដែលយើងមិនអាចអនុវត្តតាមនោះឡើយ ទោះពិបាកយ៉ាងណាក៏ដោយ ដ្បិតព្រះអង្គតែងតែប្រទានកម្លាំង ឲ្យយើងធ្វើតាមព្រះរាជបញ្ជារបស់ព្រះអង្គ។
ដូចនេះ បើព្រះអង្គមានបន្ទូលថា ចូលដកអ្វីមួយចេញ នោះយើងអាចដឹងច្បាស់ថា ព្រះអង្គអាចប្រើអំណាចនៃព្រះវិញ្ញាណ ក្នុងជីវិតយើង ដើម្បីជួយយើងឲ្យអាចធ្វើតាមបង្គាប់ព្រះអង្គ។ ពេលណាយើងរស់នៅ ដោយចិត្តជូរល្វីង សម្អប់ ឬការអាណិតខ្លួនឯង នោះវាជាកំហុសរបស់យើងតែម្នាក់ឯងទេ។ ចង់មិនចង់ ខ្ញុំមិនអាចឲ្យព្រះទ្រង់ទទួលខុសត្រូវរឿងនេះឡើយ។
នៅដើមដំបូងនៃកណ្ឌគម្ពីរសាំយូអែលខ្សែទី១ យើងឃើញថា នាងហាណា ជាបុគ្គលដែលមានអារម្មណ៍ដ៏គ្រោះថ្នាក់ទាំង៣ប្រភេទនេះ។ នាងប្រាកដជាបានតយុទ្ធនឹងអារម្មណ៍នីមួយៗ បន្ទាប់ពីរយៈពេលមួយខែទៀតបានកន្លងផុតទៅ ដោយនាងនៅតែមិនអាចមានផ្ទៃពោះ ហើយត្រូវទទួលការចំអកពីប្រពន្ធចុងរបស់ប្តីនាង មួយថ្ងៃទៀត ហើយឃើញកូនដែលព្រះទ្រង់បានប្រទានឲ្យស្រ្តីនោះ។ ប៉ុន្តែ នាងបានថ្វាយភាពនឿយណាយ និងទុក្ខព្រួយដល់ព្រះអម្ចាស់ ដោយការអធិស្ឋាន។ ហើយនាងក៏មានសន្តិភាពក្នុងចិត្ត ដោយដឹងថា ព្រះទ្រង់ស្តាប់នាងអធិស្ឋាន។ ទោះនៅពេលនោះ រូបកាយនាងនៅតែមិនមានកូន ហើយកាលៈទេសៈនៅតែមិនផ្លាស់ប្តូរ វិញ្ញាណនាងបានមានសេរីភាព ដោយសារព្រះវរបិតារបស់នាង ដែលគង់នៅស្ថានសួគ៌។
ព្រះទ្រង់បានការពារនាងហាណាឲ្យរួចផុតពីឃាតករលាក់មុខ ដែលជាភាពជូរល្វីង សម្អប់ និងការអាណិតខ្លួនឯង ហើយព្រះអង្គក៏ ការពារយើងផងដែរ។ អ្នកមិនចាំបាច់ត្រូវដេកមិនលក់ នៅពេលយប់ ដោយសារអ្នកបារម្ភអំពីជីវិតដែលមិនបានដល់ចំណុច ដែលអ្នកចង់បាននោះឡើយ។ ហើយអ្នកក៏មិនចាំបាច់ត្រូវមានការបាក់ទឹកចិត្ត នៅពេលក្រោកពីដំណេក នៅពេលព្រឹកថ្ងៃបន្ទាប់ ដោយសារកាលៈទេសៈដែលអ្នកមិនចង់ជួបនោះដែរ។ ផ្ទុយទៅវិញ អ្នកអាចប្រើប្រាស់ពេលនោះ ដើម្បីរៀនស្គាល់តម្លៃនៃការថ្វាយសំណួរនៅក្នុងចិត្ត និងបញ្ហារបស់អ្នកទាំងអស់ ដាច់ដល់ព្រះអង្គ ជាអ្វីដែលអ្នកត្រូវធ្វើ។
១សាំយ៉ូអែល ១
អេសាយ ១៧-១៩ និង ម៉ាកុស ៥:១-២០