ព្រឹក

ព្រះអម្ចាស់ គឺជាគ្រឹះដ៏រឹងមាំ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយSheridan Voysey
January 27, 2025
អេសាយ ៣៣:២-៦
នឹងមានសេចក្តីសុខស្រួលនៅក្នុងគ្រាឯង ព្រមទាំងសេចក្តីសង្គ្រោះប្រាជ្ញា និងដំរិះជាបរិបូរដែរ សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងបានជាឃ្លាំងរបស់ឯង។ អេសាយ ៣៣:៦
ផ្ទះរបស់ខ្ញុំមានផ្ទះបាយចាស់ទ្រុឌទ្រោម និងមានរនាបបាក់ស្រុត ដូចនេះ យើងចាំបាច់ត្រូវជួសជុលវា។ បន្ទាប់ពីជាងសំណង់បានវាយកំទេចផ្ទះនោះមួយផ្នែកធំ ពួកគេក៏បានចាប់ផ្តើមជីកដី ដើម្បីសង់គ្រឹះថ្មី។ ពេលនោះ រឿងដែលគួរឲ្យចាប់អារម្មណ៍ក៏បានកើតឡើង។
ខណៈពេលដែលជាងកំពុងជីកដី ពួកគេកាយបានបំណែកឥដ្ឋការ៉ូជាច្រើន រួមទាំងដបសូដាពីទសវត្សរ៍ឆ្នាំ១៨៥០ ហើយថែមទាំងរកឃើញកាំបិតចាស់ៗទៀតផង។ តើគេបានសង់ផ្ទះនេះនៅលើកន្លែងចាក់សំរាមចាស់ឬ? គ្មាននរណាដឹងទេ ហេតុនេះហើយ វិស្វករក៏បានប្រាប់យើងថា ពួកគេត្រូវជីកគ្រឹះឲ្យបានជ្រៅជាងមុន ពុំនោះទេ ជញ្ជាំងផ្ទះរបស់យើងនឹងចេញស្នាមប្រេះមិនខាន។
គេសង់គ្រឹះឲ្យបានរឹងមាំ ដើម្បីឲ្យផ្ទះមានភាពរឹងមាំ។ ជីវិតយើងក៏មានលក្ខណៈដូចនេះដែរ។ កាលពួកអ៊ីស្រាអែលរង្គោះរង្គើដោយសារខ្មាំងសត្រូវ ហោរាអេសាយបានអធិស្ឋានសូមឲ្យពួកគេបន្តមានភាពរឹងមាំ(អេសាយ ៣៣:២-៤)។ ប៉ុន្តែ ភាពរឹងមាំរបស់ពួកគេមិនកើតចេញពីភាពក្លាហាន ឬអាវុធនោះទេ តែដោយសារពួកគេបានសង់ជីវិតរបស់ពួកគេ នៅលើព្រះ។ គឺដូចដែលលោកហោរាបានមានប្រសាសន៍ថា “ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញដាក់ថ្ម១នៅក្រុងស៊ីយ៉ូន ទុកជាជើងជញ្ជាំង ជាថ្មដែលបានល្បងហើយ ជាថ្មជ្រុងទីដ៏មានដំឡៃដែលបាន ដាក់យ៉ាង មាំមួន ឯអ្នកណាដែលជឿ នោះមិនត្រូវរួសរាន់ឡើយ”(២៨:១៦)។ ព្រះយេស៊ូវក៏បានមានបន្ទូលស្រដៀងនេះផងដែរ ដោយបង្រៀនថា អស់អ្នកដែលសង់ជីវិតរបស់ខ្លួន នៅលើប្រាជ្ញារបស់ព្រះអង្គដែលជាគ្រឹះដ៏រឹងមាំ និងអាចធន់នៅ ពេលមានខ្យល់ព្យុះនៃជីវិត(ម៉ាថាយ ៧:២៤-២៥)។
គ្រឹះរបស់យើងត្រូវការការជួសជុល នៅពេលដែលមានស្នាមប្រេះ ដូចជាអំពើអសីលធម៌ ការញៀននឹងអ្វីមួយ ឬបញ្ហាទំនាក់ទំនងប្តីប្រពន្ធ ដែលបានលេចឡើងក្នុងជីវិតយើង។ ពេលណាយើងស្វែងរកសុវត្ថិភាព នៅក្នុងកន្លែងដែលមិនមានសុវត្ថិភាព ឬដើរតាមប្រាជ្ញារបស់លោកិយ យើងប្រៀបដូចជាផ្ទះដែលមិនមានគ្រឹះរឹងមាំ។ ប៉ុន្តែ អ្នកណាដែលសង់ជីវិតខ្លួនក្នុងព្រះអម្ចាស់ នឹងបានទទួលកម្លាំង និងប្រាជ្ញាមកពីព្រះអង្គ ជាបរិបូរ(អេសាយ ៣៣:៦)។—Sheridan Voysey
តើជីវិតអ្នកមានស្នាមប្រេះនៅកន្លែងណា ដែលបង្ហាញថា អ្នកមានគ្រឹះមិនរឹងមាំ? តើគ្រឹះរបស់អ្នកមានលក្ខណៈដូចម្តេច ក្នុងសប្តាហ៍នេះ?
ឱព្រះវរបិតា ទូលបង្គំសូមសរសើរដំកើងព្រះអង្គ ដែលបានធ្វើជាគ្រឹះរឹងមាំសម្រាប់ជីវិតទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ១៩-២០ និង ម៉ាថាយ ១៨:២១-៣៥
ប្រភេទ
ល្ងាច

ព្រះនាមដ៏លើសលប់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
January 27, 2025
ព្រះទ្រង់មានព្រះបន្ទូលទៅម៉ូសេថា «អញជាព្រះដ៏ជាព្រះ» រួចទ្រង់មានព្រះបន្ទូលទៀតថា ឯងត្រូវឆ្លើយប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះដ៏ជាព្រះទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា។ និក្ខមនំ ៣:១៤
ក្នុងវប្បធម៌ខ្លះ អត្ថន័យរបស់ឈ្មោះ មិនសូវសំខាន់ទេ។ យើងជ្រើសរើសឈ្មោះដាក់ឲ្យកូន ដោយសារឈ្មោះនោះស្តាប់ទៅពីរោះ ទោះអត្ថន័យរបស់ឈ្មោះនីមួយៗ មានសារៈសំខាន់ក៏ដោយ។ អត្ថន័យរបស់ឈ្មោះអាចធ្វើឲ្យម្ចាស់ឈ្មោះមានចរិតលក្ខណៈបែបណាមួយ ឬនាំមកនូវក្តីសង្ឃឹមដល់អ្នកដែលបានឮឈ្មោះនោះ។
កាលលោកម៉ូសេជួបព្រះអម្ចាស់ ក្នុងគុម្ពបន្លា គាត់បានទូលសួរព្រះអង្គថា “កាលណាទូលបង្គំទៅប្រាប់ពួកកូនចៅអ៊ីស្រាអែលថា ព្រះនៃឰយុកោអ្នករាល់គ្នាទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា ហើយគេសួរទូលបង្គំថា តើព្រះទ្រង់ព្រះនាមជាអ្វី នោះតើត្រូវឲ្យទូលបង្គំប្រាប់គេថាដូចម្តេច?”(និក្ខមនំ ៣:១៣)។ ព្រះនាមដែលព្រះទ្រង់បានប្រាប់លោកម៉ូសេ គឺ YHWH(ប្រែមកថា “អញជាព្រះដ៏ជាព្រះ”) មានព្យញ្ជនៈ៤ តែគ្មានស្រះទេ។ ដូចនេះ យើងឃើញថា យើងស្ទើរតែមិនអាចអានពាក្យ YHWH បាន។ ព្រះនាមព្រះអង្គជាឈ្មោះដែលយើងមិនអាចនិយាយចេញមកបាន។
ហេតុអ្វីព្រះអង្គឆ្លើយតបលោកម៉ូសេយ៉ាងដូចនេះ? លោកម៉ូសេកំពុងទូលសូមព្រះនាមដ៏មានអំណាច ដើម្បីយកទៅប្រាប់រាស្រ្តអ៊ីស្រាអែល និងស្តេចផារ៉ោន ហើយព្រះអង្គបានប្រទានព្រះនាមដែលគាត់មិនអាចអានដាច់។ ព្រះអង្គហាក់ដូចជាកំពុងតែប្រាប់គាត់ថា “គ្មានឈ្មោះណា ដែលអាចបកស្រាយឲ្យបានគ្រប់ជ្រុងជ្រោយថា អញជានរណានោះឡើយ។ ដូចនេះ ឯងត្រូវប្រាប់គេថា អញជាព្រះដ៏ជាព្រះ ដែលបានចាត់ឯងឲ្យមកឯពួកគេ។ ចូរប្រាប់ស្តេចផារ៉ោនឲ្យមើលការអ្វីដែលអញនឹងធ្វើ ជំនួសរាស្រ្តអង្គ។ នោះវានឹងដឹងថា អញជានរណា។
ព្រះគម្ពីរជារឿងដែលមិនគ្រាន់តែនិយាយអំពីព្រះរាជកិច្ចនៃការជួយសង្គ្រោះរបស់ព្រះ តែក៏បានបង្ហាញចារិកលក្ខណៈរបស់ព្រះអង្គផងដែរ។ មនុស្សជាច្រើនបានអានព្រះគម្ពីរប៊ីប ហើយសួរសំណួរដ៏ពិបាកថា “តើរឿងនេះជាប់ទាក់ទង មានប្រយោជន៍ចំពោះខ្ញុំដូចម្តេចខ្លះ? តើរឿងនេះបានបង្រៀនខ្ញុំអ្វីខ្លះ?” ការសួរដូចនេះមិនមានអ្វីខុសឆ្គងទេ តែវាមិនមែនជាសំណួរដំបូងបំផុតដែលយើងត្រូវសួរនោះទេ។ ព្រះអម្ចាស់ជាវីវរបុរសក្នុងរឿងនោះ និងជាខ្លឹមសារនៃព្រះគម្ពីរ ដូចនេះ សំណួរទីមួយដែលយើងត្រូវសួរ ក្នុងបទគម្ពីរនីមួយៗនោះគឺ “តើបទគម្ពីរនេះបានប្រាប់ខ្ញុំអ្វីខ្លះអំពីព្រះ?” ព្រះគម្ពីរត្រូវបាននិពន្ធមក ដើម្បីបង្ហាញថា កិច្ចការដែលព្រះអង្គធ្វើ និងបង្ហាញចរិតលក្ខណៈ និងសិរីល្អរបស់ព្រះអង្គ។
មនុស្សជាច្រើនជឿថា ការអ្វីដែលយើងត្រូវទទួលពីព្រះវិហារនៅថ្ងៃអាទិត្យ គឺជារូបមន្តតូចៗជាច្រើន ឬជាការលើកទឹកចិត្ត សម្រាប់ឲ្យយើងដោះស្រាយបញ្ហា ហិរញ្ញវត្ថុ ទំនាក់ទំនង និងបញ្ហាផ្សេងទៀត ដែលយើងអាចជួបប្រទះ។ ក្នុងប្រវត្តិសាស្រ្តគ្រីស្ទបរិស័ទ អ្នកជឿមានសៀវភៅដែលនិយាយអំពីរបៀបដោះស្រាយបញ្ហា តែមិនដែលមានសៀវភៅប្រភេទនេះច្រើនដូចក្នុងពេលបច្ចុប្បន្នទេ។ ប៉ុន្តែ តើយើងមានការលូតលាស់ច្រើនប៉ុណ្ណាហើយ? យើងហាក់ដូចជាដឹងអំពីរបៀបធ្វើអ្វីៗគ្រប់យ៉ាង តែមិនបានដឹងច្បាស់ថា ព្រះជានរណាទេ!
ដើម្បីឲ្យលោកម៉ូសេអាចធ្វើការអ្វី ដែលព្រះទ្រង់បានត្រាស់ហៅឲ្យគាត់ធ្វើ គាត់ចាំបាច់ត្រូវដឹងថា ព្រះអង្គជានរណា(កាលពីមុន និងក្នុងពេលបច្ចុប្បន្ន)។ គាត់មិនខុសពីយើងទេ គឺចាំបាច់ត្រូវដឹងថា ព្រះអង្គមិនគ្រាន់តែជាព្រះនាមប៉ុណ្ណោះទេ។
ជីវិតមានការផ្លាស់ប្រែ ពេលណាយើងអានព្រះគម្ពីរ ហើយសួរខ្លួនឯងថា “តើខ្ញុំរៀនបានអ្វីខ្លះ អំពីព្រះ?” គឺយើងត្រូវដឹងថា ព្រះអង្គបានធ្វើអ្វីខ្លះ ហើយដឹងកាន់តែច្បាស់ថា ព្រះអង្គជានរណា ដើម្បីឲ្យយើងបានចម្រើនឡើង ដោយចិត្តស្ញប់ស្ញែង និងស្រឡាញ់ព្រះអង្គ ហើយយើងនឹងអាចរស់នៅតាមបំណងព្រះទ័យព្រះអង្គ ដោយធ្វើតាមការត្រាស់ហៅរបស់ព្រះអង្គក្នុងជីវិតយើង។ យើងនឹងមិនអាចស្គាល់ និងយល់ទាំងស្រុង អំពីសិរីល្អរបស់ព្រះដ៏គួរស្ញែងខ្លាច តែយើងនឹងបានមើលឃើញសិរីល្អរបស់ព្រះអង្គអស់កល្បជានិច្ច។ ហើយយើងអាចចាប់ផ្តើមមើលទៅសិរីល្អរបស់ព្រះអង្គ ដោយការអានព្រះបន្ទូលព្រះអង្គនៅថ្ងៃនេះ។
និក្ខមនំ ៣:១-២២ អេសាយ ២៣-២៥ និង ម៉ាកុស ៦:១-២៩