ព្រឹក

ស្តង់ដារនៃសេចក្តីបរិសុទ្ធ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយKaren Huang
January 28, 2025
លេវីវិន័យ ២២:១-៩
អញនេះ ជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ។ លេវីវិន័យ ២២:៩
បន្ទាប់ពីខ្ញុំបានទៅទស្សនារូបចម្លាក់សេរ៉ាមិច លំដាក់ពិភពលោក នៅក្នុងសារមន្ទីរសិល្បៈ គេក៏បានអញ្ជើញខ្ញុំឲ្យសូនក្អមតូចមួយ ពីដីឥដ្ឋដែលអាចរឹង នៅពេលត្រូវខ្យល់។ ខ្ញុំក៏បានចំណាយពេល២ម៉ោង នៅក្នុងការសូនក្អមតូចមួយ ដោយមានឆ្លាក់រូប និងដាក់ពណ៌ពីលើផង។ លទ្ធផលដែលខ្ញុំទទួលបានពីការប្រឹងប្រែងនោះ គឺមិនមានអ្វីគួរឲ្យស្ញប់ស្ញែងទេ ដោយខ្ញុំសូនបានក្អមតូចមួយ ខូចទ្រង់ទ្រាយ និងមានពណ៌មិនស្មើ។ គេមិនយកក្អមនេះ ទៅដាក់ក្នុងសារមន្ទីរឡើយ។
ការរស់នៅ ដោយខំប្រឹងធ្វើឲ្យដល់ស្តង់ដារខ្ពស់ណាមួយ អាចមានការពិបាកខ្លាំង។ ពួកសង្ឃរបស់សាសន៍អ៊ីស្រាអែលបានជួបរឿងនេះ ខណៈពេលដែលពួកគេព្យាយាម ធ្វើតាមបង្គាប់របស់ព្រះ ឲ្យសម្អាតខ្លួនតាមក្រឹត្យវិន័យ(លេវីវិន័យ ២២:១-៨) និងធ្វើតាមការបង្គាប់ជាបន្ថែមទៀត ទាក់ទងនឹងការថ្វាយយញ្ញបូជា(ខ.១០-៣៣)។ ការងាររបស់ពួកសង្ឃត្រូវតែមានភាពបរិសុទ្ធ ដោយការញែកចេញ តែទោះពួកគេបានខិតខំយ៉ាងណា ក៏ពួកគេនៅតែមានចំណុចខ្វះខាតជាញឹកញាប់។ ហេតុនេះហើយ ទីបំផុត ព្រះទ្រង់ក៏បានដាក់ការទទួលខុសត្រូវចំពោះសេចក្តីសុចរិតរបស់ពួកគេ មកលើស្មារបស់ព្រះអង្គ។ គឺដូចដែលព្រះអង្គបានប្រាប់លោកម៉ូសេថា ព្រះអង្គគឺជាព្រះយេហូវ៉ា គឺជាព្រះដែលញែកពួកគេចេញជាបរិសុទ្ធ(២២:៩,១៦,៣២)។
ព្រះយេស៊ូវគឺជាសម្តេចសង្ឃរបស់យើង ហើយមានតែព្រះអង្គទេ ដែលអាចថ្វាយដង្វាយលោះបាបដែលបរិសុទ្ធ និងអាចទទួលយកបាន ត្រូវតាមស្តង់ដាររបស់ព្រះមួយរយភាគរយ តាមរយៈការសុគតរបស់ព្រះអង្គ នៅលើឈើឆ្កាង។ ព្រះអង្គបានអធិស្ឋានថា “ឯទូលបង្គំក៏ញែកខ្លួនចេញជាបរិសុទ្ធដោយយល់ដល់គេ ដើម្បីឲ្យគេបានញែកចេញជាបរិសុទ្ធ ដោយសារសេចក្តីពិតដែរ”(យ៉ូហាន ១៧:១៩)។ ពេលណាយើងមានអារម្មណ៍ថា យើងមិនអាចរស់នៅ ឲ្យបានបរិសុទ្ធតាមស្តង់ដាររបស់ព្រះ ប្រៀបដូចជាក្អមដែលខូចទ្រង់ទ្រាយ យើងអាចសម្រាក នៅក្នុងព្រះរាជកិច្ចដ៏ឥតខ្ចោះ ដែលព្រះយេស៊ូវបានសម្រេចរួចហើយ ហើយពឹងផ្អែកទៅលើព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីរស់នៅថ្វាយព្រះអង្គ។—Karen Pimpo
តើអ្នកមានអារម្មណ៍នឿយណាយបំផុត ដោយសារអ្នកខ្វះភាពបរិសុទ្ធនៅត្រង់ផ្នែកណាខ្លះ?
តើព្រះយេស៊ូវបានបំពេញការតម្រូវឲ្យល្អឥតខ្ចោះនោះ យ៉ាងដូចម្តេចខ្លះ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គខ្លាំងណាស់ ដែលសេចក្តីសុចរិតរបស់ទូលបង្គំ បាននៅជាប់ក្នុងព្រះអង្គ។
ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានធ្វើឲ្យទូលបង្គំបរិសុទ្ធ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ២១-២២ និង ម៉ាថាយ ១៩
ប្រភេទ
ល្ងាច

បានសម្រេចសេចក្តីយុត្តិធម៌ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
January 28, 2025
“ដ្បិតកាលយើងជាខ្មាំងសត្រូវ បើយើងបានជាមេត្រីនឹងព្រះវិញទៅហើយ ដោយព្រះរាជបុត្រាទ្រង់សុគត ដូច្នេះ ដែលយើងបាន ជាមេត្រីហើយ នោះប្រាកដជាយើងនឹងបានសង្គ្រោះជាមិនខានលើសទៅទៀត ដោយទ្រង់មានព្រះជន្មរស់ឡើងវិញ”។ រ៉ូម ៥:១០
ព្រះអម្ចាស់មិនមែនជាតាចាស់ដែលមានចិត្តល្អ ឬជាតាណូអែលចុះពីលើមេឃមក ដើម្បីចែកអំណោយដល់មនុស្ស ហើយមិនខ្វល់អំពីរឿងអ្វីផ្សេងទៀតនោះទេ។
ព្រះអង្គបរិសុទ្ធ ហើយព្រះអង្គសុចរិត។ ហេតុនេះហើយ ដោយសារបាបរបស់យើងជាមនុស្ស យើងក៏បានដាច់ចេញពីព្រះ។ ភាពជាសត្រូវបានកើតមាន រវាងមនុស្សជាតិ និងព្រះអាទិកររបស់យើង។ នេះមិនមែនជាសារដែលអ្នកឮជាញឹកញាប់ទេ ហើយក៏ពិបាកទទួលយកផងដែរ។ ប៉ុន្តែ ព្រះទ្រង់មិនបានមើលរំលងភាពជាខ្មាំងសត្រូវនេះឡើយ។ ព្រះគម្ពីរបានចែងយ៉ាងច្បាស់ អំពីគោលជំហរដែលព្រះទ្រង់មានចំពោះបាបរបស់មនុស្ស។ ជាការពិតណាស់ សាវ័កប៉ុលបានពិពណ៌នាថា មនុស្សគឺជាខ្មាំងសត្រូវរបស់ព្រះ ដោយលើកឡើងយ៉ាងច្បាស់ថា បាបបានធ្វើឲ្យយើងដាច់ចេញពីព្រះអង្គ។ ពាក្យពេចន៍របស់សាវ័កប៉ុលក៏បានរំឭកយើង អំពីពាក្យពេចន៍របស់អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ដែលបានពោលថា “ទ្រង់ក៏ស្អប់បណ្តាអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត”(ទំនុកដំកើង ៥:៥) ជាសារដែលពិបាកអាន ហើយក៏ពិបាកយល់ដែរ បើយើងមើលមួយភ្លែត។ ដូចនេះ តើធ្វើដូចម្តេចឲ្យយើងអាចមានក្តីសង្ឃឹមបាន? តើធ្វើដូចម្តេចឲ្យយើងអាចផ្សះផ្សាឲ្យជានឹងព្រះ? តើធ្វើដូចម្តេចឲ្យព្រះទ្រង់អាចដាក់ទោសមនុស្សមានបាប តាមដែលស័ក្តិសម តែនៅតែអត់ទោសឲ្យមនុស្សមានបាប?
ឱប្រាជ្ញានៃសេចក្តីស្រឡាញ់របស់ព្រះរបស់យើង!
ពេលដែលមនុស្សទាំងអស់សុទ្ធតែមានបាប និងសេចក្តីខ្មាស
អ័ដាមទី២បានប្រយុទ្ធឈ្នះ
ហើយសេចក្តីសង្គ្រោះក៏បានកើតមាន។
តាមរយៈការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង ព្រះអង្គបានសម្រេចតាមសេចក្តីយុត្តិធម៌របស់ព្រះវរបិតា។ ព្រះអង្គបានទទួលរ៉ាប់រងកាតព្វកិច្ចរបស់យើង ដែលត្រូវស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះយ៉ាងឥតខ្ចោះ ហើយបានទទួលទោសរបស់យើង ដែលមិនអាចធ្វើតាមក្រឹត្យវិន័យទាំងនោះ។ បន្ទាប់មក ព្រះអង្គក៏បានបំពេញកាតព្វកិច្ចរបស់យើង តាមរយៈព្រះជន្មរបស់ព្រះអង្គដែលគ្មានបាប ហើយបានលប់ចោលទោសរបស់យើង ដោយការសុគត ដែលជាការលះបង់ នៅលើឈើឆ្កាង។ ការដាច់ចេញពីព្រះ បានបណ្តាលឲ្យព្រះអង្គស្អប់ភាពជាមនុស្សបាបរបស់យើង តែព្រះអង្គមិនបានបោះបង់យើងចោលទេ។ ផ្ទុយទៅវិញ ព្រះអង្គបានយាងចុះមក ហើយផ្សះផ្សាយើង តាមរយៈព្រះរាជបុត្រាព្រះអង្គ។ បើយើងមិនគិតថា នេះមិនមែនជាដំណឹងដែលអស្ចារ្យបំផុតទេ នោះយើងមិនទាន់មានការយល់ដឹងត្រឹមត្រូវ អំពីទម្ងន់នៃបាបរបស់យើង ឬភាពពិតនៃការជំនុំជម្រះរបស់ព្រះអង្គ ឬក៏ទំហំនៃសេចក្តីសង្គ្រោះរបស់យើងទេ។ សម្រាប់អ្នកដែលបានក្លាយជាគ្រីស្ទបរិស័ទជាច្រើនឆ្នាំហើយ ពួកគេងាយនឹងមានអារម្មណ៍ធម្មតា ដោយគិតថា រឿងនេះគ្មានអ្វីអស្ចារ្យទេ។ ប៉ុន្តែ ការសុគតរបស់ព្រះគ្រីស្ទមិនគ្រាន់តែជាចំណុចចាប់ផ្តើមនៃជំនឿរបស់យើងប៉ុណ្ណោះទេ តែក៏ជាចំណុចស្នូលនៃជំនឿយើងផងដែរ។ ដូចនេះ នៅថ្ងៃនេះ ចូរយើងឈប់បង្អង់សិន ដើម្បីមើលទៅលោកអ័ដាមទីពីរ ជាមនុស្សល្អឥតខ្ចោះ ដែលបានទទួលជ័យជម្នះ នៅកន្លែងដែលលោកអ័ដាមទី១បរាជ័យ ហើយបានឈ្នះអារក្ស និងបានកែប្រែផលវិបាកនៃការធ្លាក់ចូលអំពើបាប។ នេះជាដំណឹងល្អ។ បាបរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ។ ព្រះអង្គបានសង្គ្រោះអ្នក។ សព្វថ្ងៃនេះ អ្នកជាមិត្តសំឡាញ់ ដែលពីមុនអ្នកជាខ្មាំងសត្រូវរបស់ព្រះ។ ព្រះគ្រីស្ទផ្តល់ឲ្យអ្នកនូវទំនុកចិត្ត សន្តិភាព និងជីវិត។
ភាពពិតនៃការរស់នៅក្នុងព្រះគ្រីស្ទ មិនមែនជារឿងតូចតាចនោះទេ តែជាការធានាដ៏អស្ចារ្យ។ កាលយើងគ្មានអំណាចសោះ នៅចំពោះមុខនៃអំពើបាប ព្រះចេស្តារបស់ព្រះគ្រីស្ទបានប្រោសយើងឲ្យមានសេរីភាព។ កាលយើងមិនអាចលោះបំណុលដ៏ធំយ៉ាងនេះ ព្រះអង្គបានលោះវា នៅលើឈើឆ្កាង(១ពេត្រុស ២:២៤)។ អ្នកមានកន្លែងសម្រាប់អង្គុយជាមួយព្រះអង្គនៅស្ថានសួគ៌។ ជ័យជម្នះធំបំផុតរបស់អ្នកនៅថ្ងៃនេះ នឹងមិនលើកអ្នកឲ្យខ្ពស់ជាងពេលដែលព្រះអង្គបានលើកអ្នកហើយនោះទេ ហើយការលំបាក ឬបរាជ័យធំបំផុតរបស់អ្នកក៏មិនអាចទាញអ្នកទម្លាក់ពីទីខ្ពស់នោះដែរ។
កូល៉ុស ១:១៥-២៣
អេសាយ ២៦-២៧ និង ម៉ាកុស ៦:៣០-៥៦