ព្រឹក

មានការជំរុញចិត្តឲ្យផ្សាយដំណឹងល្អ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយArthur Jackson
January 30, 2025
កិច្ចការ ២០:១៧-២៤
ដ្បិតខ្ញុំគ្មានសេចក្តីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម និងសាសន៍ក្រេកផង។ រ៉ូម ១:១៦
“តើអ្នកដឹងទេថា ព្រះយេស៊ូវស្រឡាញ់អ្នក។ ព្រះអង្គពិតជាស្រឡាញ់អ្នកណាស់”។ នេះជាពាក្យសម្តីចុងក្រោយ របស់លោកចន ដានីយ៉ែល(John Daniels)។ បន្ទាប់ពីគាត់បានឲ្យលុយខ្លះ ដល់បុរសម្នាក់ជាជនអនាថាម្នាក់ គាត់ក៏បាននិយាយលាគ្នា ដោយពាក្យពេចន៍នេះ ហើយប៉ុន្មានវិនាទីក្រោយមក មានឡានមួយបានបុកគាត់ បណ្តាលឲ្យគាត់បាត់បង់ជីវិតភ្លាមៗ។ នៅក្នុងក្រដាសកម្មវិធីបុណ្យសពរបស់លោកចន មានអត្ថបទខ្លីមួយដែលមានខ្លឹមសារយ៉ាងដូចនេះថា “លោកចន ចង់ស្វែងរកវិធីឈោងចាប់មនុស្សឲ្យកាន់តែច្រើន ដូចនេះ នៅពេលរសៀលថ្ងៃអាទិត្យ គាត់បានព្យាយាមជួយយកអសារបុរសម្នាក់។ ព្រះអម្ចាស់ក៏បានប្រទានមធ្យោបាយមួយ ដើម្បីឲ្យគាត់ឈោងចាប់ពិភពលោក។ នៅថ្ងៃនោះ ប៉ុស្តិ៍ទូរទស្សន៍ជាច្រើនបានចាក់ផ្សាយដំណឹងអំពីអំពើសប្បុរសធម៌ និងរបៀបដែលគាត់ចែកចាយអំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវដល់ជនអនាថា។ ដំណឹងនេះក៏បានឮទៅដល់ញាតិមិត្ត ក្រុមគ្រួសារ និងមនុស្សជាច្រើនទៀត នៅទូទាំងប្រទេស”។
ទោះលោកចន ដានីយ៉ែល មិនមែនជាគ្រូអធិប្បាយក៏ដោយ គាត់ទទួលបានការបណ្តាលចិត្តឲ្យនិយាយប្រាប់អ្នកដទៃ អំពីព្រះយេស៊ូវ។ សាវ័កប៉ុលក៏បានទទួលការបណ្តាលចិត្តផងដែរ។ ក្នុងបទគម្ពីរកិច្ចការ ជំពូក២០ គាត់បានបង្ហាញអំពីភាពឆេះឆួលរបស់គាត់ នៅក្នុងការផ្សាយដំណឹងល្អ ដោយនិយាយពាក្យផ្តាំផ្ញើដល់អ្នកដឹកនាំពួកជំនុំនៅទីក្រុងអេភេសូរថា “ខ្ញុំក៏មិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរចុះ ព្រមទាំងការងារ ដែលខ្ញុំបានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ”(ខ.២៤)។
ដំណឹងល្អអំពីការអត់ទោសបាប និងជីវិតថ្មី ក្នុងព្រះយេស៊ូវ គឺពិតជាសំខាន់ក្រែលែង បានជាយើងគ្មានហេតុផលអ្វី ដែលមិនត្រូវចែកចាយដល់អ្នកដទៃនោះឡើយ។ អ្នកជឿខ្លះមានជំនាញពន្យល់ដំណឹងល្អ ជាងអ្នកដទៃ។ ប៉ុន្តែ ដោយជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ អ្នកអាចដកពិសោធន៍នឹងអំណាចរបស់ដំណឹងល្អ ដែលកែប្រែជីវិត ហើយអាចចែកចាយរឿងនៃសេចក្តីស្រឡាញ់របស់ព្រះដល់អ្នកដទៃ នៅពេលណាមានឱកាស។—Arthur Jackson
តើមាននរណាខ្លះ ដែលត្រូវការឮអំពីសេចក្តីស្រឡាញ់ និងការអត់ទោសរបស់ព្រះ នៅក្នុង និងតាមរយៈព្រះគ្រីស្ទ?
តើមានអ្វីរារាំងអ្នកមិនឲ្យចែកចាយដល់ពួកគេ អំពីកិច្ចការដែលព្រះអង្គបានធ្វើក្នុងជីវិតអ្នក?
ឱព្រះវរបិតា សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ ដែលស្ទាក់ស្ទើរមិនបានប្រាប់អ្នកដទៃ អំពីជីវិតថ្មី ដែលកើតឡើង
តាមរយៈព្រះយេស៊ូវ ហើយសូមព្រះអង្គជួយទូលបង្គំឲ្យប្រកាសអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គ ដោយចិត្តក្លាហាន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ២៥-២៦ និង ម៉ាថាយ ២០:១៧-៣៤
ប្រភេទ
ល្ងាច

មិនត្រូវមានសេចក្តីខ្មាស (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
January 30, 2025
“ដូច្នេះ មិនត្រូវឲ្យអ្នកមានសេចក្តីខ្មាស ចំពោះការធ្វើបន្ទាល់ពីព្រះអម្ចាស់នៃយើង ឬដោយព្រោះខ្ញុំ ជាសិស្សរបស់ទ្រង់ដែលជាប់គុកនោះឡើយ ចូរទ្រាំទុក្ខលំបាកជាមួយនឹងខ្ញុំ ក្នុងដំណឹងល្អ តាមព្រះចេស្តានៃព្រះចុះ ដែលទ្រង់បានជួយសង្គ្រោះយើង ហើយបានហៅយើងមកក្នុងការងារបរិសុទ្ធ”។ ២ធីម៉ូថេ ១:៨-៩
យើងពិតជាងាយនឹងមានសេចក្តីខ្មាស គឺខ្មាសចំពោះព្រះដ៏ជាម្ចាស់ ចំពោះអ្នកបម្រើរបស់ព្រះអង្គ និងចំពោះព្រះរាជសាររបស់ព្រះអង្គ។ ដូចនេះ យើងមានការជំរុញចិត្តខ្លាំងណាស់ ដែលបានឮសាវ័កប៉ុលលើកទឹកចិត្តលោកធីម៉ូថេ កុំឲ្យមានសេចក្តីខ្មាស។
ក្នុងវប្បធម៌លោកខាងលិច គេមានការទ្រាំទ្រយ៉ាងខ្លាំង ចំពោះការនិយាយមិនច្បាស់លាស់ អំពីសាសនា ព្រះ និងរឿងខាងវិញ្ញាណ។ យើងច្រើនតែអាន ឬឮការបកស្រាយមិនច្បាស់លាស់ ដែលហាក់ដូចជាមិនសូវសមស្របនឹងដំណឹងល្អឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការអ្វីដែលសង្គមហាក់ដូចជាមិនអាចទទួលយកបាន គឺការប្រកាសច្បាស់ៗថា មានតែព្រះយេស៊ូវគ្រីស្ទទេដែលអាចប្រទានសេចក្តីសង្គ្រោះ។ បើយើងត្រៀមខ្លួនប្រកាសជាមួយសាវ័កពេត្រុសថា “គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះ”(កិច្ចការ ៤:១២) នោះចូរយើងទទួលយកពាក្យលើកទឹកចិត្តពីសាវ័កប៉ុលថា “ចូរទ្រាំទុក្ខលំបាកជាមួយនឹងខ្ញុំ ក្នុងដំណឹងល្អ” ។
យើងប្រហែលពិបាកទទួលការអញ្ជើញរបស់សាវ័កប៉ុលឲ្យចូលរួមជាមួយគាត់ ក្នុងការរងទុក្ខដើម្បីដំណឹងល្អ។ ការអញ្ជើញនេះប្រាសចាកនឹងភាពជោគជ័យនិយមរបស់គ្រីស្ទបរិស័ទ ក្នុងសម័យថ្មី ដែលតែងតែព្យាយាមបង្ហាញលោកិយថា គ្រីស្ទបរិស័ទកំពុងរស់នៅក្នុងភាពចម្រុងចម្រើន។ ដូចនេះ មនុស្សជាច្រើនចង់បញ្ជាក់ថា ព្រះទ្រង់មានព្រះចេស្តាប្រោសឲ្យជា ធ្វើការអស្ចារ្យ និងនាំរាស្រ្តព្រះអង្គទៅរកជ័យជម្នះ។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរ និងទីបន្ទាល់របស់ពួកស្មោះត្រង់ បានប្រាប់យើងថា បើយើងមិនបានគិតដល់សេចក្តីស្លាប់ ដែលជាការប្រោសឲ្យជាល្អបំផុត ភាគច្រើនអ្នកដែលយើងអធិស្ឋានឲ្យ នៅតែបន្តរងទុក្ខ និងរស់នៅក្នុងថ្ងៃដ៏ពិបាក។ យើងត្រូវនិយាយការពិត គឺដូចដែលលោកចន ញូតុន(John Newton) បានពិពណ៌នាថា ជីវិតរបស់គ្រីស្ទបរិស័ទ ត្រូវតែឆ្លងកាត់ “គ្រោះថ្នាក់ ទុក្ខលំបាក និងអន្ទាក់ជាច្រើន” ហើយមានទុក្ខលំបាកជាច្រើន កំពុងរង់ចាំយើង ជាពិសេស បើយើងនៅតែមានចិត្តស្មោះត្រង់ ចំពោះការត្រាស់ហៅ ឲ្យផ្សាយដំណឹងល្អដល់ចុងបំផុតនៃផែនដី(កិច្ចការ ១:៨)។
ដូចនេះ តើយើងត្រូវស៊ូទ្រាំក្នុងទុក្ខលំបាក ដើម្បីដំណឹងល្អដូចម្តេចខ្លះ? គឺដោយសារព្រះចេស្តារបស់ព្រះ តាមរយៈព្រះគុណព្រះអង្គ ដែលបានជួយឲ្យយើងបន្តដំណើរទៅមុខដល់ទីបញ្ចប់។ គឺដូចដែលបទចម្រៀងរបស់លោកញូតុនបានបកស្រាយអំពីការពិតនេះថា “ព្រះគុណដែលបាននាំខ្ញុំមកដល់ឆ្ងាយយ៉ាងនេះហើយ នឹងនាំខ្ញុំទៅដល់ផ្ទះនៅស្ថានសួគ៌”។ នេះជាសេចក្តីពិតដ៏អស្ចារ្យ!
ព្រះអម្ចាស់បានសង្គ្រោះអ្នក ហើយព្រះអង្គនឹងថែរក្សាអ្នក ក្នុងទុក្ខលំបាក។ ព្រះអង្គបានបង្គាប់អ្នក ហើយព្រះអង្គនឹងប្រទានសេចក្តីក្លាហាន ពេលណាអ្នកបានទទួលការត្រាស់ហៅឲ្យទៅធ្វើបន្ទាល់អំពីសេចក្តីពិត អំពីព្រះអង្គ។ សេចក្តីពិតនៃព្រះចេស្តាដែលទ្រទ្រង់ជីវិតអ្នក អាចបណ្តាលចិត្តអ្នក និងកែប្រែជីវិតអ្នក។
ក្នុងពេលដែលមានទុក្ខលំបាក និងការសង្ស័យ អ្នកអាចតោងឲ្យជាប់ការពិតនេះ ធ្វើជាខែលការពារវិញ្ញាណអ្នក។ ហើយពេលណាអ្នកមានចិត្តចង់រាថយ ក្នុងការប្រកាសដំណឹងល្អ អ្នកអាចមើលទៅព្រះចេស្តាព្រះអង្គ ដោយអធិស្ឋាន សូមឲ្យការធ្វើបន្ទាល់របស់អ្នកមានប្រសិទ្ធភាព ខណៈពេលដែលអ្នកបើកមាត់និយាយ។ “ចូរកុំមានសេចក្តីខ្មាសឡើយ”។
រ៉ូម ១:៨-១៧