ព្រឹក

តើអ្នកនឹងទូលសួរព្រះយេស៊ូវដូចម្តេចខ្លះ? (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយAnne Cetas
January 29, 2025
លូកា ១៨:៩-១៧
ទុកឲ្យកូនតូចមកឯខ្ញុំឯណេះ កុំឃាត់វាឡើយ ព្រោះនគរព្រះមានសុទ្ធតែមនុស្សដូចវារាល់គ្នាដែរ។ លូកា ១៨:១៦
មានពេលមួយ លោកចូ(Joe) បានសួរកូនៗរបស់គាត់ ក្នុងពេលបរិភោគអាហារពេលព្រឹកថា “បើព្រះយេស៊ូវកំពុងគង់ នៅតុជាមួយយើង នៅពេលព្រឹកនេះ តើកូនចង់សួរព្រះអង្គដូចម្តេចខ្លះ? កូនប្រុសរបស់គាត់បានគិតអំពីសំណួរដ៏ពិបាកនេះ។ ពួកគេក៏បានសម្រេចចិត្តថា ពួកគេនឹងសុំឲ្យព្រះយេស៊ូវជួយពួកគេធ្វើលំហាត់គណិតវិទ្យាដែលពិបាកបំផុត ហើយសូមឲ្យព្រះអង្គប្រាប់ពួកគេថា ចក្រវាលមានទំហំធំប៉ុណ្ណា។ បន្ទាប់មក កូនស្រីរបស់គាត់ក៏បានឆ្លើយថា នាងនឹងសូមឲ្យព្រះអង្គឱបនាង។
តើអ្នកអាចស្រមៃថា ព្រះយេស៊ូវបានទតមកក្មេងៗទាំងនេះ ដោយសេចក្តីស្រឡាញ់ខ្លាំងប៉ុណ្ណាទេ? ខ្ញុំយល់ឃើញថា ព្រះអង្គនឹងមានព្រះទ័យរីករាយ ក្នុងការឆ្លើយតបចំពោះសំណូមពររបស់ពួកគេ។ ព្រះអង្គអាចសព្វព្រះទ័យជាពិសេស ចំពោះកូនស្រីរបស់លោកចូ ដែលបានសូមឲ្យព្រះអង្គឱបនាង ដែលហាក់ដូចជាបានបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះអង្គ និងបង្ហាញចិត្តដែលចង់ឲ្យព្រះអង្គបង្ហាញសេចក្តីស្រឡាញ់ចំពោះនាង។
ក្មេងៗចិត្តស្វែងរកខ្នងបង្អែក ហើយពួកគេដឹងថា ព្រះយេស៊ូវមានគ្រប់ចេស្តា និងមានសេចក្តីស្រឡាញ់។ ព្រះអង្គមានបន្ទូលថា “អ្នកណាដែលមិនទទួលនគរព្រះ ដូចជាកូនតូចៗ នោះមិនបានចូលទៅក្នុងនគរនោះឡើយ”(លូកា ១៨:១៧)។ ព្រះគ្រីស្ទសព្វព្រះទ័យឲ្យយើងទទួលស្គាល់ថា យើងត្រូវការព្រះគុណ ការអត់ទោសបាប និងសេចក្តីសង្រ្គោះរបស់ព្រះអង្គ។ ព្រះអង្គសព្វព្រះទ័យនឹងចិត្តដែលបន្ទាបខ្លួន ចិត្តដែលចង់នៅក្បែរព្រះអង្គ។
តើអ្នកមានអ្វីចង់ទូលសួរព្រះយេស៊ូវទេ? យើងម្នាក់ៗសុទ្ធតែមានសំណួរ សម្រាប់ព្រះអង្គ! ពុំនោះទេ អ្នកប្រហែលជាគ្រាន់តែចង់នៅក្បែរព្រះអង្គ? ចូររត់ទៅរកព្រះអង្គក្នុងពេលឥឡូវនេះ ដើម្បីឲ្យព្រះអង្គឱបអ្នក និងប្រទានអ្វីៗជាច្រើនទៀតដែលអ្នកត្រូវការ។—Anne Cetas
តើអ្នកគិតថា អ្នកនឹងនិយាយ ឬធ្វើអ្វីមុនគេ ពេលអ្នកបានជួបព្រះយេស៊ូវជាលើកដំបូង? តើការមានជំនឿដូចកូនក្មេង មានន័យយ៉ាងណាសម្រាប់អ្នក?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទូលបង្គំបានធ្វើជាកូនព្រះអង្គ ហើយព្រះអង្គបាននាំទូលបង្គំចូលមកជិតព្រះអង្គ។
For further study, read Character Comes from the Story We Tell Ourselves at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ២៣-២៤ និង ម៉ាថាយ ២០:១-១៦
ប្រភេទ
ល្ងាច

ទទួលការពារពីព្រះវត្តមានព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
January 29, 2025
“ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប ហើយគាត់ចេះតែចំរើនឡើងគាត់នៅក្នុងផ្ទះរបស់ចៅហ្វាយខ្លួន ជាសាសន៍អេស៊ីព្ទនោះ”។ លោកុប្បត្តិ ៣៩:២
កន្លែងល្អបំផុត សម្រាប់បម្រើព្រះ គឺជាកន្លែងដែលព្រះអង្គបានដាក់អ្នក ឲ្យធ្វើការបម្រើព្រះអង្គ។ គ្មានការងារណាដែលល្អឥតខ្ចោះ គ្មានគ្រួសារណាដែលគ្មានកំហុស ឬកាលៈទេសៈណាដែលគ្មានបញ្ហាឡើយ។ អ្នកដែលតែងតែស្វែងរកជីវិតដែលមានន័យ បានភ្លេចថា ភាពល្អឥតខ្ចោះមានតែនៅនគរស្ថានសួគ៌ប៉ុណ្ណោះ ហេតុនេះហើយ យើងមានការខកចិត្តជាញឹកញាប់។ យើងមិនអាចនិយាយថា លោកយ៉ូសែបគួរតែស្ថិតក្នុងស្ថានភាពល្អជាងនេះ។ បន្ទាប់ពីគាត់ចាប់ផ្តើមជីវិតជាកូនសំណប់របស់ឪពុកគាត់ គាត់ក៏បានក្លាយជាទាសករដែលគេជួញដូរ។ ភាពសុខស្រួល ដែលគាត់មានក្នុងគ្រួសារ ក៏បានជំនួសដោយច្រវាក់នៃភាពជាទាសករ។
យើងក៏ឃើញកាលៈទេសៈរបស់យើងមានការផ្លាស់ប្តូរ ពីពេលមួយទៅពេលមួយ ដូចលោកយ៉ូសែបផងដែរ។ យើងប្រហែលជាផ្លាស់ទីលំនៅចេញពីផ្ទះដែលយើងបានរស់នៅជាយូរឆ្នាំ ឬមនុស្សជាទីស្រឡាញ់របស់យើងកើតដុំគីស ឬមួយយើងមានបញ្ហាហិរញ្ញវត្ថុ ពុំនោះទេបញ្ហាសុខភាពស្រាប់តែវាយប្រហារដោយមិនដឹងខ្លួន។ ទោះជាយ៉ាងណាក៏ដោយ មានមនុស្សតិចទេ ដែលបានជួបការធ្លាក់ខ្លួនធ្ងន់ធ្ងរដូចលោកយ៉ូសែប។ (ហើយបើអ្នកបានជួបរឿងដូចគាត់ នោះអ្នកអាចមានការកម្សាន្តចិត្ត ដោយដឹងថា ព្រះគម្ពីរបានចែងអំពីរឿងដែលព្រះទ្រង់បានជួយមនុស្សដូចអ្នកផងដែរ!) យើងប្រហែលគិតថា លោកយ៉ូសែបមានហេតុផលគ្រប់យ៉ាង ដែលត្រូវរត់គេច លាក់ខ្លួន បោះបង់ការតស៊ូ កើតមានចិត្តស្អប់ តែព្រះវត្តមានរបស់ព្រះ បាននាំគាត់ឆ្លងកាត់ជ្រលងនៃទុក្ខលំបាកនីមួយៗ។
ព្រះមិនបានការពារគាត់ឲ្យរួចផុតពីទុក្ខលំបាកភ្លាមៗ តែព្រះអង្គបានការពារគាត់ នៅក្នុងទុក្ខលំបាកទាំងនោះ។ គាត់បានទទួលការការពារពីព្រះវត្តមានព្រះអង្គ។ រឿងនេះបានបង្រៀនយើងថា ការតស៊ូ ចំណេះដឹង ឬប្រាជ្ញារបស់អ្នកជឿ មិនបានការពារពួកគេឡើយ។ ផ្ទុយទៅវិញ អ្នកបម្រើព្រះបានទទួលការការពារពីព្រះវត្តមានព្រះអង្គ។ វាជារឿងធម្មតាទេ ដែលយើងទូលសូមព្រះអង្គឲ្យកែប្រែស្ថានភាពរបស់យើង និងដកចេញទុក្ខលំបាក ឬទុក្ខព្រួយរបស់យើងចេញ។ យើងមើលជុំវិញខ្លួនយើង ហើយគិតថា “ខ្ញុំមិនដែលសុំឲ្យរឿងនេះកើតឡើងទេ!” យើងចាប់ផ្តើមជឿការកុហកថា អ្វីៗនឹងល្អប្រសើរឡើង បើយើងគ្រាន់តែគេចចេញ ឬបញ្ហារបស់យើងនឹងរលាយបាត់។ ប៉ុន្តែ តាមពិត ទោះយើងទៅដល់ទីណាក៏ដោយ បញ្ហានៅតែកើតមាន ហើយភាពល្អឥតខ្ចោះគ្រាន់តែជាការស្រមើស្រមៃ។ គឺដូចដែលបទគម្ពីរទំនុកដំកើងបានចែងថា ព្រះអម្ចាស់គឺជាជម្រកពិតប្រាកដរបស់យើង(ទំនុកដំកើង ១១:១)។
ព្រះអម្ចាស់អាចរៀបចំជីវិតលោកយ៉ូសែបឲ្យមានលក្ខណៈខុសពីនេះ។ តែផ្ទុយទៅវិញ ព្រះអង្គបានសម្រេចព្រះទ័យអនុញ្ញាតឲ្យហេតុការណ៍ទាំងនោះកើតមាន។ ព្រះអង្គមានបំណងព្រះទ័យនាំអ្នកបម្រើព្រះអង្គឆ្លងកាត់ គ្រោះថ្នាក់ ទុក្ខលំបាក និងអន្ទាក់ជាច្រើន។ ព្រះអម្ចាស់គង់នៅជាមួយលោកយ៉ូសែប នៅពេលគេដឹកគាត់ក្នុងភាពជាទាសករ ហើយអង្គុយនៅផ្សារ ហើយបន្ទាប់មក គាត់ក៏បានក្លាយជាមនុស្សដែលគេគោរព ក្នុងផ្ទះចៅហ្វាយគាត់។ ហើយព្រះវត្តមានរបស់ព្រះអម្ចាស់ក៏គង់នៅជាមួយយើងផងដែរ។ ព្រះអង្គបានសន្យាថា នឹងគង់នៅជាមួយយើងរហូតដល់បំផុតកល្ប(ម៉ាថាយ ២៨:២០) ទោះនៅក្នុងជ្រលងភ្នំ ឬនៅលើកំពូលភ្នំក៏ដោយ។ តើព្រះទ្រង់បានដាក់អ្នកនៅក្នុងស្ថានភាពអ្វី នៅថ្ងៃនេះ? តើការដឹងថា ព្រះអង្គគង់នៅជាមួយ និងមានការងារដ៏ល្អឲ្យអ្នកធ្វើ បាននាំមកនូវការផ្លាស់ប្តូរ ក្នុងការគិតអំពីកាលៈទេសៈដែលអ្នកចង់ជ្រើសរើស ឬមិនជ្រើសរើសយ៉ាងដូចម្តេចខ្លះ?
ភីលីព ៤:៤-១៣, អេសាយ ២៨-២៩ និង ម៉ាកុស ៧:១-១៣